មុនពេលអ្នកទទួលព្រះយេស៊ូវចូលក្នុងជីវិតរបស់អ្នក តើអ្នកមានទស្សនៈយ៉ាងណាចំពោះព្រះ?
តើអ្នកបានឃើញព្រះថា ទ្រង់ជាព្រះដែលអ្នកអាចស្គាល់បែបផ្ទាល់ខ្លួនទេ?
ទិដ្ឋភាពដ៏រស់រវើកនៃទំនាក់ទំនងរបស់អ្នកជាមួយព្រះ
នៅពេលអ្នកអភិវឌ្ឍទំនាក់ទំនងរបស់អ្នកជាមួយព្រះ វាមានប្រយោជន៍ក្នុងការយល់ថា ទំនាក់ទំនងរបស់អ្នកជាមួយទ្រង់មានលក្ខណៈអចិន្ត្រៃយ៍ ប៉ុន្តែក៏មានគុណភាពនៃទំនាក់ទំនងតាមរយៈការរួមប្រកបរបស់អ្នក ជាបន្តបន្ទាប់ជាមួយទ្រង់ផងដែរ។
ទំនាក់ទំនងរវាងឪពុកម្តាយ និងកូន បង្ហាញពីទិដ្ឋភាពទាំងពីរនៃទំនាក់ទំនង។ ប្រសិនបើនរណាម្នាក់មានកូន ទំនាក់ទំនងឈាមរបស់ឪពុកម្តាយ និងកូននឹងកើតមានជានិច្ច។
ទោះជាយ៉ាងណាក៏ដោយ រឿងខ្លះអាចបណ្តាលឲ្យចំណងមេត្រីភាពរវាងឪពុកម្តាយ និងកូនមានការបែកបាក់ ដែលប៉ះពាល់ដល់គុណភាពនៃទំនាក់ទំនងរបស់ពួកគេ។
ព្រះបង្កើតអ្នកជាកូនរបស់ទ្រង់ ពេលអ្នកមានជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ។ សូមអាន យ៉ូហាន ១:១២.
យ៉ូហាន ១:១២
ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះ
ទំនាក់ទំនងរបស់អ្នកជាមួយព្រះគឺមានសុវត្ថិភាព និងនៅស្ថិតស្ថេរ។ អ្នកនឹងតែងតែជាកូនរបស់ទ្រង់ជានិច្ច ហើយវានឹងមិនផ្លាស់ប្តូរឡើយ ទោះជាអ្នកធ្វើអ្វី ឬអ្វីដែលអាចនឹងកើតឡើងក៏ដោយ។
ប៉ុន្តែ ព្រះក៏ចង់ឲ្យទំនាក់ទំនងរបស់អ្នកក្លាយទៅជាស្និទ្ធស្នាល និងជាទីពេញចិត្តចំពោះអ្នកដែរ។ ព្រះចង់ឲ្យអ្នករីករាយនឹងបែបផែននៃការរួមប្រកបជាមួយទ្រង់ ដែលបានពិពណ៌នានៅក្នុង វិវរណៈ ៣:២០ ៖ «អញនឹងចូលទៅឯអ្នកនោះ អញនឹងបរិភោគជាមួយនឹងអ្នកនោះ ហើយអ្នកនោះជាមួយនឹងអញដែរ»។
សូមអាន ១ យ៉ូហាន ១:៣-៤
១ យ៉ូហាន ១:៣-៤
រីឯសេចក្ដីប្រកបរបស់យើងខ្ញុំ នោះគឺប្រកបនឹងព្រះវរបិតា ហើយនឹងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រាទ្រង់ យើងខ្ញុំក៏សរសេរសេចក្ដីទាំងនេះ ផ្ញើមកអ្នករាល់គ្នា ដើម្បីឲ្យសេចក្ដីអំណររបស់អ្នករាល់គ្នាបានពោរពេញឡើង។
តើអ្នកពណ៌នាអំពីការរួមប្រកបរបស់អ្នកជាមួយព្រះនៅពេលនេះថាយ៉ាងណា? តើវានាំឲ្យអ្នកមានអំណរទេ?
កត្តារារាំងដល់ការរួមប្រកបរបស់អ្នកជាមួយព្រះ
មិនដូចទំនាក់ទំនងដ៏អស់កល្បរបស់យើងទេ ការរួមប្រកបរបស់យើងជាមួយព្រះរងការប៉ះពាល់ដោយជម្រើសដែលយើងធ្វើ។
តើមានរឿងបែបណាខ្លះដែលធ្វើឲ្យទំនាក់ទំនងរបស់អ្នកមានភាពតានតឹងជាមួយអ្នកដទៃ?
