តើអ្នកគិតថាអ្វីដែលធ្វើឲ្យជីវិតយើងពេញលេញ និងពោរពេញដោយអត្ថន័យ?
នៅក្នុង យ៉ូហាន ១០:១០ ព្រះយេស៊ូវមានបន្ទូលថា ទ្រង់បានយាងមកដើម្បីផ្តល់ឲ្យយើងនូវជីវិតដ៏ពេញលេញ និងមានអត្ថន័យ (ពេញបរិបូរ)។
យ៉ូហាន ១០:១០
តែឯខ្ញុំវិញ ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង
ទ្រង់សព្វព្រះហឫទ័យចង់ឲ្យយើងទទួលបានការបំពេញដ៏ពិត ដែលកើតចេញពីជីវិតរស់នៅដូចដែលព្រះបានរៀបចំ។
តើព្រះគម្ពីរ អេភេសូរ ២:១០ ចែងថា នេះមានន័យយ៉ាងណាសម្រាប់យើងជាគ្រីស្ទបរិស័ទ?
អេភេសូរ ២:១០
ដ្បិតយើងរាល់គ្នាជាស្នាដៃដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ ដែលព្រះបានរៀបចំជាមុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម។
តើការរស់នៅតាមរបៀបដែលព្រះបានរៀបចំនោះ មានការពិបាកតាមរបៀបណាខ្លះ?
វាមិនអាចទៅរួចទេក្នុងការរស់នៅក្នុងជីវិតដែលពេញបរិបូរ និងសព្វព្រះហឫទ័យព្រះទាំងស្រុង ដោយកម្លាំងរបស់យើងផ្ទាល់ ប៉ុន្តែព្រះបានផ្តល់ធនធានដែលយើងត្រូវការដើម្បីរស់នៅតាមរបៀបដែលទ្រង់សព្វព្រះហឫទ័យ។
ព្រះវិញ្ញាណរបស់ព្រះប្រទានឲ្យអ្នកនូវព្រះចេស្ដាដើម្បីរស់នៅយ៉ាងពេញលេញ
សូមអាន យ៉ូហាន ១៤:១៥-១៧.
យ៉ូហាន ១៤:១៥-១៧
បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានព្រះដ៏ជាជំនួយ១អង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយ នៅអស់កល្បរៀងទៅ គឺជាព្រះវិញ្ញាណនៃសេចក្ដីពិត ដែលលោកីយទទួលពុំបាន ព្រោះមិនឃើញ ហើយមិនស្គាល់ទ្រង់សោះ តែអ្នករាល់គ្នាស្គាល់ទ្រង់ ដ្បិតទ្រង់គង់ជាមួយ ក៏នឹងសណ្ឋិតនៅក្នុងអ្នករាល់គ្នាដែរ
នៅពេលព្រះយេស៊ូវបានសុំអ្នកដើរតាមទ្រង់ឲ្យរស់នៅតាមរបៀបជាក់លាក់មួយ ដោយចេញពីសេចក្តីស្រឡាញ់ចំពោះទ្រង់ តើទ្រង់បានសន្យាថានឹងប្រទានអ្វីដល់ពួកគេ ដើម្បីជួយពួកគេធ្វើកិច្ចការនេះ ?
តើអ្នកណាមានព្រះដ៏ជាជំនួយសម្រាប់ពួកគេ ហើយអ្នកណាមិនមាន?
ព្រះយេស៊ូវបានសន្យាថានឹងប្រទានព្រះវិញ្ញាណរបស់ព្រះដល់អ្នកដើរតាមទ្រង់ ដើម្បីជួយពួកគេឲ្យរស់នៅដូចទ្រង់បានរៀបចំ ដោយសារពួកគេមិនអាចធ្វើវាដោយខ្លួនឯងបានទេ។ ទោះយើងមានបំណងល្អប៉ុណ្ណាក៏ដោយ យើងមិនអាចស្រឡាញ់យ៉ាងពេញលេញ ឬធ្វើតាមព្រះទាំងស្រុងបានឡើយ។ ប៉ុន្តែ ព្រះបានដោះស្រាយបញ្ហានេះដោយដាក់ព្រះវិញ្ញាណរបស់ទ្រង់នៅក្នុងជីវិតរបស់យើង ដើម្បីដឹកនាំយើង និងប្រទានឲ្យយើងនូវព្រះចេស្ដាដើម្បីធ្វើអ្វីៗទាំងអស់ដែលទ្រង់បានរៀបចំសម្រាប់យើង។
យោងតាម រ៉ូម ៨:១១ តើព្រះប្រទានជីវិតដល់អ្នកយ៉ាងដូចម្ដេច?
