តើអ្នកមានអារម្មណ៍បែបណា ពេលនៅជាមួយមនុស្សដែលអ្នកចាត់ទុកថាគួរឲ្យទុកចិត្ត?
តើអ្នកនឹងជួបការលំបាកអ្វីខ្លះក្នុងការទុកចិត្តមនុស្សដែលអ្នកមិនស្គាល់?
ការស្គាល់ព្រះ ជួយឲ្យយើងកាន់តែទុកចិត្ដលើទ្រង់
យេរេមា ១៧:៧-៨ បង្ហាញរូបភាពដល់យើងថា តើយើងអាចមានលក្ខណៈយ៉ាងណា នៅពេលដែលយើងស្គាល់ព្រះជាម្ចាស់ និងរៀនទុកចិត្តលើទ្រង់។
យេរេមា ១៧:៧-៨
តែមានពរហើយ អ្នកណាដែលទីពឹងដល់ព្រះយេហូវ៉ា ហើយដែលទុកចិត្តនឹងទ្រង់ ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើដាំនៅមាត់ទឹក ដែលចាក់ឫសទៅក្បែរទន្លេ ឥតដឹងរដូវក្តៅទេ គឺស្លឹកនៅតែខៀវខ្ចីវិញ ហើយមិនរឹតត្បិតនៅឆ្នាំដែលរាំងរឹះឡើយ ក៏មិនដែលខាននឹងកើតផលដែរ។
ការចែកចាយ : តើមានចំណុចអ្វីខ្លះ ដែលធ្វើឲ្យអ្នកចាប់អារម្មណ៍លើរូបភាពនេះ?
ការរកឃើញ : តើអ្វីដែលធ្វើឲ្យយើងមានលក្ខណៈដូចជាដើមឈើនោះ?
ការគិតពិចារណា : តើអ្វីដែលអ្នករៀនអំពីព្រះជាម្ចាស់ មានឥទ្ធិពលយ៉ាងណាលើបំណងចិត្តរបស់អ្នកក្នុងការទុកចិត្តលើទ្រង់?
នៅពេលយើងកាន់តែមានចំណេះដឹងអំពីព្រះ យើងអាចនឹងដឹងថា យើងមានគំនិតខុសឆ្គងខ្លះអំពីទ្រង់។ ពួកសិស្សក៏ធ្លាប់មានរឿងនេះដែរ ដែលព្រះយេស៊ូវមានបន្ទូលនៅក្នុងពេលជួបព្យុះនៅសមុទ្រកាលីឡេ។
សូមអាន ម៉ាកុស ៤:៣៧-៤១.
ម៉ាកុស ៤:៣៧-៤១
នោះកើតមានខ្យល់ព្យុះជាខ្លាំង ហើយរលកបោកចូលក្នុងទូក ដល់ម៉្លេះបានជាទូកពេញហើយ តែទ្រង់ផ្ទំលក់លើខ្នើយ នៅកន្សៃទូក ពួកសិស្សដាស់ទ្រង់ឡើងទូលថា លោកគ្រូអើយ យើងវិនាសហើយ លោកមិនរវល់ទេឬអី កាលតើនឡើង ទ្រង់កំហែងខ្យល់ ក៏បង្គាប់ទៅសមុទ្រថា ចូរស្ងៀមទៅ ហើយឈប់ចុះ នោះខ្យល់ក៏ស្ងប់ ហើយស្ងាត់ឈឹងសូន្យទាំងអស់ទៅ រួចទ្រង់មានបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នាភ័យដល់ម៉្លេះ ម្តេចក៏គ្មានសេចក្ដីជំនឿ នោះគេមានសេចក្ដីស្ញែងខ្លាចជាខ្លាំង ទាំងសួរគ្នាទៅវិញទៅមកថា ដូច្នេះ តើលោកនេះជាអ្វី បានជាខ្យល់ នឹងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ។
ការរកឃើញ : ក្នុងពេលជួបព្យុះ តើពួកសិស្សបានចោទព្រះយេស៊ូវថាដូចម្ដេច?
ការចែកចាយ : តើធ្លាប់មានពេលដែលអ្នកមានអារម្មណ៍ថា ព្រះយេស៊ូវមិនខ្វល់ពីទុក្ខលំបាកដែលអ្នកកំពុងជួបប្រទះទេ?
ការរកឃើញ : តើព្រះយេស៊ូវបានស្ដីបន្ទោសពួកសិស្សដោយសារអ្វី?
ការគិតពិចារណា : តើការចោទប្រកាន់ និងការភ័យខ្លាចរបស់ពួកគេបង្ហាញពីការខ្វះជំនឿយ៉ាងដូចម្ដេច?
ការគិតពិចារណា : តើប្រតិកម្ម និងសំណួររបស់ពួកគេថា «តើលោកនេះជាអ្វី?» ប្រាប់យើងយ៉ាងណាអំពីអ្វីដែលពួកគេយល់អំពីព្រះយេស៊ូវនៅពេលនោះ?
ការពិភាក្សា : តើការស្គាល់ទ្រង់ឲ្យបានកាន់តែច្បាស់ អាចផ្លាស់ប្តូរប្រតិកម្មរបស់ពួកគេចំពោះខ្យល់ព្យុះយ៉ាងណាដែរ?
ពួកសិស្សបាននៅជាមួយព្រះយេស៊ូវអស់មួយរយៈមកហើយ។ ពួកគេបានឃើញទ្រង់ប្រោសមនុស្សជាច្រើនឲ្យជា ហើយបានឮទ្រង់បង្រៀន ប៉ុន្តែគេនៅមានសេចក្ដីជាច្រើនទៀតដែលត្រូវរៀនអំពីទ្រង់។
ការចែកចាយ : តើអ្នកគិតថា ទស្សនៈរបស់អ្នកចំពោះព្រះ មានភាពពេញលេញ ឬច្បាស់លាស់ប៉ុណ្ណា? តើអ្នកគិតថា ទស្សនៈនេះប៉ះពាល់ដល់ការទុកចិត្តរបស់អ្នកលើទ្រង់យ៉ាងដូចម្ដេច?
ការស្គាល់ពីអត្តចរិត និងលក្ខណៈរបស់ព្រះ អាចឲ្យយើងដឹងថា ទ្រង់ស័ក្តិសមឲ្យយើងទុកចិត្តទ្រង់។
ការស្គាល់ព្រះ ផ្ដល់ឲ្យយើងនូវគ្រឹះមូលដ្ឋានដ៏រឹងមាំ
ការស្គាល់ព្រះ ហើយជ្រើសរើសជឿទុកចិត្តលើទ្រង់ ផ្តល់ការធានាដល់យើងនៅក្នុងជីវិតរស់នៅ ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ។
សូមអាន រ៉ូម ៨:២៨-២៩.
រ៉ូម ៨:២៨-២៩
តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្ដីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់ ដ្បិតអ្នកណាដែលទ្រង់បានស្គាល់ជាមុន នោះទ្រង់ក៏ដំរូវទុកជាមុន ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាបងច្បងគេក្នុងពួកបងប្អូនជាច្រើន
ការរកឃើញ : តើយើងមានការធានាអ្វីខ្លះ ចំពោះគ្រប់កាលៈទេសៈ និងស្ថានការណ៍ក្នុងជីវិតរបស់យើង?
ការរកឃើញ : តើរឿងពីរយ៉ាងដែលព្រះបានប្ដេជ្ញាថានឹងប្រទានមកក្នុងជីវិតយើងមានអ្វីខ្លះ?
ពេលយើងជួបការលំបាក វាអាចជាការពិបាកក្នុងការងាកទៅរកព្រះ ហើយទុកចិត្តលើសេចក្ដីសន្យារបស់ទ្រង់។ ការដឹងជាមុនថា តើយើងទទួលបានសន្តិសុខ (ការការពារ) មកពីណា ជួយឲ្យយើងឈរយ៉ាងរឹងមាំបាន។
សូមមើល រ៉ូម ៨:៣១, ៣៥, ៣៧-៣៩.