តើអ្នកគិតថា អ្វីនឹងធ្វើឲ្យការរួមប្រកបរបស់អ្នកមានភាពតានតឹងជាមួយនឹងព្រះ?
អំពើបាបប៉ះពាល់ដល់ការរួមប្រកបរបស់យើងជាមួយព្រះ។ អំពើបាបអាចជាទង្វើ ឬចិត្តគំនិតខុស ឬសូម្បីតែការបរាជ័យរបស់យើងក្នុងការគាប់ព្រះហឫទ័យព្រះ។ មុនពេលអ្នកទទួលយកព្រះយេស៊ូវចូលក្នុងជីវិតរបស់អ្នក អំពើបាបរបស់អ្នក - ការបដិសេធរបស់អ្នកចំពោះព្រះ និងព្រះហឫទ័យរបស់ទ្រង់សម្រាប់អ្នក សុទ្ធតែបានរារាំងអ្នកមិនឲ្យមានទំនាក់ទំនងជាមួយព្រះ។ អំពើបាបនៅក្នុងជីវិតរបស់មនុស្សធ្វើឲ្យព្រះមិនអាចទទួលយកពួកគេបាន ព្រោះព្រះទ្រង់បរិសុទ្ធ ហើយមិនអាចព្រងើយកន្តើយនឹងអំពើបាបបានទេ។
តើព្រះផ្ដល់ដំណោះស្រាយយ៉ាងដូចម្ដេចយោងតាម រ៉ូម ៣:២៣-២៥?
រ៉ូម ៣:២៣-២៥
ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្ដីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្ដីជំនឿដល់ព្រះលោហិតទ្រង់ សំរាប់នឹងសំដែងឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ
យោងតាម ហេព្រើរ ១០:១០, ១៧–១៨ តើមានអ្វីបានកើតឡើងចំពោះរបាំងនៃអំពើបាប និងចំពោះរូបអ្នក ពេលអ្នកទទួលយកព្រះអំណោយទានរបស់ព្រះដោយជំនឿ?
ហេព្រើរ ១០:១០, ១៧-១៨
គឺដោយសារចំណង់ព្រះហឫទ័យនោះ ដែលយើងរាល់គ្នាបានញែកជាបរិសុទ្ធ ដោយសារដង្វាយថ្វាយរូបអង្គព្រះយេស៊ូវគ្រីស្ទ១ដងជាសំរេច។ . . .
នោះទ្រង់បានបន្ថែមនូវព្រះបន្ទូលនេះទៀតថា «អញនឹងលែងនឹកចាំពីអំពើបាប នឹងសេចក្ដីទទឹងច្បាប់របស់គេទៀត» ដូច្នេះ ដែលបានប្រោសឲ្យរួចពីសេចក្ដីទាំងនោះរួចហើយ នោះមិនចាំបាច់ថ្វាយដង្វាយ ដោយព្រោះបាបទៀតទេ។
ដោយហេតុថាព្រះគ្រីស្ទបានសុគតដើម្បីអត់ទោសបាបរបស់អ្នកទាំងអស់ ហើយធ្វើឲ្យទ្រង់អាចទទួលយកអ្នកបាន តើមានអ្វីដែលអ្នកត្រូវធ្វើបន្ថែមពីលើនេះ ដើម្បីប៉ះប៉ូវចំពោះអំពើបាបរបស់អ្នកទេ?
ក្នុងនាមជាគ្រីស្ទបរិស័ទម្នាក់ ទោះបីជាអំពើបាបរបស់អ្នកត្រូវបានលើកលែងទោស ហើយអ្នកមានជីវិតថ្មីក៏ដោយ អ្នកនៅតែមានសមត្ថភាពក្នុងការប្រព្រឹត្តអំពើបាប។ បំណងប្រាថ្នា និងទម្លាប់ចាស់របស់អ្នកអាចល្បួងអ្នក ហើយអ្នកអាចធ្វើការសម្រេចចិត្តខុស ដោយសម្រេចចិត្តមិនអើពើ ឬមិនស្តាប់បង្គាប់ព្រះ ហើយធ្វើតាមឆន្ទៈផ្ទាល់ខ្លួនរបស់អ្នក។
តើអ្នករំពឹងថា ព្រះនឹងមានប្រតិកម្មយ៉ាងណាចំពោះរឿងនេះ?
