ការសន្ទនាអំពីមូលដ្ឋាននៃជំនឿ អំពី ៖

៤ - ការអភិវឌ្ឍទំនាក់ទំនងរបស់អ្នកជាមួយព្រះ

តើគុណសម្បត្តិអ្វីខ្លះដែលអ្នកឲ្យតម្លៃបំផុតអំពីមិត្តភក្ដិ?

តើអ្នកធ្វើយ៉ាងណាដើម្បីដឹងរឿងទាំងនោះអំពីនរណាម្នាក់?

មូលដ្ឋាននៃទំនាក់ទំនងរឹងមាំ

ទំនាក់ទំនងរឹងមាំត្រូវបានបង្កើតឡើងដោយផ្អែកលើការស្គាល់គ្នា ការជឿទុកចិត្ត និងការប្រាស្រ័យទាក់ទងគ្នា។ ជាការគួរជាទីពេញចិត្តយ៉ាងខ្លាំង ក្នុងការឈានទៅដល់ចំណុចមួយនៅក្នុងទំនាក់ទំនងដែលនរណាម្នាក់ស្គាល់អ្នកច្បាស់ (ទាំងល្អ និងអាក្រក់) ហើយស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌ ហើយទន្ទឹមនឹងនោះ ក៏ប្តេជ្ញាជួយអ្នកឲ្យរីកចម្រើនឡើងដែរ។ នៅពេលអ្នកវិនិយោគក្នុងការស្គាល់នរណាម្នាក់ឲ្យកាន់តែច្បាស់ អ្នករកឃើញអត្តចរិតរបស់ពួកគេ អាចពេញចិត្តពួកគេក្នុងនាមជាគេ​ និងឲ្យតម្លៃលើវត្តមានរបស់ពួកគេនៅក្នុងជីវិតរបស់អ្នក។ អ្នកដឹងថា ពួកគេគឺជាមនុស្សដែលអ្នកអាចទុកចិត្តបាន។

សូមអាន ទំនុកដំកើង ១៣៩:១-៣ និង ៥៦:៩, ១១

ទំនុកដំកើង ១៣៩:១-៣

ឱ​ព្រះ‌យេហូវ៉ា​អើយ
ទ្រង់​បាន​ពិនិត្យ​មើល
ហើយ​បាន​ស្គាល់​ទូលបង្គំ​ផង
ទ្រង់​ជ្រាប​ការ​ដែល​ទូលបង្គំ​អង្គុយ​ចុះ
នឹង​ការ​ដែល​ទូលបង្គំ​ក្រោក​ឡើង​ផង
ទ្រង់​ក៏​យល់​គំនិត​របស់​ទូលបង្គំ​ពី​ចំងាយ​ដែរ
ទ្រង់​ពិនិត្យ​ពិចារណា​ផ្លូវ​ច្រក នឹង​ទី​ដេក​របស់​ទូលបង្គំ
ក៏​ស្គាល់​អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​ទូលបង្គំ​ដែរ

(អានបន្ថែម)

ទំនុកដំកើង ៥៦:៩, ១១

ទូលបង្គំ​ដឹង​ហើយ ដ្បិត​ព្រះ‌ទ្រង់​គង់​នៅ​ខាង​ទូលបង្គំ . . .
សេចក្ដី​ពឹង‌ពាក់​របស់​ទូលបង្គំ នោះ​បាន​ទុក​នៅ​ក្នុង​ព្រះ ទូលបង្គំ​នឹង​មិន​ខ្លាច​ឡើយ

(អានបន្ថែម)

តើអ្នកគិតថាអ្វីដែលធ្វើឲ្យទំនាក់ទំនងរបស់ដាវីឌជាមួយនឹងព្រះរឹងមាំម្ល៉េះ?