រ៉ូម ៨:៣១, ៣៥, ៣៧-៣៩
ដូច្នេះ យើងនឹងថ្លែងប្រាប់ពីសេចក្ដីទាំងនេះថាដូចម្តេច បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន . . . តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ផងព្រះគ្រីស្ទបាន តើសេចក្ដីទុក្ខលំបាក ឬសេចក្ដីវេទនា សេចក្ដីបៀតបៀន សេចក្ដីអត់ឃ្លាន សេចក្ដីអាក្រាត សេចក្ដីអន្តរាយ ឬដាវឬអី . . . ទេ គឺក្នុងសេចក្ដីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀត ដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើង ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកំពស់ ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅ បានឡើយ។
ការរកឃើញ : តើខគម្ពីរទាំងនេះបង្ហាញថា ព្រះទ្រង់គ្រប់គ្រងលើអ្វីៗទាំងអស់យ៉ាងដូចម្ដេច?
ការគិតពិចារណា : តើនេះធ្វើឲ្យអ្នកយល់ឃើញយ៉ាងណា អំពីកាលៈទេសៈបច្ចុប្បន្ន និងអនាគតរបស់អ្នក?
ការចែកចាយ : តើសេចក្ដីនេះផ្ដល់ក្ដីសង្ឃឹមយ៉ាងណា ក្នុងពេលអ្នកជួបទុក្ខលំបាក? តើអ្នកធ្លាប់មានបទពិសោធបែបនេះទេ?
ការគិតពិចារណា : តើ រ៉ូម ជំពូក ៨ ដោះស្រាយនឹងការសង្ស័យក្នុងចិត្តរបស់អ្នកយ៉ាងណា អំពីការប្ដេជ្ញាចិត្តរបស់ព្រះចំពោះអ្នក និងសេចក្ដីស្រឡាញ់របស់ទ្រង់សម្រាប់អ្នក?
ព្រះមិនបានធានាដល់យើងថា ជីវិតនេះនឹងគ្មានការលំបាកនោះទេ ប៉ុន្តែទ្រង់ធានាដល់យើងថា «ព្រះយេហូវ៉ាទ្រង់ល្អ ទ្រង់ជាទីពឹងមាំមួននៅគ្រាលំបាក ក៏ស្គាល់អស់អ្នកដែលយកទ្រង់ជាទីពឹងផ្អែក តែទ្រង់នឹងរំលីងទីកន្លែងរបស់ពួកតតាំងដោយទឹកជន់ហូរលិច ហើយនឹងដេញពួកខ្មាំងសត្រូវទ្រង់ទៅក្នុងទីងងឹត។» (ណាហ៊ុម ១:៧).
ការចែកចាយ : តើអ្នកគិតថា ហេតុអ្វីបានជាពេលខ្លះយើងងាកទៅរកទីពឹងអ្វីផ្សេងជំនួសព្រះអម្ចាស់ ពេលយើងជួបនឹងទុក្ខលំបាក?
នៅយ៉ូហាន ជំពូក ៦ មនុស្សជាច្រើនបានងាកចេញពីការដើរតាមព្រះយេស៊ូវ។ ពួកគេមិនព្រមទុកចិត្តលើទ្រង់ នៅពេលមានការលំបាក។ សូមមើលពីរបៀបដែលលោកពេត្រុសបានឆ្លើយតបនៅក្នុង យ៉ូហាន ៦:៦៧-៦៩។
យ៉ូហាន ៦:៦៧-៦៩
នោះព្រះយេស៊ូវមានបន្ទូលទៅពួក១២នាក់ថា អ្នករាល់គ្នាចង់ថយទៅដែរឬ ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច យើងខ្ញុំក៏បានជឿ ហើយដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិត
ការរកឃើញ : តើអ្វីដែលបានធ្វើឲ្យលោកពេត្រុសនៅជាមួយព្រះយេស៊ូវ?
ការគិតពិចារណា : តើអ្វីដែលធ្វើឲ្យអ្នកមានចិត្តរឹងប៉ឹងក្នុងការទុកចិត្តលើព្រះយេស៊ូវ?
ការស្គាល់ព្រះ ផ្លាស់ប្ដូរទស្សនៈរបស់យើងចំពោះកាលៈទេសៈផ្សេងៗ
ការស្គាល់ព្រះ និងជ្រើសរើសទុកចិត្តលើទ្រង់ អាចធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងធំធេងនៅក្នុងរបៀបដែលយើងឆ្លើយតបទៅនឹងអ្វីដែលកើតឡើងនៅក្នុងជីវិតរបស់យើង។ សូមមើលពីរបៀបដែលយើងអាចយកការយល់ដឹងអំពីព្រះ និងការធានារបស់ទ្រង់មកប្រើប្រាស់នៅក្នុងកាលៈទេសៈរបស់យើង។
អេសាយ ២៦:៣-៤ ពន្យល់ពីសេចក្ដីនេះ។
អេសាយ ២៦:៣-៤
ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ នោះទ្រង់នឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងទ្រង់ ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច
ការរកឃើញ : តើព្រះទ្រង់សន្យាយ៉ាងដូចម្ដេច នៅពេលយើងផ្ដោតចិត្តគំនិតជាប់លើទ្រង់?
ការពិភាក្សា : តើការរក្សាចិត្តគំនិតយើង «ឲ្យផ្ដោតនៅជាប់» នឹងព្រះ មានន័យយ៉ាងណា? តើយើងអាចធ្វើកិច្ចការនោះបានដោយរបៀបណា?
ការរកឃើញ : តើអ្វីជាការពិតអំពីព្រះ ដែលអនុញ្ញាតឲ្យយើងទទួលបាននូវសេចក្ដីសុខសាន្ដ និងភាពស្ថិតស្ថេរ?
គុណសម្បត្តិ និងលក្ខណៈទាំងអស់របស់ព្រះមានឥទ្ធិពល និងប៉ះពាល់ដល់ជីវិតរបស់យើង។ សូមមើលពីរបៀបដែលអ្នកសរសេរ ទំនុកដំកើង ជំពូក ៩៣ អនុវត្តការពិតអំពីព្រះចំពោះស្ថានភាពរបស់គាត់ និងអនុវត្តការរក្សាចិត្តគំនិតរបស់គាត់ឲ្យនៅជាប់នឹងព្រះអម្ចាស់ ៖
ទំនុកដំកើង ៩៣:១-៤
1 ព្រះយេហូវ៉ាទ្រង់ជាអ្នកគ្រប់គ្រង
ទ្រង់ប្រដាប់អង្គដោយភាពដ៏រុងរឿងឧត្តម
ព្រះយេហូវ៉ាទ្រង់ប្រដាប់អង្គ ដោយតេជានុភាព
ព្រមទាំងក្រវាត់អង្គ ដោយសេចក្ដីនោះដែរ
ឯលោកីយនោះបានតាំងមាំមួន នឹងរង្គើមិនបានឡើយ
2 បល្ល័ង្កទ្រង់បានតាំងនៅ ចាប់តាំងពីចាស់បូរាណ
គឺមានទ្រង់តាំងតែពីអស់កល្បរៀងមក
3 ឱព្រះយេហូវ៉ាអើយ អស់ទាំងជំនន់បានជន់ឡើងជាធំ
ជំនន់ទាំងប៉ុន្មានបានបន្លឺសំឡេងឡើង
ជំនន់ទាំងនោះបានកំរើកឡើងជារលកផ្ទប់ច្រាំង
4 ព្រះយេហូវ៉ាដ៏គង់នៅស្ថានខ្ពស់ ទ្រង់មានឫទ្ធិ
ជាជាងសូរគ្រាំគ្រេងនៃទឹកធំ
គឺជាងរលកគំហុកនៃសមុទ្រផង
ការរកឃើញ : យោងតាម ខ ១-២ តើភាពដ៏រុងរឿងឧត្តម និងព្រះចេស្ដារបស់ព្រះយេហូវ៉ាមានឥទ្ធិពលលើពិភពលោកយ៉ាងដូចម្ដេច? រយៈពេលយូរប៉ុណ្ណា?
