ការសន្ទនាអំពីមូលដ្ឋាននៃជំនឿ អំពី ៖

១ - ការចាប់ផ្តើមទំនាក់ទំនងរបស់អ្នកជាមួយព្រះ

តើប្រជាជនយើងភាគច្រើន ឲ្យនិយមន័យថាគ្រីស្ទបរិស័ទគឺជានរណា?

តើទស្សនៈរបស់អ្នកផ្ទាល់ចំពោះអ្វីដែលគ្រីស្ទបរិស័ទ ខុសពីទស្សនៈទាំងនោះដោយរបៀបណាដែរ?

ទំនាក់ទំនងបែបផ្ទាល់ខ្លួនជាមួយនឹងព្រះ

ព្រះគម្ពីរពន្យល់ថា គ្រីស្ទបរិស័ទ ដែលជាអ្នកដើរតាមព្រះគ្រីស្ទ គឺជាអ្នកដែលមានទំនាក់ទំនងបែបផ្ទាល់ខ្លួនជាមួយនឹងព្រះ។

ព្រះប្រើប្រាស់រូបភាពនៃបដិសណ្ឋារកិច្ច ដើម្បីផ្តល់ឲ្យយើងឃើញនូវរូបភាពនៃទំនាក់ទំនងពិសេសនេះ ដែលយើងអាចមានជាមួយទ្រង់។

សូមអាន វិវរណៈ ៣:២០

វិវរណៈ ៣:២០

មើល អញ​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ បើ​អ្នក​ណា​ឮ​សំឡេង​អញ ហើយ​បើក​ទ្វារ​ឲ្យ នោះ​អញ​នឹង​ចូល​ទៅ​ឯ​អ្នក​នោះ អញ​នឹង​បរិភោគ​ជា​មួយ​នឹង​អ្នក​នោះ ហើយ​អ្នក​នោះ​ជា​មួយ​នឹង​អញ​ដែរ

(អានបន្ថែម)

តើព្រះគ្រីស្ទប្រទានអ្វីដល់អ្នកដែលអញ្ជើញទ្រង់ចូលក្នុងជីវិតរបស់ពួកគេ?

តើរឿងនេះបង្ហាញពីទំនាក់ទំនងបែបណាចំពោះអ្នក?

តើអ្នកចង់និយាយជាមួយទ្រង់អំពីអ្វីខ្លះ នៅពេលទ្រង់គង់ប្រថាប់ (អង្គុយ) និងសោយ (បរិភោគ) ជាមួយអ្នក?

ព្រះគម្ពីរក៏ពណ៌នាអំពីទំនាក់ទំនងរបស់អ្នកជាមួយព្រះក្នុងន័យបែបជាគ្រួសារមួយដែរ។ សូមអាន យ៉ូហាន ១:១២.

យ៉ូហាន ១:១២

ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ‌នាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច​ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ

(អានបន្ថែម)

តើនេះបង្កើតជាទំនាក់ទំនងបែបណារវាងអ្នក និងព្រះ?

តើអ្នកបានយល់ឃើញអំពីព្រះ ខុសពីនេះទេ? បើដូច្នេះ តើកន្លងមកអ្នកមានទស្សនៈយ៉ាងណាចំពោះទ្រង់?

តើទ្រង់សុំឲ្យយើងធ្វើអ្វី ដើម្បីមានទំនាក់ទំនងនេះ?

តើអ្នកបាន​អញ្ជើញ​ព្រះគ្រីស្ទឲ្យយាងចូលមកក្នុងជីវិតរបស់អ្នក ហើយធ្វើឲ្យអ្នក​ក្លាយជាកូន​ព្រះឬទេ?

ប្រសិនបើអ្នកបានអញ្ជើញទ្រង់ ហេតុអ្វីបានជាអ្នកជ្រើសរើសអញ្ជើញទ្រង់​? បើអ្នកមិនបានអញ្ជើញទ្រង់ទេ តើអ្នកចង់ដឹងពីរបៀបអញ្ជើញទ្រង់ដែរឬទេ?