តើ ទំនុកដំកើង ១០៣:១០-១៣ ពិពណ៌នាអំពីការឆ្លើយតបរបស់ព្រះចំពោះពេលដែលកូនរបស់ទ្រង់ប្រព្រឹត្តអំពើបាបយ៉ាងណា?
ទំនុកដំកើង ១០៣:១០-១៣
ទ្រង់មិនបានប្រព្រឹត្តនឹងយើង
តាមអំពើបាបរបស់យើងទេ
ក៏មិនបានសងតាមអំពើទុច្ចរិតរបស់យើងដែរ
ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីច្រើនប៉ុណ្ណា
សេចក្ដីសប្បុរសរបស់ទ្រង់ក៏ធំច្រើនប៉ុណ្ណោះ
ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់
ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា
ទ្រង់បានដកយកអស់ទាំងការល្មើសនៃយើង
ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ
ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យអាណិតដល់អស់អ្នក
ដែលកោតខ្លាចទ្រង់
ទោះយ៉ាងណាក៏ដោយ មានផលវិបាកនៃអំពើបាប។ នៅពេលអ្នកប្រព្រឹត្តអំពើបាបក្នុងនាមជាគ្រីស្ទបរិស័ទ អំពើបាបធ្វើឲ្យទំនាក់ទំនងរបស់អ្នកជាមួយព្រះខូចខាត ហើយអ្នកចាប់ផ្តើមឃ្លាតឆ្ងាយពីទ្រង់ ទោះបីជាទ្រង់នៅតែជាព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់អ្នកក៏ដោយ។
នៅក្នុងរូបភាពនៅលើទំព័រទីមួយ តើជម្រើសរបស់កូនប៉ះពាល់ដល់អន្តរកម្មរបស់ពួកគេយ៉ាងដូចម្តេច?
យោងតាមព្រះគម្ពីរ អេសាយ ៥៩:២ ប្រសិនបើអ្នកប្រព្រឹត្តអំពើបាប តើអ្នកនៅតែអាចរីករាយនឹងការរួមប្រកបជាមួយព្រះបានទេ?
អេសាយ ៥៩:២
គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នា ដែលបានខណ្ឌជាកណ្តាលឯង ហើយនឹងព្រះនៃឯងទេតើ ហើយអំពើបាបរបស់ឯងរាល់គ្នាបានបាំងព្រះភក្ត្រទ្រង់មិនឲ្យឯងឃើញ ដល់ម៉្លេះបានជាទ្រង់មិនព្រមស្តាប់ទេ
តើខគម្ពីរដែលយើងមើលកាលពីលើកមុនបញ្ជាក់ដល់យើងថា យើងនៅតែជាកូនរបស់ទ្រង់យ៉ាងដូចម្ដេច?
ការស្តារទំនាក់ទំនងរួមប្រកបរបស់អ្នកជាមួយព្រះ
ក្នុងនាមជាព្រះបិតាដែលមានព្រះហឫទ័យអាណិតអាសូរ ព្រះបានធ្វើឲ្យទំនាក់ទំនងរបស់អ្នកជាមួយនឹងទ្រង់អាចទទួលការស្ដារឡើងវិញ សូម្បីតែបន្ទាប់ពីអ្នកបានមិនស្តាប់បង្គាប់ មិនអើពើ ឬក្បត់ទ្រង់។ ទ្រង់មានឆន្ទៈធ្វើដូច្នេះ ដោយសារឥឡូវនេះអ្នកស្ថិតនៅក្នុងអង្គព្រះគ្រីស្ទ ហើយរាល់អំពើបាបទាំងអស់ទាំងពីអតីតកាល បច្ចុប្បន្នកាល និងអនាគតត្រូវបានបង់ថ្លៃ នៅពេលព្រះគ្រីស្ទបានលះបង់ព្រះជន្មរបស់ទ្រង់សម្រាប់អ្នក។
អ្នកស្ដារការរួមប្រកបដោយការវិលត្រឡប់ទៅរកព្រះ ហើយបង្ហាញដល់ទ្រង់នូវទុក្ខព្រួយរបស់អ្នកចំពោះអំពើបាប ការដឹងគុណរបស់អ្នកចំពោះការអភ័យទោសរបស់ទ្រង់ និងបំណងចិត្តរបស់អ្នកក្នុងការផ្លាស់ប្តូរ។ នេះហៅថា ការលន់តួ ឬការប្រែចិត្ត។
សូមអាន ១ យ៉ូហាន ១:៨-៩.
