ជំនឿដែលចម្រើនឡើង

Logo Only in White

២.៣ ការរស់នៅដោយមានការអនុវត្ត : ការរស់នៅក្នុងនាមជាមនុស្សដែលបានកើតជាថ្មី

ការយល់ដឹងអំពីអត្តសញ្ញាណរបស់យើងនៅក្នុងព្រះគ្រីស្ទជួយឲ្យយើងអាច​រស់នៅក្នុងនាមជាមនុស្សដែលបានកើតជា​ថ្មីតាមដែលព្រះ​បានបង្កើតយើងមក។ ប៉ុន្តែ នេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។

តើ​យើង​គួរធ្វើ​យ៉ាង​ណា​នៅ​ពេល​ដែល​យើង​ឃើញ​ថា ​ខ្លួន​យើង​រស់​នៅ​ជា​ជីវិត​ចាស់ ដោយមិនរស់នៅតាមរបៀបថ្មី​? សូមពិចារណាស្ថានភាពដូចខាងក្រោម :

ចន ដកដង្ហើមធំបណ្ដើរ និយាយបណ្ដើរ «ខ្ញុំពិបាកចិត្តណាស់។ ខ្ញុំចង់ធ្វើអ្វីដែលត្រឹមត្រូវ ហើយឈប់ធ្វើអ្វីដែលខ្ញុំដឹងថាមិនគាប់ព្រះហឫទ័យព្រះ​ ប៉ុន្តែខ្ញុំមិនមាន​ឆន្ទៈខ្លាំងគ្រប់គ្រាន់ទេ។ វាដូចជាមានអ្វីផ្សេងមកគ្រប់គ្រង​ចិត្តខ្ញុំ ហើយខ្ញុំធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើទៅវិញ!»

ស្ទីវិន​ក៏និយាយថា «ខ្ញុំដឹងថាលោកចង់និយាយអ្វីហើយ។ សម្រាប់ខ្ញុំ វាជាបញ្ហានៃចិត្តគំនិត​ខ្ញុំ។ ខ្ញុំហាក់ដូចជាមិនអាចបញ្ឈប់ភាពអវិជ្ជមាន និងការរិះគន់បានទេ ហើយពេលខ្លះ ខ្ញុំខឹងខ្លាំងរហូតដល់ផ្ទុះកំហឹងដាក់សិស្ស​ខ្ញុំ ហើយបន្ទាប់មកខ្ញុំ​មានអារម្មណ៍កាន់តែពិបាក​ទៅៗ»។

ពួកគេបានសួរគ្នាទៅវិញទៅមកថា «តើយើងអាចធ្វើដូចម្ដេចអំពីរឿងហ្នឹង?» «តើយើងអាចផ្លាស់ប្តូរដោយរបៀបណា?»

តើអ្នកអាចយល់ពីអារម្មណ៍របស់ចន និងស្ទីវិនដែរឬទេ?

តើអ្នកនឹងប្រាប់ពួកគេយ៉ាងណា ពីរបៀបដែលគេអាចផ្លាស់ប្ដូរបាន?

យើងជាប់ស្ទះជាមួយនឹងចរិត​ចាស់

នេះ​គឺ​ជា​ការ​ជាប់ស្ទះ​​មួយ​ដែល​យើង​ទាំង​អស់​គ្នា​​ប្រឈម​មុខ។ លោកសាវ័កប៉ុល​បាន​ពិពណ៌នា​អំពី​បញ្ហា​នេះ​នៅ​ក្នុង រ៉ូម ៧:១៨-២០ និង ២២-២៤

រ៉ូម ៧:១៨-២០, ២២-២៤

ដ្បិត​ខ្ញុំ​ដឹង​ថា នៅ​ក្នុង​ខ្លួន​ខ្ញុំ គឺ​ក្នុង​សាច់​ឈាម​ខ្ញុំ គ្មាន​អ្វី​ល្អ​ទេ ព្រោះ​ខ្ញុំ​មាន​ចិត្ត​ចង់​ធ្វើ​ល្អ​ជានិច្ច ប៉ុន្តែ រក​ធ្វើ​មិន​កើត​សោះ ខ្ញុំ​មិន​ប្រព្រឹត្ត​ការ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរ​ជា​ខ្ញុំ​ធ្វើ​វិញ ដូច្នេះ បើ​ខ្ញុំ​ប្រព្រឹត្ត​ការ​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​មិន​មែន​ខ្ញុំ​ដែល​ធ្វើ​ការ​នោះ​ទៀត​ទេ គឺ​ជា​បាប​ទេ​តើ ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ . . .

ដ្បិត​តាម​ប៉ែក​ខាង​ក្នុង ខ្ញុំ​ត្រេក‌អរ​ចំពោះ​ក្រិត្យ‌វិន័យ​របស់​ព្រះ តែ​ខ្ញុំ​ឃើញ​មាន​អំណាច​១​ទៀត ក្នុង​អស់​ទាំង​អវយវៈ​របស់​រូប‌កាយ​ខ្ញុំ ដែល​ច្បាំង​នឹង​អំណាច​នៃ​គំនិត​ខ្ញុំ ទាំង​ចាប់​នាំ​ខ្ញុំ​ទៅ​ជាប់​ក្រោម​អំណាច​អំពើ​បាប ដែល​នៅ​ក្នុង​អវយវៈ​នៃ​ខ្លួន​ខ្ញុំ​ទាំង​ប៉ុន្មាន​ផង វេទនា​ណាស់​ខ្ញុំ តើ​អ្នក​ណា​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច ពី​តួ​សេចក្ដី​ស្លាប់​នេះ​ទៅ​បាន

(អានបន្ថែម)

ការរកឃើញ : សូមគូស​បន្ទាត់​ក្រោម​ពាក្យ​ទាំង​អស់​ដែល​លោកប៉ុល​ប្រើ​អំពី​ការ​អាក្រក់​នៅ​ក្នុង​គាត់។ សូមគូសសម្គាល់តាមរបៀបផ្សេងៗគ្នា អំពីអ្វីដែលគាត់និយាយ​ពីការល្អនៅក្នុងគាត់។

ការពិភាក្សា : តើអ្នកនឹងសង្ខេបពីបញ្ហារបស់លោកប៉ុលថាយ៉ាងណាដែរ?

ការរកឃើញ : តើ​លោកប៉ុល​និយាយ​ថា​អ្នក​ណា​ធ្វើ​ខុស? តើលោកប៉ុល​ទទួល​ស្គាល់​អត្តសញ្ញាណ​ថ្មី​របស់​គាត់​នៅក្នុង​ព្រះគ្រីស្ទ​នៅត្រង់ណា នៅក្នុងអត្ថបទគម្ពីរនេះ​?

ការគិតពិចារណា : តើមានអំពើបាបណាមួយដែលហាក់ដូចជាដាក់អន្ទាក់អ្នកជាប់ ឬរារាំងអ្នកពីការរស់នៅក្នុងនាមជាមនុស្សថ្មីនៅក្នុងព្រះគ្រីស្ទទេ?

