នៅពេលដែលព្រះយេស៊ូវ និងពួកសិស្សទ្រង់ធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ពួកគេធ្វើដំណើរដោយថ្មើរជើង។ តើអ្នកគិតថា ពួកគេបានធ្វើអ្វីខ្លះនៅពេលពួកគេដើរ?
ព្រះគម្ពីរប្រើរូបភាពនៃការដើរ ដើម្បីបង្ហាញអំពីរបៀបដែលយើងធ្វើដំណើរក្នុងជីវិត។ ការបកប្រែព្រះគម្ពីរខ្លះជំនួសពាក្យ «ដើរ» ដោយពាក្យដូចជា «ប្រព្រឹត្ត» «ធ្វើទង្វើ» ឬ «រស់នៅ»។ ពាក្យទាំងនោះសុទ្ធតែពិពណ៌នាអំពីរបៀបដែលយើងដើរក្នុងជីវិតជាមួយព្រះ។
ការពិភាក្សា : ការពិភាក្សា៖ តើរូបភាពនៃ «ការដើរ» នៅក្នុងខគម្ពីរខាងក្រោម មានអត្ថន័យបែបណាខ្លះ?
លោកុប្បត្តិ ៦:៩ នេះជាពង្សាវតាររបស់ណូអេ គាត់ជាអ្នកសុចរិត ហើយគ្រប់លក្ខណ៍នៅក្នុងដំណវង្សខ្លួន គាត់ក៏ដើរជាមួយនឹងព្រះ
ទំនុកដំកើង ៨១:១៣ «ឱបើប្រសិនណាជារាស្ត្រអញនឹងស្តាប់តាមអញ ឱបើអ៊ីស្រាអែលនឹងដើរតាមផ្លូវអញទៅអេះ»
មីកា ៤:៥ នោះទោះបើអស់ទាំងសាសន៍ប្រព្រឹត្តតាមឈ្មោះរបស់ព្រះនៃគេរៀងខ្លួន គង់តែយើងរាល់គ្នានឹងប្រព្រឹត្តតាមព្រះនាមនៃព្រះយេហូវ៉ា ជាព្រះនៃយើង ជាដរាបរៀងតទៅវិញ។
កូល៉ុស ១:១០ ដើម្បីឲ្យបានដើរបែបគួរនឹងព្រះអម្ចាស់ ទាំងគាប់ចិត្តដល់មនុស្សទាំងអស់ ឲ្យបានបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង។
១ យ៉ូហាន ២:៦ អ្នកណាដែលថាខ្លួននៅក្នុងទ្រង់ (ព្រះយេស៊ូវ) នោះត្រូវតែប្រព្រឹត្តដូចជាទ្រង់ដែរ។
២ កូរិនថូស ៥:៧ ដ្បិតយើងខ្ញុំដើរដោយជំនឿ មិនមែនដោយមើលឃើញទេ។
ការគិតពិចារណា : តើរូបភាពនៃការដើរជាមួយព្រះ បង្ហាញអ្វីខ្លះដល់អ្នក?
ការដើរដោយព្រះវិញ្ញាណ
អេសេគាល ៣៦:២៧ ពន្យល់ថា ព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងយើង ជួយឲ្យយើងដើរតាមផ្លូវដែលព្រះសព្វព្រះហឫទ័យ។
អេសេគាល ៣៦:២៧
អញនឹងដាក់វិញ្ញាណរបស់អញនៅក្នុងឯងរាល់គ្នា ហើយបណ្តាលឲ្យឯងរាល់គ្នាដើរតាមក្រឹត្យក្រម ហើយរក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមផង
កាឡាទី ជំពូក ៥ ប្រាប់យើងកាន់តែលម្អិតអំពីរបៀបដែលយើងដើរដោយព្រះវិញ្ញាណ។
កាឡាទី ៥:១៦-១៨, ២៤-២៥
តែខ្ញុំប្រាប់ថា ចូរដើរក្នុងព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងមិនបំពេញសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាមទេ ដ្បិតសាច់ឈាមតែងតែប៉ងប្រាថ្នាទាស់នឹងព្រះវិញ្ញាណ ឯព្រះវិញ្ញាណ ទ្រង់ក៏ទាស់នឹងសាច់ឈាមដែរ សេចក្ដីទាំង២នេះប្រឆាំងនឹងគ្នា ដល់ម៉្លេះបានជាអ្នករាល់គ្នារកធ្វើការ ដែលចង់ធ្វើទៅមិនកើត បើព្រះវិញ្ញាណទ្រង់នាំអ្នករាល់គ្នាវិញ នោះអ្នករាល់គ្នាមិននៅក្រោមបន្ទុកក្រិត្យវិន័យទៀតទេ . . . ហើយអស់អ្នកដែលជារបស់ផងព្រះគ្រីស្ទ នោះបានឆ្កាងសាច់ឈាមហើយ ព្រមទាំងសេចក្ដីរំជួល នឹងសេចក្ដីប៉ងប្រាថ្នាទាំងប៉ុន្មានផង បើសិនជាយើងរស់ដោយនូវព្រះវិញ្ញាណ នោះត្រូវដើរដោយព្រះវិញ្ញាណដែរ
ការរកឃើញ : តើយើងជួបប្រទះការប្រឆាំងអ្វីខ្លះ នៅពេលយើងដើរជាមួយព្រះ?
