ជំនឿដែលចម្រើនឡើង

Logo Only in White

២.៤ ការចែកចាយ ៖ ការចែករំលែកពីសាច់រឿងរបស់អ្នក

អ្នកជាមនុស្សដែលបានកើតជាថ្មីនៅក្នុងអង្គព្រះគ្រីស្ទ ជាមួយនឹងអត្តសញ្ញាណថ្មី! អ្នកមានរឿងរ៉ាវមួយ ដែលអ្នកអាចប្រាប់ពីរបៀបដែលការផ្លាស់ប្រែនោះបានកើតឡើង ព្រមទាំងលទ្ធផលដែលការផ្លាស់ប្រែនោះបានបង្កើតឡើង​នៅក្នុងជីវិតរបស់អ្នក។

ក្នុងគម្ពីរម៉ាកុស យើងអានអំពីបុរសម្នាក់ដែលជីវិតរបស់គាត់បានផ្លាស់ប្តូរយ៉ាងខ្លាំង ពេលគាត់បានស្គាល់ព្រះយេស៊ូវ។ ព្រះយេស៊ូវបានសង្គ្រោះគាត់ ហើយបានរំដោះគាត់ចេញពីអ្វីដែលចាប់គាត់ជាទាសករ។ សូមអាន ម៉ាកុស ៥:១-២០

ម៉ាកុស ៥:១-២០

នោះ​ក៏​មក​ដល់​ស្រុក​គេ​រ៉ា‌ស៊ីន នៅ​ត្រើយ​សមុទ្រ​ម្ខាង កាល​ទ្រង់​បាន​យាង​ឡើង​ពី​ទូក ស្រាប់​តែ​មាន​មនុស្ស​ម្នាក់​ដែល​មាន​អារក្ស‌អសោចិ៍​ចូល វា​ចេញ​ពី​ក្នុង​ផ្នូរ​ខ្មោច​មក​ចួប​នឹង​ទ្រង់ វា​នៅ​តែ​ក្នុង​ផ្នូរ​ខ្មោច ឥត​មាន​អ្នក​ណា​អាច​នឹង​ចង​វា​ជាប់​ទៀត​បាន​ទេ ទោះ​បើ​យក​ច្រវាក់​ទៅ​ដាក់ ក៏​ពុំ​បាន​ផង ដ្បិត​គេ​បាន​ដាក់​ខ្នោះ​ដាក់​ច្រវាក់​វា​ជា​ច្រើន​ដង​ហើយ ប៉ុន្តែ​វា​ចេះ​តែ​កាច់​ច្រវាក់​បំបាក់​ខ្នោះ​ចោល​អស់ ហើយ​គ្មាន​អ្នក​ណា​អាច​នឹង​កំរាប​វា​បាន​ដែរ វា​នៅ​ក្នុង​ផ្នូរ​នៅ​លើ​ភ្នំ ទាំង​ស្រែក ហើយ​យក​ថ្ម​មក​អារ​សាច់​ខ្លួន ទាំង​យប់​ទាំង​ថ្ងៃ​ជានិច្ច កាល​វា​ឃើញ​ព្រះ‌យេស៊ូវ​ពី​ចំងាយ ក៏​រត់​ទៅ​ក្រាប​សំពះ​ទ្រង់ ស្រែក​ដោយ​សំរែក​ជា​ខ្លាំង​ថា ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ តើ​ទ្រង់​ហើយ​នឹង​ទូលបង្គំ​មាន​រឿង​អ្វី​នឹង​គ្នា ទូលបង្គំ​សូម​ទ្រង់​ឲ្យ​ស្បថ​ដោយ​ព្រះ​ថា មិន​ធ្វើ​ទុក្ខ​ទូលបង្គំ​ទេ វា​ទូល​ដូច្នោះ ពី​ព្រោះ​ទ្រង់​កំពុង​តែ​មាន​បន្ទូល​ថា ម្នាល អារក្ស‌អសោចិ៍ ចូរ​ថយ​ចេញ​ពី​មនុស្ស​នេះ​ទៅ រួច​ទ្រង់​សួរ​វា​ថា ឯង​ឈ្មោះ​អី វា​ទូល​ឆ្លើយ​ថា ទូលបង្គំ​ឈ្មោះ «កង‌ទ័ព» ពី​ព្រោះ​យើង​ខ្ញុំ​មាន​គ្នា​ច្រើន នោះ​វា​ទទូច​អង្វរ​សូម​កុំ​ឲ្យ​ទ្រង់​បណ្តេញ​វា​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ឡើយ រីឯ​នៅ​ទី​នោះ មាន​ហ្វូង​ជ្រូក​យ៉ាង​ធំ កំពុង​តែ​រក​ស៊ី​នៅ​ចង្កេះ​ភ្នំ ហើយ​អារក្ស​ទាំង​នោះ​ទូល​អង្វរ​ទ្រង់​ថា សូម​ឲ្យ​យើង​រាល់​គ្នា​ទៅ​ជ្រក នៅ​ក្នុង​ជ្រូក​ទាំង​នោះ​ចុះ នោះ​ទ្រង់​ក៏​អនុញ្ញាត​ឲ្យ​ភ្លាម រួច​កាល​វិញ្ញាណ​អារក្ស‌អសោចិ៍​ទាំង​នោះ​បាន​ចេញ​ហើយ វា​ក៏​ចូល​ទៅ​ក្នុង​ជ្រូក ហើយ​ហ្វូង​ជ្រូក​ប្រហែល​២​ពាន់​រូប ក៏​បោល​ម្នីម្នា​តាម​ភ្នំ​ចោត ធ្លាក់​ទៅ​ក្នុង​សមុទ្រ លង់​ទឹក​ស្លាប់​ទាំង​អស់​ទៅ។

ឯ​ពួក​អ្នក​គង្វាល​ជ្រូក គេ​រត់​ទៅ​ក្នុង​ទី​ក្រុង ហើយ​ក្នុង​ស្រុក​ស្រែ​សា‌សព្ទ​ប្រាប់​រឿង​នោះ រួច​មនុស្ស​ទាំង​អស់​ចេញ​មក​មើល​ការ​ដែល​បាន​កើត​ឡើង គេ​មក​ឯ​ព្រះ‌យេស៊ូវ ហើយ​ឃើញ​មនុស្ស​ដែល​ពី​ដើម​មាន​អារក្ស​ចូល កំពុង​តែ​អង្គុយ​ទាំង​ស្លៀក‌ពាក់ មាន​ស្មារតី​ដឹង​ខ្លួន​ឡើង គឺ​ជា​អ្នក​ដែល​មាន​អារក្ស​ទាំង​កង​ចូល​នោះ​ឯង រួច​គេ​ស្ញែង​ខ្លាច ពួក​អ្នក​ដែល​បាន​ឃើញ​ការ​នោះ ក៏​ពណ៌នា​ប្រាប់​ដល់​ជន​គ្រប់​គ្នា តាម​ការ​ដែល​កើត​ឡើង​ដល់​អ្នក​នោះ​ជា​យ៉ាង​ណា ហើយ​ពី​ដំណើរ​ហ្វូង​ជ្រូក​ផង នោះ​គេ​ចាប់​តាំង​ទូល​អង្វរ សូម​ឲ្យ​ទ្រង់​យាង​ចេញ​ពី​ស្រុក​គេ​ទៅ កាល​ទ្រង់​បាន​យាង​ចុះ​ទូក នោះ​អ្នក​ដែល​អារក្ស​ចូល​ពី​ដើម គាត់​ក៏​សូម​ទៅ​ជា​មួយ​នឹង​ទ្រង់ តែ​ទ្រង់​មិន​អនុញាត​ទេ ដោយ​បន្ទូល​ថា ចូរ​ទៅ​ផ្ទះ​ទៅ ហើយ​ប្រាប់​បង​ប្អូន​ឯង​ពី​ការ​ធំ​ទាំង​ម៉្លេះ​ដែល​ព្រះ‌អម្ចាស់​បាន​មេត្តា​ប្រោស​ដល់​ឯង​វិញ គាត់​ក៏​ចេញ​ទៅ ចាប់​តាំង​ប្រកាស​ប្រាប់ នៅ​ស្រុក​ដេកា‌ប៉ូល ពី​ការ​ធំ​ទាំង​ម៉្លេះ ដែល​ព្រះ‌យេស៊ូវ​បាន​ប្រោស​ដល់​ខ្លួន នោះ​មនុស្ស​ទាំង​អស់​ក៏​អស្ចារ្យ​ក្នុង​ចិត្ត។

(អានបន្ថែម)

ការគិតពិចារណា : ទោះបីជារឿងរបស់អ្នកប្រហែលជាមិនសូវអស្ចារ្យបែបនេះក៏ដោយ តើព្រះអម្ចាស់បានសង្គ្រោះអ្នក និងផ្លាស់ប្តូរអ្នកដោយរបៀបណា?