ទោះបីជាលោកប៉ុលជាមនុស្សដែលបានកើតជាថ្មីក៏ដោយ ក៏គាត់នៅតែជួបប្រទះនូវអំណាចនៃអំពើបាបនៅក្នុងជីវិតរបស់គាត់ដែរ។ គាត់ចង់ធ្វើអំពើល្អ ប៉ុន្តែគាត់មិនមានសមត្ថភាពអនុវត្តទេ ដូច្នេះគាត់មានអារម្មណ៍ថាជាប់អន្ទាក់។ រូបកាយ និង «សរីរាង្គ» ឬផ្នែកនៃរូបកាយដែលរមែងស្លាប់របស់គាត់ បន្តប្រព្រឹត្តតាមរបៀបដែលវាមាន មុនពេលគាត់ទទួលជឿព្រះគ្រីស្ទ។

ការចែកចាយ : តើអ្នកមានអារម្មណ៍អន្ទះអន្ទែងដូចជាគាត់នៅក្នុងរបៀបណាមួយទេ?

យើងត្រូវបានរំដោះឲ្យមានសេរីភាពតាមរយៈព្រះគ្រីស្ទ

ការពិភាក្សា : តើអំពើបាប ឬកំហុសអាចរារាំងយើងពីការទទួលយកអត្តសញ្ញាណថ្មីរបស់យើងដោយរបៀបណា?

ការបរាជ័យក្នុងការ​រស់នៅក្នុងនាមជាមនុស្សដែលបានកើតជាថ្មីតាមដែលព្រះ​មានបន្ទូល អាចធ្វើឲ្យយើងមានអារម្មណ៍បាក់ទឹកចិត្ត។ មនុស្សមួយចំនួនឆ្លើយតបដោយការព្យាយាមកាន់តែខ្លាំង ឬបង្កើតច្បាប់ដើម្បីធ្វើតាម ប៉ុន្តែជៀសមិនរួច គេនឹងបញ្ចប់ដោយមានអារម្មណ៍ខុស និងខ្មាសអៀននៅពេលពួកគេប្រព្រឹត្តបាប។ អ្នកផ្សេងទៀតប្រហែលជាចុះចាញ់ ដោយសង្ស័យថាតើពួកគេបានសង្គ្រោះឬទេ។ លោកប៉ុលចែកចាយអំពីដំណឹងល្អសម្រាប់យើងទាំងអស់គ្នានៅក្នុង រ៉ូម ៧:២៥ និង៨:១

រ៉ូម ៧:២៥, ៨:១

អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ គឺ​ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដូច្នេះ ខ្លួន​ខ្ញុំ​គោរព​ប្រតិ‌បត្តិ​តាម​ក្រិត្យ‌វិន័យ​របស់​ព្រះ ដោយ​គំនិត​ខ្ញុំ តែ​ខាង​សាច់​ឈាម​ខ្ញុំ នោះ​តាម​ច្បាប់​របស់​អំពើ​បាប​វិញ។

ហេតុ​នោះ នៅ​ជាន់​នេះ អ្នក​ណា​ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ នោះ​គ្មាន​ទោស​សោះ

(អានបន្ថែម)

ការរកឃើញ : ប្រសិនបើយើងនៅក្នុងអង្គព្រះគ្រីស្ទយេស៊ូវ តើព្រះ​មានបន្ទូលអ្វីខ្លះអំពីយើង ទោះបីជាយើងប្រព្រឹត្តអំពើបាប?

ការគិតពិចារណា : តើការណ៍នេះ​រំដោះអ្នកឲ្យមានសេរីភាពតាមរបៀបណា?

វិធីមួយទៀតដែលយើងត្រូវបានរំដោះឲ្យមានសេរីភាព គឺយើងមិនជាប់នៅក្នុងអត្តសញ្ញាណចាស់របស់យើងទេ។ យើងអាចផ្លាស់ប្តូរបាន! ដោយសារយើងរួបរួមជាមួយព្រះគ្រីស្ទ យើងចូលរួមក្នុងជ័យជម្នះរបស់ទ្រង់លើអំពើបាប ហើយអំណាចនៃអំពើបាបក្នុងជីវិតរបស់យើងត្រូវបានបំបែក។ សូមអាន រ៉ូម ៦:៦-៨។

រ៉ូម ៦:៦-៨

ដោយ​ដឹង​សេចក្ដី​នេះ​ថា មនុស្ស​ចាស់​របស់​យើង បាន​ត្រូវ​ឆ្កាង​ជា​មួយ​នឹង​ទ្រង់​ហើយ ដើម្បី​ឲ្យ​តួ​អំពើ​បាប​បាន​ត្រូវ​សូន្យ​ទៅ ប្រយោជន៍​កុំ​ឲ្យ​យើង​នៅ​បំរើ​អំពើ​បាប​ទៀត​ឡើយ ដ្បិត​អ្នក​ណា​ដែល​ស្លាប់ នោះ​ក៏​បាន​រាប់​ជា​សុចរិត​រួច​ពី​បាប​ហើយ បើ​សិន​ជា​យើង​ស្លាប់​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ នោះ​យើង​ជឿ​ថា យើង​នឹង​រស់​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ

(អានបន្ថែម)

ការរកឃើញ : តើមានអ្វីដែលត្រូវបានធ្វើចំពោះចរិតចាស់របស់យើង ដើម្បីឲ្យយើងរស់នៅដោយមានជោគជ័យក្នុងព្រះគ្រីស្ទ?

ការគិតពិចារណា : តើនេះមានន័យយ៉ាងណាចំពោះអំពើបាបដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាជាប់អន្ទាក់?

ការពិភាក្សា : តើការដែលដឹងថាអំពើបាប ទាំងពីអតីតកាល បច្ចុប្បន្នកាល ឬអនាគត លែងមានអំណាចលើអ្នក រំដោះអ្នកឲ្យមានសេរីភាពក្នុងការរស់នៅ
ខុសប្លែកពីមុនដោយរបៀបណា?

នេះជាការពន្យល់បង្ហាញពីអ្វីដែលបានកើតឡើង ៖

១. ចរិតចាស់ដែលជាប់បាប ជាទាសករនៃអំពើបាប ត្រូវបានចូលរួមជាមួយព្រះគ្រីស្ទនៅក្នុងការឆ្កាងរបស់ទ្រង់។ ការសោយទិវង្គតរបស់ព្រះគ្រីស្ទ បង់ថ្លៃបាបរបស់យើងយ៉ាងពេញលេញ ដូច្នេះអំពើបាបលែងមានការទាមទារមកលើយើងទៀតហើយ។

២. ចរិតបាបចាស់ត្រូវបានកប់ជាមួយព្រះ​គ្រីស្ទ។

៣. ចរិតថ្មីត្រូវបានលើកឡើងជាមួយនឹងព្រះគ្រីស្ទ។ ជ័យជម្នះរបស់ព្រះគ្រីស្ទលើសេចក្តីស្លាប់ និងអំពើបាប អនុញ្ញាតឲ្យយើងរស់នៅដោយមានសេរីភាពពីអំណាចនៃបាប។ យើងអាចបដិសេធការទាមទាររបស់អំពើបាប។

ការគិតពិចារណា : តើមានអ្វីអាចធ្វើឲ្យយើងពិបាកជឿថា យើងស្លាប់រួចផុតពីអំណាចបាប?