១ យ៉ូហាន ១:៨-៩
បើសិនជាយើងថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងយើងទេ បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនឹងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង
នេះជាជំហានដើម្បីស្តារការរួមប្រកបជាមួយព្រះ ៖
ទទួលស្គាល់ចំពោះព្រះថា អំពើបាបរបស់អ្នកខុស ហើយបានក្លាយជាឧបសគ្គចំពោះការរួមប្រកបជាមួយនឹងព្រះ។- សូមអរព្រះគុណព្រះ ដែលទ្រង់បានបង់ថ្លៃសម្រាប់អំពើបាបនោះរួចហើយ ហើយបានអត់ទោសឲ្យអ្នក ដោយផ្អែកលើការសុគតរបស់ព្រះយេស៊ូវ។
- ចូរសុំព្រះឲ្យផ្លាស់ប្តូរដួងចិត្តរបស់អ្នក ដើម្បីឲ្យពេលក្រោយ អ្នកជ្រើសរើសផ្លូវរបស់ព្រះ ជាជាងផ្លូវរបស់ខ្លួនឯង។
នៅពេលណាដែលអ្នកដឹងថាអ្នកមិនស្តាប់បង្គាប់ព្រះ ឬមានអំពើបាបខ្លះនៅក្នុងជីវិតរបស់អ្នក ចូរសារភាពវាទៅកាន់ទ្រង់ភ្លាម។ អ្នកអាចប្រើពាក្យស្រដៀងគ្នានេះ ៖
«ឱព្រះវរបិតាអើយ ទូលបង្គំសូមអភ័យទោសចំពោះអំពើបាបរបស់ទូលបង្គំ។ សូមអរព្រះគុណទ្រង់ ដែលទ្រង់បានអត់ទោស និងសម្អាតទូលបង្គំ តាមរយៈព្រះគ្រីស្ទ។ សូមទ្រង់ផ្លាស់ប្តូរបំណងចិត្តរបស់ទូលបង្គំ ដើម្បីកុំឲ្យទូលបង្គំធ្វើតាមអំពើបាបនេះតទៅទៀតឡើយ ប៉ុន្តែសូមឲ្យទូលបង្គំព្យាយាមបំពេញចិត្តទ្រង់ជំនួសវិញ»។
ពេលយើងសារភាពអំពើបាបដោយស្មោះត្រង់ នោះយើងអាចទទួលបានអំណរ និងសេរីភាពពីកំហុស។
ផ្អែកលើ រ៉ូម ៨:១ ហេតុអ្វីបានជាអ្នកមិនគួរមានអារម្មណ៍អាម៉ាស់ ឬមានកំហុសបន្ទាប់ពីបានសារភាពអំពើបាប?
តើមានអំពើបាបណាមួយដែលអ្នកនៅតែមានអារម្មណ៍ថាមានកំហុស ឬដែលអ្នកមានអារម្មណ៍ថាព្រះមិនអាចអត់ទោសបានទេ?
បើដូច្នេះ សូមឈប់ឥឡូវនេះ ហើយធ្វើដូចខាងក្រោម ៖
- សូមសរសេរអំពើបាបរបស់អ្នកនៅលើក្រដាសមួយ សម្រាប់តែអ្នកមើលខ្លួនឯងប៉ុណ្ណោះ។
- បន្ទាប់ពីបានសារភាពវាដល់ព្រះ សូមសរសេរ ១ យ៉ូហាន ១:៩ និង រ៉ូម ៨:១ លើក្រដាសនោះ។
- សូមអរព្រះគុណព្រះដែលតាមរយៈព្រះគ្រីស្ទ អំពើបាបនេះត្រូវបានអត់ទោសយ៉ាងពេញលេញ ហើយកំហុសរបស់អ្នកត្រូវបានដកចេញ។
- ឥឡូវ សូមហែកក្រដាសជាការរម្លឹកថាអំពើបាបរបស់អ្នកបានបាត់ទៅហើយ។
ក្នុងសៀវភៅទំនុកដំកើង ដាវីឌបានចែកចាយបទពិសោធរបស់គាត់អំពីរបៀបដែលអំពើបាបរបស់គាត់ប៉ះពាល់ដល់ការរួមប្រកបជាមួយព្រះ។
សូមអាន ទំនុកដំកើង ៣២:១-៥.