ម៉ាកុស ៥:១៩-២០ ប្រាប់ពីចម្លើយរបស់ព្រះយេស៊ូវ នៅពេលដែលបុរសនោះសុំដើរតាមព្រះយេស៊ូវ។

ម៉ាកុស ៥:១៩-២០

តែ​ទ្រង់​មិន​អនុញាត​ទេ ដោយ​បន្ទូល​ថា ចូរ​ទៅ​ផ្ទះ​ទៅ ហើយ​ប្រាប់​បង​ប្អូន​ឯង​ពី​ការ​ធំ​ទាំង​ម៉្លេះ​ដែល​ព្រះ‌អម្ចាស់​បាន​មេត្តា​ប្រោស​ដល់​ឯង​វិញ គាត់​ក៏​ចេញ​ទៅ ចាប់​តាំង​ប្រកាស​ប្រាប់ នៅ​ស្រុក​ដេកា‌ប៉ូល ពី​ការ​ធំ​ទាំង​ម៉្លេះ ដែល​ព្រះ‌យេស៊ូវ​បាន​ប្រោស​ដល់​ខ្លួន នោះ​មនុស្ស​ទាំង​អស់​ក៏​អស្ចារ្យ​ក្នុង​ចិត្ត។

(អានបន្ថែម)

ការរកឃើញ : តើព្រះយេស៊ូវចង់ឲ្យបុរសនោះធ្វើអ្វី?

ដូចជាបុរសនេះដែរ អ្នកអាចប្រាប់អ្នកដទៃអំពីអ្វីដែលបានកើតឡើងនៅក្នុងជីវិតរបស់អ្នក។ អ្នកអាចចែករំលែករឿងរបស់អ្នកជាមួយអ្នកជឿ និងអ្នកមិនជឿ ដោយនិយាយទីបន្ទាល់ចំពោះកិច្ចការរបស់ព្រះ​នៅក្នុងជីវិតរបស់អ្នក។ ការចែករំលែកពីរបៀបដែលអ្នកបានទទួលជឿ​ព្រះយេស៊ូវ គឺជាវិធីសាមញ្ញមួយ ដើម្បីជួយប្រាប់ដំណឹងល្អដល់នរណាម្នាក់។ នៅពេលនរណាម្នាក់បានឮរឿងរ៉ាវរបស់អ្នក វាអាចបណ្តាលឲ្យពួកគេគិតអំពីរបៀបដែលដំណឹងល្អក៏អាចមានឥទ្ធិពលលើពួកគេផងដែរ។ ទីបន្ទាល់របស់អ្នកអាចបើកទ្វារដល់ការសន្ទនាបន្ថែមទៀតអំពីព្រះ​។

ការចែកចាយ : តើមានរឿងអ្វីខ្លះដែលអ្នកអាចចែករំលែកជាមួយអ្នកដទៃអំពីរបៀបដែលព្រះ​បានធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតរបស់អ្នក?

ទីបន្ទាល់របស់អ្នក

រាល់ពេលដែលអ្នកចែកចាយទីបន្ទាល់របស់អ្នក ព្រះវិញ្ញាណបរិសុទ្ធអាចដឹកនាំអ្នកឲ្យរំលេចនូវអ្វីមួយដែលនឹងប៉ះពាល់ចិត្តមនុស្សដែលអ្នកកំពុងនិយាយជាមួយ។ ប៉ុន្តែ ប្រសិនបើអ្នកបានគិតពីរបៀបប្រាប់សាច់រឿងរបស់អ្នកឲ្យបានច្បាស់លាស់ វានឹងជួយអ្នកឲ្យប្រាកដថា អ្នកមិនទុកចោលនូវធាតុសំខាន់ៗដែលអាចលើកទឹកចិត្តពួកគេឲ្យមករកព្រះគ្រីស្ទឡើយ។ ការនិយាយសាច់រឿងរបស់អ្នកឲ្យខ្លី (បីនាទី ឬខ្លីជាងនេះ) នឹងជួយអ្នកស្ដាប់ឲ្យបន្តផ្ចង់ចិត្ត​ស្ដាប់ ហើយផ្តោតលើអ្វីដែលព្រះ​បានធ្វើ។

ការណែនាំខាងក្រោមនឹងជួយអ្នករៀបចំទីបន្ទាល់របស់អ្នក។

សូមចែករឿងរបស់អ្នកជា ៣ ផ្នែក ៖

១. ជីវិតរបស់អ្នកមុនពេលអ្នកស្គាល់ព្រះយេស៊ូវដោយផ្ទាល់។

២. របៀបដែលអ្នកទទួលព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ។ វានឹងរួមបញ្ចូលការចែកចាយដំណឹងល្អយ៉ាងសាមញ្ញ និងច្បាស់លាស់។

៣. ជីវិតរបស់អ្នកបន្ទាប់ពីការសម្រេចចិត្តដើម្បីដើរតាមព្រះយេស៊ូវ។

[ចំណាំ៖ ប្រសិនបើអ្នកបានទទួលព្រះយេស៊ូវជាព្រះអង្គសង្គ្រោះរបស់អ្នកតាំងពីក្មេងៗមក ហើយមិនអាចនិយាយអំពីការផ្លាស់ប្តូរដែលបានកើតឡើងនៅពេលនោះ អ្នកអាចផ្តោតលើចំណុចមួយនៅពេលក្រោយក្នុងជីវិត នៅពេលអ្នកជ្រើសរើសដើរតាមព្រះយេស៊ូវបានពេញលេញ ឬបានឃើញព្រះ​ផ្លាស់ប្តូរជីវិតរបស់អ្នក។]

ការអនុវត្ត: សូមអាន កិច្ចការ ១៦:១៦-៣៤។ សូមស្រមៃថា អ្នកគឺជាឆ្មាំគុកនៅក្រុងភីលីព ដែលចែកចាយទីបន្ទាល់របស់អ្នកជាបីផ្នែក ៖ មុនទទួលជឿ, របៀបដែលអ្នកបានទទួលជឿ, ក្រោយទទួលជឿ។ តើអ្នកនឹងនិយាយដូចម្ដេច?

របៀបរៀបចំទីបន្ទាល់របស់អ្នក

ឥឡូវនេះ សូមអានតាមរយៈការណែនាំ ហើយធ្វើការកត់ចំណាំ ដើម្បីរៀបចំទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នក។

ផ្នែកទី ១ - មុនទទួលជឿ

១. សូមសម្រេចចិត្តលើប្រធានបទមួយ។ សូមជ្រើសរើសពាក្យមួយដែលពិពណ៌នាអំពីបទពិសោធរបស់អ្នក មុនពេលអ្នកបានសម្រេចចិត្តទុកចិត្ដលើព្រះយេស៊ូវជាព្រះអង្គសង្គ្រោះរបស់អ្នក។ ឬសូមប្រាប់អំពីការជាប់ស្ទះដែលអ្នកបានជួបប្រទះក្នុងជីវិតរបស់អ្នក ឬជ្រើសរើសផ្នែកមួយនៃជីវិតរបស់អ្នកដែលព្រះ​បានប៉ះពាល់ ឬផ្លាស់ប្តូរយ៉ាងខ្លាំង។ ឧទាហរណ៍ ៖ គំនិតអំពីខ្លួនឯង លុយ ឬសម្ភារៈនិយម ទិសដៅជីវិត គោលបំណង ការវិនិច្ឆ័យអ្នកដទៃ សារៈសំខាន់ កំហឹង ការអភ័យទោស អាពាហ៍ពិពាហ៍ ការភ័យខ្លាច ការប្រៀបធៀប ការធ្វើការងារ ភាពឯកកោ ការសង្ស័យលើខ្លួនឯង ការអាម៉ាស់ ឬកំហុស ការបដិសេធ ការច្រណែន។

ការគិតពិចារណា : តើប្រធានបទអ្វីដែលនឹងពណ៌នាអំពីជីវិតរបស់អ្នកបានត្រឹមត្រូវបំផុត មុនពេលអ្នកដើរតាមព្រះយេស៊ូវ?

២. សូមចែករំលែកពីរបៀបដែលរឿងនេះបានរារាំងអ្នកមិនឲ្យរស់នៅក្នុងជីវិតដ៏ពិត។ សូមនិយាយដោយបើកចំហ និងត្រង់ៗតាមដែលអ្នកអាចធ្វើបាន។ សូមចែករំលែកឧទាហរណ៍ខ្លីៗនៃមូលបទនេះ និងរបៀបដែលវាប៉ះពាល់ដល់ជីវិតរបស់អ្នក។

ការគិតពិចារណា : តើអ្នកអាចធ្វើការបង្ហាញពីសេចក្ដីនេះដោយរបៀបណា ដើម្បីឲ្យអ្នកស្ដាប់អាចយល់ពីបទពិសោធរបស់អ្នក?

ផ្នែកទី ២ - របៀបដែលអ្នកបានទទួលជឿ

១. សូមចែករំលែកពីអ្វីដែលបានកើតឡើង ដែលធ្វើឲ្យអ្នកចង់ចាប់ផ្តើមទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះយេស៊ូវ។ តើមានកាលៈទេសៈ ការសន្ទនា គំនិតក្នុងចិត្ត ការផ្លាស់ប្តូរទស្សនៈបន្តិចម្តងៗ ឬភ្លាមៗដែរឬទេ? សូមកុំប្រើពាក្យសាសនា ឬព្រះវិហារ ដែលនរណាម្នាក់ប្រហែលជាមិនយល់។ សូមកុំនិយាយអវិជ្ជមានអំពីព្រះវិហារ ឬសាសនាណាមួយ។ សូមផ្តោតលើជំនួបរបស់អ្នកជាមួយព្រះ​។

២. សូមពន្យល់ពីរបៀបដែលមនុស្សម្នាក់ទទួលជឿលើព្រះយេស៊ូវជាព្រះអង្គសង្គ្រោះរបស់គាត់។

ក. សូមចាំថា អ្នកស្តាប់របស់អ្នកត្រូវដឹងពីរបៀបដែលព្រះ​បានធ្វើឲ្យយើងអាចមានផ្លូវទទួលការសង្រ្គោះ។ ចំណុចនោះត្រូវតែច្បាស់លាស់ បើមិនដូច្នោះទេ ពួកគេនឹងគិតថាអ្នកបានផ្លាស់ប្តូរដោយខ្លួនឯង ឬចាប់ផ្តើមទៅព្រះវិហារ ហើយមានជំនឿដោយខ្លួនឯង។