មូលដ្ឋាននៃទំនាក់ទំនងរបស់អ្នកជាមួយព្រះ

មនុស្សជាច្រើនគិតថា មនុស្សម្នាក់ក្លាយជាគ្រីស្ទបរិស័ទដោយអាស្រ័យលើទីកន្លែងដែលគាត់កើត លក្ខណៈរបស់គាត់ ឬអ្វីដែលគាត់បានធ្វើសម្រាប់ព្រះ។ ប៉ុន្តែ ព្រះគម្ពីរចែងថា អ្នកក្លាយជាគ្រីស្ទបរិស័ទ ដែលជាអ្នកដើរតាមព្រះគ្រីស្ទ ដោយសារជំនឿ គឺដោយទទួលយកនូវអ្វីដែលព្រះបានធ្វើសម្រាប់អ្នក តាមរយៈព្រះយេស៊ូវគ្រីស្ទ។

យោងតាម កូល៉ុស ១:២១-២២ មុនពេលព្រះយេស៊ូវបានសង្គ្រោះអ្នក តើអ្នកមានស្ថានភាពបែបណាខ្លះចំពោះ​ព្រះ?

កូល៉ុស ១:២១-២២

រីឯ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​ត្រូវ​ពង្រាត់​ចេញ ហើយ​ជា​ខ្មាំង​សត្រូវ​ក្នុង​គំនិត ដោយ​អំពើ​អាក្រក់​នោះ ឥឡូវ​នេះ​វិញ ទ្រង់​បាន​ផ្សះ‌ផ្សា​ក្នុង​រូប​សាច់​ទ្រង់ ដោយ​បាន​ទទួល​សុគត ដើម្បី​នឹង​ថ្វាយ​អ្នក​រាល់​គ្នា​ជា​ដង្វាយ​បរិសុទ្ធ ឥត​សៅ‌ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន នៅ​ចំពោះ​ទ្រង់

(អានបន្ថែម)

តើព្រះបានធ្វើអ្វីខ្លះដើម្បីធ្វើឲ្យអ្នកអាចមានទំនាក់ទំនងជាមួយទ្រង់?

តើព្រះមានទស្សនៈយ៉ាងណាចំពោះអ្នកឥឡូវនេះ?

នៅពេលដែលយើងយល់ពីអ្វីដែលព្រះបានធ្វើសម្រាប់យើង វាប៉ះពាល់ដល់ទំនាក់ទំនងរបស់យើងជាមួយទ្រង់។ គម្ពីរ អេភេសូរ ២:៤-៥, ៨-៩ បង្ហាញពីការលើកលែងទោសរបស់ព្រះ និងព្រះអំណោយទានរបស់ទ្រង់ ដែលព្រះអង្គ​ប្រទាន​ឲ្យយើងមានទំនាក់ទំនងជាមួយទ្រង់។

អេភេសូរ ២:៤-៥, ៨-៩

ប៉ុន្តែ ព្រះ​ដែល​ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា​ដ៏​លើស‌លប់ ដោយ​ព្រោះ​សេចក្ដី​ស្រឡាញ់​ជា​ខ្លាំង ដែល​ទ្រង់​មាន​ដល់​យើង​រាល់​គ្នា ក្នុង​កាល​ដែល​យើង​នៅ​ស្លាប់​ក្នុង​ការ​រំលង​នៅ​ឡើយ នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រាល់​គ្នា​បាន​រស់ ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ គឺ​ដោយ​ព្រះ‌គុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ . . .
ដ្បិត​គឺ​ដោយ​ព្រះ‌គុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយ‌សារ​សេចក្ដី​ជំនឿ ហើយ​សេចក្ដី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ក្រែង​អ្នក​ណា​អួត​ខ្លួន

(អានបន្ថែម)

តើព្រះអំណោយទានរបស់ទ្រង់ជាអ្វី ហើយតើព្រះអំណោយទាននេះបង្ហាញ​អ្វីខ្លះមកកាន់អ្នក អំពីព្រះហឫទ័យរបស់ព្រះចំពោះអ្នក?

តើព្រះមានបន្ទូលថា អ្នកមាន​តួនាទីអ្វី ដើម្បី​ធ្វើឲ្យទំនាក់ទំនងនោះអាចកើតឡើងបាន?

តើអ្នកគិតថាការមានជំនឿលើព្រះយេស៊ូវដើម្បីសង្គ្រោះអ្នកមានន័យដូចម្តេច?

ឧបមាថា អ្នកឈរនៅចំពោះព្រះ ហើយទ្រង់​សួរអ្នកថា «ហេតុអ្វីបានជាយើងគួរឲ្យអ្នកចូលរួមជាមួយយើងនៅស្ថានសួគ៌ ?» តើអ្នកនឹងឆ្លើយទៅទ្រង់វិញថាដូចម្ដេច?