រ៉ូម ៨:១១
មួយទៀត បើព្រះវិញ្ញាណនៃព្រះអង្គ ដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ទ្រង់សណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះព្រះអង្គនោះឯង ដែលបានប្រោសឲ្យព្រះគ្រីស្ទរស់ពីស្លាប់ឡើង ទ្រង់នឹងប្រោសរូបកាយនៃអ្នករាល់គ្នាដែលទៀងតែស្លាប់ ឲ្យមានជីវិតឡើងដែរ ដោយសារព្រះវិញ្ញាណទ្រង់ ដែលសណ្ឋិតនៅក្នុងខ្លួនអ្នករាល់គ្នា។
ប្រសិនបើទ្រង់មានព្រះចេស្ដាដើម្បីប្រោសព្រះគ្រីស្ទឲ្យរស់ពីសុគតឡើងវិញ ហើយប្រទានឲ្យអ្នកនូវជីវិតថ្មី តើមានអ្វីនៅក្នុងជីវិតរបស់អ្នកដែលទ្រង់មិនមានអំណាចដើម្បីសម្រេចបាន?
ដូច្នេះ បើយើងមានព្រះដ៏ជាជំនួយ តើអ្នកគិតថា អ្វីដែលរារាំងយើងមិនឲ្យទទួលបានជីវិត និងព្រះចេស្ដាដ៏បរិបូរនោះ?
ព្រះគម្ពីរចែងអំពីមនុស្សបីប្រភេទ ៖
អ្នកដែលមិនបានសុំព្រះយេស៊ូវគ្រីស្ទឲ្យយាងចូលក្នុងជីវិតរបស់ខ្លួន - ពួកគេមិនមានព្រះវិញ្ញាណបរិសុទ្ធទេ។ ពួកគេដឹកនាំជីវិតរបស់ខ្លួនគេផ្ទាល់ ហើយពឹងផ្អែកលើធនធានផ្ទាល់ខ្លួនរបស់ពួកគេ ជាធនធានដែលមានកម្រិត។ ជារឿយៗ វាបញ្ចប់ដោយការខកចិត្ត ភាពឈឺចាប់ ឬបរាជ័យ ដោយសារពួកគេមានបាប ហើយនឹងធ្វើការជ្រើសរើសខុស។
ខ្លួនឯងអង្គុយនៅលើកៅអីគ្រប់គ្រង។
អ្នកដែលមានព្រះគ្រីស្ទនៅក្នុងជីវិតរបស់ពួកគេ ហើយកំពុងត្រូវបានទ្រង់ដឹកនាំ - ពួកគេអាចពឹងផ្អែកលើធនធានរបស់ព្រះ ដោយអនុញ្ញាតឲ្យព្រះវិញ្ញាណរបស់ព្រះដឹកនាំ និងប្រទានឲ្យពួកគេនូវព្រះចេស្ដាដើម្បីធ្វើអ្វីដែលត្រឹមត្រូវ។ នៅពេលដែលពួកគេស្ម័គ្រចិត្តលះបង់ការគ្រប់គ្រងជីវិតរបស់ខ្លួនឯងថ្វាយដល់ព្រះគ្រីស្ទ ហើយអនុញ្ញាតឲ្យទ្រង់ដឹកនាំពួកគេវិញ នោះពួកគេជួបប្រទះនូវសេចក្ដីសុខសាន្ដ និងភាពស្កប់ចិត្ត។
ខ្លួនឯងធ្វើតាមការណែនាំរបស់ទ្រង់។
គ្រីស្ទបរិស័ទទាំងនោះដែលកំពុងរស់នៅជាមនុស្សតាមបែប «សាច់ឈាម» - ពួកគេមិនចុះចូល ដោយថ្វាយជីវិតរបស់ពួកគេឲ្យព្រះគ្រប់គ្រងទេ។ ជួនកាល គ្រីស្ទបរិស័ទមិនអើពើនឹងព្រះវិញ្ញាណរបស់ព្រះ ហើយមានចេតនាជ្រើសរើសដឹកនាំជីវិតរបស់ពួកគេ ដូចដែលគេបានធ្វើមុនពេលដែលព្រះគ្រីស្ទយាងមកគង់ក្នុងជីវិតរបស់គេ។ ជីវិតរបស់ពួកគេនឹងស្រដៀងនឹងអ្វីដែលបានពិពណ៌នានៅក្នុង រ៉ូម ៨:៥-៨។