ខ. សូមបញ្ជាក់ឲ្យបានច្បាស់ថា ពួកគេនឹងអាចចាប់ផ្ដើមទំនាក់ទំនងផ្ទាល់ខ្លួនជាមួយនឹងព្រះយេស៊ូវដោយផ្អែកលើអ្វីដែលអ្នកបាននិយាយ។ ជាឧទាហរណ៍ «ខ្ញុំបានទទួលស្គាល់ថា ខ្ញុំគិតតែពីខ្លួនឯង និងមានអំពើបាប ប៉ុន្តែខ្ញុំគ្មានមធ្យោបាយផ្លាស់ប្តូរជីវិតរបស់ខ្ញុំទេ។ នៅពេលដែលខ្ញុំយល់ថា ព្រះយេស៊ូវបានសុគតដើម្បីបង់ថ្លៃនូវអំពើបាបរបស់ខ្ញុំ ហើយប្រទានជីវិតថ្មី នោះខ្ញុំដឹងថាខ្ញុំត្រូវការទទួលយកការលើកលែងទោស និងការសង្គ្រោះដែលទ្រង់បានប្រទានមក។

ការគិតពិចារណា : តើអ្នកគិតថាអ្នកគួររួមបញ្ចូលអ្វីខ្លះ?

ការពិភាក្សា : តើអ្នកអាចចែករំលែករឿងរបស់អ្នកតាមរបៀបណា ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការជួយនរណាម្នាក់ធ្វើការសម្រេចចិត្តស្រដៀងគ្នាក្នុងជីវិតរបស់គាត់?

ផ្នែកទី ៣ - បន្ទាប់ពីការទទួលជឿ

១. សូមផ្តោតលើការផ្លាស់ប្តូរដែលព្រះ​បាននាំមកក្នុងជីវិតរបស់អ្នក។

ក. ទាក់ទងនឹងប្រធានបទមុន តើអ្នកអាចនិយាយអំពីការផ្លាស់ប្រែដែលព្រះ​បានធ្វើការក្នុងជីវិតរបស់អ្នកយ៉ាងណាដែរ?

ខ. សូមចែករំលែកឧទាហរណ៍ខ្លីៗអំពីការផ្លាស់ប្រែក្នុងជីវិតរបស់អ្នក។ តើអ្នកកត់សម្គាល់ការផ្លាស់ប្តូរនេះដោយរបៀបណា? សូមនិយាយផ្សារភ្ជាប់ឧទាហរណ៍របស់អ្នក ឲ្យទាក់ទងទៅនឹងប្រធានបទដែលអ្នកបានជ្រើសរើស។

គ. សូមប្រយ័ត្ន ដែលអ្នកមិននិយាយឲ្យវាស្តាប់ទៅដូចជាអ្វីគ្រប់យ៉ាងល្អឥតខ្ចោះ ហើយអ្នកលែងមានបញ្ហាទៀតហើយ។ ការនិយាយអំពីព្រះ​ដែលបន្តធ្វើការនៅក្នុងជីវិតរបស់អ្នក គឺជាទីបន្ទាល់ដ៏ល្អមួយអំពីការយកចិត្តទុកដាក់របស់ទ្រង់សម្រាប់អ្នក។

២. សូមនិយាយអំពីប្រយោគបញ្ចប់ខ្លី ដែលផ្សារភ្ជាប់រឿងរបស់អ្នកជាមួយគ្នា។

ការអនុវត្ត: សូមសាកល្បងចែករំលែកផ្នែកទាំងបីនៃសាច់រឿងរបស់អ្នកជាមួយគ្នា ហើយមើលថាតើអ្នកអាចធ្វើឲ្យវាមានភាពច្បាស់លាស់ ឬអត់។

ជំហានសកម្មភាព : នៅសប្តាហ៍នេះ សូមសុំព្រះ​ឲ្យដឹកនាំអ្នក ហើយសរសេរទីបន្ទាល់របស់អ្នក។ ពេលជួបគ្នាលើកក្រោយ សូមចែករំលែកគ្នាអំពីអ្វីដែលអ្នកបានរៀបចំ។

ការប្រើប្រាស់ទីបន្ទាល់របស់អ្នកនៅក្នុងការសន្ទនាមួយ

មានមនុស្សតិចណាស់ដែលមានអារម្មណ៍ងាយស្រួលក្នុងការស្តាប់ការសន្ទនា បែបដែលមនុស្សម្នាក់និយាយតែម្នាក់ឯង។ នៅក្នុងការសន្ទនាជាមួយនរណាម្នាក់ អ្នកគួរស្តាប់ដោយប្រុងប្រយ័ត្ន និងបង្ហាញពីការយកចិត្តទុកដាក់ ការយល់ចិត្ត និងការយោគយល់។ ត្រូវដឹងថាតើមនុស្សនោះមានការបើកចិត្តចំពោះរឿងរ៉ាវខាងជំនឿ ហើយមានឆន្ទៈនិយាយអំពីរឿងខាងវិញ្ញាណឬអត់។

ការគិតពិចារណា : តើអ្នកអាចចែកចាយទីបន្ទាល់របស់អ្នកតាមរបៀបណា ដែលបង្ហាញពីការគោរពចំពោះអ្នកដទៃ?

ទីបន្ទាល់របស់អ្នកអាចសមស្របនឹងការសន្ទនាមួយ នៅពេលអ្នករកឃើញបទពិសោធរបស់អ្នក និងអ្នកស្ដាប់មានលក្ខណៈដូចគ្នា និងនិយាយពីរឿងផ្ទាល់ខ្លួនរបស់អ្នកដែលពាក់ព័ន្ធទៅនឹងអ្វីដែលពួកគេបាននិយាយ។

ឧទាហរណ៍ ៖ «បង​បាន​រៀបរាប់​ពី​ការ​ជាប់ស្ទះដែលបងមាន កាលធំឡើង​។ ខ្ញុំ​បាន​ជួប​​​បញ្ហា​ស្រដៀង​គ្នា​មួយ​ចំនួន​ក្នុង​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​ធំ​ដឹង​ក្តី​ក្នុង​គ្រួសារ​ដែល​មិនមានឪពុក ហើយ​វា​ប៉ះពាល់​ដល់​របៀប​ដែល​ខ្ញុំ​ឃើញ​ខ្លួន​ឯង…»។

ក៏អាចមានពេលខ្លះដែលអ្នកកំពុងសន្ទនា ហើយអ្នកអាចសួរថា តើអ្នកអាចចែករំលែកពីរឿងរ៉ាវរបស់អ្នកជាមួយពួកគេបានដែរឬទេ។

ឧទាហរណ៍ ៖ «ជំនឿរបស់ខ្ញុំមានឥទ្ធិពលយ៉ាងសំខាន់លើទស្សនៈរបស់ខ្ញុំចំពោះជីវិត។ តើខ្ញុំអាចចែករំលែកពីរឿងរបស់ខ្ញុំបន្តិចបានទេ?»

ការអនុវត្ត ៖ សូមដើរតួសម្ដែងអំពីរបៀបដែលអ្នកនឹងដឹកនាំការសន្ទនាឲ្យចូលដល់សាច់រឿងរបស់អ្នក។ ម្នាក់ក្នុងចំណោមអ្នក សូមដើរតួជាអ្នកមិនជឿ និងម្នាក់ទៀតជាមិត្តដែលចង់ចែករំលែករឿងរបស់គាត់។ សូមស្រមៃថា អ្នកកំពុងពិភាក្សាអំពីប្រធានបទដែលទាក់ទងនឹងប្រធានបទនៅក្នុងទីបន្ទាល់របស់អ្នក ឬកំពុងមានការសន្ទនាអំពីជំនឿ។

បន្ទាប់ពីចែករំលែករឿងរបស់អ្នក

សូមសួរសំណួរមួយ ឬពីរ ដើម្បីវាយតម្លៃការឆ្លើយតបរបស់ពួកគេ។ អ្នកអាចសួរថា តើអ្វីដែលអ្នកចែករំលែក ពួកគេអាចយល់បានទេ។ សូមសួរអំពីបទពិសោធខាងសាសនា ឬខាងជំនឿ ឬការយល់ដឹងអំពី​ព្រះយេស៊ូវជានរណា។ ខណៈពេលដែលនេះអាចផ្តល់ឲ្យអ្នកនូវឱកាសដើម្បីពន្យល់បន្ថែមអំពីដំណឹងល្អ សូមដឹងថាពួកគេប្រហែលជាចង់ចំណាយពេលខ្លះដើម្បីគិតអំពីអ្វីដែលអ្នកបានចែករំលែក មុនពេលពួកគេត្រៀមខ្លួនដើម្បីស្តាប់បន្ថែមទៀត។ សូមព្យាយាមរក្សាការបញ្ចប់ការសន្ទនាជាមួយនឹងសំណួរដូចជា «តើបងចាប់អារម្មណ៍ក្នុងការនិយាយបន្ថែមទៀតអំពីរឿងនេះ នៅលើកក្រោយទេ?»