ការរកឃើញ : តើយើងអាចធ្វើដំណើរនៅក្នុងជីវិតនេះ ដោយមិនបំពេញតាមបំណងចិត្តខាងសាច់ឈាមដោយរបៀបណា?
ការរកឃើញ : តើមានអ្វីកើតឡើងចំពោះចរិតចាស់ (សាច់ឈាម) និងអំណាចនៃអំពើបាបមកលើយើង?
ការពិភាក្សា : តើការណ៍នេះរំដោះយើងពីក្រឹត្យវិន័យយ៉ាងដូចម្ដេច ដើម្បីឲ្យយើងអាចដើរតាមព្រះវិញ្ញាណ?
យើងដើរតាមព្រះវិញ្ញាណ ពេលយើងថ្វាយឲ្យទ្រង់គ្រប់គ្រងលើយើង ហើយដើរតាមការដឹកនាំរបស់ទ្រង់។ ឃ្លា «ដើរ» ដែលប្រើក្នុងខគម្ពីរ កាឡាទី ៥:២៥ គឺជាពាក្យយោធាដែលប្រើដើម្បីពិពណ៌នាអំពីការដើរជាក្បួនតាមឋានន្តរសក្ដិ។ ទាហានដើរជាក្បួនទៅតាមមេដឹកនាំរបស់ពួកគេ។
ការគិតពិចារណា : តើនឹងមានអ្វីកើតឡើង ប្រសិនបើទាហានដើរក្បួន បែរជាជ្រើសរើសដើរតែតាមចិត្តខ្លួនឯង?
ការពិភាក្សា : តើយើងអាចរក្សាជំហានទៅតាមព្រះវិញ្ញាណដោយមិនឲ្យទ្រង់គ្រប់គ្រងលើយើងបានទេ?
ព្រះសព្វព្រះហឫទ័យឲ្យយើងរស់នៅតាមការដឹកនាំរបស់ទ្រង់ ដោយដើរតាមការដឹកនាំរបស់ទ្រង់ពីមួយថ្ងៃទៅមួយថ្ងៃ មួយពេលទៅមួយពេល។ សូមមើលអំពីរបៀបដែលកិច្ចការនេះអាច ឬមិនអាចកើតឡើងនៅក្នុងជីវិតរបស់យើង។
ការជ្រើសរើសដើម្បីឆ្លើយតបតាមរយៈព្រះវិញ្ញាណ
សូមស្រមៃមើលសេណារីយ៉ូខាងក្រោម ៖
មានសិស្សម្នាក់នៅក្នុងថ្នាក់របស់អ្នក តែងតែមិនអើពើនឹងការបង្រៀនរបស់អ្នកម្តងហើយម្តងទៀត។ អ្នកក៏ដោះស្រាយជាមួយគាត់ ចំពោះអាកប្បកិរិយាបែបនេះ ប៉ុន្តែគាត់នៅតែបន្តធ្វើបែបនេះពេញមួយសប្តាហ៍ ហើយហាក់ដូចជាកាន់តែពិបាកទៅៗ។ ថ្ងៃនេះ នៅពេលអ្នករម្លឹកកុមារនោះពីអ្វីដែលត្រូវធ្វើ គាត់និយាយតបមកអ្នកវិញបែបឈ្លើយ ហើយថែមទាំងជេរអ្នកទៀតផង។
ការចែកចាយ : តើប្រតិកម្មធម្មតា (ចរិតចាស់) របស់អ្នក នឹងតបទៅគាត់បែបណា?
យើងមិនត្រូវឆ្លើយតបដោយកំហឹង ឬភាពឆេវឆាវនោះទេ។ ព្រះបានប្រទានព្រះចេស្ដាដល់យើង ដើម្បីឲ្យយើងអាចឆ្លើយតបក្នុងនាមជាមនុស្សថ្មី ជំនួសឲ្យតាមចរិតចាស់របស់យើង។ កូល៉ុស ៣:១២-១៥ បង្ហាញដល់យើងនូវរូបភាពអំពីរបៀបដែលជីវិតថ្មី ដែលបង្កើតឡើងតាមរូបអង្គនៃព្រះគ្រីស្ទ អាចឆ្លើយតបបានក្នុងស្ថានភាពណាមួយ។
កូល៉ុស ៣:១២-១៥
ដូច្នេះ ចូរប្រដាប់កាយ ដោយចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត នឹងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំង ដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះចុះ ហើយទ្រាំទ្រគ្នា ទាំងអត់ទោសទៅវិញទៅមក បើអ្នកណាមានហេតុទាស់នឹងអ្នកណា នោះចូរអត់ទោសឲ្យគេចុះ ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរ ចូរបន្ថែមទាំងសេចក្ដីស្រឡាញ់ថែមទៀត ជាចំណងនៃសេចក្ដីគ្រប់លក្ខណ៍ ចូរឲ្យសេចក្ដីមេត្រីរបស់ព្រះគ្រីស្ទត្រួតត្រានៅក្នុងចិត្ត ដែលទ្រង់បានហៅអ្នករាល់គ្នាមកក្នុងសេចក្ដីនោះឯង ឲ្យមានរូបកាយតែ១ ហើយត្រូវដឹងគុណផង។
ការរកឃើញ : តើយើងអាចជ្រើសរើសប្រដាប់កាយដោយអ្វីខ្លះ?