ខ្លួនឯងអង្គុយនៅលើកៅអីគ្រប់គ្រង។
រ៉ូម ៨:៥-៨
ពីព្រោះអស់អ្នកណាដែលតាមសាច់ឈាម នោះគិតតែខាងសាច់ឈាម តែអស់អ្នកណាដែលតាមព្រះវិញ្ញាណ នោះគិតតែខាងវិញ្ញាណវិញ ដ្បិតគំនិតខាងសាច់ឈាម នោះជាសេចក្ដីស្លាប់ទទេ ឯគំនិតនៃព្រះវិញ្ញាណ នោះទើបជាជីវិត នឹងសេចក្ដីសុខសាន្តវិញ ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រិត្យវិន័យរបស់ព្រះទេ . . . ពួកអ្នកដែលនៅខាងសាច់ឈាម នោះពុំអាចនឹងគាប់ព្រះហឫទ័យដល់ព្រះបានឡើយ
ពេលអ្នកពិចារណាមនុស្សទាំង ៣ ប្រភេទនេះ តើអ្នកណាដែលគ្រប់គ្រងជីវិតអ្នក?
ព្រះសព្វព្រះហឫទ័យឲ្យគ្រីស្ទបរិស័ទគ្រប់រូបត្រូវបានដឹកនាំដោយព្រះវិញ្ញាណរបស់ព្រះ
សូមអាន អេភេសូរ ៥:១៨.
អេភេសូរ ៥:១៨
កុំឲ្យស្រវឹងស្រា ដែលនាំឲ្យព្រើលចិត្តឡើយ តែចូរឲ្យបានពេញជាព្រះវិញ្ញាណវិញ
អ្នកជឿត្រូវបានណែនាំឲ្យបានពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធ ផ្ទុយពីការស្រវឹងស្រា។ ពេលនរណាម្នាក់ស្រវឹងស្រា ស្រាគ្រប់គ្រងសកម្មភាព និងពាក្យសម្ដីរបស់គាត់។ តាមរបៀបស្រដៀងគ្នានេះដែរ នៅពេលដែលគ្រីស្ទបរិស័ទអនុញ្ញាតឲ្យព្រះវិញ្ញាណរបស់ព្រះគ្រប់គ្រងជីវិតរបស់គាត់ទាំងស្រុង នោះព្រះវិញ្ញាណបរិសុទ្ធដែលធ្វើការតាមរយៈគាត់នឹងបង្កើតនូវសកម្មភាព អាកប្បកិរិយា និងពាក្យសម្ដីដែលស្របតាមព្រះ។
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ អ្នកមានព្រះវិញ្ញាណរបស់ព្រះសម្រាប់អ្នក ប៉ុន្តែអ្នកត្រូវតែធ្វើការជ្រើសរើសថាតើអ្នកនឹងអនុញ្ញាតឲ្យទ្រង់ដឹកនាំជីវិតរបស់អ្នក និងដោយជំនឿថា ទ្រង់ប្រទានឲ្យអ្នកនូវព្រះចេស្ដាដើម្បីដើរតាមទ្រង់ ឬអត់។
ដើម្បីឲ្យបានបំពេញ និងគ្រប់គ្រងដោយព្រះវិញ្ញាណរបស់ព្រះ គឺជាជម្រើសមួយដែលពាក់ព័ន្ធនឹង ៖
ការរួមប្រកបជាមួយនឹងព្រះ ដោយលន់តួបាបដែលគេបានដឹង។
សូមអាន ១ យ៉ូហាន ១:៩
១ យ៉ូហាន ១:៩
បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនឹងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង
ក្នុងការឆ្លើយតបនឹងបទបញ្ជារបស់ព្រះ យើងមានចិត្តស្មោះត្រង់ចង់ទទួលការដឹកនាំ និងព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ។
សូមអាន អេភេសូរ ៥:១៨.