ទំនុកដំកើង ៣២:១-៥
មានពរហើយ មនុស្សណាដែលការរំលង
ច្បាប់របស់ខ្លួនបានអត់ទោសឲ្យ
គឺដែលបាបរបស់ខ្លួនបានគ្របបាំងហើយ
មានពរហើយ មនុស្សណាដែលព្រះយេហូវ៉ាមិនរាប់ថា
ជាអ្នកមានទោស
ជាអ្នកដែលគ្មានកលឧបាយនៅក្នុងចិត្តសោះ
កាលទូលបង្គំបានស្ងៀមនៅ នោះឆ្អឹងទូលបង្គំ
បានខ្សោះទៅ
ដោយសារដំងូរដែលទូលបង្គំថ្ងូរជាដរាបរាល់ថ្ងៃ
ដ្បិតព្រះហស្តនៃទ្រង់បានសង្កត់លើទូលបង្គំជាធ្ងន់
ទាំងយប់ទាំងថ្ងៃ
ធាតុទឹករបស់ទូលបង្គំបានត្រឡប់ទៅជារីងហួត
ដូចជារដូវក្តៅ។ –បង្អង់
៙ ទូលបង្គំបានរ៉ាប់ទទួលអំពើបាបរបស់
ទូលបង្គំនៅចំពោះទ្រង់
ឥតលាក់ការទុច្ចរិតរបស់ទូលបង្គំទុកឡើយ
ទូលបង្គំបាននិយាយថា ទូលបង្គំនឹងលន់តួអស់ទាំង
ការរំលងរបស់ទូលបង្គំដល់ព្រះយេហូវ៉ា
ឯទ្រង់ក៏បានអត់ទោសចំពោះអំពើបាបនៃទូលបង្គំទៅ។ –បង្អង់
តើដាវីឌមានបទពិសោធអ្វីខ្លះមុនពេលគាត់សារភាពអំពើបាបរបស់គាត់?
តើអ្វីបញ្ជាក់ថា ការរួមប្រកបរបស់គាត់ជាមួយនឹងព្រះត្រូវបានស្ដារឡើងវិញ?
ការដឹងគុណចំពោះអ្វីដែលព្រះបានធ្វើដោយព្រះហឫទ័យសប្បុរស ហើយបន្តធ្វើសម្រាប់អ្នក គឺសំខាន់ណាស់ក្នុងការអភិវឌ្ឍទំនាក់ទំនងកាន់តែជិតស្និទ្ធ។ ទំនាក់ទំនងរបស់អ្នកជាមួយព្រះនឹងត្រូវបានសាងសង់ឡើងដោយសេចក្តីស្រឡាញ់ និងការដឹងគុណ ជាជាងវិប្បដិសារី និងការធ្វើដើម្បីតែកាតព្វកិច្ច។
គំនិតសង្ខេប និងជំហានឆ្ពោះទៅមុខ
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះហឫទ័យរបស់ព្រះចំពោះអ្នក?
តើសេចក្ដីពិតណាខ្លះដែលអ្នកអាចចែកចាយជាមួយនរណាម្នាក់ដើម្បីជួយ ឬលើកទឹកចិត្តពួកគេនៅក្នុងជំនឿរបស់ពួកគេ?