ព្រះស្គាល់ ហើយស្រឡាញ់អ្នក ហើយទ្រង់អញ្ជើញអ្នកឲ្យស្វែងយល់ថាទ្រង់ជានរណា។

សូមអាន ទំនុកដំកើង ៣៤:៨។

ទំនុកដំកើង ៣៤:៨

ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ចុះ

(អានបន្ថែម)

តើមានអ្វីខ្លះដែលអ្នកអាចធ្វើបាន ដើម្បីចាប់ផ្តើមស្គាល់ព្រះឲ្យកាន់តែច្បាស់?

ការប្រាស្រ័យទាក់ទងរវាងអ្នក និងព្រះ គឺសំខាន់ណាស់ក្នុងការកសាងទំនាក់ទំនងបែបផ្ទាល់ខ្លួនប្រកបដោយភាពជិតស្និទ្ធ។

តើទំនាក់ទំនងរបស់លោកម៉ូសេជាមួយនឹងព្រះ ត្រូវបានពិពណ៌នានៅក្នុងគម្ពីរ និក្ខមនំ ៣៣:១១ យ៉ាងណា?

និក្ខមនំ ៣៣:១១

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ប្រទល់​មុខ​នឹង​ម៉ូសេ ដូច​ជា​មនុស្ស​និយាយ​នឹង​សំឡាញ់​

(អានបន្ថែម)

អ្នកអាចប្រាស្រ័យទាក់ទងជាមួយព្រះតាមរបៀបពីរ ៖ ការស្តាប់ព្រះតម្រិះរបស់ទ្រង់ និងការចែកចាយពីគំនិតរបស់អ្នកជាមួយទ្រង់។

នៅពេលអ្នកចែកចាយអ្វីដែលមាននៅក្នុងដួងចិត្តរបស់អ្នកជាមួយទ្រង់ ហើយស្គាល់ទ្រង់ អ្នកនឹងចាប់ផ្តើមឃើញថាតើព្រះជានរណា របៀបដែលទ្រង់បានចូលរួមយ៉ាងសកម្មក្នុងជីវិតរបស់អ្នក ហើយរៀនថា អ្នកអាចទុកចិត្តទ្រង់ទាំងស្រុង។

បន្ថែមពីលើការនិយាយទៅកាន់ព្រះពេញមួយថ្ងៃ វិធីដ៏ល្អមួយដើម្បីអភិវឌ្ឍទំនាក់ទំនងរបស់អ្នកគឺ ត្រូវមានពេលប្រចាំថ្ងៃដែលអ្នកបានញែកទុកដោយឡែកសម្រាប់គោលបំណងនេះ ដូចដែលព្រះយេស៊ូវបានធ្វើនៅក្នុង ម៉ាកុស ១:៣៥

ម៉ាកុស ១:៣៥

កាល​នៅ​ងងឹត​មិន​ទាន់​ភ្លឺ​ស្រាង​នៅ​ឡើយ នោះ​ទ្រង់​តើន​ឡើង​យាង​ចេញ​ទៅ​ឯ​ទី​ស្ងាត់ ហើយ​អធិស្ឋាន​នៅ​ទី​នោះ

(អានបន្ថែម)

ក្នុងអំឡុង «ពេលវេលាស្ងប់ស្ងាត់» នេះ អ្នកអាចអានព្រះគម្ពីររបស់អ្នក និយាយជាមួយព្រះដោយការអធិស្ឋាន និងទទួលបានព្រះតម្រិះរបស់ព្រះ អំពីកាលៈទេសៈនៅក្នុងជីវិតរបស់អ្នក។

តើនៅពេលណា និងកន្លែងណាដែលអ្នកគិតថាអ្នកអាច «ទៅឆ្ងាយ» ដើម្បីនៅជាមួយព្រះ?