តើការដឹងពីអ្វីដែលព្រះបានធ្វើចំពោះអ្នក មានឥទ្ធិពលលើចិត្តគំនិតរបស់អ្នកចំពោះទ្រង់យ៉ាងដូចម្ដេច?

ទិដ្ឋភាពចំនួនបីនៃទំនាក់ទំនងរបស់អ្នកជាមួយព្រះ

គោលបំណងរបស់ព្រះយេស៊ូវក្នុងការលះបង់ព្រះជន្មទ្រង់ គឺដើម្បីឲ្យអ្នកមានជីវិតបែបថ្មី តាមរយៈទំនាក់ទំនងរបស់អ្នកជាមួយទ្រង់។

ដោយផ្អែកលើព្រះគម្ពីរ យ៉ូហាន ១០:១០ និង ២ កូរិនថូស ៥:១៧ តើទិដ្ឋភាពពីរយ៉ាងនៃជីវិត ដែលព្រះបានធ្វើឲ្យអ្នកអាចជួបប្រទះ មានអ្វីខ្លះ?

យ៉ូហាន ១០:១០

តែ​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​មក ដើម្បី​ឲ្យ​វា​រាល់​គ្នា​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង

(អានបន្ថែម)

២ កូរិនថូស ៥:១៧

បាន​ជា​បើ​អ្នក​ណា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី​ហើយ អស់​ទាំង​សេចក្ដី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ

(អានបន្ថែម)

តើការណ៍ទាំងនេះនឹងផ្លាស់ប្តូរអ្វីខ្លះក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក? 

ព្រះគម្ពីរសរសេរអំពីទិដ្ឋភាពទីបីនៃជីវិតថ្មីរបស់អ្នកដែលមកពីព្រះ។ សូមអាន ១ យ៉ូហាន ៥:១១-១៣

១ យ៉ូហាន ៥:១១-១៣

នេះ​ហើយ​ជា​សេចក្ដី​បន្ទាល់​នោះ គឺ​ថា ព្រះ‌ទ្រង់​បាន​ប្រទាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​មក​យើង​រាល់​គ្នា ហើយ​ជីវិត​នោះ គឺ​នៅ​ក្នុង​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់ ឯ​អ្នក​ណា​ដែល​មាន​ព្រះ‌រាជ‌បុត្រា នោះ​ក៏​មាន​ជីវិត​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ទេ នោះ​គ្មាន​ជីវិត​ឡើយ។ ខ្ញុំ​បាន​សរសេរ​សេចក្ដី​ទាំង​នេះ ផ្ញើ​មក​អ្នក​រាល់​គ្នា ដែល​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ជីវិត​អស់​‌កល្ប​ជានិច្ច​ហើយ

(អានបន្ថែម)

ប្រសិនបើអ្នកបានសុំព្រះយេស៊ូវ ដែលជាព្រះរាជបុត្រារបស់ព្រះ ឲ្យយាងចូលមកក្នុងជីវិតរបស់អ្នក តើខគម្ពីរនេះចែងថាអ្នកមានអ្វីទៀត?

តើជីវិតដ៏អស់កល្បនេះចាប់ផ្តើមនៅពេលណា? តើវាចប់នៅពេលណា?

តើព្រះយេស៊ូវពណ៌នាអំពីជីវិតដ៏នៅអស់កល្បជានិច្ចនៅក្នុង យ៉ូហាន ១៧:៣ យ៉ាងដូចម្ដេច?

យ៉ូហាន ១៧:៣

នេះ​ជា​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង

(អានបន្ថែម)

ទំនាក់ទំនងដែលអ្នកចាប់ផ្តើមជាមួយព្រះគឺនៅអស់កល្បជានិច្ច ហើយបន្តជារៀងរហូត ដោយឆ្លងកាត់គ្រាលំបាក និងសូម្បីតែការស្លាប់ខាងរូបកាយ។ វាគឺជាទំនាក់ទំនងដ៏អស្ចារ្យ​បំផុតដែលអ្នកអាចមាន ហើយអ្នកអាចពឹងផ្អែកលើទំនាក់ទំនងនោះ។