ការបញ្ជាក់តាមដានជាមួយអ្នកស្ដាប់ បន្ទាប់ពីអ្នកចែករំលែកទីបន្ទាល់របស់អ្នកគឺជារឿងសំខាន់។ ចូរសុំឲ្យព្រះប្រទានឱកាសឲ្យអ្នកនិយាយជាមួយពួកគេម្តងទៀត ហើយអធិស្ឋានថាពួកគេនឹងបន្តគិតអំពីអ្វីដែលអ្នកបានចែករំលែក។ សូមអនុញ្ញាតឲ្យពួកគេដឹងថាអ្នកចង់ស្តាប់បន្ថែមទៀតអំពីគំនិត និងបទពិសោធរបស់ពួកគេ។

ការបន្តឆ្ពោះទៅមុខ

ការបញ្ជាក់ : តើអ្នកមានគំនិត ឬសំណួរអ្វីខ្លះ?

ការសង្ខេប : តើអ្នកបានរៀនអ្វីខ្លះអំពីរបៀបប្រាប់រឿងរបស់អ្នកឲ្យមានភាពច្បាស់លាស់?

ការអនុវត្ត : សូមរៀបចំទីបន្ទាល់ខ្លី សង្ខេប ហើយអនុវត្តការប្រាប់ទីបន្ទាល់នោះ។

ការចែកចាយបន្ត : តើអ្នកចង់ចែកចាយទីបន្ទាល់របស់អ្នកជាមួយអ្នកណា?

សូមគិតត្រឡប់ទៅកាន់មេរៀនអំពី អត្តសញ្ញាណរបស់អ្នកនៅក្នុងព្រះគ្រីស្ទវិញ។ តើនៅក្នុងចំណោមអ្វីៗដែលអ្នកបានរកឃើញថាអ្នកជានរណានៅក្នុងព្រះគ្រីស្ទ មានន័យជាពិសេសសម្រាប់អ្នកយ៉ាងណា?

ការពង្រឹង:

នៅពេលអ្នកអានអត្ថបទគម្ពីរទាំងនេះ សូមគិតអំពីវិធីផ្សេងៗដែលព្រះ​ឈោងចាប់ទៅមនុស្សជាមួយនឹង
សារនៃការសង្រ្គោះ។

ម៉ាកុស ២:១-១២

រំលង​ពីរ​បី​ថ្ងៃ​ក្រោយ​មក ទ្រង់​យាង​ចូល​មក​ក្នុង​ក្រុង​កាពើ‌ណិម​វិញ​ទៀត ហើយ​គេ​ឮ​ថា ទ្រង់​គង់​នៅ​ផ្ទះ ស្រាប់​តែ​មាន​គេ​ប្រជុំ​គ្នា​ជា​ច្រើន ដល់‌ម៉្លេះ​បាន​ជា​គ្មាន​កន្លែង​ណា​ទៀត​សោះ សូម្បី​នៅ​មាត់​ទ្វារ​ក៏​គ្មាន​ដែរ ទ្រង់​ក៏​សំដែង​ព្រះ‌បន្ទូល​ឲ្យ​គេ​ស្តាប់ គ្រា​នោះ មាន​៤​នាក់​សែង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​មក​ឯ​ទ្រង់ តែ​ពុំ​អាច​នឹង​ចូល​ទៅ​ជិត​ទ្រង់​បាន​ឡើយ ដោយ​ព្រោះ​ហ្វូង​មនុស្ស បាន​ជា​គេ​បើក​ដំបូល​ផ្ទះ​ត្រង់​កន្លែង​ដែល​ទ្រង់​គង់​នៅ កាល​ទំលុះ​រួច​ហើយ នោះ​ក៏​សំរូត​គ្រែ​ដែល​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ដេក​នោះ​ចុះ​ទៅ ព្រះ‌យេស៊ូវ​ក៏​ឃើញ​សេចក្ដី​ជំនឿ​របស់​អ្នក​ទាំង​នោះ ហើយ​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា កូន​អើយ បាប​របស់​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ នៅ​ទី​នោះ មាន​អាចារ្យ​ខ្លះ​អង្គុយ​រិះ‌គិត​ក្នុង​ចិត្ត​ថា ហេតុ​អ្វី​បាន​ជា​មនុស្ស​នេះ​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ​ដូច្នេះ ក្រៅ​ពី​ព្រះ​តែ​១ តើ​មាន​អ្នក​ណា​អាច​នឹង​អត់​ទោស​បាប​បាន តែ​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​ក្នុង​វិញ្ញាណ​ទ្រង់​ជា​១​រំពេច​ថា គេ​រិះ‌គិត​ក្នុង​ចិត្ត​យ៉ាង​ដូច្នោះ ទើប​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​ក្នុង​ចិត្ត​យ៉ាង​ដូច្នេះ ដ្បិត​ដែល​និយាយ​នឹង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​នេះ​ថា បាប​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ ឬ​ថា ឲ្យ​ក្រោក​ឡើង យក​គ្រែ​ឯង​ដើរ​ទៅ នោះ​តើ​ពាក្យ​ណា​ងាយ​ថា​ជា​ជាង ប៉ុន្តែ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា នៅ​ផែនដី​នេះ កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​បាន (នោះ​ទ្រង់​មាន​បន្ទូល ទៅ​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ថា) អញ​ប្រាប់​ឲ្យ​ឯង​ក្រោក​ឡើង យក​គ្រែ​ឯង​ដើរ​ទៅ​ផ្ទះ​ទៅ គាត់​ក៏​ក្រោក​ឡើង​ភ្លាម យក​គ្រែ​ចេញ​ទៅ នៅ​មុខ​អ្នក​ទាំង​អស់​គ្នា បាន​ជា​គ្រប់​គ្នា​មាន​សេចក្ដី​អស្ចារ្យ ហើយ​ពណ៌នា​សរសើរ​ដំកើង​ដល់​ព្រះ ដោយ​ពាក្យ​ថា យើង​មិន​ដែល​ឃើញ​យ៉ាង​ដូច្នេះ​ឡើយ។

(អានបន្ថែម)

យ៉ូហាន ៤:៧-៣០

មាន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​មក​ដង​ទឹក ហើយ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា សូម​ឲ្យ​ខ្ញុំ​ផឹក​ផង ព្រោះ​ពួក​សិស្ស​ទ្រង់​បាន​ទៅ​ផ្សារ​អស់ ដើម្បី​នឹង​រក​ទិញ​ស្បៀង​អាហារ ស្ត្រី​សាសន៍​សាម៉ារី​នោះ​ក៏​ទូល​ថា លោក​ជា​សាសន៍​យូដា ម្តេច​ឡើយ​ក៏​លោក​សូម​ទឹក​ខ្ញុំ​ពិសា ដែល​ខ្ញុំ​ជា​ស្រី​សាសន៍​សាម៉ារី​ដូច្នេះ (នេះ​ដ្បិត​សាសន៍​យូដា​មិន​ដែល​ប្រកប​នឹង​សាសន៍​សាម៉ារី​ទេ) ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា បើ​សិន​ជា​នាង​បាន​ស្គាល់​អំណោយ​ទាន​នៃ​ព្រះ នឹង​អ្នក​ដែល​និយាយ​នឹង​នាង​ថា សូម​ឲ្យ​ខ្ញុំ​ផឹក​ផង នោះ​នាង​នឹង​បាន​សូម​ពី​អ្នក​នោះ​វិញ រួច​អ្នក​នោះ​នឹង​ឲ្យ​ទឹក​រស់​ដល់​នាង ស្ត្រី​នោះ​ក៏​ទូល​ទ្រង់​ថា លោក​ម្ចាស់ លោក​គ្មាន​អ្វី​នឹង​ដង​ទេ ហើយ​អណ្តូង​ក៏​ជ្រៅ​ផង ដូច្នេះ លោក​បាន​ទឹក​រស់​នោះ​ពី​ណា​មក តើ​លោក​ធំ​ជាង​យ៉ាកុប ជា​ឰយុកោ​យើង​ខ្ញុំ ដែល​ឲ្យ​អណ្តូង​នេះ​មក​យើង​ខ្ញុំ ហើយ​ទាំង​ខ្លួន​លោក កូន​ចៅ នឹង​ហ្វូង​សត្វ​របស់​លោក ក៏​បាន​ផឹក​ផង​ឬ​អី ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា អស់​អ្នក​ណា​ដែល​ផឹក​ទឹក​នេះ នឹង​ត្រូវ​ស្រេក​ទៀត តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ត្រឡប់​ជា​រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​‌កល្ប​ជានិច្ច ស្ត្រី​នោះ​ក៏​ទូល​ទ្រង់​ថា លោក​ម្ចាស់​អើយ សូម​ឲ្យ​ទឹក​នោះ​មក​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ស្រេក ឬ​មក​ដង​នៅ​ទី​នេះ​ទៀត។