ការស្គាល់ព្រះតាមរយៈព្រះបន្ទូលរបស់ទ្រង់

ព្រះគម្ពីរប្រាប់ពីដំណើររឿងអំពីព្រះហឫទ័យរបស់ព្រះជាបន្តបន្ទាប់ក្នុងការទាក់ទាញមនុស្សឲ្យមានទំនាក់ទំនងជាមួយនឹងទ្រង់។ ព្រះគម្ពីរកត់ត្រានូវគំនិត ពាក្យសម្ដី និងសកម្មភាពរបស់ទ្រង់នៅក្នុងវប្បធម៌ផ្សេងៗគ្នា ក្នុងរយៈពេលជាច្រើនសតវត្ស។ ព្រះគម្ពីរក៏រៀបរាប់ពីស្ថានភាពជាមួយមនុស្សពិត ដែលអនុញ្ញាតឲ្យអ្នកយល់ពីព្រះហឫទ័យរបស់ព្រះ និងមើលពីរបៀបដែលអ្នកផ្សេងទៀតបានជ្រើសរើសធ្វើតាម ឬមិនធ្វើតាមការណែនាំរបស់ព្រះ។

តើ ទំនុកដំកើង ១១៩:១០៥ ប្រើរូបភាពអ្វីសម្រាប់ព្រះបន្ទូលរបស់ព្រះ?

ទំនុកដំកើង ១១៩:១០៥

៙ ព្រះ‌បន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូលបង្គំ
ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់ទូលបង្គំ​ផង

(អានបន្ថែម)

ព្រះគម្ពីរក៏ជាសាររបស់ព្រះសម្រាប់យើងម្នាក់ៗផ្ទាល់ដែរ។ តាមរយៈព្រះវិញ្ញាណរបស់ទ្រង់ ព្រះទ្រង់ប្រើពាក្យពេចន៍នានាដើម្បីមានព្រះបន្ទូលទៅកាន់ស្ថានភាពជាក់លាក់ក្នុងជីវិតរបស់អ្នក ហើយធានាដល់អ្នកពីការប្តេជ្ញារបស់ទ្រង់ដើម្បីស្រឡាញ់អ្នក និងជួយអ្នកឲ្យដើរតាមទ្រង់។

តើអ្នកនឹងឆ្លើយតបយ៉ាងណា បើជារៀងរាល់ថ្ងៃអ្នកបានទទួលកំណត់ត្រាបែបនេះពីព្រះ?

ជូនចំពោះ ____,
យើងដឹងពីអ្វីដែលកូនកំពុងឆ្លងកាត់នៅពេលនេះ។
នេះជាអ្វីដែលយើងចង់និយាយទៅកាន់ដួងចិត្ត​របស់កូន. . .
នេះជារបៀបដែលយើងចង់ជួយកូន និងធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតរបស់កូន. . .


ព្រះវរបិតានៅស្ថានសួគ៌ ដែលពោរពេញដោយព្រះហឫទ័យស្រឡាញ់របស់កូន

២ ធីម៉ូថេ ៣:១៦-១៧ ពិពណ៌នាអំពីរបៀបដែលព្រះគម្ពីររៀបចំយើងសម្រាប់ជីវិត។

២ ធីម៉ូថេ ៣:១៦-១៧

គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ‌ទ្រង់​បាន​បញ្ចេញ​ព្រះ‌វិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ សំរាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ។

(អានបន្ថែម)

ព្រះបន្ទូលរបស់ព្រះ ៖

  • បង្រៀនយើងនូវទស្សនៈរបស់ព្រះ (ការបង្រៀន)
  • ចង្អុលបង្ហាញនៅពេលដែលយើងមិនដើរតាមមាគ៌ារបស់ព្រះ (ការរម្លឹកឲ្យដឹងខ្លួន)
  • បង្ហាញយើងពីរបៀបធ្វើការផ្លាស់ប្តូរក្នុងជីវិតរបស់យើង (ការប្រដៅតម្រង់) និង
  • ផ្តល់ឲ្យយើងនូវការណែនាំជាក់ស្តែង (ការបង្ហាត់) ដើម្បីរស់នៅក្នុងជីវិតដែលគាប់ព្រះហឫទ័យព្រះ និងប្រទានពរដល់អ្នកដែលនៅជុំវិញយើង។

តើអ្នកអាចគិតអំពីឧទាហរណ៍មួយអំពីរបៀបដែលព្រះគម្ពីរបានធ្វើអ្វីមួយក្នុងជីវិតរបស់អ្នកទេ?