ភាពប្រាកដច្បាស់ក្នុងទំនាក់ទំនងរបស់អ្នកជាមួយព្រះ

ការជឿទុកចិត្តគឺជាធាតុដ៏សំខាន់នៅក្នុងទំនាក់ទំនង។ ជំនឿគ្រីស្ទបរិស័ទគឺផ្អែកលើជំនឿ ប៉ុន្តែព្រះគម្ពីរចែងយ៉ាងច្បាស់ថា អ្នកអាចដឹងថាទំនាក់ទំនងរបស់អ្នកជាមួយព្រះគឺមានសុវត្ថិភាព។ សូមក្រឡេកមើលប្រយោគដែលបានគូសបញ្ជាក់នៅក្នុងព្រះគម្ពីរ ១ យ៉ូហាន ៥:១៣

១ យ៉ូហាន ៥:១៣

ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​ដែល​ជឿ​លើ​ព្រះ‌នាម​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់ មាន​ជីវិត​អស់‌កល្ប​ជានិច្ច​ហើយ។

(អានបន្ថែម)

ដោយសារអ្នកបានសុំព្រះយេស៊ូវឲ្យយាងមកគង់ក្នុងជីវិតរបស់អ្នកដោយជំនឿ តើព្រះសន្យាថាអ្នកអាចដឹងអ្វីយ៉ាងប្រាកដ​?

បើអ្នកត្រូវស្លាប់នៅយប់នេះ តើអ្នកប្រាកដចិត្តយ៉ាងណាថា អ្នកនឹងចំណាយពេលអស់កល្បជានិច្ចជាមួយព្រះ?

គ្មានទំនុកចិត្តទាល់តែសោះ​ ០% ––––> ១០០% ដឹងប្រាកដណាស់

នៅពេលព្រះប្រទានឲ្យយើងនូវព្រះបន្ទូលសន្យាក្នុងព្រះគម្ពីរ យើងអាចប្រាកដថាព្រះបន្ទូលសន្យាទាំងនោះជាការពិតដោយសារព្រះមិនកុហកទេ។ ព្រះបន្ទូលសន្យារបស់ទ្រង់នឹងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងរបស់អ្នក។

ហេព្រើរ ១៣:៥-៦ ជាព្រះបន្ទូលសន្យាដ៏អស្ចារ្យមួយទៀត ដែលបង្ហាញពីការប្ដេជ្ញានៃព្រះហឫទ័យរបស់ព្រះចំពោះអ្នក។

ហេព្រើរ ១៣:៥-៦

ដ្បិត​ទ្រង់​មាន​បន្ទូល​ថា «អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ» បាន​ជា​យើង​រាល់​គ្នា​អាច​នឹង​និយាយ ដោយ​ក្លាហាន​ថា «ខ្ញុំ​មិន​ព្រម​ខ្លាច​ឡើយ ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​ជា​ជំនួយ​ខ្ញុំ តើ​មនុស្ស​នឹង​ធ្វើ​ដល់​ខ្ញុំ​ជា​យ៉ាង​ណា​បាន»។

(អានបន្ថែម)

តើព្រះប្រទានការធានាអ្វីដល់អ្នក នៅក្នុងខគម្ពីរនេះ?

តើការស្គាល់សេចក្ដីពិតនេះនឹងជះឥទ្ធិពលដល់ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាបន្តបន្ទាប់យ៉ាងដូចម្ដេច?

ប្រហែលជាមានពេលខ្លះដែលពិបាកសម្រាប់អ្នកដើម្បីមានអារម្មណ៍ថា ព្រះគង់នៅជាមួយអ្នក ប៉ុន្តែទំនាក់ទំនងរបស់អ្នកជាមួយព្រះគឺផ្អែកលើព្រះបន្ទូលសន្យាដ៏គួរឲ្យទុកចិត្តរបស់ទ្រង់ មិនមែនអារម្មណ៍របស់អ្នកទេ។

តើព្រះគម្ពីរ រ៉ូម ៨:៣៨-៣៩ អាចលើកទឹកចិត្តអ្នកយ៉ាងដូចម្ដេច ប្រសិនបើអ្នកចាប់ផ្តើមសង្ស័យមិនប្រាកដថាព្រះគ្រីស្ទគង់នៅក្នុងជីវិតរបស់អ្នក?