ការចែកចាយ : តើលក្ខណៈ «ចរិតថ្មី» មួយណា ដែលពិបាកបំផុតសម្រាប់អ្នកក្នុងការបង្ហាញឡើង នៅក្នុងស្ថានភាពនេះ?
ការពិភាក្សា : តើអាចទៅរួចទេក្នុងការបង្ហាញលក្ខណៈទាំងនេះតាមរយៈការខិតខំប្រឹងប្រែងរបស់អ្នកផ្ទាល់? តើមានលទ្ធផលយ៉ាងណានៅពេលអ្នកព្យាយាម?
ជួនកាលយើងគិតខុសថា គោលដៅសំខាន់គឺបង្ហាត់ខ្លួនយើងឲ្យធ្វើដូចព្រះគ្រីស្ទ។ យើងជឿជាក់ថា ប្រសិនបើយើងព្យាយាមឲ្យបានគ្រប់គ្រាន់ យើងនឹងអាចធ្វើអាកប្បកិរិយាត្រឹមត្រូវ។ (តើអ្នកបាននិយាយមកកាន់ខ្លួនអ្នកញឹកញាប់ប៉ុណ្ណាថា «ថ្ងៃនេះខ្ញុំនឹងអត់ធ្មត់ជាងនេះ!»?) ប៉ុន្តែសមត្ថភាព និងធនធានរបស់យើងមិនគ្រប់គ្រាន់ទេ ដែលនេះបង្ហាញឲ្យយើងឃើញកាន់តែច្បាស់ នៅពេលដែលយើងជួបស្ថានភាពដែលធ្វើឲ្យយើងទប់អារម្មណ៍លែងបាន។ ផ្ទុយទៅវិញ ព្រះចង់ឲ្យយើងពឹងផ្អែកលើទ្រង់ និងធនធានរបស់ទ្រង់។
ការរកឃើញ : យោងតាម កូល៉ុស ៣:១២-១៥យើងអាចទទួលបានសេចក្ដីមេត្រី (ឬសេចក្ដីសុខសាន្ដ)។ តើអ្នកណាជាអ្នកផ្តល់សេចក្ដីមេត្រី? តើយើងមានតួនាទីអ្វី?
ព្រះប្រទានសេចក្ដីមេត្រីរបស់ទ្រង់ និងលក្ខណៈសម្បត្តិអត្តចរិតរបស់ទ្រង់មកយើងដើម្បី «បំពាក់» នៅលើជីវិតយើង។ នៅពេលយើងដើរតាមព្រះវិញ្ញាណ នោះយើងជ្រើសរើសឲ្យទ្រង់ដឹកនាំ ហើយបង្កើតលទ្ធផលផ្លែផ្កា ជាជាងពឹងលើការខិតខំរបស់យើងផ្ទាល់។
នៅពេលយើងថ្វាយឲ្យព្រះវិញ្ញាណបរិសុទ្ធគ្រប់គ្រងជីវិតរបស់យើង ទ្រង់នាំយើងឲ្យរស់នៅដូចព្រះយេស៊ូវបានរស់នៅ។
ការគិតពិចារណា : នៅក្នុងសេណារីយ៉ូខាងលើ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធគ្រប់គ្រងជីវិតរបស់អ្នក តើទ្រង់នឹងអាចឲ្យអ្នកឆ្លើយតបយ៉ាងដូចម្តេច?
ការចែកចាយ : តើការប្រដាប់កាយ (អនុវត្ត) នូវអត្តចរិតដែលស្របតាមព្រះ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ នឹងអាចឲ្យអ្នកដោះស្រាយជាមួយនឹងស្ថានភាពលំបាកដែលអ្នកកំពុងប្រឈមមុខដោយរបៀបណា?
ការបន្តពឹងផ្អែកលើទ្រង់ជាបន្តបន្ទាប់
ទូរសព្ទដៃរបស់អ្នកផ្តល់ឲ្យអ្នកនូវធនធានល្អៗមិនគួរឲ្យជឿ ប៉ុន្តែនៅពេលវាអស់ថ្ម នោះទូរសព្ទអ្នកគ្មានថាមពលទេ។ តើជាការអស្ចារ្យទេ បើមានទូរសព្ទដៃដែលមិនត្រូវសាកថ្ម? យើងអាចទទួលបានការណែនាំ និងព្រះចេស្ដារបស់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីរស់នៅតាមមាគ៌ារបស់ព្រះជាប់លាប់ជាបន្តបន្ទាប់ ដោយមិនដែលអស់ឡើយ។ យើងឃើញវានៅក្នុងការពិពណ៌នារបស់ព្រះយេស៊ូវអំពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុង យ៉ូហាន ៧:៣៧-៣៩ និង យ៉ូហាន ៤:១៤.