របៀបចាប់ផ្តើមនៅក្នុងព្រះបន្ទូលរបស់ព្រះ

នៅពេលអ្នកអានអត្ថបទគម្ពីរមួយនៅក្នុងព្រះគម្ពីរ សូមចំណាយពេលសម្រាប់ជំហានខាងក្រោម។ សូមព្យាយាមឆ្លើយសំណួរទាំងនេះ ដែលនឹងជួយអ្នកឲ្យរីកចម្រើនក្នុងទំនាក់ទំនងរបស់អ្នកជាមួយព្រះ។

ការអធិស្ឋាន - ចូរសុំឲ្យព្រះជួយអ្នកឲ្យយល់ពីសេចក្តីពិតរបស់ទ្រង់តាមរយៈការណែនាំនៃព្រះវិញ្ញាណរបស់ទ្រង់។

ការរកឲ្យឃើញ - សូមរកមើលអ្វីដែលព្រះបន្ទូលរបស់ព្រះមានបន្ទូលហើយសួរខ្លួនអ្នកថា ៖

តើខ្ញុំនឹងសង្ខេបរឿងនេះ ឬនិយាយបែបម្យ៉ាងទៀតថា​យ៉ាងណា?

ការស្តាប់ – សូមគិតពិចារណា ហើយអនុញ្ញាតឲ្យព្រះមានបន្ទូលទៅកាន់ដួងចិត្តរបស់អ្នកតាមរយៈពាក្យទាំងនេះ ៖

តើអត្ថបទគម្ពីរនេះនេះប្រាស្រ័យទាក់ទងអ្វីមកខ្ញុំពី ឬអំពីព្រះ និងទស្សនៈរបស់ទ្រង់?

ការឆ្លើយតប - សូមឆ្លើយតបទៅនឹងអ្វីដែលព្រះមានបន្ទូល។ សូមសួរខ្លួនឯង ៖

តើនេះប៉ះពាល់ដល់ជីវិតខ្ញុំយ៉ាងណា? តើខ្ញុំចង់ឆ្លើយតបអ្វីទៅនឹងសេចក្ដីនេះ? តើខ្ញុំត្រូវការជឿ ផ្លាស់ប្តូរ ឬធ្វើអ្វីមួយដើម្បីឆ្លើយតប?

ការចែកចាយ - សូមចែករំលែកអ្វីដែលអ្នកបានរៀនដើម្បីជួយអ្នកដទៃ។ សូមសួរព្រះ ៖

តើខ្ញុំអាចចែកចាយសេចក្តីពិតដែលខ្ញុំបានរៀនជាមួយអ្នកណា?

ឥឡូវនេះ សូមសាកល្បងជំហានទាំងនេះជាមួយនឹង ម៉ាថាយ ៧:២៤-២៧ នៅក្នុងព្រះគម្ពីររបស់អ្នកផ្ទាល់។

ម៉ាថាយ ៧:២៤-២៧

ដូច្នេះ អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​នឹង​ធៀប​អ្នក​នោះ​ដូច​ជា​មនុស្ស​ប៉ិន​ប្រយ័ត ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ថ្ម រួច​ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ តែ​មិន​បាន​រលំ​ទេ ពី​ព្រោះ​បាន​សង់​នៅ​លើ​ថ្ម ឯ​អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ត្រូវ​ធៀប​ដូច​ជា​មនុស្ស​ល្ងង់ ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ខ្សាច់​វិញ រួច​ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ទៅ ហើយ​មាន​ការ​ខូច​ខាត​ជា​ធំ។

(អានបន្ថែម)

ដោយផ្អែកលើអត្ថបទគម្ពីរនេះ តើការអាន និងការឆ្លើយតបនឹងព្រះបន្ទូលរបស់ព្រះនឹងមានឥទ្ធិពលយ៉ាងណាទៅលើជីវិតរបស់អ្នក?