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ចូរ​ទៅ​ហៅ​ប្ដី​នាង​មក​ឯ​ណេះ ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា ខ្ញុំ​គ្មាន​ប្ដី​ទេ រួច​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ដែល​នាង​ថា គ្មាន​ប្ដី នោះ​ថា​ត្រូវ​ហើយ ដ្បិត​នាង​បាន​មាន​ប្ដី​៥​មក​ហើយ ឯ​អ្នក​ដែល​នៅ​ជា​មួយ​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ប្ដី​នាង​ទេ ពាក្យ​នោះ​នាង​និយាយ​ត្រូវ​ប្រាកដ ស្ត្រី​នោះ​ទូល​ទ្រង់​ថា លោក​ម្ចាស់​អើយ ខ្ញុំ​យល់​ឃើញ​ថា លោក​ជា​ហោរា ឯ​ពួក​ឰយុកោ​យើង​ខ្ញុំ បាន​ថ្វាយ‌បង្គំ​នៅ​លើ​ភ្នំ​នេះ តែ​ពួក​លោក​ថា ក្រុង​យេរូ‌សាឡិម​ជា​កន្លែង​ដែល​ត្រូវ​ថ្វាយ‌បង្គំ​វិញ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា នាង​ស្រី​អើយ ចូរ​ជឿ​ខ្ញុំ​ថា នឹង​មាន​ពេល​វេលា​មក ដែល​អ្នក​រាល់​គ្នា​នឹង​មិន​ថ្វាយ‌បង្គំ​ព្រះវរ‌បិតា នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូ‌សាឡិម​ទេ អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ខ្លួន​ថ្វាយ‌បង្គំ​អ្វី​ទេ ឯ​យើង​វិញ យើង​ស្គាល់​ព្រះ​ដែល​យើង​ថ្វាយ‌បង្គំ ដ្បិត​សេចក្ដី​សង្គ្រោះ​កើត​មក​ពី​សាសន៍​យូដា តែ​នឹង​មាន​ពេល​វេលា​មក ក៏​នៅ​ឥឡូវ​នេះ​ហើយ នោះ​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ដោយ​ពិត​ត្រង់ គេ​នឹង​ថ្វាយ‌បង្គំ​ព្រះវរ‌បិតា ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត ពី​ព្រោះ​ព្រះវរ‌បិតា ទ្រង់​រក​ពួក​អ្នក​យ៉ាង​នោះ ឲ្យ​បាន​ថ្វាយ‌បង្គំ​ទ្រង់ ឯ​ព្រះ ទ្រង់​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ‌បង្គំ​ទ្រង់ នោះ​ត្រូវ​តែ​ថ្វាយ‌បង្គំ ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត​ដែរ ស្ត្រី​នោះ​ទូល​ទ្រង់​ថា ខ្ញុំ​ដឹង​ហើយ​ថា ព្រះ‌មែស្ស៊ី ដែល​ហៅ​ជា​ព្រះ‌គ្រីស្ទ ទ្រង់​នឹង​យាង​មក កាល​ណា​មក​ហើយ នោះ​ទ្រង់​នឹង​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​គ្រប់​ទាំង​អស់ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា នោះ​គឺ​ខ្ញុំ​នេះ​ហើយ ដែល​និយាយ​នឹង​នាង។

ខណ​នោះ ពួក​សិស្ស​ទ្រង់​មក​ដល់ ក៏​នឹក​ប្លែក​ពី​ទ្រង់​មាន​បន្ទូល​នឹង​ស្ត្រី​នោះ ប៉ុន្តែ​គ្មាន​អ្នក​ណា​ទូល​សួរ​ថា ទ្រង់​សួរ​រក​អ្វី ឬ​ថា ទ្រង់​មាន​បន្ទូល​នឹង​ស្ត្រី​នេះ​ធ្វើ​អី​នោះ​ទេ ឯ​ស្ត្រី​នោះ នាង​ទុក​ក្អម​ចោល ក៏​ចូល​ក្នុង​ក្រុង​ដំណាល​ប្រាប់​គេ​ថា ចូរ​មក​មើល មាន​មនុស្ស​ម្នាក់ ដែល​ប្រាប់​ខ្ញុំ​ពី​គ្រប់​អំពើ​ទាំង​អស់ ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត តើ​អ្នក​នោះ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ​ឬ​អី គេ​ក៏​ចេញ​ពី​ទី​ក្រុង​ទៅ​ឯ​ទ្រង់។

(អានបន្ថែម)

កិច្ចការ ៨:២៦-៤០

នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់ មាន​បន្ទូល​ទៅ​ភីលីព​ថា ចូរ​ក្រោក​ឡើង​ទៅ​ឯ​ខាង​ត្បូង តាម​ផ្លូវ​ដែល​ចុះ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ឯ​ក្រុង​កាសា ដែល​ជា​ទី​រហោ‌ស្ថាន​ទៅ គាត់​ក៏​ក្រោក​ឡើង​ដើរ​ទៅ នោះ​ឃើញ​មាន​សាសន៍​អេធីយ៉ូពី​ម្នាក់ ជា​មនុស្ស​កំរៀវ ដែល​មាន​អំណាច​ក្រោម​ព្រះ‌នាង​កាន‌ដេស មហា‌ក្សត្រី​ដែល​សោយ‌រាជ្យ​ក្នុង​ស្រុក​អេធីយ៉ូពី លោក​ជា​អ្នក​ត្រួត‌ត្រា​លើ​អស់​ទាំង​ព្រះ‌រាជ‌ទ្រព្យ​របស់​ស្តេច ហើយ​បាន​មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ថ្វាយ‌បង្គំ លោក​កំពុង​តែ​ជិះ​រថ​ត្រឡប់​ទៅ​វិញ ក៏​មើល​គម្ពីរ​ហោរា​អេសាយ ខណ​នោះ ព្រះ‌វិញ្ញាណ​ទ្រង់​មាន​បន្ទូល​ទៅ​ភីលីព​ថា ឲ្យ​ចូល​ទៅ​ប្រកៀក​នឹង​រថ​នោះ​ទៅ ភីលីព​ក៏​រត់​ទៅ​តាម ឮ​លោក​កំពុង​តែ​អាន​មើល​គម្ពីរ​ហោរា​អេសាយ រួច​សួរ​ថា លោក​មើល​យល់​ឬ​ទេ ឯ​លោក​ក៏​ឆ្លើយ​ឡើង​ថា បើ​គ្មាន​អ្នក​ណា​ដឹក‌នាំ​ខ្ញុំ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​យល់​បាន រួច​លោក​ក៏​សូម​ឲ្យ​ភីលីព​ឡើង​ជិះ​រថ​ជា​មួយ​គ្នា ឯ​បទ​គម្ពីរ​ដែល​លោក​កំពុង​តែ​មើល​នោះ គឺ​ត្រង់​បទ​នេះ​ថា

«ទ្រង់​ត្រូវ​គេ​ដឹក‌នាំ​ទៅ ដូច​ជា​ដឹក​ចៀម​ទៅ​សំឡាប់ ទ្រង់​មិន​បាន​ហើប​ព្រះ‌ឱស្ឋ​សោះ ដូច​ជា​កូន​ចៀម​ដែល​គ នៅ​មុខ​អ្នក​កាត់​រោម​វា នៅ​គ្រា​ដែល​ទ្រង់​ត្រូវ​បន្ទាប‌បន្ថោក នោះ​គេ​បាន​ដក​សេចក្ដី​យុត្តិ‌ធម៌​ចេញ​ពី​ទ្រង់​ទៅ តើ​អ្នក​ណា​នឹង​ថ្លែង​ពី​ព្រះ‌វង្សា​ទ្រង់​បាន ដ្បិត​គេ​បាន​ដក​ព្រះ‌ជន្ម​ទ្រង់​ពី​ផែនដី​ចេញ​ហើយ»

អ្នក​កំរៀវ​នោះ​សួរ​ភីលីព​ថា ខ្ញុំ​សូម​សួរ​អ្នក តើ​ហោរា​និយាយ​ដូច្នេះ គឺ​និយាយ​ពី​អ្នក​ណា ពី​ខ្លួន​លោក ឬ​ពី​អ្នក​ដទៃ នោះ​ភីលីព​បើក​មាត់​សំដែង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ‌យេស៊ូវ ចាប់​តាំង​ពី​បទ​គម្ពីរ​នោះ​រៀង​ទៅ កាល​កំពុង​តែ​ទៅ​តាម​ផ្លូវ នោះ​ឃើញ​មាន​ទី​ទឹក ហើយ​អ្នក​កំរៀវ​និយាយ​ថា មើល នុ៎ះ​ន៏​ទឹក តើ​មាន​អ្វី​ឃាត់​មិន​ឲ្យ​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​បាន ភីលីព​ឆ្លើយ​ថា បើ​លោក​ជឿ​អស់​ពី​ចិត្ត នោះ​ទទួល​បាន លោក​ឆ្លើយ​ឡើង​ថា ខ្ញុំ​ជឿ​ហើយ ថា​ព្រះ‌យេស៊ូវ​គ្រីស្ទ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ នោះ​លោក​បង្គាប់​ឲ្យ​បញ្ឈប់​រថ រួច​ភីលីព នឹង​អ្នក​កំរៀវ ក៏​ចុះ​ទៅ​ក្នុង​ទឹក​ទាំង​២​នាក់ ហើយ​ភីលីព គាត់​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ឲ្យ លុះ​ឡើង​ពី​ទឹក​មក នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់ ទ្រង់​ឆក់​យក​ភីលីព​បាត់​ទៅ ហើយ​អ្នក​កំរៀវ​មិន​បាន​ឃើញ​គាត់​ទៀត​ទេ ក៏​ទៅ​តាម​ផ្លូវ​ទៅ ដោយ​អរ​សប្បាយ ឯ​ភីលីព គេ​បាន​ឃើញ​គាត់​នៅ​ក្រុង​អាសូត​វិញ គាត់​ក៏​ដើរ​ទៅ​ទាំង​ផ្សាយ​ដំណឹង​ល្អ​នៅ​គ្រប់​អស់​ទាំង​ទី​ក្រុង​រៀង​ទៅ រហូត​ទៅ​ដល់​ក្រុង​សេសារា។

(អានបន្ថែម)