យ៉ូហាន ៧:៣៧-៣៩
នៅថ្ងៃក្រោយបង្អស់ ជាថ្ងៃបុណ្យយ៉ាងសំខាន់ នោះព្រះយេស៊ូវទ្រង់ឈរបន្លឺឧទានប្រកាសឡើងថា បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក ដូចជាគម្ពីរសំដែងហើយ តែសេចក្ដីនេះ គឺទ្រង់មានបន្ទូលពីព្រះវិញ្ញាណ ដែលអស់អ្នកជឿដល់ទ្រង់នឹងត្រូវទទួល ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមក ដោយព្រោះព្រះយេស៊ូវមិនទាន់បានដំកើងឡើងនៅឡើយ
យ៉ូហាន ៤:១៤
. . . តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច។
ការពិភាក្សា : តើព្រះយេស៊ូវប្រៀបធៀបការស្រេកទឹករបស់យើងទៅនឹងសេចក្តីត្រូវការខាងវិញ្ញាណរបស់យើងក្នុងជីវិតប្រចាំថ្ងៃយ៉ាងដូចម្តេច (ដូចជាសន្តិភាព ឬសេចក្តីអត់ធ្មត់)?
ការរកឃើញ : តើយើងទទួលបានទឹកនេះដោយរបៀបណា ដែលអនុញ្ញាតឲ្យយើងរស់នៅតាមព្រះបំណងបំណងរបស់ព្រះ?
ការគិតពិចារណា : តើព្រះយេស៊ូវចង់ឲ្យយើងរៀនអ្វីខ្លះអំពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់យើង ពីរូបភាពទឹកទាំងពីរនេះ?
ការពិភាក្សា : តើទឹកទន្លេដែលហូរ និងអណ្តូងទឹកដែលផុសទឹកឡើង ប្រៀបធៀបយ៉ាងណាទៅនឹងធុងទឹកដែលតែងតែត្រូវការចាក់បំពេញជានិច្ច?
ការចែកចាយ : តើបទពិសោធរបស់អ្នកអំពីព្រះដែលផ្គត់ផ្គង់តម្រូវការរបស់អ្នក ប្រៀបបាននឹងទឹកទន្លេហូរ ឬក៏ធុងទឹកដែលត្រូវការចាក់បំពេញបន្ថែម?
នៅពេលយើងអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធគ្រប់គ្រងជីវិតយើង អ្វីដែលហូរចេញពីយើងមក គឺហូរមកដោយផ្ទាល់ពីទ្រង់ និងពេញលេញពីទ្រង់ ។ យើងមិនចាំបាច់ប្រមូលកម្លាំងចិត្តរបស់យើងដើម្បីធ្វើរឿងត្រឹមត្រូវ ឬអង្វរទ្រង់ឲ្យជួយយើងនោះទេ។ ប្រសិនបើយើងជ្រើសរើសឲ្យព្រះវិញ្ញាណគ្រប់គ្រង នោះអត្តចរិត និងសកម្មភាពរបស់ព្រះយេស៊ូវនឹងហូរចេញពីយើងតាមធម្មជាតិ។ យើង «ដើរដោយសេចក្ដីជំនឿ មិនមែនដោយការមើលឃើញឡើយ» (២ កូរិនថូស ៥:៧) ដោយទុកចិត្តព្រះឲ្យធ្វើការក្នុងយើង និងតាមរយៈយើង។ នេះគឺជា ជីវិតដែលពោរពេញដោយព្រះវិញ្ញាណ។.
ការនៅជាប់នឹងទ្រង់
នៅក្នុង យ៉ូហាន ១៤:១៧ ព្រះយេស៊ូវបានសន្យាថា ព្រះវិញ្ញាណបរិសុទ្ធនឹង គង់ជាមួយ ក៏នឹងសណ្ឋិតនៅក្នុងអ្នករាល់គ្នាដែរ» ។ តាមរយៈការរស់នៅតាមការគ្រប់គ្រងរបស់ព្រះវិញ្ញាណបរិសុទ្ធក្នុងជីវិតរបស់យើង យើងអាចជួបប្រទះនូវអ្វីដែលលោកប៉ុលពិពណ៌នានៅក្នុង កាឡាទី ២:២០៖ «ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ»។
យ៉ូហាន ជំពូក ១៥ ផ្តល់ឲ្យយើងនូវរូបភាពមួយផ្សេងទៀតដើម្បីពិពណ៌នាអំពីព្រះវិញ្ញាណបរិសុទ្ធដែលហូរតាមរយៈយើង អ្វីដែលទ្រង់បង្កើត និងតួនាទីរបស់យើងនៅក្នុងនោះ។
សូមអាន យ៉ូហាន ១៥:៤-៥.