ការពិភាក្សា : បើចរិតចាស់របស់យើងស្លាប់ទៅ ហេតុអ្វីយើងនៅតែប្រព្រឹត្តបាប?

នៅក្នុង រ៉ូម ៦:២ លោកប៉ុលបានសុំយើងឲ្យពិចារណាថា ៖ «តើឲ្យយើង ដែលបានស្លាប់រួចផុតពីអំណាចបាប នៅតែប្រព្រឹត្តអំពើបាបតទៅទៀតដូចម្ដេចកើត?» បញ្ហាគឺថា យើងមានទម្លាប់ចាស់ ហើយយើងធ្លាប់ធ្វើជាទាសករនៃអំពើបាប។ នៅពេលដែលអំពើបាបដាស់តឿនយើងថា «បើអ្នកចង់ អ្នកត្រូវតែធ្វើ!» នោះយើងធ្វើតាមវា តាមដែលយើងបានធ្វើ ហើយព្រមតាមការល្បួងនៃអំពើបាប។

រ៉ូម ៦:២

ទេ មិន​ត្រូវ​ឡើយ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ដែល​ស្លាប់​ខាង​ឯ​អំពើ​បាប​ហើយ បាន​នៅ​រស់​ក្នុង​អំពើ​បាប​ទៀត​បាន

(អានបន្ថែម)

ការចែកចាយ : តើអ្នកមានអារម្មណ៍យ៉ាងណានៅពេលអ្នកឆ្លើយតបនឹងស្ថានភាព ឬមនុស្សផ្សេងៗ ជាមួយនឹងចរិតចាស់របស់អ្នក ជាជាងចរិតថ្មី?

យើងមានជម្រើសមួយចំពោះអំពើបាប

ចរិតចាស់មិនមានជម្រើសទេ ព្រោះអំពើបាបជាម្ចាស់របស់វា។ សូមសរសើរតម្កើងព្រះ​ ចរិតថ្មីត្រូវបានរំដោះឲ្យមានសេរីភាព។ ដោយសារយើងចូលរួមនៅក្នុងព្រះចេស្ដាប្រកបដោយជ័យជម្នះរបស់ព្រះគ្រីស្ទលើអំពើបាប នោះយើងអាចជ្រើសរើសមិនចុះចាញ់នឹងការល្បួង និងបញ្ជារបស់អំពើបាប។ សូមមើល រ៉ូម ៦:១២-១៣។ [ចំណាំ៖ «​អវយវៈ» គឺជាផ្នែកនៃរាងកាយរបស់យើងដែលយើងប្រើជា «ឧបករណ៍» ឬគ្រឿងប្រើប្រាស់ដើម្បីធ្វើអ្វីដែលល្អ ឬអាក្រក់។]

រ៉ូម ៦:១២-១៣

ហេតុ​នេះ កុំ​ឲ្យ​បាប​សោយ‌រាជ្យ​ក្នុង​រូប‌កាយ​របស់​អ្នក​រាល់​គ្នា ដែល​តែង‌តែ​ស្លាប់ ដើម្បី​នឹង​ស្តាប់​តាម​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​បាប​នោះ​ឡើយ ក៏​កុំ​ឲ្យ​ប្រគល់​អវយវៈ​ទាំង​ប៉ុន្មាន របស់​អ្នក​រាល់​គ្នា​ទៅ​ក្នុង​អំពើ​បាប ទុក​ដូច​ជា​ប្រដាប់​ប្រដា​ទុច្ចរិត​នោះ​ឡើយ គឺ​ត្រូវ​ប្រគល់​ខ្លួន​ទៅ​ព្រះ ដូច​ជា​បាន​រស់​ពី​ស្លាប់​នោះ​ឡើង​វិញ ហើយ​ថ្វាយ​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទៅ​ព្រះ ទុក​ដូច​ជា​ប្រដាប់​ប្រដា​សុចរិត​ផង

(អានបន្ថែម)

ការគិតពិចារណា : នៅពេលដែលអ្នកចុះចាញ់នឹងការល្បួងឲ្យប្រព្រឹត្តបាប តើអ្នកអនុញ្ញាតឲ្យអ្វីមានអំណាចនៅក្នុងជីវិតរបស់អ្នក?

ការរកឃើញ : តើយើងត្រូវធ្វើការជ្រើសរើសអ្វីខ្លះ ដើម្បីរារាំងអំពើបាបមិនឲ្យ «សោយរាជ្យ» ឬគ្រប់គ្រងលើយើង?

ការគិតពិចារណា : នៅពេលដែលអ្នកប្រព្រឹត្តបាប តើអ្នកកំពុងផ្ដល់សរីរាង្គណានៃរូបកាយរបស់អ្នកដែលពាក់ព័ន្ធនោះ ឲ្យអំពើបាបគ្រប់គ្រង? (ឧទាហរណ៍នៅពេល
អ្នកនិយាយអ្វីដែលមិនល្អ តើអ្នកបានអនុញ្ញាតឲ្យអណ្តាតរបស់អ្នកគោរពតាមអ្វី?) តើអ្នកអាចជ្រើសរើសធ្វើអ្វី ជំនួសវិញ?

ពេលយើងជួបការល្បួង នេះជាអ្វីដែលយើងអាចជ្រើសរើស ៖

១. «កុំឲ្យអំពើបាបគ្រប់គ្រង»។ ចូរបដិសេធអំពើបាប។ វាមិនមែនជាម្ចាស់របស់អ្នកទេ។

២. «សូមថ្វាយខ្លួនទៅព្រះ​»។ សូមជ្រើសរើសអនុញ្ញាតឲ្យព្រះ​គ្រប់គ្រងអ្វីដែលអ្នកធ្វើ។

ដោយសារយើងនៅក្នុងព្រះគ្រីស្ទ ហើយបានស្លាប់រួចផុតពីអំណាចបាប នោះយើងអាចបដិសេធមិនអនុញ្ញាតឲ្យអំពើបាបគ្រប់គ្រងយើងម្តងទៀត។ ផ្ទុយទៅវិញ យើងអាចជ្រើសរើសផ្លូវរបស់ព្រះ​ ហើយប្រគល់ខ្លួនយើងទៅទ្រង់ ដោយពឹងផ្អែកលើអំណាចរបស់ទ្រង់ដើម្បីកម្ចាត់អំពើបាបក្នុងខ្លួនយើង ហើយបង្កើតនូវការឆ្លើយតបដ៏ត្រឹមត្រូវ។ ការជ្រើសរើសរស់នៅក្នុងនាមជាមនុស្សថ្មីក៏ប្រៀបបាននឹងការជ្រើសរើសនូវអ្វីដែលអ្នកនឹងស្លៀកពាក់ដែរ ៖ តើអ្នកនឹងស្លៀកសម្លៀកបំពាក់ចាស់ កខ្វក់ ឬរបស់ថ្មីស្អាត ដែលព្រះគ្រីស្ទបានប្រទានដល់អ្នក? សូមអាន អេភេសូរ ៤:២២-២៤