ការចែករំលែកជីវិតរបស់អ្នកជាមួយព្រះតាមរយៈការអធិស្ឋាន

ជាកិត្តិយសដ៏អស្ចារ្យសម្រាប់យើង ដែលអាចនិយាយជាមួយព្រះដែលបាន​បង្កើតសកលលោក។ ខគម្ពីរនៅក្នុងគម្ពីរយេរេមា អេសាយ និងទំនុកដំកើងប្រាប់យើងថា ទ្រង់ចង់ស្តាប់យើង។

យេរេមា ៣៣:៣

ចូរ​អំពាវ‌នាវ​ដល់​អញ នោះ​អញ​នឹង​ឆ្លើយ​តប ហើយ​នឹង​បង្ហាញ​ឲ្យ​ឯង​ឃើញ​ការ​យ៉ាង​ធំ ហើយ​មុត‌មាំ ដែល​ឯង​មិន​ដឹង

(អានបន្ថែម)

អេសាយ ៦៥:២៤

មុន​ដែល​គេ​អំពាវ‌នាវ នោះ​អញ​នឹង​តប​ឆ្លើយ ហើយ​កាល​គេ​កំពុង​តែ​ចេញ​សំដី​នៅ​ឡើយ នោះ​អញ​នឹង​ស្តាប់​ដែរ

(អានបន្ថែម)

ទំនុកដំកើង ៦២:៨

ជន​ទាំង‌ឡាយ​អើយ ចូរ​ទុក​ចិត្ត​នឹង​ទ្រង់​ជានិច្ច
ចូរ​អ្នក​រាល់​គ្នា​ប្លុង​ចិត្ត​នៅ​ចំពោះ​ទ្រង់
ព្រះ‌ទ្រង់​ជា​ទី​ពឹង​ជ្រក​សំរាប់​យើង​ខ្ញុំ។

(អានបន្ថែម)

និយាយឲ្យងាយយល់ ការអធិស្ឋានគឺជាការនិយាយជាមួយព្រះនៅពេលណាមួយ នៅកន្លែងណាមួយ ទាំងឮៗ ឬដោយស្ងៀមស្ងាត់ ជាមួយអ្នកដទៃ ឬតែម្នាក់ឯង។

ខាងក្រោមនេះជារឿងប្រាំមួយយ៉ាងដែលអ្នកអាចធ្វើ ដើម្បីកសាងទំនាក់ទំនងរបស់អ្នកតាមរយៈការអធិស្ឋាន ៖

ការសរសើរតម្កើង - សូមបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណរបស់អ្នកដែលថាព្រះជានរណាចំពោះអ្នក។

ការចែកចាយ - សូមចែកចាយអំពីគំនិត សេចក្តីសង្ឃឹម អំណរ កង្វល់ ការភ័យខ្លាច និងការព្រួយបារម្ភរបស់អ្នកជាមួយទ្រង់។

ការស្នើសូម - ចូរសុំជំនួយពីទ្រង់ក្នុងកាលៈទេសៈដែលអ្នកប្រឈមមុខ ឬសម្រាប់អ្នកនៅជុំវិញអ្នក។

ការសារភាព (ឬលន់តួ) - សូមស្វែងរកការផ្សះផ្សា នៅពេលអ្នកមិនបានថ្វាយព្រះកិត្តិយសដល់ព្រះដោយមិនអើពើនឹងព្រះហឫទ័យរបស់ទ្រង់។

ការអរព្រះគុណ - សូមអរគុណទ្រង់សម្រាប់កិច្ចការជាក់លាក់ដែលទ្រង់បានធ្វើសម្រាប់អ្នក និងអ្នកដទៃ។

ការស្តាប់ - ចូរស្ងាត់ស្ងៀម ហើយអនុញ្ញាតឲ្យព្រះវិញ្ញាណទ្រង់មានបន្ទូលទៅកាន់ដួងចិត្តរបស់អ្នក។

តើមួយណាដែលអ្នកចូលចិត្តធ្វើញឹកញាប់? តើមួយណាពិបាកជាងសម្រាប់អ្នក?