អេភេសូរ ៥:១៨
កុំឲ្យស្រវឹងស្រា ដែលនាំឲ្យព្រើលចិត្តឡើយ តែចូរឲ្យបានពេញជាព្រះវិញ្ញាណវិញ
ដោយជំនឿជឿថា ព្រះនឹងបំពេញតាមសំណើរបស់អ្នក ហើយផ្តល់នូវធនធានទាំងអស់ដែលទ្រង់បានសន្យា។ សូមអាន ១ យ៉ូហាន ៥:១៤-១៥។
១ យ៉ូហាន ៥:១៤-១៥
យើងក៏មានសេចក្ដីក្លាហាន ដល់ទ្រង់យ៉ាងដូច្នេះដែរ គឺថា បើយើងនឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹងទទួលព្រម បើយើងដឹងថា ទ្រង់ទទួលព្រមតាមយើង ក្នុងការអ្វីដែលយើងសូមដូច្នេះ នោះយើងក៏ដឹងថា យើងបានអ្វីដែលយើងសូមពីទ្រង់ហើយដែរ។
តើអ្នកដឹងយ៉ាងណាថា ជាព្រះហឫទ័យរបស់ព្រះសម្រាប់ឲ្យអ្នកបានពោរពេញដោយព្រះវិញ្ញាណ?
តើអ្នកអាចប្រាកដថាទ្រង់នឹងបំពេញអ្នកដោយរបៀបណា នៅពេលអ្នកទូលសុំទ្រង់?
តើអ្នកចង់សុំព្រះឲ្យបំពេញអ្នកដោយព្រះវិញ្ញាណរបស់ទ្រង់ ហើយដឹកនាំជីវិតរបស់អ្នកឥឡូវនេះទេ?
បើអ្នកចង់ធ្វើ អ្នកអាចបង្ហាញបំណងប្រាថ្នារបស់អ្នកចំពោះព្រះដោយការអធិស្ឋានដូចខាងក្រោម ៖
«ឱព្រះជាម្ចាស់អើយ ទូលបង្គំចង់មានទំនាក់ទំនងដ៏សំខាន់ជាមួយទ្រង់ ជាទីដែលទូលបង្គំពឹងផ្អែកលើព្រះវិញ្ញាណរបស់ទ្រង់។ ទូលបង្គំទទួលស្គាល់ថា ទូលបង្គំបានគ្រប់គ្រងជីវិតទូលបង្គំហើយ។ ឥឡូវនេះ ទូលបង្គំសូមសារភាព និងងាកចេញពីអំពើបាបរបស់ទូលបង្គំ ហើយប្រគល់អំណាចគ្រប់គ្រងជីវិតទូលបង្គំទៅព្រះអង្គវិញ។ សូមអរព្រះគុណទ្រង់សម្រាប់ការអត់ទោសបាបរបស់ទូលបង្គំ។ ដោយជំនឿ ទូលបង្គំសូមទ្រង់បំពេញទូលបង្គំដោយព្រះវិញ្ញាណរបស់ទ្រង់ ដើម្បីទូលបង្គំត្រូវបានដឹកនាំដោយទ្រង់ និងប្រទានអំណាចដើម្បីរស់ក្នុងព្រះនាមព្រះយេស៊ូវ»។
ការពឹងផ្អែកលើព្រះវិញ្ញាណរបស់ព្រះសម្រាប់ជីវិតប្រចាំថ្ងៃ
តើមានការផ្លាស់ប្តូរជាវិជ្ជមានអ្វីខ្លះដែលអ្នកបានព្យាយាមធ្វើក្នុងជីវិតរបស់អ្នក ប៉ុន្តែបានជួបការបរាជ័យ?