អេភេសូរ ៤:២២-២៤

[អ្នករាល់គ្នាបានទទួលការបង្រៀននៅក្នុងអង្គព្រះយេស៊ូវ] ថា​ខាង​ឯ​កិរិយា​ប្រព្រឹត្ត​កាល​ពី​ដើម នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់ ដែល​តែង‌តែ​ខូច​ទៅ តាម​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​សេចក្ដី​ឆ‌បោក​ចោល​ចេញ ហើយ​ឲ្យ​គំនិត​ក្នុង​ចិត្ត​បាន​កែ​ប្រែ​ជា​ថ្មី​ឡើង ព្រម​ទាំង​ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ ដែល​កើត​មក​ក្នុង​សេចក្ដី​សុចរិត ហើយ​ក្នុង​សេចក្ដី​បរិសុទ្ធ​របស់​ផង​សេចក្ដី​ពិត តាម​ភាព​ព្រះ។

(អានបន្ថែម)

ការរកឃើញ : តើអត្ថបទគម្ពីរនេះពណ៌នាអំពីជីវិតថ្មីយ៉ាងដូចម្តេច?

ការគិតពិចារណា : នៅពេលដែលអ្នកត្រូវបានល្បួងឲ្យធ្វើបាប តើអ្នកត្រូវជ្រើសរើស «បំពាក់ខ្លួនឯង» ជាមួយនឹងអ្វី?

ការរកឃើញ : តើត្រូវមានអ្វីកើតឡើងនៅក្នុងចិត្តរបស់យើង ដើម្បីជួយយើងឲ្យបំពាក់នូវជីវិតថ្មី?

ការពិភាក្សា : តើការយល់ដឹងអំពីអត្តសញ្ញាណថ្មីរបស់អ្នក ជួយអ្នកបដិសេធអំពើបាបយ៉ាងដូចម្តេច?

យើងមានទម្លាប់យូរមកហើយក្នុងការឆ្លើយតបទៅនឹងមនុស្ស និងកាលៈទេសៈផ្សេងៗជាមួយនឹង «ចរិតចាស់» របស់យើង ដូច្នេះឥឡូវនេះយើងត្រូវរៀនទម្លាប់ថ្មីៗ។ យើងធ្វើដូច្នេះដោយ «ផ្លាស់ប្រែជាថ្មីក្នុងវិញ្ញាណនៃចិត្តគំនិតយើង» ពេលយើងផ្ដោតលើជីវិតរបស់យើងឡើងវិញលើសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះ​។

ចូររម្លឹកខ្លួនអ្នកអំពីអត្តសញ្ញាណថាអ្នកជានរណាក្នុងព្រះគ្រីស្ទ ហើយថាអ្នកបានកើតជាថ្មីដើម្បីរស់នៅតាមរយៈព្រះចេស្ដា​របស់ព្រះ​ «ក្នុងលក្ខណៈដូចព្រះ​ នៅក្នុងសេចក្ដីសុចរិត និងភាពបរិសុទ្ធដ៏ពិត»។ ការផ្តោតលើសេចក្តីពិតជួយយើងឲ្យឃើញថា ការសន្យានៃបាបគឺឥតខ្លឹមសារយ៉ាងណា ហើយយូរៗទៅ វាកាន់តែមិនគួរជាទីចង់បាន។

ព្រះ​ប្រទានព្រះចេស្ដា​ដើម្បីឲ្យយើងរស់នៅជាមនុស្សថ្មី

យើងក៏ត្រូវរៀនពឹងផ្អែកលើព្រះចេស្ដា​របស់ព្រះ ដើម្បីទប់ទល់នឹងអំពើបាប ហើយបំពាក់នូវចរិតថ្មី។ រ៉ូម ៨:១០-១១ ប្រាប់ពីរបៀបដែលព្រះ​បានប្រទានព្រះចេស្ដាដែលយើងត្រូវការ។

រ៉ូម ៨:១០-១១

ហើយ​បើ​សិន​ជា​ព្រះ‌គ្រីស្ទ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា នោះ​រូប​សាច់​បាន​ស្លាប់ ដោយ​ព្រោះ​អំពើ​បាប​មែន តែ​វិញ្ញាណ​មាន​ជីវិត​វិញ ដោយ​ព្រោះ​សេចក្ដី​សុចរិត មួយ​ទៀត បើ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អង្គ ដែល​បាន​ប្រោស​ឲ្យ​ព្រះ‌យេស៊ូវ​រស់​ពី​ស្លាប់​ឡើង​វិញ ទ្រង់​សណ្ឋិត​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា នោះ​ព្រះ‌អង្គ​នោះ​ឯង ដែល​បាន​ប្រោស​ឲ្យ​ព្រះ‌គ្រីស្ទ​រស់​ពី​ស្លាប់​ឡើង ទ្រង់​នឹង​ប្រោស​រូប‌កាយ​នៃ​អ្នក​រាល់​គ្នា​ដែល​ទៀង​តែ​ស្លាប់ ឲ្យ​មាន​ជីវិត​ឡើង​ដែរ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ដែល​សណ្ឋិត​នៅ​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា។

(អានបន្ថែម)

ការរកឃើញ : តើអ្វីជាប្រភពនៃជីវិតថ្មីនៅក្នុងអ្នក?

ការគិតពិចារណា : ព្រះ​មានព្រះចេស្ដា​គ្រប់គ្រាន់ដើម្បីប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ឡើងវិញ។ ឥឡូវនេះ ព្រះវិញ្ញាណទ្រង់គង់នៅក្នុងអ្នក (អេភេសូរ ១:១៣)។ តើមានអ្វីដែលរារាំងអ្នកមិនឲ្យជឿថា ទ្រង់មានឥទ្ធិពលគ្រប់គ្រាន់ដើម្បីអាចឲ្យអ្នកតទល់នឹងអំពើបាប ហើយដើរក្នុងជីវិតថ្មីឬទេ?