កិច្ចការ ៩:១-២២

ឯ​សុល គាត់​នៅ​តែ​បញ្ចេញ​សេចក្ដី​គំរាម នឹង​ពាក្យ​កំហែង ព្រម​ទាំង​ការ​សំឡាប់ ដល់​ពួក​សិស្ស​នៃ​ព្រះ‌អម្ចាស់​នៅ​ឡើយ ក៏​ទៅ​ឯ​សំដេច​សង្ឃ សូម​សំបុត្រ​កាន់​យក​ទៅ​ឯ​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន នៅ​ក្រុង​ដាម៉ាស ប្រយោជន៍​ដើម្បី បើ​ឃើញ​មាន​អ្នក​ណា​ខ្លះ ដែល​ប្រតិ‌បត្តិ​តាម​ផ្លូវ​នោះ ទោះ​ប្រុស​ឬ​ស្រី​ក្តី នោះ​នឹង​ចាប់​ចង​គេ នាំ​មក​ឯ​ក្រុង​យេរូ‌សាឡិម ប៉ុន្តែ កំពុង​ដែល​គាត់​ដើរ​តាម​ផ្លូវ ទៅ​ជិត​នឹង​ដល់​ក្រុង​ដាម៉ាស​ហើយ នោះ​ស្រាប់​តែ​មាន​ពន្លឺ​ពី​លើ​មេឃ ភ្លឺ​មក​នៅ​ជុំ‌វិញ​ខ្លួន គាត់​ក៏​ដួល​ដល់​ដី រួច​ឮ​សំឡេង​មាន​បន្ទូល​មក​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​អ្នក​បៀត‌បៀន​ដល់​ខ្ញុំ​ដូច្នេះ គាត់​ទូល​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ណា​នុ៎ះ រួច​ព្រះ‌អម្ចាស់​ទ្រង់​តប​ថា ខ្ញុំ​នេះ​ជា​ព្រះ‌យេស៊ូវ ដែល​អ្នក​បៀត‌បៀន អ្នក​ធាក់​ជល់​នឹង​ជន្លួញ​ដូច្នេះ នោះ​ពិបាក​ដល់​អ្នក​ណាស់ នោះ​គាត់​ក៏​ញាប់‌ញ័រ ទាំង​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​ទូល​ថា ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូច​ម្តេច ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា ចូរ​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទៅ នោះ​គេ​នឹង​ប្រាប់​អ្នក ឲ្យ​ដឹង​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ ឯ​ពួក​អ្នក​ដែល​ដើរ​ជា​មួយ​នឹង​គាត់ គេ​ក៏​ឈរ​ស្រឡាំង‌កាំង​នៅ ដោយ​បាន​ឮ​សំឡេង​មែន តែ​មិន​ឃើញ​អ្នក​ណា​សោះ រួច​សុល​ក៏​ក្រោក​ពី​ដី​ឡើង តែ​កាល​គាត់​បើក​ភ្នែក​ហើយ នោះ​មើល​មិន​ឃើញ​អ្វី​ទេ គេ​ក៏​ដឹក​ដៃ​គាត់​នាំ​ទៅ​ឯ​ដាម៉ាស ក្នុង​រវាង​៣​ថ្ងៃ គាត់​មើល​មិន​ឃើញ​ឡើយ ក៏​មិន​បរិភោគ​អ្វី​ផង។

រីឯ​នៅ​ក្រុង​ដាម៉ាស នោះ​មាន​សិស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស ហើយ​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ហៅ​គាត់ ក្នុង​ការ​ជាក់​ស្តែង​ថា នែ អាន៉្នានាស​អើយ គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា ចូរ​ក្រោក​ឡើង ទៅ​ឯ​ផ្លូវ​ដែល​ហៅ​ថា ផ្លូវ​ត្រង់ ហើយ​រក​មនុស្ស​ម្នាក់​ឈ្មោះ​សុល ជា​អ្នក​ស្រុក​តើ‌សុស នៅ​ក្នុង​ផ្ទះ​យូដាស ដ្បិត​មើល គាត់​កំពុង​តែ​អធិស្ឋាន ហើយ​ក្នុង​ការ​ជាក់​ស្តែង គាត់​បាន​ឃើញ​ថា មាន​មនុស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស ចូល​មក​ដាក់​ដៃ​លើ​គាត់ ឲ្យ​បាន​ភ្លឺ​ភ្នែក​ឡើង អាន៉្នានាស​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន និយាយ​ពី​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ដល់​ពួក​បរិសុទ្ធ​របស់​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ទី​នេះ គាត់​ក៏​មាន​អំណាច​ពី​ពួក​សង្គ្រាជ អាច​នឹង​ទៅ​ចាប់​ចង​នូវ​អស់​អ្នក​ណា ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់​ដែរ ប៉ុន្តែ​ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា ចូរ​ទៅ​ចុះ ពី​ព្រោះ​អ្នក​នោះ​ជា​ប្រដាប់​រើស​តាំង​ដល់​ខ្ញុំ សំរាប់​នឹង​ប្រកាស​ឈ្មោះ​ខ្ញុំ ដល់​ពួក​សាសន៍​ដទៃ នឹង​ពួក​ស្តេច ហើយ​នឹង​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​ផង ដ្បិត​ខ្ញុំ​នឹង​បង្ហាញ ឲ្យ​គាត់​ដឹង​ជា​ត្រូវ​រង​ទុក្ខ​លំបាក​ទាំង​អម្បាល‌ម៉ាន ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ ដូច្នេះ អាន៉្នានាស​ក៏​ទៅ ហើយ​ចូល​ក្នុង​ផ្ទះ​នោះ ដាក់​ដៃ​លើ​គាត់ និយាយ​ថា អ្នក​សុល​អើយ ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេស៊ូវ ដែល​លេច​មក​ឲ្យ​អ្នក​ឃើញ​តាម​ផ្លូវ ទ្រង់​បាន​ចាត់​ខ្ញុំ​មក ដើម្បី​ឲ្យ​អ្នក​បាន​ភ្លឺ​ភ្នែក ហើយ​ឲ្យ​អ្នក​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ស្រាប់​តែ​មាន​ដូច​ជា​ស្រកា​ជ្រុះ​ចុះ​ពី​ភ្នែក​គាត់​មក ហើយ​គាត់​ក៏​បាន​ភ្លឺ​ជា​១​រំពេច រួច​ក្រោក​ឡើង​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ហើយ​ក្រោយ​ដែល​គាត់​បាន​បរិភោគ នោះ​ក៏​មាន​កំឡាំង​ឡើង​វិញ។

សុល​ក៏​នៅ​ក្រុង​ដាម៉ាស ជា​មួយ​នឹង​ពួក​សិស្ស​ជា​យូរ​ថ្ងៃ នោះ​ស្រាប់​តែ​គាត់​ប្រកាស​ប្រាប់​ពី​ព្រះ‌យេស៊ូវ នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន​ថា ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ឯ​អស់​អ្នក​ដែល​ឮ ក៏​មាន​សេចក្ដី​ងឿង‌ឆ្ងល់ ហើយ​គេ​និយាយ​ថា តើ​មិន​មែន​អ្នក​នេះ​ទេ​ឬ​អី ដែល​បំផ្លាញ​ពួក​អ្នក​អំពាវ‌នាវ​ដល់​ព្រះ‌នាម​នោះ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​គាត់​បាន​មក​ទី​នេះ ដើម្បី​នឹង​ចាប់​ចង​គេ បញ្ជូន​ទៅ​ឲ្យ​ពួក​សង្គ្រាជ​ដែរ តែ​សុល គាត់​មាន​កំឡាំង​កាន់​តែ​ខ្លាំង​ឡើង ក៏​ផ្ទុញ‌ផ្ទាល់​ដល់​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ដាម៉ាស​វិញ ដោយ​សំដែង​បញ្ជាក់​ពី​ព្រះ‌អង្គ​នេះ​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ​ពិត​មែន។

(អានបន្ថែម)

កិច្ចការ ១០:១-៤៨

រីឯ​នៅ​ក្រុង​សេសារា មាន​មនុស្ស​ម្នាក់​ឈ្មោះ​កូនេ‌លាស ជា​មេ​លើ​កង‌ទ័ព ដែល​ហៅ​ថា កង‌ទ័ព​អ៊ីតាលី ជា​អ្នក​គោរព ហើយ​កោត‌ខ្លាច​ដល់​ព្រះ ព្រម​ទាំង​ពួក​គ្រួ​លោក​ទាំង​អស់​ផង លោក​ក៏​ដាក់​ទាន​ជា​ច្រើន​ដល់​ពួក​ជន ហើយ​អំពាវ‌នាវ​ដល់​ព្រះ​ជានិច្ច លោក​បាន​ឃើញ​ការ​ជាក់​ស្តែង​យ៉ាង​ច្បាស់ ប្រហែល​ជា​ម៉ោង​៣​រសៀល គឺ​បាន​ឃើញ​ទេវតា​នៃ​ព្រះ​មក​ឯ​លោក ពោល​ថា កូនេ‌លាស​អើយ លោក​ក៏​សំឡឹង​មើល​ទៅ​ទេវតា​ទាំង​ភ័យ ហើយ​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ តើ​មាន​ការ​អ្វី ទេវតា​ប្រាប់​ថា សេចក្ដី​អធិស្ឋាន នឹង​ការ​ដាក់​ទាន​របស់​អ្នក បាន​ឡើង​ទៅ​ទុក​ជា​សេចក្ដី​រំឭក នៅ​ចំពោះ​ព្រះ​ហើយ ដូច្នេះ ចូរ​អ្នក​ប្រើ​គេ​ឲ្យ​ទៅ​ឯ​យ៉ុបប៉េ ហៅ​ស៊ីម៉ូន ដែល​មាន​ឈ្មោះ​ថា ពេត្រុស ឲ្យ​មក​ឥឡូវ គាត់​ស្នាក់​នៅ​ផ្ទះ​របស់​ជាង​សំឡាប់​ស្បែក​ម្នាក់ ឈ្មោះ​ស៊ីម៉ូន ដែល​នៅ​ក្បែរ​មាត់​សមុទ្រ អ្នក​នោះ​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ​ជា​យ៉ាង​ណា កាល​ទេវតា ដែល​និយាយ​មក​លោក បាន​ចេញ​ទៅ​បាត់​ហើយ នោះ​លោក​ហៅ​អ្នក​បំរើ​២​នាក់ នឹង​ទាហាន​ម្នាក់ ដែល​កោត‌ខ្លាច​ដល់​ព្រះ ពី​ពួក​មនុស្ស​ដែល​តែង‌តែ​បំរើ​លោក​ឲ្យ​មក រួច​ប្រាប់​រឿង‌រ៉ាវ​សព្វ​គ្រប់ ហើយ​ប្រើ​ឲ្យ​ទៅ​ឯ​យ៉ុបប៉េ។