គំនិតសង្ខេប និងជំហានឆ្ពោះទៅមុខ

តើជំហានណាខ្លះដែលអ្នកចង់បន្តធ្វើដើម្បីស្គាល់ព្រះកាន់តែច្បាស់?

តើអ្នកអាចធ្វើអ្វីខ្លះក្នុងសប្តាហ៍នេះដើម្បីជួយអ្នកដទៃឲ្យស្គាល់ទ្រង់កាន់តែច្បាស់ដែរ?

សូមព្យាយាមមាន «ពេលស្ងៀមស្ងាត់» ជារៀងរាល់ថ្ងៃ ដើម្បីស្គាល់ព្រះតាមរយៈព្រះបន្ទូល និងការអធិស្ឋានរបស់ទ្រង់។ សូមប្រើវិធីខាងលើសម្រាប់ការអានអត្ថបទគម្ពីរនោះ បន្ទាប់មកឆ្លើយតបដោយការអធិស្ឋានមួយប្រភេទ ឬច្រើនប្រភេទ។ សូមចងចាំថា ត្រូវពិនិត្យមើលខគម្ពីរដែលអ្នកបានដឹងរួចហើយជាទៀងទាត់ ហើយបន្តទន្ទេញចាំខគម្ពីរថ្មីៗ។

ទំនុកដំកើង ៣៤:១-៨

ខ្ញុំ​នឹង​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​គ្រប់
ពេល​វេលា
សេចក្ដី​សរសើរ​ពី​ទ្រង់​នឹង​នៅ​ក្នុង​មាត់​ខ្ញុំ​ជានិច្ច
ព្រលឹង​របស់​ខ្ញុំ​នឹង​អួត​តែ​ពី​ព្រះ‌យេហូវ៉ា
មនុស្ស​រាប​ទាប​នឹង​ឮ ហើយ​នឹង​មាន​សេចក្ដី​អំណរ​ដែរ
ចូរ​ដំកើង​ព្រះ‌យេហូវ៉ា​ជា​មួយ​នឹង​ខ្ញុំ​ចុះ
ចូរ​យើង​ព្រម​គ្នា​លើក​ព្រះ‌នាម​ទ្រង់​ឡើង

ខ្ញុំ​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ
ក៏​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​អស់​ទាំង​សេចក្ដី​ភិត‌ភ័យ​របស់​ខ្ញុំ
អ្នក​ណា​ដែល​ពឹង​ដល់​ទ្រង់ នោះ​ក៏​មាន​សេចក្ដី​អំណរ
ដ៏​ព្រោង‌ព្រាយ
ហើយ​មុខ​គេ​មិន​ដែល​ត្រូវ​ខ្មាស​ឡើយ
ខ្ញុំ ជា​មនុស្ស​វេទនា​នេះ បាន​អំពាវ‌នាវ​ទៅ
នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្តាប់​តាម
ហើយ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​សេចក្ដី​លំបាក​ទាំង​ប៉ុន្មាន​របស់​ខ្លួន
ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ចោម‌រោម​នៅ​ជុំវិញ​នៃ​អស់​អ្នក​ដែល
កោត‌ខ្លាច​ដល់​ទ្រង់ ហើយ​ក៏​ជួយ​គេ​ឲ្យ​រួច

ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ចុះ
មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់

(អានបន្ថែម)