នៅពេលអ្នកប្រឈមមុខនឹងការល្បួង ចូរអរព្រះគុណព្រះ​ដែលអ្នកមានជីវិតនៅក្នុងព្រះគ្រីស្ទ ហើយអំពើបាបនោះមិនមានអំណាចលើអ្នកទេ។ បន្ទាប់មក សូមថ្វាយខ្លួនអ្នកចំពោះព្រះ​ ហើយពឹងលើទ្រង់ដើម្បីអាចឲ្យអ្នកតទល់នឹងអំពើបាប ហើយរស់នៅក្នុងអត្តសញ្ញាណថ្មីរបស់អ្នក។

ព្រះ​បានប្រទានព្រះវិញ្ញាណទ្រង់គង់នៅក្នុងយើង ដើម្បីឲ្យយើងអាចរស់នៅដូចទ្រង់បានរៀបចំ។ នៅពេលយើងពិភាក្សាអំពីព្រះវិញ្ញាណបរិសុទ្ធ និងតួនាទីរបស់ទ្រង់នៅក្នុងជីវិតរបស់យើង យើងនឹងស្វែងយល់បន្ថែមអំពីរបៀបដែលទ្រង់មានជាប់ពាក់ព័ន្ធក្នុងការអនុញ្ញាតឲ្យយើងរស់នៅក្នុងនាមជាមនុស្សថ្មី។

នៅពេលដែលយើងរស់នៅក្នុងអត្តសញ្ញាណថ្មីរបស់យើង យើងនឹងចង់ប្រាប់អ្នកដទៃ អំពីអ្វីដែលព្រះ​បានធ្វើនៅក្នុងជីវិតរបស់យើង។ នោះគឺជាការពិភាក្សារបស់យើងសម្រាប់លើកក្រោយ។ ប៉ុន្តែថ្ងៃនេះ តើអ្នកចង់ប្រាប់អ្វីដល់ព្រះ​ ដើម្បីឆ្លើយតបនឹងអ្វីដែលទ្រង់បានធ្វើសម្រាប់អ្នក?

សូមចំណាយពេលពីរបីនាទីអធិស្ឋានជាមួយគ្នា ដើម្បីប្រាប់ព្រះ​ពីគំនិតរបស់អ្នក។

ការបន្តឆ្ពោះទៅមុខ

ការបញ្ជាក់ : តើអ្នកមានគំនិត ឬសំណួរអ្វីខ្លះ?

ការសង្ខេប : ពេលឃើញខ្លួនឯងរស់នៅដូចជីវិតចាស់ តើអ្នកអាចធ្វើអ្វី?

ជំហានសកម្មភាព : តើអ្នកឃើញថាអ្នកត្រូវការ​អនុវត្តសេចក្ដីនេះ នៅក្នុងជីវិតរបស់អ្នកនៅត្រង់ណាខ្លះ?

ការចែកចាយ : តើអ្នកអាចចែករំលែកជំហាននៃការបំពាក់ចរិតថ្មីជាមួយអ្នកណា?

ការពង្រឹង:

នៅពេលអ្នកអានអត្ថបទគម្ពីរទាំងនេះ សូមគិតថាតើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា នៅពេលអ្នកជ្រើសរើសពឹងផ្អែកលើព្រះ ដើម្បីឲ្យអ្នកអាចរស់នៅក្នុងជីវិតថ្មី។

រ៉ូម ៦:១-១៤

ដូច្នេះ យើង​នឹង​ថា​ដូច​ម្តេច តើ​ត្រូវ​ឲ្យ​យើង​ចេះ​តែ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​ទៀត ដើម្បី​ឲ្យ​ព្រះ‌គុណ​បាន​ចំរើន​ឡើង​ឬ​អី ទេ មិន​ត្រូវ​ឡើយ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ដែល​ស្លាប់​ខាង​ឯ​អំពើ​បាប​ហើយ បាន​នៅ​រស់​ក្នុង​អំពើ​បាប​ទៀត​បាន តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា យើង​ទាំង​ប៉ុន្មាន​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះ‌យេស៊ូវ​គ្រីស្ទ នោះ​គឺ​បាន​ទទួល​ជ្រមុជ​ក្នុង​សេចក្ដី​សុគត​នៃ​ទ្រង់​ដែរ ដូច្នេះ យើង​បាន​ត្រូវ​កប់​ជា​មួយ​នឹង​ទ្រង់​ហើយ ដោយ​ទទួល​ជ្រមុជ​ក្នុង​សេចក្ដី​ស្លាប់ ដើម្បី​ឲ្យ​យើង​បាន​ដើរ​ក្នុង​ជីវិត​បែប​ថ្មី ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ដោយ‌សារ​សិរី‌ល្អ​នៃ​ព្រះវរ‌បិតា​ដែរ

ដ្បិត​បើ​យើង​បាន​ជាប់​ជា​មួយ​នឹង​ទ្រង់ ក្នុង​ការ​ដែល​ជា​គំរូ​ពី​សេចក្ដី​សុគត​របស់​ទ្រង់ នោះ​ក៏​នឹង​បាន​ជាប់​ក្នុង​សេចក្ដី​រស់​ឡើង​វិញ​របស់​ទ្រង់​ដែរ ដោយ​ដឹង​សេចក្ដី​នេះ​ថា មនុស្ស​ចាស់​របស់​យើង បាន​ត្រូវ​ឆ្កាង​ជា​មួយ​នឹង​ទ្រង់​ហើយ ដើម្បី​ឲ្យ​តួ​អំពើ​បាប​បាន​ត្រូវ​សូន្យ​ទៅ ប្រយោជន៍​កុំ​ឲ្យ​យើង​នៅ​បំរើ​អំពើ​បាប​ទៀត​ឡើយ ដ្បិត​អ្នក​ណា​ដែល​ស្លាប់ នោះ​ក៏​បាន​រាប់​ជា​សុចរិត​រួច​ពី​បាប​ហើយ បើ​សិន​ជា​យើង​ស្លាប់​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ នោះ​យើង​ជឿ​ថា យើង​នឹង​រស់​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ ដោយ​ដឹង​ថា ដែល​ព្រះ‌គ្រីស្ទ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ទ្រង់​មិន​ចេះ​សុគត​ទៀត​ឡើយ ព្រោះ​សេចក្ដី​ស្លាប់​គ្មាន​អំណាច​លើ​ទ្រង់​ទៀត ដ្បិត​ដែល​ទ្រង់​សុគត នោះ​គឺ​បាន​សុគត​ខាង​ឯ​បាប​១​ដង​ជា​សំរេច ហើយ​ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់ នោះ​ទ្រង់​រស់​ខាង​ឯ​ព្រះ​វិញ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​រាប់​ខ្លួន​ទុក​ជា​ស្លាប់​ខាង​ឯ​បាប​ដែរ តែ​រស់​ខាង​ឯ​ព្រះ​វិញ​ចុះ ដោយ​នូវ​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។

ហេតុ​នេះ កុំ​ឲ្យ​បាប​សោយ‌រាជ្យ​ក្នុង​រូប‌កាយ​របស់​អ្នក​រាល់​គ្នា ដែល​តែង‌តែ​ស្លាប់ ដើម្បី​នឹង​ស្តាប់​តាម​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​បាប​នោះ​ឡើយ ក៏​កុំ​ឲ្យ​ប្រគល់​អវយវៈ​ទាំង​ប៉ុន្មាន របស់​អ្នក​រាល់​គ្នា​ទៅ​ក្នុង​អំពើ​បាប ទុក​ដូច​ជា​ប្រដាប់​ប្រដា​ទុច្ចរិត​នោះ​ឡើយ គឺ​ត្រូវ​ប្រគល់​ខ្លួន​ទៅ​ព្រះ ដូច​ជា​បាន​រស់​ពី​ស្លាប់​នោះ​ឡើង​វិញ ហើយ​ថ្វាយ​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទៅ​ព្រះ ទុក​ដូច​ជា​ប្រដាប់​ប្រដា​សុចរិត​ផង ដ្បិត​បាប​មិន​ត្រូវ​មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​ក្រិត្យ‌វិន័យ គឺ​នៅ​ក្រោម​ព្រះ‌គុណ​វិញ។