យ៉ូហាន ១៥:៤-៥
ចូរនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នករាល់គ្នាចុះ ប្រៀបដូចជាខ្នែង បើមិននៅជាប់នឹងគល់ នោះពុំអាចនឹងបង្កើតផលដោយឯកឯងបានទេ ដូច្នេះ អ្នករាល់គ្នាក៏ពុំបានដែរ លើកតែនៅជាប់នឹងខ្ញុំ ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ។
ការពិភាក្សា : តើការប្រៀបធៀបរបស់ព្រះយេស៊ូវដែលទ្រង់ជាដើមទំពាំងបាយជូរ និងយើងជាមែក ប្រាប់យើងអំពីទំនាក់ទំនងរបស់យើងជាមួយទ្រង់យ៉ាងណា?
មែកខ្លួនឯងមិនមានអំណាចលូតលាស់ ឬបង្កើតផលទេ។ ទឹក និងសារធាតុរ៉ែត្រូវហូរចេញពីដើមទំពាំងបាយជូរទៅកាន់មែកដើម្បីផ្តល់ជីវិត ធ្វើឲ្យមានការលូតលាស់ និងបង្កើតផល។ ព្រះយេស៊ូវគង់នៅក្នុងយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដោយធ្វើការទាំងនោះដូចគ្នា។
ការរកឃើញ : តើយើងនឹងអាចបង្កើតផលផ្លែអ្វី ប្រសិនបើយើងមិនអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធគ្រប់គ្រងជីវិតរបស់យើង?
ការរកឃើញ : តើយើងត្រូវការអ្វីខ្លះ ដើម្បីបង្កើតផល?
ការពិភាក្សា : តើ «ការនៅជាប់» មានន័យដូចម្តេច? ហេតុអ្វីបានជាយើងត្រូវនៅជាប់នឹងទ្រង់ ដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធធ្វើការ នៅក្នុងយើង និងតាមរយៈយើង?
ការរកឃើញ : យោងតាម កាឡាទី ៥:២២-២៣តើព្រះវិញ្ញាណបង្កើតផលអ្វីខ្លះ?
កាឡាទី ៥:២២-២៣
តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត គ្មានក្រិត្យវិន័យណាទាស់នឹងសេចក្ដីយ៉ាងនោះទេ។
នៅពេលយើងនៅជាប់នឹងព្រះគ្រីស្ទ យើងទទួលស្គាល់ថាយើងពឹងផ្អែកលើទ្រង់ ហើយយើងផ្ចង់ចិត្តទៅលើទ្រង់។ នេះអាចឲ្យយើងបន្តបោះជំហានតាមការដឹកនាំរបស់ទ្រង់ ហើយពឹងលើព្រះវិញ្ញាណបរិសុទ្ធដើម្បីធ្វើឲ្យវាអាចទៅរួច។ សូមអាន រ៉ូម ៨:៥.
ការពិភាក្សា : តើធ្វើយ៉ាងណា ដើម្បីផ្ចង់ចិត្តរបស់អ្នក ដោយគិតតែអ្វីៗដែលមកពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលកំពុងធ្វើការងាររបស់អ្នក?
នៅពេលយើងឲ្យព្រះវិញ្ញាណបរិសុទ្ធគ្រប់គ្រងយើង នោះយើងប្រព្រឹត្តដោយជំនឿ ដោយទុកចិត្តទ្រង់ដើម្បីធ្វើការនៅក្នុងយើង និងតាមរយៈយើង ក្នុងគ្រប់កិច្ចការដែលយើងធ្វើ។ នេះអាចក្លាយទៅជាធម្មជាតិសម្រាប់យើង ដែលយើងមិនចាំបាច់ផ្តោតលើរបៀបក្នុងការដើរតាមព្រះវិញ្ញាណទេ ប៉ុន្តែយើងផ្ដោតលើព្រះវត្តមានរបស់ព្រះដែលដើរជាមួយយើង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនរណាម្នាក់កំពុងរៀនដើរតាមព្រះវិញ្ញាណ ពួកគេប្រហែលជាចង់ពិនិត្យមើលជាញឹកញាប់ថា តើពួកគេបានដើរតាមព្រះវិញ្ញាណបរិសុទ្ធ ហើយមានឆន្ទៈឲ្យទ្រង់បង្កើតផលផ្លែតាមរយៈពួកគេដែរឬទេ។ កាលណាយើងនៅជាប់នឹងព្រះគ្រីស្ទកាន់តែច្រើន នោះវាកាន់តែមានលក្ខណៈធម្មជាតិ។
ការបន្តឆ្ពោះទៅមុខ
ការបញ្ជាក់ : តើអ្នកមានគំនិត ឬសំណួរអ្វីខ្លះ?