សូមអាន អេភេសូរ ៣:១៦.
អេភេសូរ ៣:១៦
ដើម្បីឲ្យទ្រង់បានប្រោសប្រទាន ឲ្យអ្នករាល់គ្នាបានព្រះចេស្តា ចំរើនកំឡាំងនៃមនុស្សខាងក្នុង ដោយសារព្រះវិញ្ញាណទ្រង់ តាមសិរីល្អនៃទ្រង់ដ៏ប្រសើរក្រៃលែង
សមត្ថភាពក្នុងការរស់នៅក្នុងជីវិតគ្រីស្ទបរិស័ទកើតឡើងនៅពេលអ្នកអនុញ្ញាតឲ្យព្រះវិញ្ញាណប្រទានអំណាចដល់អ្នក។ នៅក្នុង យ៉ូហាន ១៥:៥ ព្រះយេស៊ូវបានប្រើរូបដើមទំពាំងបាយជូរ និងខ្នែងដែលដុះចេញពីដើម ជារូបភាពនៃទំនាក់ទំនងរវាងព្រះយេស៊ូវ (ដើមទំពាំងបាយជូរ) និងគ្រីស្ទបរិស័ទ (ខ្នែង)។
យ៉ូហាន ១៥:៥
ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ
ដូចជាខ្នែងដែលទទួលបានជីវិត និងអាហារូបត្ថម្ភរបស់វា ហើយបង្កើតផលដោយការនៅជាប់នឹងដើមទំពាំងបាយជូរ អ្នកក៏នឹងទទួលបានជីវិត និងអាហារូបត្ថម្ភ ហើយបង្កើតផលបានតែតាមរយៈការពឹងផ្អែកលើព្រះវិញ្ញាណរបស់ព្រះគ្រីស្ទប៉ុណ្ណោះ។ ពេលអ្នកពឹងផ្អែកលើព្រះវិញ្ញាណរបស់ទ្រង់ដើម្បីដឹកនាំអ្នក នោះអត្តចរិតរបស់ព្រះយេស៊ូវនឹងហូរកាត់អ្នក ហើយអ្នកនឹងជួបនឹងអ្វីដែលព្រះគម្ពីរហៅថាផលផ្លែនៃព្រះវិញ្ញាណ។
មានផលផ្លែខ្លះត្រូវបានពិពណ៌នានៅក្នុង កាឡាទី ៥:២២-២៣។
កាឡាទី ៥:២២-២៣
តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត គ្មានក្រិត្យវិន័យណាទាស់នឹងសេចក្ដីយ៉ាងនោះទេ
តើមានអ្វីខ្លះដែលព្រះចង់បង្កើតនៅក្នុងជីវិតរបស់អ្នក តាមរយៈព្រះវិញ្ញាណរបស់ទ្រង់?
តើអ្នកគិតថា ហេតុអ្វីបានជាព្រះធ្វើឲ្យអ្នកអាចទទួលបានធនធានគ្មានកំណត់របស់ទ្រង់?
យោងតាម កាឡាទី ៥:១៦-១៧ តើការរស់នៅក្នុងព្រះវិញ្ញាណមានការប្រឈមអ្វីខ្លះ?