អេភេសូរ ៣:១៤​-​២១

ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​លុត​ជង្គង់ នៅ​ចំពោះ​ព្រះវរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​គ្រប់​ទាំង​គ្រួ​នៅ​ស្ថាន‌សួគ៌ ហើយ​នៅ​ផែនដី មាន​នាម​ត្រកូល​ពី​ទ្រង់​មក ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រោស​ប្រទាន ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះ‌ចេស្តា ចំរើន​កំឡាំង​នៃ​មនុស្ស​ខាង​ក្នុង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ តាម​សិរី‌ល្អ​នៃ​ទ្រង់​ដ៏​ប្រសើរ​ក្រៃ‌លែង ឲ្យ​ព្រះ‌គ្រីស្ទ​បាន​សណ្ឋិត​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយ‌សារ​សេចក្ដី​ជំនឿ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចាក់​ឫស ហើយ​តាំង​មាំ‌មួន​ក្នុង​សេចក្ដី​ស្រឡាញ់ ដើម្បី​ឲ្យ​អាច​នឹង​យល់ ជា​មួយ​នឹង​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា ពី​ទទឹង បណ្តោយ ជំរៅ នឹង​កំពស់​នៃ​សេចក្ដី​ស្រឡាញ់​នោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ទ​ដ៏​រក​គិត​មិន​យល់ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពេញ ដល់​គ្រប់​ទាំង​សេចក្ដី​ពោរ‌ពេញ​របស់​ផង​ព្រះ។

ឯ​ព្រះ ដែល​ទ្រង់​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្ដី​ដែល​យើង​សូម ឬ​គិត​ក្តី តាម​ព្រះ‌ចេស្តា​ដែល​បណ្តាល​ក្នុង​យើង​រាល់​គ្នា នោះ​សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ នៅ​ក្នុង​ពួក​ជំនុំ ដោយ‌សារ​ព្រះ‌គ្រីស្ទ​យេស៊ូវ រហូត​ដល់​គ្រប់​ទាំង​ដំណ​មនុស្ស នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ។ អាម៉ែន។

(អានបន្ថែម)

ភីលីព ៤:៦-៧

កុំ​ឲ្យ​ខ្វល់‌ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្ដី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្ដី​អធិស្ឋាន នឹង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ផង យ៉ាង​នោះ សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត នឹង​ជួយ​ការ‌ពារ​ចិត្ត ហើយ​នឹង​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ។

(អានបន្ថែម)

១ យ៉ូហាន ១:៥-២:២

នេះ​ជា​ដំណឹង ដែល​យើង​ខ្ញុំ​បាន​ឮ​ពី​ទ្រង់ ហើយ​ក៏​ប្រាប់​មក​អ្នក​រាល់​គ្នា គឺ​ថា ព្រះ‌ទ្រង់​ជា​ពន្លឺ​ភ្លឺ គ្មាន​សេចក្ដី​ងងឹត​ណា នៅ​ក្នុង​ទ្រង់​សោះ បើ​សិន​ជា​យើង​រាល់​គ្នា​ថា យើង​មាន​សេចក្ដី​ប្រកប​នឹង​ទ្រង់ តែ​ដើរ​ក្នុង​សេចក្ដី​ងងឹត​វិញ នោះ​ឈ្មោះ​ថា​យើង​កុហក ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​ទេ តែ​បើ​យើង​រាល់​គ្នា​ដើរ​ក្នុង​ពន្លឺ​វិញ ដូច​ជា​ទ្រង់​ក៏​គង់​ក្នុង​ពន្លឺ​ដែរ នោះ​យើង​មាន​សេចក្ដី​ប្រកប​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌លោហិត​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់ ក៏​សំអាត​យើង​រាល់​គ្នា​ពី​គ្រប់​អំពើ​បាប​ទាំង​អស់ បើ​សិន​ជា​យើង​ថា យើង​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្ដី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ បើ​យើង​លន់‌តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​នឹង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង បើ​យើង​ថា យើង​មិន​ដែល​ធ្វើ​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​អ្នក​កុហក​វិញ ហើយ​ព្រះ‌បន្ទូល​ទ្រង់​មិន​នៅ​ក្នុង​យើង​ទេ។