ដល់​ស្អែក​ឡើង​កំពុង​ដែល​ពួក​អ្នក​ទាំង​នោះ​ដើរ​ទៅ​ជិត​ដល់​ទី​ក្រុង​ហើយ នោះ​ពេត្រុស​ក៏​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ដើម្បី​នឹង​អធិស្ឋាន ក្នុង​ពេល​ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ គាត់​ក៏​នឹក​ឃ្លាន​ជា​ខ្លាំង ចង់​បរិភោគ តែ​កំពុង​ដែល​គេ​ចាត់‌ចែង​ឲ្យ នោះ​គាត់​លង់​ស្មារតី​ទៅ គាត់​ឃើញ​មេឃ​ចំហ ហើយ​មាន​ប្រដាប់ ដូច​ជា​សំពត់​កំរាល​យ៉ាង​ធំ បាន​ចុះ​មក ចង​ទាំង​៤​ជ្រុង សំរូត​មក​ដល់​ដី នៅ​ក្នុង​សំពត់​នោះ មាន​សត្វ​ជើង​៤ សត្វ​ព្រៃ សត្វ​លូន​វារ​គ្រប់​មុខ ដែល​នៅ​លើ​ដី នឹង​សត្វ​ហើរ​លើ​អាកាស​ដែរ ក៏​ឮ​សំឡេង​មាន​បន្ទូល​មក​ថា ពេត្រុស​អើយ ចូរ​ក្រោក​ឡើង​សំឡាប់ ហើយ​បរិភោគ​ទៅ តែ​ពេត្រុស​ប្រកែក​ថា ទេ ព្រះ‌អម្ចាស់ ដ្បិត​ទូលបង្គំ​មិន​ដែល​ទទួល​ទាន​អ្វី ដែល​មិន​ស្អាត​មិន​បរិសុទ្ធ​នោះ​សោះ រួច​ឮ​សំឡេង​នោះ​មក​ម្តង​ទៀត​ថា របស់​អ្វី​ដែល​ព្រះ​បាន​សំអាត​ហើយ នោះ​កុំ​ឲ្យ​អ្នក​រាប់​ថា​ជា​មិន​ស្អាត​ឡើយ ការ​នោះ​មាន​មក​គ្រប់​៣​ដង រួច​បាន​លើក​ប្រដាប់​នោះ ឡើង​ទៅ​លើ​មេឃ​វិញ។

កំពុង​ដែល​ពេត្រុស​នៅ​ងោង​ក្នុង​ខ្លួន ពី​ន័យ​ការ​ជាក់​ស្តែង ដែល​បាន​ឃើញ​នោះ​នៅ​ឡើយ នោះ​មនុស្ស​៣​នាក់ ដែល​កូនេ‌លាស​ចាត់​ឲ្យ​មក បាន​សួរ​រក​ផ្ទះ​ស៊ីម៉ូន ក៏​ឈរ​នៅ​មាត់​ទ្វារ​ហើយ គេ​កំពុង​តែ​ហៅ​សួរ បើ​មាន​ឈ្មោះ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស នៅ​ផ្ទះ​នោះ​ឬ​ទេ ដូច្នេះ កំពុង​ដែល​ពេត្រុស​គិត​រំពឹង​ពី​ការ​ជាក់​ស្តែង នោះ​ព្រះ‌វិញ្ញាណ​មាន​បន្ទូល​មក​គាត់​ថា មើល មាន​មនុស្ស​៣​នាក់​មក​រក​អ្នក ចូរ​ក្រោក​ឡើង​ចុះ​ទៅ ហើយ​ទៅ​ជា​មួយ​នឹង​គេ​ចុះ កុំ​ប្រកាន់​ឡើយ ពី​ព្រោះ​គឺ​ខ្ញុំ​ហើយ ដែល​ចាត់​ឲ្យ​គេ​មក ដូច្នេះ ពេត្រុស​ក៏​ចុះ​ទៅ​ទទួល​គេ ដោយ​ពាក្យ​ថា គឺ​ខ្ញុំ​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​រក តើ​មាន​ការ​អ្វី គេ​ឆ្លើយ​ឡើង​ថា លោក​មេ​ទ័ព​កូនេ‌លាស ដែល​ជា​មនុស្ស​សុចរិត ហើយ​កោត‌ខ្លាច​ដល់​ព្រះ មាន​សាសន៍​យូដា​ទាំង​អស់​ធ្វើ​បន្ទាល់​ល្អ​ឲ្យ លោក​បាន​ទទួល​បង្គាប់​នៃ​ព្រះ ដោយ‌សារ​ទេវតា​បរិសុទ្ធ ឲ្យ​ចាត់​មក​អញ្ជើញ​លោក​គ្រូ​ទៅ​ឯ​ផ្ទះ​លោក ដើម្បី​នឹង​បាន​ស្តាប់​លោក​គ្រូ​អធិប្បាយ​ខ្លះ ដូច្នេះ ពេត្រុស​ក៏​អញ្ជើញ​គេ​ចូល​មក​ស្នាក់​នៅ​សិន. . .

លុះ​ដល់​ស្អែក គាត់​ក្រោក​ឡើង ទៅ​ជា​មួយ​នឹង​គេ ហើយ​មាន​ពួក​បង​ប្អូន​ខ្លះ ដែល​នៅ​យ៉ុបប៉េ ក៏​ទៅ​ជា​មួយ​ដែរ ដល់​ស្អែក​ឡើង គេ​ចូល​ទៅ​ក្នុង​សេសារា ឯ​កូនេ‌លាស​ក៏​ទន្ទឹង​មើល​ផ្លូវ​គេ បាន​ទាំង​ប្រមូល​ញាតិ​សន្តាន នឹង​សំឡាញ់​ស្និទ្ធ‌ស្នាល​របស់​លោក​មក​ផង។ កាល​ពេត្រុស​កំពុង​តែ​ចូល​ទៅ កូនេ‌លាស​ក៏​មក​រាក់‌ទាក់​ទទួល ដោយ​ក្រាប​ថ្វាយ‌បង្គំ​នៅ​ទៀប​ជើង​គាត់ តែ​ពេត្រុស​លើក​លោក​ឡើង​ដោយ​ពាក្យ​ថា សូម​ក្រោក​ឡើង ខ្លួន​ខ្ញុំ​ជា​មនុស្ស​ដូច​គ្នា​ដែរ នោះ​ក៏​ចូល​ទៅ​ទាំង​ចរចា​គ្នា ហើយ​ឃើញ​មាន​មនុស្ស​ជា​ច្រើន​ប្រជុំ​ចាំ រួច​គាត់​និយាយ​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ដឹង​ថា មនុស្ស​សាសន៍​យូដា​គ្មាន​ច្បាប់​នឹង​សេព​គប់​នឹង​សាសន៍​ដទៃ ឬ​នឹង​ចូល​ទៅ​ជិត​គេ​ឡើយ តែ​ព្រះ‌ទ្រង់​បាន​សំដែង​ឲ្យ​ខ្ញុំ​ដឹង​ថា មិន​ត្រូវ​រាប់​អ្នក​ណា​ថា​មិន​ស្អាត ឬ​មិន​បរិសុទ្ធ​ឡើយ ហេតុ​នោះ​បាន​ជា​កាល​លោក​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ខ្ញុំ នោះ​ខ្ញុំ​បាន​មក​ដោយ​ឥត​ប្រកែក​សោះ ដូច្នេះ ខ្ញុំ​សូម​សួរ​លោក តើ​លោក​ឲ្យ​ខ្ញុំ​មក​មាន​ការ​អ្វី