ការសង្ខេប : តើការពោរពេញដោយព្រះវិញ្ញាណធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតរបស់យើងយ៉ាងដូចម្ដេច?
ការអនុវត្ត : តើអ្នកអាចផ្ដោតលើការដើរតាមព្រះវិញ្ញាណក្នុងសប្ដាហ៍នេះដោយរបៀបណា?
ការចែកចាយបន្ត : ប្រសិនបើនរណាម្នាក់កត់សម្គាល់ថា អ្នកកំពុងមានប្រតិកម្មខុសពីមុន តើអ្នកអាចពន្យល់ពីភាពខុសប្លែករបស់អ្នកដោយរបៀបណា?
ការពង្រឹង ៖
នៅសប្តាហ៍នេះ នៅពេលអ្នកអានខគម្ពីរទាំងនេះ សូមគិតពិចារណាពីភាពល្អរបស់ព្រះ ក្នុងការប្រទានព្រះវិញ្ញាណរបស់ទ្រង់ដល់អ្នក នៅពេលអ្នកដើរក្នុងជីវិត។
រ៉ូម ៨:១-១១
ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ ដ្បិតអំណាចរបស់ព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះបានប្រោសឲ្យខ្ញុំរួចពីអំណាចរបស់អំពើបាប នឹងសេចក្ដីស្លាប់ហើយ ពីព្រោះ ឯការដែលក្រិត្យវិន័យធ្វើមិនកើតដោយមានសេចក្ដីកំសោយ ព្រោះសាច់ឈាម នោះព្រះទ្រង់បានធ្វើវិញ ដោយចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក មានរូបអង្គ បែបដូចជាសាច់ឈាមដែលតែងតែមានបាប ហើយដោយព្រោះអំពើបាប ក៏កាត់ទោសអំពើបាបនៅក្នុងសាច់ឈាម ដើម្បីឲ្យសេចក្ដីដែលក្រិត្យវិន័យបង្គាប់មក បានសំរេចក្នុងខ្លួនយើងរាល់គ្នា ដែលមិនដើរតាមសាច់ឈាម គឺដើរតាមព្រះវិញ្ញាណវិញ ពីព្រោះអស់អ្នកណាដែលតាមសាច់ឈាម នោះគិតតែខាងសាច់ឈាម តែអស់អ្នកណាដែលតាមព្រះវិញ្ញាណ នោះគិតតែខាងវិញ្ញាណវិញ ដ្បិតគំនិតខាងសាច់ឈាម នោះជាសេចក្ដីស្លាប់ទទេ ឯគំនិតនៃព្រះវិញ្ញាណ នោះទើបជាជីវិត នឹងសេចក្ដីសុខសាន្តវិញ ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រិត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង ពួកអ្នកដែលនៅខាងសាច់ឈាម នោះពុំអាចនឹងគាប់ព្រះហឫទ័យដល់ព្រះបានឡើយ។
តែបើសិនជាព្រះវិញ្ញាណនៃព្រះសណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅខាងសាច់ឈាមទៀតទេ គឺនៅខាងវិញ្ញាណវិញ ប៉ុន្តែ បើអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ អ្នកនោះមិនមែនជារបស់ផងទ្រង់ទេ ហើយបើសិនជាព្រះគ្រីស្ទសណ្ឋិតក្នុងអ្នករាល់គ្នា នោះរូបសាច់បានស្លាប់ ដោយព្រោះអំពើបាបមែន តែវិញ្ញាណមានជីវិតវិញ ដោយព្រោះសេចក្ដីសុចរិត មួយទៀត បើព្រះវិញ្ញាណនៃព្រះអង្គ ដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ទ្រង់សណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះព្រះអង្គនោះឯង ដែលបានប្រោសឲ្យព្រះគ្រីស្ទរស់ពីស្លាប់ឡើង ទ្រង់នឹងប្រោសរូបកាយនៃអ្នករាល់គ្នាដែលទៀងតែស្លាប់ ឲ្យមានជីវិតឡើងដែរ ដោយសារព្រះវិញ្ញាណទ្រង់ ដែលសណ្ឋិតនៅក្នុងខ្លួនអ្នករាល់គ្នា។
កាឡាទី ៣:១-៦