កូន​តូចៗ​រាល់​គ្នា​អើយ ដែល​ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​ផ្ញើ​មក នោះ​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បាប​ទៀត តែ​បើ​សិន​ជា​អ្នក​ណា​ភ្លាត់​ធ្វើ​បាប​វិញ នោះ​យើង​មាន​ព្រះ​ដ៏​ជា​ជំនួយ​១​អង្គ​ហើយ ដែល​ទ្រង់​គង់​នៅ​ចំពោះ​ព្រះវរ‌បិតា គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ​ដ៏​សុចរិត ដែល​ទ្រង់​ជា​ដង្វាយ​ធួន​នឹង​បាប​យើង​រាល់​គ្នា មិន​ត្រឹម​តែ​បាប​របស់​យើង​រាល់​គ្នា​តែ​ប៉ុណ្ណោះ គឺ​នឹង​បាប​របស់​លោកីយ​ទាំង​មូល​ដែរ។

(អានបន្ថែម)

កូល៉ុស ១:៩-១២

ហេតុ​នោះ ចាប់​តាំង​ពី​ថ្ងៃ ដែល​យើង​ខ្ញុំ​ឮ​និយាយ នោះ​យើង​ខ្ញុំ​ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ឈប់​ឈរ ហើយ​ទូល​សូម ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ‌ហឫទ័យ​ទ្រង់​សព្វ​គ្រប់ ដោយ​គ្រប់​ទាំង​ប្រាជ្ញា នឹង​ចំណេះ​ខាង​ឯ​វិញ្ញាណ ដើម្បី​ឲ្យ​បាន​ដើរ​បែប​គួរ​នឹង​ព្រះ‌អម្ចាស់ ទាំង​គាប់​ចិត្ត​ដល់​មនុស្ស​ទាំង​អស់ ឲ្យ​បាន​បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ ហើយ​ឲ្យ​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់​ឡើង ដោយ​បាន​គ្រប់​ទាំង​ព្រះ‌ចេស្តា​ចំរើន​កំឡាំង តាម​ឫទ្ធិ‌បារមី​ដ៏​ឧត្តម​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ចេះ​ទ្រាំ‌ទ្រ ហើយ​អត់​ធន់​គ្រប់​យ៉ាង​ដោយ​អំណរ ព្រម​ទាំង​អរ​ព្រះ‌គុណ ដល់​ព្រះវរ‌បិតា​ដែល​ទ្រង់​បាន​ប្រោស ឲ្យ​យើង​បាន​គួរ​នឹង​ទទួល​ចំណែក​កេរ្ដិ៍‌អាករ ក្នុង​ពួក​បរិសុទ្ធ​នៅ​ទី​ភ្លឺ​ផង

(អានបន្ថែម)

យ៉ាកុប ១:២២-២៥

ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ ដ្បិត​បើ​អ្នក​ណា​ស្តាប់​ព្រះ‌បន្ទូល​ហើយ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ធៀប​ដូច​ជា​មនុស្ស​ដែល​ឆ្លុះ​មុខ​ក្នុង​កញ្ចក់ អ្នក​នោះ​គ្រាន់​តែ​មើល​ខ្លួន រួច​ចេញ​បាត់​ទៅ ហើយ​ក៏​ភ្លេច​ពី​បែប​ភាព​ខ្លួន​ជា​យ៉ាង​ណា​ភ្លាម តែ​អ្នក​ណា​ដែល​ភិនិត្យ​មើល​ក្នុង​ក្រិត្យ‌វិន័យ​ដ៏​គ្រប់​លក្ខណ៍ គឺ​ជា​ក្រិត្យ‌វិន័យ​ខាង​ឯ​សេរី‌ភាព ហើយ​ក៏​ជាប់​ចិត្ត​ចំពោះ ឥត​មាន​ភ្លេច​សេចក្ដី​ដែល​ស្តាប់​នោះ​ឡើយ គឺ​បាន​ប្រព្រឹត្ត​តាម​វិញ អ្នក​នោះ​នឹង​មាន​ពរ​ក្នុង​គ្រប់​ទាំង​ការ​ដែល​ខ្លួន​ធ្វើ​ទាំង​ប៉ុន្មាន។

(អានបន្ថែម)

ភាសាខ្មែរ
Scroll to Top