ការពិភាក្សា : នៅ ខ ៣ តើហាក់ដូចជាមានអ្វីកើតឡើង?
ការចែកចាយ : តើមាន «ទឹកជំនន់» ដែលបានជន់ឡើងក្នុងជីវិតរបស់អ្នក ឬទុក្ខលំបាកណាមួយដែល «បន្លឺសំឡេងឡើង» ដាក់អ្នកទេ?
ការរកឃើញ : តើគាត់ប្រកាសអ្វីខ្លះអំពីព្រះនៅ ខ ៤?
ការគិតពិចារណា : តើការផ្ដោតអារម្មណ៍លើទ្រង់ជានរណា (ខ ១-២) ប៉ះពាល់ដល់ទស្សនៈរបស់អ្នកនិពន្ធ (ខ ៤) យ៉ាងដូចម្ដេច ពេលគាត់ប្រឈមមុខនឹងទឹកជំនន់នៃជីវិត (ខ ៣)?
នៅពេលដែល «ទឹកជំនន់» កំពុងប៉ះពាល់ដល់ជីវិតរបស់យើង វាអាចងាយឲ្យយើងផ្ដោតអារម្មណ៍លើវា។ នោះហើយជាពេលដែលយើងត្រូវបង្វែរការផ្ចង់ចិត្តមកលើសេចក្ដីពិតថាព្រះជានរណា។ វាជួយប្រាប់ពីអ្វីដែលយើងដឹងអំពីព្រះ និងរបៀបដែលវាប៉ះពាល់ដល់ស្ថានភាពរបស់យើង។
ឧទាហរណ៍ យោងតាម អេសាយ ២៦:៣-៤ អ្នកអាចនិយាយបានថា : ដោយសារតែព្រះទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច ខ្ញុំអាចទទួលបានសេចក្ដីសុខសាន្ដជានិច្ចនិរន្តរ៍។
ការពិភាក្សា៖ តើអ្នកអាចបង្កើតប្រយោគអ្វីខ្លះ យោងតាម ទំនុកដំកើង ៩៣? (ដោយសារតែព្រះទ្រង់ជា _____ ខ្ញុំអាច / ខ្ញុំជា / ខ្ញុំនឹង _____ ។ )
ការជ្រើសរើសជឿនូវអ្វីដែលយើងដឹងអំពីព្រះ អាចឲ្យយើងយល់ពីទ្រង់ និងរបៀបដែលទ្រង់ធ្វើឲ្យមានការផ្លាស់ប្តូរក្នុងជីវិតរបស់យើង។ បន្ទាប់មក យើងរៀនបកស្រាយកាលៈទេសៈ ដោយស្របតាមសេចក្ដីពិតអំពីព្រះជានរណា។
ការស្គាល់ព្រះ ពង្រឹងសេចក្តីស្រឡាញ់របស់យើងចំពោះទ្រង់
តើអ្នកយល់យ៉ាងណាចំពោះការលើកឡើងនេះ: «មនុស្សមិនអាចមានចិត្តស្រឡាញ់អ្វីដែលគំនិតគេមិនដឹង (ឬស្គាល់) នោះទេ»?
ធ្លាប់មានគេសួរព្រះយេស៊ូវថា តើអ្វីទៅជាបទបញ្ញត្តិសំខាន់បំផុត។ ទ្រង់មានបន្ទូលតបថា៖ «ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង។»
ការគិតពិចារណា : តើអ្នកគិតថា តើអ្នកគិតថា ការស្រឡាញ់ព្រះអម្ចាស់ឲ្យអស់អំពីចិត្ត ដូចដែលព្រះយេស៊ូវមានបន្ទូលនៅក្នុង ម៉ាថាយ ២២:៣៦-៣៧ មានន័យដូចម្ដេច?
ម៉ាថាយ ២២:៣៦-៣៧
លោកគ្រូ ក្នុងបណ្តាក្រិត្យវិន័យ តើបញ្ញត្តណាដែលយ៉ាងសំខាន់បំផុត នោះព្រះយេស៊ូវឆ្លើយថា «ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង»
សូមមើលពីរបៀបដែលព្រះអញ្ជើញយើងឲ្យមានបទពិសោធអំពីទ្រង់នៅ ទំនុកដំកើង ៣៤:៨.
ទំនុកដំកើង ៣៤:៨
ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ
មានពរហើយ មនុស្សណាដែលពឹងជ្រកក្នុងទ្រង់
ការរកឃើញ : តើខគម្ពីរនេះលើកទឹកចិត្តយើងឲ្យធ្វើអ្វី ហើយតើអ្វីជាលទ្ធផលដែលបានសន្យា?
ការគិតពិចារណា : តើយើងអាចភ្លក់មើល (ពិសោធមើល) ថាព្រះទ្រង់ជានរណា ដោយរបៀបណា?
នៅពេលយើងស្គាល់ព្រះ យើងឃើញថាទ្រង់មិនត្រឹមតែស័ក្តិសមឲ្យយើងទុកចិត្តប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ស័ក្ដិសមឲ្យយើងស្រឡាញ់ទ្រង់ដែរ។
ការស្គាល់ព្រះ ពង្រឹងយើងក្នុងការធ្វើសកម្មភាព
ហេព្រើរ ១១ ពណ៌នាអំពីមនុស្សជាច្រើនដែលបានស្គាល់ និងជឿទុកចិត្តលើព្រះ។ មនុស្សមួយចំនួនបានធ្វើរឿងដ៏អស្ចារ្យសម្រាប់ទ្រង់ ហើយអ្នកផ្សេងទៀតប្រឈមមុខនឹងទុក្ខលំបាកមិនធម្មតា។ អ្វីដែលធ្វើឲ្យមានភាពខុសប្លែកនៅក្នុងជីវិតរបស់ពួកគេគឺការមានជំនឿលើព្រះថាជានរណា និងអ្វីដែលទ្រង់អាចធ្វើបាន។ សូមអាន ដានីយ៉ែល ១១:៣២ខ។
ដានីយ៉ែល ១១:៣២
. . . តែចំណែកពួកអ្នកទាំងប៉ុន្មានដែលស្គាល់ព្រះនៃខ្លួន គេនឹងមានចិត្តរឹងប៉ឹង ហើយនឹងប្រតិបត្តិតទៅ
ការរកឃើញ : តើមានរបៀបពីរយ៉ាងអ្វីខ្លះ ដែលការស្គាល់ព្រះអាចធ្វើឲ្យមានភាពខុសប្លែកក្នុងជីវិតរបស់អ្នក?
ការចែកចាយ : តើមានស្ថានភាពក្នុងជីវិតរបស់អ្នកឥឡូវនេះ ដែលអ្នកត្រូវឈរឲ្យរឹងមាំ ឬឈានជើងចេញដោយជំនឿដែរឬទេ?
ការគិតពិចារណា : តើគុណសម្បត្ដិ ឬសមត្ថភាពអ្វីខ្លះរបស់ព្រះ ដែលនឹងជួយអ្នកឲ្យពឹងផ្អែកលើទ្រង់ក្នុងស្ថានភាពដែលអ្នកកំពុងជួបប្រទះ?