កាឡាទី ៥:១៦-១៧
តែខ្ញុំប្រាប់ថា ចូរដើរក្នុងព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងមិនបំពេញសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាមទេ ដ្បិតសាច់ឈាមតែងតែប៉ងប្រាថ្នាទាស់នឹងព្រះវិញ្ញាណ ឯព្រះវិញ្ញាណ ទ្រង់ក៏ទាស់នឹងសាច់ឈាមដែរ សេចក្ដីទាំង២នេះប្រឆាំងនឹងគ្នា ដល់ម៉្លេះបានជាអ្នករាល់គ្នារកធ្វើការ ដែលចង់ធ្វើទៅមិនកើត
ជួនកាល គ្រីស្ទបរិស័ទម្នាក់ប្រហែលជាដឹងថា គាត់បានដណ្ដើមការគ្រប់គ្រងមកពីព្រះ ដោយសារការផ្តោតលើរឿងខាងសាច់ឈាម ការជ្រើសរើសប្រព្រឹត្តអំពើបាប ឬមិនធ្វើតាមការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើនៅពេលណាដែលអ្នកដឹងថា អ្នកត្រូវប្រគល់ការគ្រប់គ្រងទៅព្រះវិញ ដោយសារអ្នកបានដឹកនាំជីវិតរបស់អ្នក អ្នកអាចអនុវត្ត «ការដកដង្ហើមខាងវិញ្ញាណ»។
ការដកដង្ហើមចេញ - សូមសារភាពអំពើបាបរបស់អ្នកក្នុងការដណ្ដើមការគ្រប់គ្រងពីព្រះ ហើយទទួលស្គាល់ថា ព្រះបានអត់ទោសឲ្យអ្នកទាំងស្រុង ហើយចង់គង់នៅតាមរយៈអ្នក។ ១ យ៉ូហាន ១:៩។
ការស្រូបដង្ហើមចូល - ដោយជំនឿ សូមឲ្យព្រះវិញ្ញាណរបស់ព្រះបំពេញអ្នក ហើយគ្រប់គ្រងជីវិតរបស់អ្នកម្តងទៀត យោងទៅតាមបទបញ្ជានៅ អេភេសូរ ៥:១៨ និងព្រះបន្ទូលសន្យាសន្យានៅ ១ យ៉ូហាន ៥:១៤-១៥។
គំនិតសង្ខេប និងជំហានឆ្ពោះទៅមុខ
តើការដឹងសេចក្ដីនេះនឹងជួយអ្នកក្នុងជីវិតដែលគាប់ព្រះហឫទ័យព្រះយ៉ាងណាក្នុងសប្តាហ៍នេះ?
តើការមានព្រះវិញ្ញាណបរិសុទ្ធគ្រប់គ្រងជីវិតរបស់អ្នកនឹងធ្វើឲ្យជីវិតអ្នកបានពេញលេញ និងមានអត្ថន័យយ៉ាងដូចម្ដេច?
ប្រសិនបើសេចក្ដីពិតនេះជាការលើកទឹកចិត្តដល់អ្នក តើអ្នកអាចចែករំលែកវាជាមួយអ្នកណា?
សប្តាហ៍នេះ សូមអានអត្ថបទគម្ពីរមួយជារៀងរាល់ថ្ងៃ ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងជីវិតរបស់អ្នក។ សូមគិតអំពីរបៀបដែលការណ៍នោះនឹងជួយអ្នក ហើយអរគុណព្រះសម្រាប់ការផ្គត់ផ្គង់របស់ទ្រង់សម្រាប់អ្នក។
១ យ៉ូហាន ៤:១៣-១៨
គឺយ៉ាងនោះឯងដែលយើងដឹងថា យើងនៅជាប់ក្នុងទ្រង់ ហើយទ្រង់ក៏គង់នៅក្នុងយើង ពីព្រោះទ្រង់បានប្រទានព្រះវិញ្ញាណទ្រង់មកយើងរាល់គ្នា ហើយយើងបានឃើញ ក៏ធ្វើបន្ទាល់ថា ព្រះវរបិតាបានចាត់ព្រះរាជបុត្រាមក ធ្វើជាព្រះអង្គសង្គ្រោះនៃមនុស្សលោក។ អ្នកណាដែលយល់ព្រមថា ព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះ អ្នកនោះឈ្មោះថា មានព្រះគង់នៅក្នុងខ្លួនពិត ហើយខ្លួនក៏នៅក្នុងព្រះដែរ យើងរាល់គ្នាបានស្គាល់ ហើយក៏ជឿចំពោះសេចក្ដីស្រឡាញ់ ដែលព្រះទ្រង់មានដល់យើង ព្រះទ្រង់ជាតួសេចក្ដីស្រឡាញ់ ឯអ្នកណាដែលនៅជាប់ក្នុងសេចក្ដីស្រឡាញ់ នោះក៏បាននៅជាប់ក្នុងព្រះ ហើយព្រះទ្រង់គង់នៅក្នុងអ្នកនោះដែរ គឺយ៉ាងនោះហើយ ដែលសេចក្ដីស្រឡាញ់បានពេញខ្នាតក្នុងយើង ដើម្បីឲ្យយើងមានសេចក្ដីក្លាហាននៅថ្ងៃជំនុំជំរះ ដ្បិតដែលព្រះទ្រង់ជាយ៉ាងណា នោះយើងរាល់គ្នាក៏យ៉ាងនោះនៅក្នុងលោកីយនេះដែរ គ្មានសេចក្ដីភ័យខ្លាចណានៅក្នុងសេចក្ដីស្រឡាញ់ឡើយ សេចក្ដីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញសេចក្ដីភ័យខ្លាចចេញ ពីព្រោះសេចក្ដីភ័យខ្លាចតែងជាប់មានសេចក្ដីវេទនា ហើយអ្នកណាដែលមានសេចក្ដីភ័យខ្លាច នោះមិនទាន់បានពេញខ្នាត ខាងឯសេចក្ដីស្រឡាញ់នៅឡើយទេ