ឱពួកអ្នកស្រុកកាឡាទីឥតបើគិតអើយ ដែលបានបើកសំដែងព្រះយេស៊ូវគ្រីស្ទមកយ៉ាងច្បាស់ នៅភ្នែកអ្នករាល់គ្នា ហើយទាំងជាប់ឆ្កាងផង នោះតើអ្នកណាបានធ្វើអំពើដាក់អ្នករាល់គ្នា ឲ្យលែងស្តាប់តាមសេចក្ដីពិតវិញដូច្នេះ ខ្ញុំចង់សួរអ្នករាល់គ្នាតែប៉ុណ្ណេះថា តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណ ដោយប្រព្រឹត្តតាមក្រិត្យវិន័យ ឬដោយបានស្តាប់ ទាំងមានសេចក្ដីជំនឿ តើអ្នករាល់គ្នាជាមនុស្សឥតបើគិតជាខ្លាំងដល់ម៉្លេះឬអី ដែលបានចាប់ផ្តើម ដោយព្រះវិញ្ញាណហើយ តើឥឡូវនេះបានគ្រប់លក្ខណ៍ឡើង ដោយសាច់ឈាមវិញឬ តើបានរងទុក្ខច្រើនម៉្លេះជាឥតប្រយោជន៍ឬអី គឺបើជាឥតប្រយោជន៍មែន ឯព្រះ ដែលទ្រង់ប្រទានព្រះវិញ្ញាណមកអ្នករាល់គ្នា ហើយធ្វើការឫទ្ធិបារមីក្នុងពួកអ្នករាល់គ្នា នោះតើដោយអ្នករាល់គ្នាប្រព្រឹត្តតាមក្រិត្យវិន័យ ឬដោយស្តាប់ ទាំងមានសេចក្ដីជំនឿវិញ ដូចជាលោកអ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្ដីនោះ បានរាប់ជាសេចក្ដីសុចរិតដល់លោក។
កាឡាទី ៥:១៦-២៦
តែខ្ញុំប្រាប់ថា ចូរដើរក្នុងព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងមិនបំពេញសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាមទេ ដ្បិតសាច់ឈាមតែងតែប៉ងប្រាថ្នាទាស់នឹងព្រះវិញ្ញាណ ឯព្រះវិញ្ញាណ ទ្រង់ក៏ទាស់នឹងសាច់ឈាមដែរ សេចក្ដីទាំង២នេះប្រឆាំងនឹងគ្នា ដល់ម៉្លេះបានជាអ្នករាល់គ្នារកធ្វើការ ដែលចង់ធ្វើទៅមិនកើត បើព្រះវិញ្ញាណទ្រង់នាំអ្នករាល់គ្នាវិញ នោះអ្នករាល់គ្នាមិននៅក្រោមបន្ទុកក្រិត្យវិន័យទៀតទេ រីឯកិច្ចការខាងសាច់ឈាម នោះប្រាកដច្បាស់ហើយ គឺជាសេចក្ដីកំផិត សហាយស្មន់ ស្មោកគ្រោក អាសអាភាស ថ្វាយបង្គំរូបព្រះ មន្តអាគម សំអប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន កាប់សំឡាប់ ប្រមឹក ស៊ីផឹកជ្រុល នឹងការអ្វីទៀត ដែលស្រដៀងនឹងសេចក្ដីទាំងនេះផង ហើយខ្ញុំប្រាប់អ្នករាល់គ្នាទុកជាមុន ដូចជាបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តដូច្នេះ នោះមិនបានគ្រងនគរព្រះទុកជាមរដកឡើយ តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត គ្មានក្រិត្យវិន័យណាទាស់នឹងសេចក្ដីយ៉ាងនោះទេ ហើយអស់អ្នកដែលជារបស់ផងព្រះគ្រីស្ទ នោះបានឆ្កាងសាច់ឈាមហើយ ព្រមទាំងសេចក្ដីរំជួល នឹងសេចក្ដីប៉ងប្រាថ្នាទាំងប៉ុន្មានផង។
បើសិនជាយើងរស់ដោយនូវព្រះវិញ្ញាណ នោះត្រូវដើរដោយព្រះវិញ្ញាណដែរ កុំឲ្យយើងរាល់គ្នារកកេរ្តិ៍ឈ្មោះ ដែលឥតប្រយោជន៍ ទាំងចាក់រុក ហើយឈ្នានីសគ្នាទៅវិញទៅមកឡើយ។
អេភេសូរ ៥:១៥-២១
ដូច្នេះ ត្រូវប្រយ័តដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ ទាំងលៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះអាក្រក់ណាស់ ដូច្នេះ កុំឲ្យខ្លៅល្ងង់ឡើយ ត្រូវខំឲ្យយល់បំណងព្រះហឫទ័យព្រះអម្ចាស់វិញ កុំឲ្យស្រវឹងស្រា ដែលនាំឲ្យព្រើលចិត្តឡើយ តែចូរឲ្យបានពេញជាព្រះវិញ្ញាណវិញ ហើយនិយាយគ្នាទៅវិញទៅមក ដោយបទទំនុកដំកើង ទំនុកបរិសុទ្ធ នឹងចំរៀងខាងឯវិញ្ញាណ ទាំងច្រៀង ហើយសរសើរដល់ព្រះអម្ចាស់ដោយចិត្ត ទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតាជាដរាប ក្នុងគ្រប់ការទាំងអស់ ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ហើយទាំងចំណុះគ្នាទៅវិញទៅមក ដោយសេចក្ដីកោតខ្លាចដល់ព្រះគ្រីស្ទ។
យ៉ូហាន ១៥:១-១១