• សេចក្ដីស្រឡាញ់ និងការទុកចិត្តរបស់យើងចំពោះព្រះ អាស្រ័យថាតើយើងស្គាល់ទ្រង់បានច្បាស់ប៉ុណ្ណា។
• អ្វីដែលយើងជឿអំពីព្រះ មានឥទ្ធិពលលើរបៀបដែលយើងចូលទៅកាន់ទ្រង់ និងការរស់នៅរបស់យើង។
• ហើយដូចជាការពាក់វ៉ែនតាដើម្បីមើលឲ្យឃើញច្បាស់ ការយល់ដឹងអំពីព្រះ ជាកញ្ចក់វ៉ែនតាដែលយើងប្រើដើម្បីមើលអំពីជីវិត និងយល់ឃើញចំពោះកាលៈទេសៈនានា។
យើងនឹងរីកចម្រើនឡើងនៅក្នុងផ្នែកទាំងនេះ នៅពេលដែលយើងចំណាយពេលជាមួយព្រះ ក្នុងការសិក្សាព្រះបន្ទូលរបស់ទ្រង់។ នៅពេលអ្នកធ្វើដូច្នេះ សូមចាំថា ត្រូវសួរសំណួរ ៖ «តើការគិតរបស់ខ្ញុំនឹងខុសពីនេះយ៉ាងណា ប្រសិនបើវាត្រូវបានផ្លាស់ប្រែដោយសេចក្ដីពិតនេះ?”
ការបន្តឆ្ពោះទៅមុខ
ការបញ្ជាក់ : តើអ្នកមានគំនិត ឬសំណួរអ្វីខ្លះ?
ការសង្ខេប : តើអ្វីដែលយើងរៀនអំពីព្រះ ជួយផ្លាស់ប្រែគំនិតយើងជាថ្មី ហើយឲ្យយើងមានទស្សនៈដូចជាទ្រង់ចំពោះជីវិតយើងយ៉ាងដូចម្ដេច?
ការអនុវត្ត: តើអ្នកអាចឈានជំហានអ្វីខ្លះដើម្បីឲ្យអ្នកស្គាល់ព្រះកាន់តែច្បាស់ ទុកចិត្តទ្រង់កាន់តែខ្លាំង ឈរយ៉ាងរឹងមាំក្នុងជំនឿ និងធ្វើសកម្មភាព?
ការចែកចាយបន្ត: តើអ្នកអាចប្រាប់អ្នកណា អំពីរបៀបដែលការស្គាល់ព្រះបានផ្លាស់ប្តូររបៀបដែលអ្នកមើលឃើញស្ថានភាពរបស់អ្នក?
ការពង្រឹង:
ពេលអ្នកអានអត្ថបទគម្ពីរទាំងនេះ សូមរកមើលអ្វីដែលអត្ថបទទាំងនេះប្រាប់អ្នកអំពីព្រះ។ ចូរសុំទ្រង់ឲ្យដកចេញនូវទស្សនៈខុសទាំងឡាយដែលអ្នកមានអំពីទ្រង់។យេរេមា ១៧:៥-៨
រ៉ូម ៨:១៨-៣៩
ខ្ញុំរាប់អស់ទាំងសេចក្ដីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្ដីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសំដែងមកឲ្យយើងរាល់គ្នាឃើញនោះទេ ដ្បិតសេចក្ដីទន្ទឹងរបស់ជីវិតទាំងឡាយ នោះរង់ចាំតែពួកកូនរបស់ព្រះលេចមកឲ្យឃើញប៉ុណ្ណោះទេ ពីព្រោះជីវិតទាំងឡាយបានត្រូវចុះចូលនឹងសេចក្ដីឥតប្រយោជន៍ តែមិនមែនដោយស្ម័គ្រពីចិត្ត គឺដោយព្រោះព្រះអង្គ ដែលទ្រង់បញ្ចុះបញ្ចូលវិញ ដោយសង្ឃឹមថា ជីវិតទាំងនោះឯង នឹងបានរួចពីចំណងនៃសេចក្ដីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ ដ្បិតយើងដឹងថា ជីវិតទាំងឡាយក៏ថ្ងូរ ហើយឈឺចាប់ជាមួយគ្នា ដរាបដល់គ្រាឥឡូវនេះ មិនតែប៉ុណ្ណោះសោត ខ្លួនយើងរាល់គ្នាដែលមានផលជាដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងខ្លួនដែរ ទាំងរង់ចាំទំរាំការទទួលជាកូនចិញ្ចឹម គឺជាសេចក្ដីប្រោសលោះដល់រូបកាយយើងផង ដ្បិតយើងបានសង្គ្រោះរួច ដោយសេចក្ដីសង្ឃឹម តែសេចក្ដីសង្ឃឹមដែលមើលឃើញ នោះមិនឈ្មោះថាជាសេចក្ដីសង្ឃឹមទេ ដ្បិតរបស់អ្វីដែលអ្នកណាមើលឃើញហើយ នោះនឹងសង្ឃឹមចង់បានធ្វើអ្វីទៀត តែបើយើងសង្ឃឹមនឹងបានអ្វី ដែលមើលមិនឃើញវិញ នោះយើងនឹងរង់ចាំនៅដោយអំណត់
ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្ដីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ ប៉ុន្តែ ព្រះអង្គដែលស្ទង់ចិត្ត ទ្រង់ជ្រាបនូវគំនិតនៃព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណជួយអង្វរជួសពួកបរិសុទ្ធ ឲ្យត្រូវនឹងព្រះហឫទ័យព្រះ តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្ដីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់ ដ្បិតអ្នកណាដែលទ្រង់បានស្គាល់ជាមុន នោះទ្រង់ក៏ដំរូវទុកជាមុន ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាបងច្បងគេក្នុងពួកបងប្អូនជាច្រើន ឯពួកអ្នកដែលទ្រង់បានដំរូវទុកជាមុន នោះទ្រង់ក៏ហៅ ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ទុកជាសុចរិត ហើយពួកអ្នកដែលទ្រង់បានរាប់ជាសុចរិត នោះទ្រង់ក៏បានដំកើងឡើងដែរ។
ដូច្នេះ យើងនឹងថ្លែងប្រាប់ពីសេចក្ដីទាំងនេះថាដូចម្តេច បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទ្រង់ទៅជំនួសយើងរាល់គ្នា នោះតើមានទំនងអ្វី ឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើង ជាមួយនឹងព្រះរាជបុត្រាទ្រង់នោះផង តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត តើអ្នកណានឹងកាត់ទោសគេបាន ដ្បិតព្រះគ្រីស្ទទ្រង់បានសុគតជំនួសគេហើយ តែដែលថា ទ្រង់រស់ឡើងវិញ នោះមានទំនងជាង ទ្រង់ក៏គង់នៅខាងស្តាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ផងព្រះគ្រីស្ទបាន តើសេចក្ដីទុក្ខលំបាក ឬសេចក្ដីវេទនា សេចក្ដីបៀតបៀន សេចក្ដីអត់ឃ្លាន សេចក្ដីអាក្រាត សេចក្ដីអន្តរាយ ឬដាវឬអី ដូចមានសេចក្ដីចែងទុកមកថា