សប្តាហ៍នេះ សូមអានអត្ថបទគម្ពីរមួយជារៀងរាល់ថ្ងៃ។ សូមពិចារណាអំពីអ្វីដែលអត្ថបទគម្ពីរនោះនិយាយអំពីព្រះហឫទ័យរបស់ព្រះ។ សូមអរព្រះគុណព្រះចំពោះសេចក្តីស្រឡាញ់ និងការអត់ទោសដ៏អស្ចារ្យរបស់ទ្រង់ ដែលអនុញ្ញាតឲ្យអ្នកមានការរួមប្រកបជាមួយទ្រង់។
លូកា ១៥:១១-៣២
រួចទ្រង់ក៏មានបន្ទូលថា មានបុរសម្នាក់មានកូនប្រុស២ កូនពៅនិយាយទៅឪពុកថា សូមលោកឪពុកប្រគល់ចំណែកមរដក ដែលត្រូវចែកដល់ខ្ញុំនោះមក គាត់ក៏ចែកទ្រព្យនោះដល់កូន ក្រោយបន្តិចមក កូនពៅប្រមូលទាំងអស់ ចេញទៅឯស្រុកឆ្ងាយ ហើយក៏បង្ហិនទ្រព្យទៅ ដោយល្បែងដ៏ហួសខ្នាត កាលបានចាយអស់រលីងហើយ នោះកើតមានអំណត់ជាខ្លាំងនៅស្រុកនោះ វាក៏មានសេចក្ដីទ័លក្រ រួចទៅបំរើអ្នកស្រុកនោះម្នាក់ ហើយគេប្រើឲ្យទៅឯវាលឃ្វាលហ្វូងជ្រូក វាមានចិត្តចង់ចំអែតពោះ ដោយសំបកដែលជ្រូកស៊ីណាស់ តែគ្មានអ្នកណាឲ្យសោះ
កាលវាភ្ញាក់ដឹងខ្លួន នោះក៏គិតថា ឪពុកអញមានជើងឈ្នួលប៉ុន្មានៗ សុទ្ធតែមានអាហារបរិបូរគ្រប់គ្នា តែនៅទីនេះ អញជិតដាច់ពោះស្លាប់ហើយ អញនឹងក្រោកឡើង ទៅនិយាយនឹងគាត់ថា លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ ហើយនឹងលោកឪពុកមែន ខ្ញុំនេះមិនគួរឲ្យគេហៅជាកូនលោកឪពុកទៀតទេ សូមទទួលខ្ញុំ ទុកដូចជាជើងឈ្នួលលោកឪពុកវិញចុះ នោះវាក៏ក្រោកឡើងដើរទៅ លុះឪពុកឃើញពីចំងាយហើយ ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបវា ទើបវានិយាយថា លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ ហើយនឹងលោកឪពុក ខ្ញុំមិនគួរឲ្យគេហៅជាកូនរបស់លោកឪពុកទៀតទេ តែឪពុកប្រាប់ទៅពួកបាវគាត់ថា ចូរយកអាវល្អបំផុតចេញមកបំពាក់ឲ្យវា ហើយយកចិញ្ចៀន នឹងស្បែកជើងមកឲ្យផង រួចយកកូនគោដែលបំប៉នមកសំឡាប់ចុះ យើងនឹងបរិភោគឲ្យសប្បាយចិត្ត ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ នោះគេក៏បរិភោគសប្បាយទាំងអស់គ្នាទៅ
ឯកូនច្បងនៅឯចំការ កាលត្រឡប់មកជិតដល់ផ្ទះ នោះក៏ឮសូរភ្លេងនឹងរបាំ គាត់ហៅពួកបាវម្នាក់មកសួរថា គេធ្វើអ្វីហ្នឹង បាវនោះជំរាបថា ប្អូនលោកត្រឡប់មកវិញ ហើយលោកឪពុកបានសំឡាប់កូនគោដែលបំប៉ន ដោយព្រោះបានកូនមកវិញដោយសុខសាន្ត ដូច្នេះ គាត់ក៏ខឹង មិនព្រមចូលទៅសោះ បានជាឪពុកចេញមកអង្វរដល់គាត់ តែគាត់ឆ្លើយថា មើល ខ្ញុំបានបំរើលោកឪពុកប៉ុន្មានឆ្នាំនេះមកហើយ មិនដែលធ្វើខុសអ្វីនឹងបង្គាប់សោះ តែលោកឪពុកមិនដែលឲ្យកូនពពែ សូម្បីតែ១ ឲ្យខ្ញុំបានអរសប្បាយ ជាមួយនឹងពួកមិត្រសំឡាញ់ខ្ញុំឡើយ ឯកូនលោកឪពុក ដែលវាបង្ហិនបំផ្លាញសម្បត្តិលោកឪពុកអស់ ដោយនូវស្រីអ្នកលេងនេះ កាលបានមកដល់ នោះលោកឪពុកសំឡាប់កូនគោដែលបំប៉នឲ្យវាភ្លាម ឪពុកក៏តបថា កូនអើយ ឯងបាននៅជាមួយនឹងអញជាដរាប ឯរបស់អញទាំងប៉ុន្មាន ក៏ជារបស់ឯងដែរ គួរឲ្យយើងស៊ីលៀង ដោយអរសប្បាយទៅ ពីព្រោះប្អូនឯងនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់បង់ តែបានឃើញមកវិញហើយ។