រ៉ូម ៨:៣៨-៣៩

ដ្បិត​ខ្ញុំ​ជឿ‌ជាក់​ថា ទោះ​ស្លាប់ ឬ​រស់ ពួក​ទេវតា ឬ​អំណាច​អ្វី ការ​អ្វី​នៅ​ជាន់​នេះ ឬ​ទៅ​មុខ ឬ​ឥទ្ធិ‌ឫទ្ធិ​អ្វី ទី​មាន​កំពស់ ទី​ជំរៅ ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្តី នោះ​ពុំ​អាច​នឹង​ពង្រាត់​យើង ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ បាន​ឡើយ។

(អានបន្ថែម)

ព្រះក៏ពណ៌នាអំពីទំនាក់ទំនងរបស់យើងជាមួយនឹងព្រះយេស៊ូវថាជាការថែទាំ និងការការពារមួយដែរ។ នៅក្នុងព្រះគម្ពីរ យ៉ូហាន ១០:២៧-២៩ ព្រះយេស៊ូវត្រូវបានពិពណ៌នាថាជាអ្នកគង្វាលដែលធានាសុវត្ថិភាពនៃចៀមរបស់ទ្រង់។

យ៉ូហាន ១០:២៧-២៩

ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន​វា​ស្តាប់​ខ្ញុំ ហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ ខ្ញុំ​ឲ្យ​ជីវិត​អស់​‌កល្ប​ជានិច្ច​ដល់​វា វា​មិន​ត្រូវ​វិនាស​នៅ​អស់‌កល្ប​រៀង​ទៅ ក៏​គ្មាន​អ្នក​ណា​ឆក់​យក​វា​ពី​ដៃ​ខ្ញុំ​បាន​ទេ ព្រះវរ‌បិតា​នៃ​ខ្ញុំ ដែល​ប្រទាន​វា​មក​ខ្ញុំ ទ្រង់​ធំ​លើស​ជាង​ទាំង​អស់ គ្មាន​អ្នក​ណា​អាច​នឹង​ឆក់​យក​វា​ចេញ​ពី​ព្រះ‌ហស្ត​របស់​ព្រះវរ‌បិតា​ខ្ញុំ​បាន​ឡើយ

(អានបន្ថែម)

តើព្រះយេស៊ូវមានបន្ទូលអ្វីខ្លះអំពីការប្តេជ្ញាចិត្តរបស់ទ្រង់ចំពោះអ្នក ? 

តើសន្តិសុខនៃទំនាក់ទំនងរបស់អ្នកជាមួយព្រះពឹងផ្អែកលើអ្នកណា?

គំនិតសង្ខេប និងជំហានឆ្ពោះទៅមុខ

តើសេចក្ដីពិតមួយណាដែលយើងបានស្វែងយល់ បានប៉ះពាល់ចិត្តរបស់អ្នកខ្លាំងជាងគេនៅថ្ងៃនេះ?

តើមាននរណាម្នាក់ដែលអ្នកអាចចែករំលែកសេចក្ដីពិតនោះជាមួយ នៅក្នុងសប្តាហ៍នេះទេ?

ផ្អែកលើអត្ថបទគម្ពីរទាំងនេះ តើមានអ្វីដែលអ្នកចង់បញ្ចូលនៅពេលនិយាយអំពីអត្ថន័យនៃការក្លាយជាគ្រីស្ទបរិស័ទដែរឬទេ?

នៅពេលយើងបញ្ចប់ សូមអរព្រះគុណទ្រង់ចំពោះសេចក្តីពិតទាំងនេះ អំពីអ្វីដែលទ្រង់បានធ្វើសម្រាប់យើង។

នៅសប្តាហ៍នេះ អ្នកអាចទទួលបានការលើកទឹកចិត្តដោយមើលអំពីអត្ថប្រយោជន៍បន្ថែមទៀតនៃទំនាក់ទំនងរបស់អ្នកជាមួយព្រះ។ ជារៀងរាល់ថ្ងៃ សូមអានអត្ថបទគម្ពីរមួយ ហើយគិតអំពីអ្វីដែលព្រះបានប្រទានដល់អ្នក និងរបៀបដែលវាប៉ះពាល់ដល់ជីវិតរបស់អ្នក។ សូមសរសេរអ្វីដែលអ្នករកឃើញ បន្ទាប់មកអរព្រះគុណព្រះសម្រាប់ព្រះអំណោយទានរបស់ទ្រង់។ ដើម្បីជួយអ្នកចងចាំសេចក្តីពិតសំខាន់ៗទាំងនេះជារៀងរាល់ថ្ងៃ សូមជ្រើសរើសខគម្ពីរមួយចំនួនដើម្បីទន្ទេញចងចាំ។