«យើងខ្ញុំត្រូវគេសំឡាប់វាល់ព្រឹកវាល់ល្ងាច ដោយយល់ដល់ទ្រង់» គេរាប់យើងទុកដូចជាចៀមដែលសំរាប់សំឡាប់
ទេ គឺក្នុងសេចក្ដីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀត ដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើង ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកំពស់ ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅ បានឡើយ។
ទំនុកដំកើង ២៧:១-១៤
ទំនុកនៃស្តេចដាវីឌ ។
ព្រះយេហូវ៉ាទ្រង់ជាពន្លឺ ហើយជាសេចក្ដី
សង្គ្រោះរបស់ខ្ញុំ
តើខ្ញុំនឹងត្រូវខ្លាចចំពោះអ្នកណា
ព្រះយេហូវ៉ាទ្រង់ជាទីពឹងពំនាក់នៃជីវិតខ្ញុំ
តើត្រូវឲ្យខ្ញុំភ័យចំពោះអ្នកណា
កាលមនុស្សអាក្រក់ គឺជាពួកទាស់ទទឹង
ហើយជាខ្មាំងសត្រូវនៃខ្ញុំបានសង្ឃកមកលើខ្ញុំ
ដើម្បីនឹងស៊ីសាច់ខ្ញុំ
នោះគេបានជំពប់ដួលទាំងអស់គ្នា
ទោះបើមានពួកពលមកបោះទ័ពច្បាំងនឹងខ្ញុំ
គង់តែចិត្តខ្ញុំមិនភ័យឡើយ
ទោះបើកើតមានចំបាំងទាស់នឹងខ្ញុំ
គង់តែខ្ញុំនឹងមានចិត្តសង្ឃឹមបានដែរ
ខ្ញុំបានសូមសេចក្ដីតែ១ពីព្រះយេហូវ៉ា
ហើយនឹងស្វែងរកសេចក្ដីនោះឯង
គឺឲ្យខ្ញុំបាននៅក្នុងដំណាក់នៃព្រះយេហូវ៉ា
រាល់តែថ្ងៃ អស់១ជីវិតខ្ញុំ
ដើម្បីនឹងរំពឹងមើលសេចក្ដីលំអនៃព្រះយេហូវ៉ា
ហើយនឹងពិនិត្យពិចារណានៅក្នុងព្រះវិហាររបស់ទ្រង់
ដ្បិតនៅថ្ងៃអាក្រក់ ទ្រង់នឹងថែរក្សាខ្ញុំ
ដោយកំបាំងនៅក្នុងព្រះពន្លាទ្រង់
ក៏នឹងបំពួនខ្ញុំនៅទីសំងាត់ក្នុងត្រសាលទ្រង់
ហើយនឹងលើកខ្ញុំឡើងដាក់លើថ្មដា
ឥឡូវនេះ ខ្ញុំបានងើបក្បាលឡើងហើយ
គឺខ្ពស់ជាងពួកខ្មាំងសត្រូវដែលព័ទ្ធជុំវិញខ្ញុំទៅទៀត
ហើយខ្ញុំនឹងថ្វាយគ្រឿងបូជានៃសេចក្ដីអំណរ
នៅក្នុងរោងឧបោសថទ្រង់
ខ្ញុំនឹងច្រៀង អើ ខ្ញុំនឹងច្រៀងសរសើរដល់ព្រះយេហូវ៉ា។
៙ ឱព្រះយេហូវ៉ាអើយ សូមស្តាប់កាលទូលបង្គំអំពាវនាវ
សូមអាណិតមេត្តាឆ្លើយតបមកទូលបង្គំផង
កាលទ្រង់បានមានបន្ទូលថា ចូរស្វែងរកមុខអញ
នោះ ឱព្រះយេហូវ៉ាអើយ ចិត្តទូលបង្គំបានទូលតបថា
ទូលបង្គំនឹងស្វែងរកព្រះភក្ត្រទ្រង់ពិត
សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំ
ហើយកុំផាត់អ្នកបំរើទ្រង់ចេញដោយខ្ញាល់ឡើយ
ទ្រង់បានតែងធ្វើជាជំនួយរបស់ទូលបង្គំ
ឱព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ សូមកុំប្រាសចេញ
ឬបោះបង់ចោលទូលបង្គំឡើយ
បើកាលណាឪពុកម្តាយលះចោលទូលបង្គំ
នោះព្រះយេហូវ៉ាទ្រង់នឹងទទួលទូលបង្គំទុកវិញ
ឱព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវទ្រង់ដល់ទូលបង្គំ
ហើយដោយព្រោះមានពួកខ្មាំងសត្រូវ
នោះសូមនាំទូលបង្គំទៅតាមផ្លូវរាបស្មើ
សូមកុំប្រគល់ទូលបង្គំទៅតាមបំណងចិត្តនៃពួកអ្នក
ដែលតតាំងនឹងទូលបង្គំឡើយ
ដ្បិតមានស្មរបន្ទាល់ក្លែងបានលើកគ្នាទាស់នឹងទូលបង្គំ
ព្រមទាំងមានមនុស្សដែលដកដង្ហើមចេញជាសេចក្ដី
ច្រឡោតទទេផង
បើសិនជាទូលបង្គំមិនបានជឿ
ថា នឹងឃើញសេចក្ដីសប្បុរសនៃព្រះយេហូវ៉ា
នៅស្ថានរបស់មនុស្សរស់នេះ
នោះតើយ៉ាងណាទៅ
ចូររង់ចាំព្រះយេហូវ៉ាចុះ
ចូរមានកំឡាំង ហើយឲ្យចិត្តក្លាហានឡើង
អើ គួររង់ចាំព្រះយេហូវ៉ាទៅ។
យ៉ូហាន ៦:២៦-៦៩
ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅគេថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នារកខ្ញុំ មិនមែនដោយព្រោះបានឃើញទីសំគាល់ទេ គឺដោយព្រោះតែបានបរិភោគនំបុ័ងឆ្អែតប៉ុណ្ណោះ កុំឲ្យខំប្រឹងឲ្យបានតែអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលនៅស្ថិតស្ថេរ ដរាបដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នា ដ្បិតគឺកូនមនុស្សនេះហើយ ដែលព្រះវរបិតាដ៏ជាព្រះ ទ្រង់បានដៅចំណាំទុក ដូច្នេះ គេទូលសួរទ្រង់ថា ដែលនឹងធ្វើការរបស់ព្រះ តើត្រូវធ្វើដូចម្តេចខ្លះ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ឯការរបស់ព្រះ គឺឲ្យអ្នករាល់គ្នាបានជឿដល់អ្នកដែលព្រះបានចាត់ឲ្យមក នោះគេទូលសួរទ្រង់ថា បើដូច្នេះ តើលោកនឹងធ្វើទីសំគាល់ណាឲ្យយើងខ្ញុំឃើញផង ដើម្បីឲ្យបានជឿដល់លោក តើលោកធ្វើការអ្វីខ្លះ ពួកឰយុកោយើងខ្ញុំបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ដូចជាមានសេចក្ដីចែងទុកមកថា «លោកបានឲ្យនំបុ័ងពីស្ថានសួគ៌ មកឲ្យគេបរិភោគ» ឯព្រះយេស៊ូវ ទ្រង់មានបន្ទូលតបថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនមែនលោកម៉ូសេ ដែលឲ្យនំបុ័ងពីស្ថានសួគ៌នោះ មកអ្នករាល់គ្នាទេ តែឯនំបុ័ងដ៏ពិត ដែលមកពីស្ថានសួគ៌ នោះគឺព្រះវរបិតាខ្ញុំ ដែលប្រទានមកអ្នករាល់គ្នាវិញ ដ្បិតនំបុ័ងរបស់ព្រះ គឺជាព្រះអង្គដែលយាងចុះពីស្ថានសួគ៌មក ព្រមទាំងប្រទានឲ្យមនុស្សលោកបានជីវិតផង ដូច្នេះ គេទូលទ្រង់ថា លោកម្ចាស់អើយ សូមឲ្យនំបុ័ងនោះមកយើងខ្ញុំជានិច្ច។