(អានបន្ថែម)

អេភេសូរ ៤:១៧-២៤

ដូច្នេះ ខ្ញុំ​និយាយ​សេចក្ដី​នេះ ហើយ​ធ្វើ​បន្ទាល់​ក្នុង​ព្រះ‌អម្ចាស់​ថា កុំ​បី​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​ដូច​ជា​សាសន៍​ដទៃ​ឯ​ទៀត ដែល​គេ​ដើរ​តាម​គំនិត​ឥត​ប្រយោជន៍​របស់​គេ​ទៀត​ឡើយ គំនិត​គេ​ត្រូវ​បង្អាប់ ហើយ​គេ​ដាច់​ចេញ​ពី​ព្រះ‌ជន្ម​ព្រះ ដោយ‌សារ​សេចក្ដី​ខ្លៅ​ល្ងង់​ក្នុង​ខ្លួន​គេ ព្រោះ​ចិត្ត​គេ​រឹង‌ទទឹង គេ​លែង​ខ្លាច​បាប បាន​ជា​គេ​ប្រគល់​ខ្លួន​ទៅ​ខាង​សេចក្ដី​អាស‌អាភាស ដើម្បី​នឹង​ប្រព្រឹត្ត​សេចក្ដី​ស្មោក‌គ្រោក​គ្រប់​យ៉ាង ដោយ​ចិត្ត​វក់​វិញ តែ​អ្នក​រាល់​គ្នា​មិន​បាន​រៀន​ឲ្យ​ស្គាល់​ព្រះ‌គ្រីស្ទ​យ៉ាង​នោះ​ទេ នោះ​គឺ​បើ​តិច​ណាស់​អ្នក​រាល់​គ្នា​បាន​ឮ ហើយ​រៀន​នឹង​ទ្រង់ តាម​សេចក្ដី​ពិត​ដែល​នៅ​ក្នុង​ព្រះ‌យេស៊ូវ​ដែរ ថា​ខាង​ឯ​កិរិយា​ប្រព្រឹត្ត​កាល​ពី​ដើម នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់ ដែល​តែង‌តែ​ខូច​ទៅ តាម​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​សេចក្ដី​ឆ‌បោក​ចោល​ចេញ ហើយ​ឲ្យ​គំនិត​ក្នុង​ចិត្ត​បាន​កែ​ប្រែ​ជា​ថ្មី​ឡើង ព្រម​ទាំង​ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ ដែល​កើត​មក​ក្នុង​សេចក្ដី​សុចរិត ហើយ​ក្នុង​សេចក្ដី​បរិសុទ្ធ​របស់​ផង​សេចក្ដី​ពិត តាម​ភាព​ព្រះ។

(អានបន្ថែម)

២ ពេត្រុស ១:១-៩

សំបុត្រ​ស៊ីម៉ូន-ពេត្រុស ជា​បាវ​បំរើ ហើយ​ជា​សាវក​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ

ខ្ញុំ​ផ្ញើ​មក​ពួក​អ្នក ដែល​បាន​ទទួល​សេចក្ដី​ជំនឿ​ដ៏​វិសេស​ត្រូវ​គ្នា​នឹង​យើង​ខ្ញុំ​ដែរ ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ​ដ៏​ជា​ព្រះ ហើយ​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា

សូម​ឲ្យ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត បាន​ចំរើន​ដល់​អ្នក​រាល់​គ្នា​ឲ្យ​បាន​ស្គាល់​ព្រះ នឹង​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង

ដ្បិត​ព្រះ‌ចេស្តា​នៃ​ព្រះ បាន​ផ្តល់​ឲ្យ​យើង​រាល់​គ្នា​មាន​គ្រប់​របស់​ទាំង​អស់ ខាង​ឯ​ជីវិត នឹង​សេចក្ដី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ដោយ​យើង​បាន​ស្គាល់​ព្រះ‌អង្គ ដែល​ទ្រង់​ហៅ​យើង​រាល់​គ្នា​មក ដោយ‌សារ​សិរី‌ល្អ នឹង​សគុណ​របស់​ទ្រង់ ដែល​ដោយ‌សារ​សេចក្ដី​ទាំង​នោះ ទ្រង់​បាន​ប្រទាន​សេចក្ដី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង មក​យើង​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ ដោយ‌សារ​សេចក្ដី​សន្យា​នោះ​ឯង ដោយ​បាន​រួច​ពី​សេចក្ដី​ពុក‌រលួយ​នៅ​ក្នុង​លោកីយ​នេះ​ដែល​កើត​អំពី​សេចក្ដី​ប៉ង‌ប្រាថ្នា ហើយ​ដោយ​ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា បន្ថែម​ឲ្យ​មាន​សេចក្ដី​ឧស្សាហ៍​ដែរ ដើម្បី​ឲ្យ​សេចក្ដី​ជំនឿ​បាន​ទៀង​ត្រង់ ឲ្យ​សេចក្ដី​ទៀង​ត្រង់​បាន​ដំរិះ ឲ្យ​ដំរិះ​បាន​ចេះ​អត់​សង្កត់ ឲ្យ​សេចក្ដី​អត់​សង្កត់​បាន​ខ្ជាប់​ខ្ជួន ឲ្យ​សេចក្ដី​ខ្ជាប់​ខ្ជួន​បាន​ចេះ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ឲ្យ​សេចក្ដី​គោរព​ប្រតិ‌បត្តិ បាន​ចេះ​រាប់​អាន​គ្នា​ជា​បង​ប្អូន ហើយ​ឲ្យ​សេចក្ដី​រាប់​អាន​គ្នា​បាន​សេចក្ដី​ស្រឡាញ់​ថែម​ទៀត ដ្បិត​បើ​មាន​សេចក្ដី​ទាំង​នោះ​ចំរើន​ឡើង ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ហើយ នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ទំនេរ ឬ​ឥត​ផល​ខាង​ឯ​ដំណើរ​ស្គាល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ឡើយ ពី​ព្រោះ​អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ទាំង​នោះ គឺ​ឈ្មោះ​ថា​ជា​អ្នក​ខ្វាក់ មើល​ទៅ​ឆ្ងាយ​មិន​ឃើញ ព្រម​ទាំង​ភ្លេច​ថា ព្រះ​បាន​សំអាត​បាប​ដែល​ខ្លួន​ធ្វើ​ពី​ដើម​ផង

(អានបន្ថែម)