យ៉ូហាន ១៤:២៥-២៧
ខ្ញុំប្រាប់សេចក្ដីទាំងនេះ ដល់អ្នករាល់គ្នា កំពុងដែលនៅជាមួយគ្នានៅឡើយ តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្ដីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ ខ្ញុំទុកសេចក្ដីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ
កិច្ចការ ១:៨
ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនឹងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា នឹងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង
យ៉ូហាន ១៦:៧, ១៣-១៥
ខ្ញុំប្រាប់តាមត្រង់ថា ដែលខ្ញុំទៅ នោះមានប្រយោជន៍ដល់អ្នករាល់គ្នាវិញ ដ្បិតបើខ្ញុំមិនទៅទេ នោះព្រះដ៏ជាជំនួយក៏មិនមកឯអ្នករាល់គ្នាដែរ តែបើខ្ញុំទៅ នោះខ្ញុំនឹងចាត់ទ្រង់ឲ្យមក
. . .
កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្ដីពិត ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានបន្ទូល ចំពោះតែសេចក្ដីណាដែលទ្រង់ឮ ហើយនឹងសំដែង ឲ្យអ្នករាល់គ្នាដឹងការដែលត្រូវមក ទ្រង់នឹងដំកើងខ្ញុំ ដ្បិតទ្រង់នឹងយកសេចក្ដីដែលដំរូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា គ្រប់ទាំងអស់ដែលព្រះវរបិតាមាន នោះជារបស់ផងខ្ញុំដែរ ហេតុនោះបានជាខ្ញុំប្រាប់ថា ទ្រង់នឹងយកសេចក្ដីដែលដំរូវពីខ្ញុំ មកប្រាប់អ្នករាល់គ្នា។
រ៉ូម ៨:១៤-១៦, ២៦-២៧
ហើយអស់អ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់នាំ អ្នកទាំងនោះហើយជាពួកកូនរបស់ព្រះ អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ ដោយហេតុនោះបានជាយើងស្រែកឡើងថា ឱអ័ប្បា ព្រះវរបិតាអើយ ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ
. . .
ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្ដីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ ប៉ុន្តែ ព្រះអង្គដែលស្ទង់ចិត្ត ទ្រង់ជ្រាបនូវគំនិតនៃព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណជួយអង្វរជួសពួកបរិសុទ្ធ ឲ្យត្រូវនឹងព្រះហឫទ័យព្រះ
យ៉ូហាន ៧:៣៧-៣៩
នៅថ្ងៃក្រោយបង្អស់ ជាថ្ងៃបុណ្យយ៉ាងសំខាន់ នោះព្រះយេស៊ូវទ្រង់ឈរបន្លឺឧទានប្រកាសឡើងថា បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក ដូចជាគម្ពីរសំដែងហើយ តែសេចក្ដីនេះ គឺទ្រង់មានបន្ទូលពីព្រះវិញ្ញាណ ដែលអស់អ្នកជឿដល់ទ្រង់នឹងត្រូវទទួល ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមក ដោយព្រោះព្រះយេស៊ូវមិនទាន់បានដំកើងឡើងនៅឡើយ