ព្រះយេស៊ូវមានបន្ទូលថា ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ ប៉ុន្តែខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយថា អ្នករាល់គ្នាបានឃើញខ្ញុំ តែមិនជឿទេ អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ នោះនឹងមកឯខ្ញុំ ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ ពីព្រោះខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក ឯបំណងព្រះហឫទ័យនៃព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក នោះគឺមិនចង់ឲ្យខ្ញុំបាត់អ្នកណា ក្នុងគ្រប់អស់ទាំងមនុស្ស ដែលទ្រង់ប្រទានមកខ្ញុំនោះឡើយ គឺទ្រង់ចង់ឲ្យខ្ញុំប្រោសទាំងអស់ឲ្យរស់ឡើង នៅថ្ងៃចុងបំផុតវិញ នេះហើយជាបំណងព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយក៏ជឿដល់ទ្រង់ បានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត។
នោះពួកសាសន៍យូដា គេឌុកដាន់ទ្រង់ ពីព្រោះទ្រង់មានបន្ទូលថា ខ្ញុំជានំបុ័ង ដែលចុះពីស្ថានសួគ៌មក គេនិយាយថា អ្នកនេះ តើមិនមែនឈ្មោះយេស៊ូវ ជាកូនយ៉ូសែប ដែលយើងស្គាល់ឪពុកម្តាយគាត់ទេឬអី ចុះដូចម្តេចឡើយបានជាគាត់និយាយថា គាត់ចុះពីស្ថានសួគ៌មកដូច្នេះ នោះព្រះយេស៊ូវមានបន្ទូលទៅគេថា កុំឲ្យរទូរទាំក្នុងពួកអ្នករាល់គ្នាឡើយ គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុតដែរ នៅក្នុងគម្ពីរពួកហោរាមានសេចក្ដីចែងទុកមកថា «ព្រះទ្រង់នឹងបង្រៀនគេទាំងអស់គ្នា» ដូច្នេះ អស់អ្នកណាដែលឮព្រះវរបិតា ហើយបានរៀនពីទ្រង់ នោះក៏មកឯខ្ញុំ នេះមិនមែនថា មានអ្នកណាដែលឃើញព្រះវរបិតានោះឡើយ មានតែព្រះអង្គ ដែលយាងមកពីព្រះប៉ុណ្ណោះ ព្រះអង្គនោះទើបទ្រង់បានឃើញព្រះវរបិតាមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះមានជីវិតអស់កល្បជានិច្ច ខ្ញុំជានំបុ័ងជីវិត ពួកឰយុកោអ្នករាល់គ្នាបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ហើយក៏ស្លាប់អស់ទៅ ឯនំបុ័ងដែលខ្ញុំនិយាយនេះ គឺជានំបុ័ងដែលចុះពីស្ថានសួគ៌មក ដើម្បីឲ្យអ្នកណាដែលបរិភោគ មិនត្រូវស្លាប់ឡើយ ខ្ញុំជានំបុ័ងដ៏រស់ ដែលចុះពីស្ថានសួគ៌មក បើអ្នកណាបរិភោគនំបុ័ងនេះ នោះនឹងរស់នៅអស់កល្បជានិច្ច ឯនំបុ័ងដែលខ្ញុំឲ្យ គឺជារូបសាច់ខ្ញុំ ដែលខ្ញុំនឹងឲ្យជំនួសជីវិតមនុស្សលោក។
ដូច្នេះ ពួកសាសន៍យូដាគេជជែកគ្នាថា ធ្វើដូចម្តេចឲ្យអ្នកនេះអាចនឹងឲ្យសាច់ខ្លួនមកយើងបរិភោគបាន។ នោះព្រះយេស៊ូវមានបន្ទូលទៅគេថា ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ ហើយមិនផឹកឈាមរបស់កូនមនុស្ស នោះអ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនទេ អ្នកណាដែលបរិភោគសាច់ នឹងឈាមរបស់ខ្ញុំ នោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត ពីព្រោះសាច់ខ្ញុំជាអាហារពិត ហើយឈាមខ្ញុំក៏ជាគ្រឿងផឹកពិតប្រាកដ អ្នកណាដែលបរិភោគសាច់ នឹងឈាមរបស់ខ្ញុំ នោះនៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងអ្នកនោះដែរ អ្នកណាដែលបរិភោគខ្ញុំ អ្នកនោះនឹងរស់ដោយសារខ្ញុំ ដូចជាព្រះវរបិតាដ៏មានព្រះជន្មរស់ ទ្រង់បានចាត់ឲ្យខ្ញុំមក ហើយខ្ញុំក៏រស់នៅ ដោយសារទ្រង់ដែរ នំបុ័ងនេះជានំបុ័ង ដែលចុះពីស្ថានសួគ៌មកជាពិត មិនមែនដូចជាពួកឰយុកោអ្នករាល់គ្នា បានបរិភោគនំម៉ាន៉ា ហើយក៏ស្លាប់ទៅនោះទេ គឺអ្នកណាដែលបរិភោគនំបុ័ងនេះ នឹងរស់នៅអស់កល្បជានិច្ចវិញ ទ្រង់មានបន្ទូលសេចក្ដីទាំងនេះ ក្នុងសាលាប្រជុំ នៅកាពើណិម កំពុងដែលទ្រង់បង្រៀនគេ។
ពួកសិស្សទ្រង់ជាច្រើន ដែលឮសេចក្ដីនោះ ក៏និយាយថា ពាក្យនេះពិបាកស្តាប់ណាស់ តើអ្នកណាយល់បាន ប៉ុន្តែ ព្រះយេស៊ូវទ្រង់ជ្រាបក្នុងព្រះអង្គទ្រង់ថា ពួកសិស្សរទូរទាំពីសេចក្ដីនោះ បានជាទ្រង់មានបន្ទូលថា តើសេចក្ដីនេះនាំបង្អាក់ដល់ចិត្តអ្នករាល់គ្នាឬអី ចុះបើអ្នករាល់គ្នាបានឃើញកូនមនុស្សឡើងទៅឯស្ថាន ដែលលោកនៅពីដើម នោះតើនឹងគិតដូចម្តេចទៅ គឺជាវិញ្ញាណដែលឲ្យមានជីវិត រូបសាច់គ្មានប្រយោជន៍អ្វីទេ ឯពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះត្រូវខាងវិញ្ញាណនឹងជីវិតវិញ ប៉ុន្តែ មានអ្នករាល់គ្នាខ្លះមិនជឿទេ នេះដ្បិតព្រះយេស៊ូវទ្រង់ជ្រាប តាំងតែពីដើមមក អំពីអ្នកណាដែលមិនបានជឿ ហើយអំពីអ្នកណា ដែលនឹងបញ្ជូនទ្រង់ ទ្រង់ក៏មានបន្ទូលថា គឺហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតាទ្រង់ប្រោសប្រទានឲ្យប៉ុណ្ណោះ។