រ៉ូម ៨:១-១៧, ២៦-៣៩

ហេតុ​នោះ នៅ​ជាន់​នេះ អ្នក​ណា​ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ នោះ​គ្មាន​ទោស​សោះ ដ្បិត​អំណាច​របស់​ព្រះ‌វិញ្ញាណ​នៃ​ជីវិត ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ នោះ​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​អំណាច​របស់​អំពើ​បាប នឹង​សេចក្ដី​ស្លាប់​ហើយ ពី​ព្រោះ ឯ​ការ​ដែល​ក្រិត្យ‌វិន័យ​ធ្វើ​មិន​កើត​ដោយ​មាន​សេចក្ដី​កំសោយ ព្រោះ​សាច់​ឈាម នោះ​ព្រះ‌ទ្រង់​បាន​ធ្វើ​វិញ ដោយ​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឲ្យ​មក មាន​រូប​អង្គ បែប​ដូច​ជា​សាច់​ឈាម​ដែល​តែង‌តែ​មាន​បាប ហើយ​ដោយ​ព្រោះ​អំពើ​បាប ក៏​កាត់​ទោស​អំពើ​បាប​នៅ​ក្នុង​សាច់​ឈាម ដើម្បី​ឲ្យ​សេចក្ដី​ដែល​ក្រិត្យ‌វិន័យ​បង្គាប់​មក បាន​សំរេច​ក្នុង​ខ្លួន​យើង​រាល់​គ្នា ដែល​មិន​ដើរ​តាម​សាច់​ឈាម គឺ​ដើរ​តាម​ព្រះ‌វិញ្ញាណ​វិញ ពី​ព្រោះ​អស់​អ្នក​ណា​ដែល​តាម​សាច់​ឈាម នោះ​គិត​តែ​ខាង​សាច់​ឈាម តែ​អស់​អ្នក​ណា​ដែល​តាម​ព្រះ‌វិញ្ញាណ នោះ​គិត​តែ​ខាង​វិញ្ញាណ​វិញ ដ្បិត​គំនិត​ខាង​សាច់​ឈាម នោះ​ជា​សេចក្ដី​ស្លាប់​ទទេ ឯ​គំនិត​នៃ​ព្រះ‌វិញ្ញាណ នោះ​ទើប​ជា​ជីវិត នឹង​សេចក្ដី​សុខ‌សាន្ត​វិញ ព្រោះ​គំនិត​ខាង​សាច់​ឈាម នោះ​រមែង​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះ​ចូល​នឹង​ក្រិត្យ‌វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង ពួក​អ្នក​ដែល​នៅ​ខាង​សាច់​ឈាម នោះ​ពុំ​អាច​នឹង​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ​បាន​ឡើយ។

តែ​បើ​សិន​ជា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​សណ្ឋិត​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម​ទៀត​ទេ គឺ​នៅ​ខាង​វិញ្ញាណ​វិញ ប៉ុន្តែ បើ​អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​មិន​មែន​ជា​របស់​ផង​ទ្រង់​ទេ ហើយ​បើ​សិន​ជា​ព្រះ‌គ្រីស្ទ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា នោះ​រូប​សាច់​បាន​ស្លាប់ ដោយ​ព្រោះ​អំពើ​បាប​មែន តែ​វិញ្ញាណ​មាន​ជីវិត​វិញ ដោយ​ព្រោះ​សេចក្ដី​សុចរិត មួយ​ទៀត បើ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អង្គ ដែល​បាន​ប្រោស​ឲ្យ​ព្រះ‌យេស៊ូវ​រស់​ពី​ស្លាប់​ឡើង​វិញ ទ្រង់​សណ្ឋិត​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា នោះ​ព្រះ‌អង្គ​នោះ​ឯង ដែល​បាន​ប្រោស​ឲ្យ​ព្រះ‌គ្រីស្ទ​រស់​ពី​ស្លាប់​ឡើង ទ្រង់​នឹង​ប្រោស​រូប‌កាយ​នៃ​អ្នក​រាល់​គ្នា​ដែល​ទៀង​តែ​ស្លាប់ ឲ្យ​មាន​ជីវិត​ឡើង​ដែរ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ដែល​សណ្ឋិត​នៅ​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា។

ដូច្នេះ បង​ប្អូន​អើយ យើង​មាន​សេចក្ដី​ជាប់​ជំពាក់ មិន​មែន​ជំពាក់​ចំពោះ​សាច់​ឈាម ឲ្យ​បាន​រស់​តាម​សាច់​ឈាម​នោះ​ទេ ដ្បិត​បើ​សិន​ជា​អ្នក​រាល់​គ្នា​រស់​តាម​សាច់​ឈាម នោះ​នឹង​ត្រូវ​ស្លាប់​ទៅ តែ​បើ​សំឡាប់​អំពើ​របស់​រូប​សាច់​ចេញ ដោយ‌សារ​ព្រះ‌វិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រស់​វិញ ហើយ​អស់​អ្នក​ណា​ដែល​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌ទ្រង់​នាំ អ្នក​ទាំង​នោះ​ហើយ​ជា​ពួក​កូន​របស់​ព្រះ អ្នក​រាល់​គ្នា​មិន​បាន​ទទួល​និស្ស័យ​ជា​បាវ​បំរើ ឲ្យ​ត្រូវ​ភ័យ​ខ្លាច​ទៀត​ឡើយ គឺ​បាន​ទទួល​និស្ស័យ​ជា​កូន​ចិញ្ចឹម​វិញ ដោយ​ហេតុ​នោះ​បាន​ជា​យើង​ស្រែក​ឡើង​ថា ឱ​អ័ប្បា ព្រះវរ‌បិតា​អើយ ហើយ​ព្រះ‌វិញ្ញាណ​ទ្រង់​ក៏​ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ បើ​សិន​ណា​ជា​កូន​ព្រះ​ហើយ នោះ​យើង​ក៏​បាន​គ្រង​មរដក​ដែរ គឺ​ជា​អ្នក​គ្រង​មរដក​នៃ​ព្រះ​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ​ផង ឲ្យ​តែ​យើង​ទទួល​រង​ទុក្ខ​ជា​មួយ​នឹង​ទ្រង់​ចុះ ដើម្បី​ឲ្យ​បាន​ដំកើង​ឡើង​ជា​មួយ​នឹង​ទ្រង់​ដែរ។ . . .