អេសាយ ៥៣:៤-៦
ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងជាពិត ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់ យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់។
១ យ៉ូហាន ១:៥-២:២
នេះជាដំណឹង ដែលយើងខ្ញុំបានឮពីទ្រង់ ហើយក៏ប្រាប់មកអ្នករាល់គ្នា គឺថា ព្រះទ្រង់ជាពន្លឺភ្លឺ គ្មានសេចក្ដីងងឹតណា នៅក្នុងទ្រង់សោះ បើសិនជាយើងរាល់គ្នាថា យើងមានសេចក្ដីប្រកបនឹងទ្រង់ តែដើរក្នុងសេចក្ដីងងឹតវិញ នោះឈ្មោះថាយើងកុហក ហើយមិនប្រព្រឹត្តតាមសេចក្ដីពិតទេ តែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ នោះយើងមានសេចក្ដីប្រកបនឹងគ្នាទៅវិញទៅមក ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នាពីគ្រប់អំពើបាបទាំងអស់ បើសិនជាយើងថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងយើងទេ បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនឹងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង បើយើងថា យើងមិនដែលធ្វើបាបសោះ នោះឈ្មោះថាយើងធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញ ហើយព្រះបន្ទូលទ្រង់មិននៅក្នុងយើងទេ។
កូនតូចៗរាល់គ្នាអើយ ដែលខ្ញុំសរសេរសេចក្ដីទាំងនេះផ្ញើមក នោះដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាបទៀត តែបើសិនជាអ្នកណាភ្លាត់ធ្វើបាបវិញ នោះយើងមានព្រះដ៏ជាជំនួយ១អង្គហើយ ដែលទ្រង់គង់នៅចំពោះព្រះវរបិតា គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏សុចរិត ដែលទ្រង់ជាដង្វាយធួននឹងបាបយើងរាល់គ្នា មិនត្រឹមតែបាបរបស់យើងរាល់គ្នាតែប៉ុណ្ណោះ គឺនឹងបាបរបស់លោកីយទាំងមូលដែរ។
រ៉ូម ៨:៣១-៣៩
ដូច្នេះ យើងនឹងថ្លែងប្រាប់ពីសេចក្ដីទាំងនេះថាដូចម្តេច បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទ្រង់ទៅជំនួសយើងរាល់គ្នា នោះតើមានទំនងអ្វី ឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើង ជាមួយនឹងព្រះរាជបុត្រាទ្រង់នោះផង តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត តើអ្នកណានឹងកាត់ទោសគេបាន ដ្បិតព្រះគ្រីស្ទទ្រង់បានសុគតជំនួសគេហើយ តែដែលថា ទ្រង់រស់ឡើងវិញ នោះមានទំនងជាង ទ្រង់ក៏គង់នៅខាងស្តាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ផងព្រះគ្រីស្ទបាន តើសេចក្ដីទុក្ខលំបាក ឬសេចក្ដីវេទនា សេចក្ដីបៀតបៀន សេចក្ដីអត់ឃ្លាន សេចក្ដីអាក្រាត សេចក្ដីអន្តរាយ ឬដាវឬអី ដូចមានសេចក្ដីចែងទុកមកថា
«យើងខ្ញុំត្រូវគេសំឡាប់វាល់ព្រឹកវាល់ល្ងាច ដោយយល់ដល់ទ្រង់» គេរាប់យើងទុកដូចជាចៀមដែលសំរាប់សំឡាប់