តាំងពីនោះមក មានសិស្សទ្រង់ជាច្រើនដកខ្លួនថយចេញ មិនតាមទ្រង់ទៀតទេ នោះព្រះយេស៊ូវមានបន្ទូលទៅពួក១២នាក់ថា អ្នករាល់គ្នាចង់ថយទៅដែរឬ ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច យើងខ្ញុំក៏បានជឿ ហើយដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិត។
ទំនុកដំកើង ៥៧:១-១១
ពាក្យកាព្យរបស់ស្តេចដាវីឌ ដែលទ្រង់លើកតាមបទ «សូមកុំបំផ្លាញ» ក្នុងកាលដែលទ្រង់រត់ពីស្តេចសូលទៅនៅក្នុងរូងថ្ម សំរាប់មេភ្លេង។
សូមអាណិតមេត្តាដល់ទូលបង្គំ ឱព្រះអង្គ
អើយ សូមអាណិតមេត្តាទូលបង្គំផង
ពីព្រោះព្រលឹងទូលបង្គំពឹងនៅក្នុងទ្រង់
អើ ទូលបង្គំជ្រកនៅក្រោមម្លប់នៃស្លាបទ្រង់
ដរាបដល់សេចក្ដីអន្តរាយទាំងនេះបានបាត់ទៅ
ទូលបង្គំនឹងអំពាវនាវដល់ព្រះដ៏ខ្ពស់បំផុត
គឺដល់ព្រះដែលទ្រង់សំរេចគ្រប់ការឲ្យទូលបង្គំ
កាលណាមនុស្សដែលចង់លេបបំបាត់ទូលបង្គំ
គេត្មះតិះដៀល
នោះទ្រង់នឹងចាត់មកពីស្ថានសួគ៌
ដើម្បីជួយសង្គ្រោះទូលបង្គំវិញ។ –បង្អង់
ព្រលឹងទូលបង្គំនៅកណ្តាលហ្វូងសិង្ហ
ទូលបង្គំដេកនៅកណ្តាលពួកដែលឆួលឡើងហើយ
គឺជាមនុស្សដែលមានធ្មេញទុកជាលំពែង នឹងព្រួញ
ក៏មានអណ្តាតទុកជាដាវយ៉ាងមុតដែរ
ឱព្រះអង្គអើយ សូមឲ្យទ្រង់បានថ្កើងឡើង
ខ្ពស់ជាងស្ថានសួគ៌
ហើយឲ្យសិរីល្អទ្រង់បាននៅពីលើផែនដីទាំងមូលផង។
៙ គេបានត្រៀមអន្ទាក់សំរាប់ទាក់ជើងទូលបង្គំ
ព្រលឹងនៃទូលបង្គំបានត្រូវឱនចុះ
គេបានជីករណ្តៅនៅមុខទូលបង្គំ
តែខ្លួនគេបានធ្លាក់ទៅក្នុងរណ្តៅនោះវិញ។ –បង្អង់
ទូលបង្គំបានតាំងចិត្តជាស្រេច ឱព្រះអង្គអើយ
ចិត្តទូលបង្គំបានតាំងស្រេចហើយ
ទូលបង្គំនឹងច្រៀង អើ ទូលបង្គំនឹងច្រៀងសរសើរ
ឱកិត្តិយសអញអើយ ចូរភ្ញាក់ឡើង
ឱពិណ ហើយនឹងស៊ុងអញអើយ ចូរភ្ញាក់ឡើង
ឯអញក៏នឹងភ្ញាក់ពីព្រលឹមស្រាងដែរ
ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងប្រទូលដៃដល់ទ្រង់នៅ
កណ្តាលពួកជន
ទូលបង្គំនឹងច្រៀងសរសើរទ្រង់
នៅកណ្តាលពួកសាសន៍ដទៃ
ដ្បិតសេចក្ដីសប្បុរសនៃទ្រង់ខ្ពស់ដល់ស្ថានសួគ៌
ហើយសេចក្ដីពិតរបស់ទ្រង់ក៏ខ្ពស់ដល់ផ្ទៃមេឃ
ឱព្រះអង្គអើយ សូមឲ្យទ្រង់បានថ្កើងឡើង
ខ្ពស់ជាងស្ថានសួគ៌
ហើយឲ្យសិរីល្អទ្រង់បាននៅពីលើផែនដីទាំងមូលផង។
ហេព្រើរ ១១:១-៤០
រីឯសេចក្ដីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថា នឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ ព្រះទ្រង់បានធ្វើបន្ទាល់ពីមនុស្សចាស់បុរាណ ដោយព្រោះគេមានសេចក្ដីជំនឿនោះឯង យើងរាល់គ្នាក៏យល់ដោយសារសេចក្ដីជំនឿនោះថា លោកីយបានកើតមក ដោយសារបន្ទូលនៃព្រះ បានជារបស់ដែលមើលឃើញទាំងប៉ុន្មាន នោះមិនមែនកើតអំពីរបស់ដែលមើលឃើញទេ។
ដោយសារសេចក្ដីជំនឿ នោះអេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ដែលប្រសើរជាងដង្វាយរបស់កាអ៊ីន ហើយមានសេចក្ដីបន្ទាល់ពីគាត់ ដោយព្រោះយញ្ញបូជានោះថា គាត់សុចរិត ទាំងមានព្រះធ្វើបន្ទាល់ពីដង្វាយគាត់ផង បានជាទោះបើគាត់ស្លាប់ក៏ដោយ គង់តែនៅមាននិយាយទៅទៀត ដោយសារដង្វាយនោះឯង។
ដោយសារសេចក្ដីជំនឿ នោះហេណុកបានឡើងទៅលើ មិនបានឃើញសេចក្ដីស្លាប់ឡើយ ហើយគេរកគាត់មិនឃើញទៀត ពីព្រោះព្រះបានយកគាត់ទៅ ដ្បិតកាលមុនដែលលើកយកគាត់ទៅ នោះមានសេចក្ដីបន្ទាល់ពីគាត់ថា ព្រះទ្រង់សព្វព្រះហឫទ័យនឹងគាត់ណាស់ តែបើឥតមានសេចក្ដីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា មានព្រះមែន ហើយថា ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់។
ដោយសារសេចក្ដីជំនឿ នោះព្រះបានមានបន្ទូលពន្យល់លោកណូអេ ពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្ដីកោតខ្លាច បានជាលោកធ្វើទូក១យ៉ាងធំសំរាប់នឹងជួយសង្គ្រោះដល់ពួកគ្រួសាររបស់លោក ហើយលោកបានកាត់ទោសលោកីយដោយការនោះ ក៏ត្រឡប់ជាអ្នកគ្រងសេចក្ដីសុចរិត ដែលត្រូវខាងសេចក្ដីជំនឿ ទុកជាមរដកដែរ។
ដោយសារសេចក្ដីជំនឿ កាលព្រះបានហៅលោកអ័ប្រាហាំ នោះលោកក៏បានស្តាប់បង្គាប់ លោកចេញទៅឯកន្លែងដែលត្រូវទទួលជាមរដក គឺចេញទៅឥតមានដឹងជាទៅឯណាទេ ដោយសារសេចក្ដីជំនឿ នោះលោកបានស្នាក់នៅក្នុងស្រុក ដែលទ្រង់សន្យាឲ្យ ដូចជានៅប្រទេសដទៃ ក៏នៅតែក្នុងត្រសាល ជាមួយនឹងអ៊ីសាក ហើយនឹងយ៉ាកុប ជាអ្នកគ្រងសេចក្ដីសន្យាដដែល ទុកជាមរដកជាមួយគ្នា ពីព្រោះលោករង់ចាំក្រុង១ ដែលមានឫសជញ្ជាំង ដែលព្រះទ្រង់ជាអ្នកគូរ ហើយជាជាងសង់។