ព្រះ‌វិញ្ញាណ​ទ្រង់​ក៏​ជួយ​សេចក្ដី​កំសោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ជា​គួរ​អធិស្ឋាន​សូម​អ្វី​ទេ តែ​ព្រះ‌វិញ្ញាណ​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ ប៉ុន្តែ ព្រះ‌អង្គ​ដែល​ស្ទង់​ចិត្ត ទ្រង់​ជ្រាប​នូវ​គំនិត​នៃ​ព្រះ‌វិញ្ញាណ ដ្បិត​ព្រះ‌វិញ្ញាណ​ជួយ​អង្វរ​ជួស​ពួក​បរិសុទ្ធ ឲ្យ​ត្រូវ​នឹង​ព្រះ‌ហឫទ័យ​ព្រះ តែ​យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សំរាប់​សេចក្ដី​ល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះ‌ដំរិះ​ទ្រង់ ដ្បិត​អ្នក​ណា​ដែល​ទ្រង់​បាន​ស្គាល់​ជា​មុន នោះ​ទ្រង់​ក៏​ដំរូវ​ទុក​ជា​មុន ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ‌រាជ‌បុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​ធ្វើ​ជា​បង​ច្បង​គេ​ក្នុង​ពួក​បង​ប្អូន​ជា​ច្រើន ឯ​ពួក​អ្នក​ដែល​ទ្រង់​បាន​ដំរូវ​ទុក​ជា​មុន នោះ​ទ្រង់​ក៏​ហៅ ហើយ​ពួក​អ្នក​ដែល​ទ្រង់​បាន​ហៅ នោះ​ទ្រង់​ក៏​រាប់​ទុក​ជា​សុចរិត ហើយ​ពួក​អ្នក​ដែល​ទ្រង់​បាន​រាប់​ជា​សុចរិត នោះ​ទ្រង់​ក៏​បាន​ដំកើង​ឡើង​ដែរ។

ដូច្នេះ យើង​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​ទាំង​នេះ​ថា​ដូច​ម្តេច បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន ឯ​ព្រះ‌អង្គ ដែល​មិន​បាន​សំចៃ​ទុក​នូវ​ព្រះ‌រាជ‌បុត្រា​ទ្រង់​បង្កើត គឺ​បាន​បញ្ជូន​ទ្រង់​ទៅ​ជំនួស​យើង​រាល់​គ្នា នោះ​តើ​មាន​ទំនង​អ្វី ឲ្យ​ទ្រង់​មិន​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង ជា​មួយ​នឹង​ព្រះ‌រាជ‌បុត្រា​ទ្រង់​នោះ​ផង តើ​អ្នក​ណា​នឹង​ចោទ​ប្តឹង​ពី​ពួក​រើស​តាំង​របស់​ព្រះ​បាន ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​ទ្រង់​រាប់​គេ​ជា​សុចរិត តើ​អ្នក​ណា​នឹង​កាត់​ទោស​គេ​បាន ដ្បិត​ព្រះ‌គ្រីស្ទ​ទ្រង់​បាន​សុគត​ជំនួស​គេ​ហើយ តែ​ដែល​ថា ទ្រង់​រស់​ឡើង​វិញ នោះ​មាន​ទំនង​ជាង ទ្រង់​ក៏​គង់​នៅ​ខាង​ស្តាំ​នៃ​ព្រះ ហើយ​ជា​អ្នក​អង្វរ​ជំនួស​យើង​រាល់​គ្នា​ដែរ តើ​អ្នក​ណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ផង​ព្រះ‌គ្រីស្ទ​បាន តើ​សេចក្ដី​ទុក្ខ​លំបាក ឬ​សេចក្ដី​វេទនា សេចក្ដី​បៀត‌បៀន សេចក្ដី​អត់‌ឃ្លាន សេចក្ដី​អាក្រាត សេចក្ដី​អន្តរាយ ឬ​ដាវ​ឬ​អី ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា

«យើង​ខ្ញុំ​ត្រូវ​គេ​សំឡាប់​វាល់​ព្រឹក​វាល់​ល្ងាច ដោយ​យល់​ដល់​ទ្រង់» គេ​រាប់​យើង​ទុក​ដូច​ជា​ចៀម​ដែល​សំរាប់​សំឡាប់

ទេ គឺ​ក្នុង​សេចក្ដី​ទាំង​នោះ យើង​ខ្ញុំ​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យ‌ជំនះ​ទៅ​ទៀត ដោយ‌សារ​ព្រះ‌អង្គ​ដែល​ទ្រង់​ស្រឡាញ់​យើង ដ្បិត​ខ្ញុំ​ជឿ‌ជាក់​ថា ទោះ​ស្លាប់ ឬ​រស់ ពួក​ទេវតា ឬ​អំណាច​អ្វី ការ​អ្វី​នៅ​ជាន់​នេះ ឬ​ទៅ​មុខ ឬ​ឥទ្ធិ‌ឫទ្ធិ​អ្វី ទី​មាន​កំពស់ ទី​ជំរៅ ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្តី នោះ​ពុំ​អាច​នឹង​ពង្រាត់​យើង ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ បាន​ឡើយ។

(អានបន្ថែម)

កូល៉ុស ៣:១២-១៧

ដូច្នេះ ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត នឹង​ចិត្ត​អត់‌ធ្មត់ ទុក​ដូច​ជា​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួន‌ភ្ងា​ដល់​ព្រះ​ចុះ ហើយ​ទ្រាំ‌ទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក បើ​អ្នក​ណា​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ ចូរ​បន្ថែម​ទាំង​សេចក្ដី​ស្រឡាញ់​ថែម​ទៀត ជា​ចំណង​នៃ​សេចក្ដី​គ្រប់​លក្ខណ៍ ចូរ​ឲ្យ​សេចក្ដី​មេត្រី​របស់​ព្រះ‌គ្រីស្ទ​ត្រួត‌ត្រា​នៅ​ក្នុង​ចិត្ត ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្ដី​នោះ​ឯង ឲ្យ​មាន​រូប‌កាយ​តែ​១ ហើយ​ត្រូវ​ដឹង​គុណ​ផង។

ចូរ​ឲ្យ​ព្រះ‌បន្ទូល​នៃ​ព្រះ‌គ្រីស្ទ បាន​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ជា​បរិបូរ ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង ទាំង​បង្រៀន ហើយ​ទូន្មាន​គ្នា ដោយ​នូវ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ នឹង​ចំរៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង​ក្នុង​ចិត្ត​ថ្វាយ​ព្រះ ដោយ​ព្រះ‌គុណ ហើយ​ក្នុង​គ្រប់​ទាំង​អស់ ទោះ​បើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សំដី​ឬ​កិរិយា​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់ ដោយ​ព្រះ‌នាម​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ដោយ‌សារ​ទ្រង់​ផង។

(អានបន្ថែម)

រ៉ូម ១២:១-២

ដូច្នេះ បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ដោយ​សេចក្ដី​មេត្តា‌ករុណា​នៃ​ព្រះ ឲ្យ​បាន​ថ្វាយ​រូប‌កាយ​ទុក​ជា​យញ្ញ‌បូជា​រស់ ហើយ​បរិសុទ្ធ ដែល​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ ជា​ការ​គោរព​នៃ​អ្នក​រាល់​គ្នា ដែល​មាន​ទំនង កុំ​ឲ្យ​ត្រាប់​តាម​សម័យ​នេះ​ឡើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​វិញ ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង ដើម្បី​នឹង​អាច​ល​មើល​ឲ្យ​បាន​ស្គាល់​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះ ដែល​ល្អ ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​ផង

(អានបន្ថែម)

Scroll to Top