យ៉ូហាន ៣:១៦-១៨

ដ្បិត​ព្រះ‌ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ‌រាជ‌បុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​‌កល្ប​ជានិច្ច​វិញ ពី​ព្រោះ​ព្រះ‌ទ្រង់​មិន​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​លោកីយ ដើម្បី​នឹង​ជំនុំ‌ជំរះ​លោកីយ​នោះ​ទេ គឺ​ឲ្យ​លោកីយ​បាន​សង្គ្រោះ ដោយ‌សារ​ទ្រង់​វិញ ឯ​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​មិន​ជាប់​មាន​ទោស​ទេ តែ​អ្នក​ណា​ដែល​មិន​ជឿ​វិញ នោះ​ត្រូវ​មាន​ទោស​ហើយ ពី​ព្រោះ​មិន​បាន​ជឿ​ដល់​ព្រះ‌នាម​នៃ​ព្រះ‌រាជ‌បុត្រា​តែ​១​របស់​ព្រះ

(អានបន្ថែម)

អេភេសូរ ១:៧-៨

ហើយ​យើង​បាន​សេចក្ដី​ប្រោស​លោះ​នៅ​ក្នុង​ព្រះ‌រាជ‌បុត្រា​នោះ ដោយ‌សារ​ព្រះ‌លោហិត​ទ្រង់ គឺ​ជា​សេចក្ដី​ប្រោស​ឲ្យ​រួច​ពី​ទោស តាម​ព្រះ‌គុណ​ដ៏​ធ្ងន់​ក្រៃ‌លែង​នៃ​ទ្រង់ ដែល​បាន​ផ្តល់​មក​យើង​ជា​បរិបូរ ដោយ​នូវ​ប្រាជ្ញា នឹង​ដំរិះ​សព្វ​គ្រប់

(អានបន្ថែម)

យ៉ូហាន ៥:២៤

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ស្តាប់​ពាក្យ​ខ្ញុំ ហើយ​ជឿ​ដល់​ព្រះ‌អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក អ្នក​នោះ​មាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​មិន​ដែល​ត្រូវ​ជំនុំ‌ជំរះ​ឡើយ គឺ​បាន​កន្លង​ហួស​ពី​សេចក្ដី​ស្លាប់ ទៅ​ដល់​ជីវិត​វិញ

(អានបន្ថែម)

កូល៉ុស ១:១៣-១៤

ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រួច​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​នគរ​របស់​ព្រះ‌រាជ‌បុត្រា​ស្ងួន‌ភ្ងា​នៃ​ទ្រង់ យើង​រាល់​គ្នា​មាន​សេចក្ដី​ប្រោស​លោះ​ក្នុង​ព្រះ‌រាជ‌បុត្រា​នោះ គឺ​ជា​សេចក្ដី​ផ្តាច់​បាប ដោយ‌សារ​ព្រះ‌លោហិត​ទ្រង់

(អានបន្ថែម)

១ ពេត្រុស ១:៣-៥

សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​សេចក្ដី​មេត្តា‌ករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម​ដ៏​រស់ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​ឲ្យ​យើង​បាន​មរដក ដែល​មិន​ចេះ​ពុក‌រលួយ ក៏​ឥត​សៅ‌ហ្មង ហើយ​មិន​ដែល​ស្រពោន​ឡើយ ជា​មរដក ដែល​បំរុង​ទុក​ឲ្យ​យើង​រាល់​គ្នា​នៅ​ស្ថាន‌សួគ៌ គឺ​ឲ្យ​យើង​រាល់​គ្នា ដែល​ព្រះ‌ចេស្តា​នៃ​ព្រះ​កំពុង​តែ​ថែ​រក្សា ដោយ‌សារ​សេចក្ដី​ជំនឿ សំរាប់​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សំដែង​មក​នៅ​ជាន់​ក្រោយ​បង្អស់​នោះ

(អានបន្ថែម)

១ ពេត្រុស ៣:១៨

ព្រោះ​ព្រះ‌គ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ម្តង ដោយ​ព្រោះ​បាប​ដែរ គឺ​ជា​ព្រះ​ដ៏​សុចរិត ទ្រង់​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នឹង​នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ ដោយ​ទ្រង់​ត្រូវ​គេ​ធ្វើ​គុត​ខាង​សាច់​ឈាម តែ​បាន​ព្រះ‌វិញ្ញាណ​ប្រោស​ឲ្យ​រស់​វិញ

(អានបន្ថែម)

ភាសាខ្មែរ
Scroll to Top