ទេ គឺក្នុងសេចក្ដីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀត ដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើង ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកំពស់ ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅ បានឡើយ។
កូល៉ុស ២:១៣-១៤
ឯអ្នករាល់គ្នាដែលបានស្លាប់ក្នុងការរំលង ហើយក្នុងសណ្ឋានមិនកាត់ស្បែកខាងសាច់ឈាម នោះទ្រង់បានប្រោសឲ្យរស់ជាមួយនឹងទ្រង់ ដោយបានអត់ទោសចំពោះអស់ទាំងការរំលងរបស់អ្នករាល់គ្នា ទាំងលុបចោលសេចក្ដីដែលកត់ទុកទាស់នឹងយើងក្នុងសេចក្ដីបញ្ញត្ត ដែលប្រទាំងនឹងយើង ហើយទ្រង់ក៏លើកចោល ដោយបោះភ្ជាប់នៅឈើឆ្កាង
លូកា ៧:៣៦-៥០
មានពួកផារិស៊ីម្នាក់ទូលសូមទ្រង់ ឲ្យសោយជាមួយនឹងគាត់ ទ្រង់ក៏យាងចូលទៅគង់នៅតុ ក្នុងផ្ទះគាត់ ហើយមើល នៅក្រុងនោះមានស្ត្រីម្នាក់ដែលមានបាប នាងបានដឹងថា ទ្រង់គង់នៅតុក្នុងផ្ទះអ្នកផារិស៊ីនោះ ក៏យកដបថ្មកែវដាក់ប្រេងក្រអូបមក នាងឈរពីខាងក្រោយទៀបព្រះបាទទ្រង់ទាំងយំ ចាប់តាំងសំរក់ទឹកភ្នែកទទឹកព្រះបាទទ្រង់ រួចយកសក់ក្បាលនាងជូត ក៏ថើបព្រះបាទ ដោយស្រឡាញ់ ហើយយកប្រេងក្រអូបលាបផង កាលពួកផារិស៊ីម្នាក់ដែលអញ្ជើញទ្រង់មក បានឃើញដូច្នោះ ក៏គិតក្នុងចិត្តថា បើអ្នកនេះជាហោរាមែន នោះនឹងស្គាល់ស្ត្រីដែលពាល់ខ្លួន ហើយដឹងថាជាមនុស្សយ៉ាងណា ព្រោះនាងជាមនុស្សមានបាប ព្រះយេស៊ូវក៏មានបន្ទូលថា ស៊ីម៉ូនអើយ ខ្ញុំចង់និយាយនឹងអ្នកបន្តិច គាត់ក៏ឆ្លើយថា សូមលោកគ្រូមានប្រសាសន៍មកចុះ
ទ្រង់មានបន្ទូលថា មាន២នាក់ជំពាក់អ្នកចងការម្នាក់ អ្នក១ ជំពាក់១០០រៀល អ្នក១ទៀត១០រៀល ដោយព្រោះគេគ្មានអ្វីនឹងសង បានជាគាត់លែងទារពីអ្នកទាំង២ទៅ ដូច្នេះក្នុង២នាក់នោះ តើអ្នកណាស្រឡាញ់គាត់ជាជាង ស៊ីម៉ូនទូលឆ្លើយថា ខ្ញុំស្មានថាជាអ្នកមួយដែលជំពាក់ច្រើនជាងនោះឯង ទ្រង់ក៏មានបន្ទូលតបថា អ្នកស្មានត្រូវហើយ រួចទ្រង់បែរទៅឯស្ត្រីនោះ តែមានបន្ទូលនឹងស៊ីម៉ូនថា អ្នកឃើញស្ត្រីនេះឬទេ ខ្ញុំបានចូលមកក្នុងផ្ទះអ្នក អ្នកមិនបានឲ្យទឹកសំរាប់លាងជើងខ្ញុំទេ តែនាងបានសំរក់ទឹកភ្នែកទទឹកជើងខ្ញុំ ហើយយកសក់ជូតផង អ្នកមិនបានថើបខ្ញុំសោះ តែតាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំដោយស្រឡាញ់ អ្នកមិនបានយកប្រេងលាបក្បាលខ្ញុំសោះ តែនាងយកប្រេងក្រអូបមកលាបជើងខ្ញុំវិញ ដោយហេតុនោះបានជាខ្ញុំប្រាប់អ្នកថា បាបនាងដែលមានច្រើនទាំងម៉្លេះ បានអត់ទោសឲ្យនាងហើយ ដ្បិតនាងមានសេចក្ដីស្រឡាញ់ជាច្រើន ប៉ុន្តែអ្នកណាដែលគេអត់ទោសឲ្យតិច នោះក៏ស្រឡាញ់តិច រួចទ្រង់មានបន្ទូលទៅនាងថា បាបនាងបានអត់ទោសឲ្យនាងហើយ ឯពួកអ្នកដែលអង្គុយនៅតុជាមួយ ក៏ចាប់តាំងគិតក្នុងចិត្តថា តើអ្នកនេះជាអ្វីដែលអត់ទោសបាបបានផងដូច្នេះ តែទ្រង់មានបន្ទូលទៅស្ត្រីនោះថា សេចក្ដីជំនឿរបស់នាងបានសង្គ្រោះនាងហើយ អញ្ជើញនាងទៅ ឲ្យបានប្រកបដោយសេចក្ដីសុខចុះ។