ខ្ញុំជាដើមទំពាំងបាយជូរដ៏ពិត ហើយព្រះវរបិតាខ្ញុំជាអ្នកដាំ អស់ទាំងខ្នែងណាដុះចេញពីខ្ញុំ ដែលមិនបង្កើតផលផ្លែ នោះទ្រង់កាត់ចោល តែអស់ទាំងខ្នែងណា ដែលបង្កើតផលផ្លែ នោះទ្រង់លួសខ្នែងនោះវិញ ដើម្បីឲ្យបានផលផ្លែជាច្រើនឡើង ឯអ្នករាល់គ្នា បានស្អាតហើយ ដោយសារពាក្យដែលខ្ញុំបានប្រាប់ ចូរនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នករាល់គ្នាចុះ ប្រៀបដូចជាខ្នែង បើមិននៅជាប់នឹងគល់ នោះពុំអាចនឹងបង្កើតផលដោយឯកឯងបានទេ ដូច្នេះ អ្នករាល់គ្នាក៏ពុំបានដែរ លើកតែនៅជាប់នឹងខ្ញុំ ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ បើអ្នកណាមិននៅជាប់នឹងខ្ញុំ អ្នកនោះត្រូវបោះចោលទៅខាងក្រៅ ហើយក៏ក្រៀមទៅដូចជាខ្នែងដែរ រួចគេប្រមូលបោះទៅក្នុងភ្លើងឆេះអស់ទៅ បើអ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយពាក្យខ្ញុំនៅជាប់ក្នុងអ្នករាល់គ្នា នោះចូរសូមអ្វីតាមតែប្រាថ្នាចុះ សេចក្ដីនោះនឹងបានសំរេចដល់អ្នករាល់គ្នាជាមិនខាន ព្រះវរបិតាខ្ញុំបានដំកើងឡើង ដោយសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាបង្កើតផលជាច្រើន យ៉ាងនោះអ្នករាល់គ្នានឹងធ្វើជាសិស្សខ្ញុំមែន។
ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចជាព្រះវរបិតា ទ្រង់ស្រឡាញ់ខ្ញុំដែរ ចូរនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំចុះ បើអ្នករាល់គ្នាកាន់តាមបញ្ញត្តខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំ ដូចជាខ្ញុំបានកាន់តាមបញ្ញត្តនៃព្រះវរបិតាខ្ញុំ ហើយក៏នៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ដែរ ខ្ញុំបាននិយាយសេចក្ដីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នា ដើម្បីឲ្យសេចក្ដីអំណររបស់ខ្ញុំ បាននៅជាប់ក្នុងអ្នករាល់គ្នា ហើយឲ្យសេចក្ដីអំណររបស់អ្នករាល់គ្នាបានពោរពេញផង។
យ៉ូហាន ១៦:៧-១៥
ខ្ញុំប្រាប់តាមត្រង់ថា ដែលខ្ញុំទៅ នោះមានប្រយោជន៍ដល់អ្នករាល់គ្នាវិញ ដ្បិតបើខ្ញុំមិនទៅទេ នោះព្រះដ៏ជាជំនួយក៏មិនមកឯអ្នករាល់គ្នាដែរ តែបើខ្ញុំទៅ នោះខ្ញុំនឹងចាត់ទ្រង់ឲ្យមក កាលណាទ្រង់បានយាងមកហើយ នោះទ្រង់នឹងសំដែង ឲ្យមនុស្សលោកដឹងច្បាស់ ពីអំពើបាប ពីសេចក្ដីសុចរិត ហើយពីសេចក្ដីជំនុំជំរះ គឺពីអំពើបាបដោយព្រោះគេមិនជឿដល់ខ្ញុំ ពីសេចក្ដីសុចរិត ដោយព្រោះខ្ញុំទៅឯព្រះវរបិតាខ្ញុំ ហើយអ្នករាល់គ្នាមិនឃើញខ្ញុំទៀតទេ នឹងពីសេចក្ដីជំនុំជំរះ ដោយព្រោះចៅហ្វាយរបស់លោកីយនេះត្រូវទោសហើយ។
ខ្ញុំនៅមានសេចក្ដីជាច្រើនទៀត នឹងប្រាប់ដល់អ្នករាល់គ្នា តែឥឡូវនេះ អ្នករាល់គ្នាពុំអាចនឹងទទួលបានទេ កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្ដីពិត ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានបន្ទូល ចំពោះតែសេចក្ដីណាដែលទ្រង់ឮ ហើយនឹងសំដែង ឲ្យអ្នករាល់គ្នាដឹងការដែលត្រូវមក ទ្រង់នឹងដំកើងខ្ញុំ ដ្បិតទ្រង់នឹងយកសេចក្ដីដែលដំរូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា គ្រប់ទាំងអស់ដែលព្រះវរបិតាមាន នោះជារបស់ផងខ្ញុំដែរ ហេតុនោះបានជាខ្ញុំប្រាប់ថា ទ្រង់នឹងយកសេចក្ដីដែលដំរូវពីខ្ញុំ មកប្រាប់អ្នករាល់គ្នា។