ដោយសារសេចក្ដីជំនឿ នោះនាងសារ៉ាក៏ទទួលអំណាច ឲ្យមានគភ៌បង្កើតកូនបាន ហើយនាងបង្កើតកូនមក ក្នុងកាលដែលហួសអាយុហើយ ពីព្រោះនាងបានរាប់ព្រះដែលសន្យានោះ ទុកជាស្មោះត្រង់ ដូច្នេះ ក៏មានមនុស្ស១ហ្វូង ដូចផ្កាយនៅលើមេឃ ហើយដូចខ្សាច់នៅមាត់សមុទ្រ ដែលរាប់មិនចេះអស់ បានកើតមកអំពីមនុស្សតែម្នាក់ ដែលអ្នកនោះក៏ទុកដូចជាស្លាប់ហើយដែរ។
ពួកអ្នកទាំងនោះបានស្លាប់ក្នុងសេចក្ដីជំនឿ ឥតទទួលសេចក្ដីដែលបានសន្យាទាំងប៉ុន្មានទេ តែគេបានឃើញពីចំងាយ ហើយក៏ទទួលគំនាប់ដែរ ទាំងយល់ព្រមថា ខ្លួនគេជាអ្នកដទៃ ដែលគ្រាន់តែសំណាក់នៅផែនដីប៉ុណ្ណោះ ពួកអ្នកដែលនិយាយដូច្នោះ នោះសំដែងច្បាស់ថា គេជាអ្នករកស្រុកសំរាប់ខ្លួនគេពិត ហើយបើសិនជាគេរឭកស្រុក ដែលគេទើបនឹងចេញមកនោះ នោះគេនឹងមានឱកាសត្រឡប់ទៅវិញបាន តែឥឡូវនេះ គេសង្វាតចង់បានស្រុក១ដ៏ប្រសើរជាង គឺខាងស្ថានសួគ៌វិញ បានជាព្រះទ្រង់គ្មានសេចក្ដីខ្មាស ដោយគេហៅទ្រង់ជាព្រះនៃគេនោះឡើយ ដ្បិតទ្រង់បានរៀបចំទីក្រុង១ឲ្យគេហើយ។
ដោយសារសេចក្ដីជំនឿ នោះអ័ប្រាហាំបានថ្វាយអ៊ីសាក ក្នុងកាលដែលទ្រង់ល្បងលលោក គឺអ្នកដែលបានទទួលសេចក្ដីសន្យាទាំងប៉ុន្មាន លោកបានថ្វាយកូនលោកតែមួយ ដែលមានសេចក្ដីចែងទុកពីដំណើរកូននោះថា «ពូជឯងនឹងបានរាប់តាមអ៊ីសាក» លោកបានរាប់ថា ព្រះទ្រង់អាចនឹងប្រោសកូន ឲ្យរស់ពីស្លាប់ឡើងវិញបានផង ហើយលោកបានទទួលវាមកវិញមែន ធៀបដូចជារស់ពីស្លាប់ឡើងវិញ។
ដោយសារសេចក្ដីជំនឿ នោះអ៊ីសាកបានឲ្យពរដល់យ៉ាកុប នឹងអេសាវ ពីដំណើរការទៅខាងមុខ។
ដោយសារសេចក្ដីជំនឿ នោះយ៉ាកុបបានឲ្យពរដល់កូនយ៉ូសែបទាំង២ ហើយក៏ថ្វាយបង្គំព្រះ ទាំងច្រត់លើចុងឈើច្រត់ ក្នុងកាលដែលលោកហៀបនឹងស្លាប់។
ដោយសារសេចក្ដីជំនឿ នោះយ៉ូសែបបានប្រាប់ពីដំណើរពួកជនជាតិអ៊ីស្រាអែល ដើរចេញពីស្រុកអេស៊ីព្ទ ក៏ផ្តាំពីដំណើរសពរបស់ខ្លួន ក្នុងកាលដែលហៀបនឹងផុតដង្ហើមទៅផង។
ដោយសារសេចក្ដីជំនឿ កាលម៉ូសេបានកើតមក នោះឪពុកម្តាយបានលាក់លោកទុក៣ខែ ឥតមាននឹកខ្លាចដល់បញ្ញត្តរបស់ស្តេចឡើយ ពីព្រោះបានឃើញថាជាកូនថ្លោសល្អ ដោយសារសេចក្ដីជំនឿ លុះលោកធំហើយ នោះលោកមិនព្រមឲ្យគេហៅខ្លួន ជាកូនរបស់បុត្រីផារ៉ោនទេ លោកស៊ូរងទុក្ខលំបាកជាមួយនឹងរាស្ត្ររបស់ព្រះ ជាជាងមានសេចក្ដីអំណរខាងអំពើបាប ដែលនៅតែ១ភ្លែតនោះវិញ ដោយបានរាប់សេចក្ដីដំនៀលដែលគេតិះដៀលដល់ព្រះគ្រីស្ទ ទុកជាទ្រព្យសម្បត្តិប្រសើរជាងអស់ទាំងរបស់ថ្លៃវិសេសនៅស្រុកអេស៊ីព្ទ ដ្បិតលោកសំឡឹងចំទៅឯរង្វាន់វិញ ដោយសារសេចក្ដីជំនឿ នោះលោកក៏ចេញពីស្រុកអេស៊ីព្ទទៅ ឥតកោតខ្លាចដល់សេចក្ដីកំហឹងនៃស្តេចឡើយ ដ្បិតលោកបានកាន់យ៉ាងខ្ជាប់ខ្ជួន ហាក់ដូចជាឃើញព្រះដ៏មើលមិនឃើញដែរ ដោយសារសេចក្ដីជំនឿ នោះលោកបានធ្វើបុណ្យរំលង ទាំងរលាស់ឈាម ដើម្បីកុំឲ្យមេបំផ្លាញពួកកូនច្បង បានមកពាល់ដល់គេឡើយ។
ដោយសារសេចក្ដីជំនឿ នោះគេបានដើរកាត់សមុទ្រក្រហម ដូចជាដើរលើដីគោក តែកាលពួកសាសន៍អេស៊ីព្ទបានល្បងល នោះគេក៏ត្រូវលេបបាត់ទៅ ដោយសារសេចក្ដីជំនឿ លុះគេដើរព័ទ្ធជុំវិញក្រុងយេរីខូរ អស់៧ថ្ងៃហើយ នោះកំផែងទីក្រុងក៏រលំទៅ ដោយសារសេចក្ដីជំនឿ នោះនាងរ៉ាហាប ជាស្រីសំផឹង មិនបានវិនាសទៅ ជាមួយនឹងពួកអ្នករឹងចចេសឡើយ ពីព្រោះនាងបានទទួលពួកឈ្លបលប ដោយមេត្រីចិត្ត។
តើត្រូវឲ្យខ្ញុំនិយាយអ្វីទៀត ដ្បិតគ្មានពេលវេលានឹងថ្លែងប្រាប់រឿងពីគេឌាន បារ៉ាក សាំសុន យែបថា ដាវីឌ សាំយូអែល នឹងពួកហោរាទេ ដែលដោយសារសេចក្ដីជំនឿ នោះគេបានឈ្នះនគរដទៃ បានសំរេចការសុចរិត បានទទួលសេចក្ដីសន្យា បានបិទមាត់សិង្ហ បានពន្លត់អំណាចភ្លើង បានរួចពីមុខដាវ បានមានកំឡាំងក្នុងកាលដែលកំពុងតែខ្សោយ ក៏ត្រឡប់ជាពូកែក្នុងចំបាំង ទាំងកំចាត់ពលទ័ពសាសន៍ដទៃផង ពួកស្រីៗ បានទទួលមនុស្សស្លាប់របស់ខ្លួនមក ដោយរស់ពីស្លាប់ឡើងវិញ ខ្លះត្រូវគេធ្វើទុក្ខវេទនា ឥតទទួលការប្រោសលោះឲ្យរួចឡើយ គឺដើម្បីឲ្យបានរស់ឡើងវិញបែបប្រសើរជាង ខ្លះទៀតត្រូវសេចក្ដីល្បង ដោយមានគេចំអកឲ្យ ទាំងវាយនឹងរំពាត់ ក៏ទ្រាំទាំងជាប់ចំណង នឹងជាប់គុកផង ត្រូវគេចោលនឹងថ្ម ល្បួង ហើយអារបណ្តាច់ ក៏ត្រូវស្លាប់នឹងដាវ ត្រូវដើរវីមវាម ទាំងស្លៀកស្បែកចៀម នឹងស្បែកពពែ ត្រូវកំសត់ទុគ៌ត ត្រូវគេសង្កត់សង្កិន ហើយធ្វើបាប ក៏ដើរសាត់ព្រាត់នៅក្នុងទីរហោស្ថាន ហើយនៅទីភ្នំ ទាំងនៅក្នុងរអាង ហើយនឹងរូងក្នុងដី លោកីយមិនគួរនឹងពួកអ្នកទាំងនោះទេ
ពួកអ្នកទាំងនោះ ទោះបើមានសេចក្ដីបន្ទាល់ពីគេថា គេមានសេចក្ដីជំនឿក៏ដោយ គង់តែគេមិនបានទទួលសេចក្ដី ដែលបានសន្យានោះទេ ដ្បិតព្រះបានផ្គត់ផ្គង់សេចក្ដីប្រសើរជាងសំរាប់យើងរាល់គ្នា ដើម្បីមិនឲ្យអ្នកទាំងនោះបានគ្រប់លក្ខណ៍ ក្រៅពីយើងឡើយ។