កូនេ‌លាស​ឆ្លើយ​ថា កន្លង​មក​៤​ថ្ងៃ​ហើយ ពេល​ថ្មើរ​ណេះ កាល​ខ្ញុំ​កំពុង​តែ​តម ហើយ​អធិស្ឋាន​នៅ​ផ្ទះ​ខ្ញុំ ក្នុង​ពេល​ម៉ោង​៣​រសៀល នោះ​ឃើញ​មាន​ម្នាក់​ពាក់​អាវ​ដ៏​ភ្លឺ ឈរ​នៅ​មុខ​ខ្ញុំ ប្រាប់​ថា កូនេ‌លាស​អើយ ព្រះ​បាន​ទទួល​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ហើយ ក៏​នឹក​ចាំ​ពី​ទាន​របស់​អ្នក​ដែរ ដូច្នេះ ចូរ​ប្រើ​គេ​ឲ្យ​ទៅ​ឯ​យ៉ុបប៉េ អញ្ជើញ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស​មក លោក​នោះ​នៅ​ក្នុង​ផ្ទះ​របស់​ជាង​សំឡាប់​ស្បែក ឈ្មោះ​ស៊ីម៉ូន នៅ​ក្បែរ​មាត់​សមុទ្រ កាល​ណា​លោក​បាន​មក​ដល់ នោះ​នឹង​អធិប្បាយ​ឲ្យ​អ្នក​ស្តាប់ ដូច្នេះ ខ្ញុំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ឯ​លោក​ភ្លាម ដែល​លោក​អញ្ជើញ​មក​នេះ​ក៏​ល្អ​ហើយ ឥឡូវ​នេះ យើង​ទាំង​អស់​នៅ​ចំពោះ​ព្រះ ដើម្បី​នឹង​ស្តាប់​គ្រប់​ទាំង​សេចក្ដី ដែល​ព្រះ​បាន​បង្គាប់​មក​លោក។

ពេត្រុស​ក៏​បើក​មាត់​និយាយ​ថា ប្រាកដ​មែន ខ្ញុំ​យល់​ឃើញ​ថា ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ‌ហឫទ័យ​ទ្រង់​ដែរ ឯ​ព្រះ‌បន្ទូល ដែល​ទ្រង់​បាន​ផ្សាយ​មក​ដល់​ពួក​ជន‌ជាតិ​អ៊ីស្រាអែល ដោយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ ជា​សេចក្ដី​មេត្រី ដែល​មក​ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ដ៏​ជា​ព្រះ‌អម្ចាស់​លើ​ទាំង​អស់ នោះ​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ គឺ​ជា​រឿង​ដែល​បាន​ថ្លែង​ប្រាប់ ចាប់​តាំង​ពី​ស្រុក​កាលី‌ឡេ ក្នុង​គ្រា​ក្រោយ​ដែល​លោក​យ៉ូហាន​បាន​ប្រកាស​ប្រាប់​ពី​បុណ្យ​ជ្រមុជ‌ទឹក ក៏​ផ្សាយ​មក​គ្រប់​ក្នុង​ស្រុក​យូដា​ផង គឺ​ពី​ព្រះ‌យេស៊ូវ ពី​ស្រុក​ណា‌សារ៉ែត ដែល​ព្រះ​បាន​ចាក់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នឹង​ព្រះ‌ចេស្តា​ឲ្យ​មក​សណ្ឋិត​លើ​ទ្រង់ ហើយ​ទ្រង់​បាន​យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ ព្រម​ទាំង​ប្រោស​ឲ្យ​អស់​អ្នក ដែល​ត្រូវ​អារក្ស​សង្កត់‌សង្កិន​បាន​ជា​ផង ដ្បិត​ព្រះ​បាន​គង់​ជា​មួយ​នឹង​ទ្រង់ ឯ​យើង​រាល់​គ្នា ជា​ទី​បន្ទាល់​ពី​អស់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ នៅ​ក្នុង​ស្រុក​របស់​ពួក​សាសន៍​យូដា ហើយ​នៅ​ក្រុង​យេរូ‌សាឡិម គេ​បាន​ធ្វើ​គុត​ទ្រង់ ដោយ​ព្យួរ​នៅ​លើ​ឈើ តែ​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​៣ ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ទ្រង់​សំដែង​មក​ឲ្យ​ឃើញ​ផង មិន​មែន​ឲ្យ​ប្រជា‌ជន​ទាំង​អស់​ឃើញ​ទេ គឺ​ឲ្យ​ពួក​ស្មរ​បន្ទាល់​ដែល​ព្រះ​បាន​រើស​អំពី​មុន​មក​វិញ គឺ​ជា​ពួក​យើង​រាល់​គ្នា ដែល​បាន​ទទួល​ទាន​ជា​មួយ​នឹង​ទ្រង់ ក្នុង​ពេល​ក្រោយ​ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ទ្រង់​ក៏​ផ្តាំ​មក​យើង​រាល់​គ្នា ឲ្យ​ប្រកាស​ប្រាប់​ដល់​បណ្តាជន​ទាំង‌ឡាយ ហើយ​ឲ្យ​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ថា គឺ​ព្រះ‌អង្គ​នេះ​ហើយ ដែល​ព្រះ​បាន​តាំង​ឡើង ឲ្យ​ជំនុំ‌ជំរះ​ដល់​ទាំង​មនុស្ស​រស់ នឹង​មនុស្ស​ស្លាប់​ផង ពួក​ហោរា​សុទ្ធ​តែ​ធ្វើ​បន្ទាល់​ពី​ទ្រង់​ថា អស់​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​បាន​រួច​ពី​បាប ដោយ‌សារ​ព្រះ‌នាម​ទ្រង់។

កាល​ពេត្រុស​កំពុង​តែ​អធិប្បាយ​នៅ​ឡើយ នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក សណ្ឋិត​លើ​អស់​អ្នក​ដែល​កំពុង​តែ​ស្តាប់​ព្រះ‌បន្ទូល ឯ​ពួក​អ្នក​ជឿ ក្នុង​ពួក​កាត់​ស្បែក​ទាំង​ប៉ុន្មាន ដែល​មក​ជា​មួយ​នឹង​ពេត្រុស គេ​ក៏​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង ពី​ដំណើរ​ដែល​អំណោយ​ទាន ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ បាន​ចាក់​មក​លើ​ពួក​សាសន៍​ដទៃ​ដូច្នេះ​ដែរ ដ្បិត​គេ​ឮ​អ្នក​ទាំង​នោះ​និយាយ​ភាសា​ដទៃ ហើយ​សរសើរ​ដំកើង​ដល់​ព្រះ នោះ​ពេត្រុស​សួរ​ថា តើ​មាន​អ្នក​ណា​អាច​នឹង​ឃាត់ មិន​ឲ្យ​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ដល់​អ្នក​ទាំង​នេះ​បាន​ឬ​ទេ ដែល​ពួក​គេ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដូច​ជា​យើង​ដែរ គាត់​ក៏​បង្គាប់​ឲ្យ​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​គេ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ រួច​គេ​សូម​អង្វរ​គាត់ ឲ្យ​នៅ​ជា​មួយ​ពីរ​បី​ថ្ងៃ​ទៀត។

(អានបន្ថែម)

កិច្ចការ ១៧:១៦-៣៤

កំពុង​ដែល​ប៉ុល​ចាំ​គេ​នៅ​ក្រុង​អាថែន នោះ​គាត់​មាន​សេចក្ដី​រំជួល​ក្នុង​ចិត្ត​ជា​ខ្លាំង ដោយ​ឃើញ​មាន​រូប​ព្រះ​នៅ​ពេញ​ក្នុង​ទី​ក្រុង​នោះ ដូច្នេះ គាត់​ក៏​ជជែក​ពន្យល់​ដល់​សាសន៍​យូដា នឹង​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ក្នុង​សាលា​ប្រជុំ​គេ ហើយ​នៅ​ទី​ផ្សារ ជា​មួយ​នឹង​អស់​អ្នក​ដែល​មក​ចួប​នឹង​គាត់​រាល់​តែ​ថ្ងៃ​ដែរ តែ​មាន​ពួក​អេពីគួរ នឹង​ពួក​ស្ទអ៊ីក​ខ្លះ ជា​អ្នក​ប្រាជ្ញ​បរមត្ថ គេ​មក​ជួប​នឹង​គាត់ ខ្លះ​សួរ​ថា តើ​អ្នក​ដែល​និយាយ​ប៉ប៉ាច់​នេះ​ចង់​ថា​ដូច​ម្តេច ខ្លះ​ទៀត​ថា មើល​ទៅ​ដូច​ជា​គាត់​សំដែង​ពី​ព្រះ​ដទៃ​ទេ ដ្បិត​ឮ​គាត់​ប្រាប់​គេ​ពី​ព្រះ‌យេស៊ូវ ហើយ​ពី​សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ គេ​ក៏​នាំ​យក​គាត់​ទៅ​ឯ​ភ្នំ​អើរី‌យ៉ូស​សួរ​ថា តើ​យើង​អាច​នឹង​ដឹង​ជា​សេចក្ដី​បង្រៀន​ថ្មី ដែល​អ្នក​អធិប្បាយ​នេះ​ជា​យ៉ាង​ណា​បាន​ឬ​ទេ ដ្បិត​យើង​បាន​ឮ​អ្នក​អធិប្បាយ​យ៉ាង​ប្លែក​ណាស់ ដូច្នេះ យើង​ចង់​ដឹង​ន័យ​សេចក្ដី​ទាំង​នេះ​ដែរ រីឯ​ពួក​អ្នក​នៅ​ក្រុង​អាថែន នឹង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​មក​ស្នាក់​នៅ​ទាំង​ប៉ុន្មាន គេ​មិន​ដែល​បង់​ពេល​ទំនេរ​នឹង​ធ្វើ​អ្វី​ទៀត​ទេ គេ​គិត​តែ​ពី​ប្រាប់ ឬ​ស្តាប់​សេចក្ដី​ថ្មី​ប៉ុណ្ណោះ។

ឯ​ប៉ុល គាត់​ឈរ​នៅ​កណ្តាល​ទី​អើរី‌យ៉ូស សំដែង​ថា ឱ​ពួក​អ្នក​នៅ​ក្រុង​អាថែន​អើយ ក្នុង​ការ​ទាំង​អស់​ខ្ញុំ​យល់​ឃើញ​ថា អ្នក​រាល់​គ្នា​ឧស្សាហ៍​ខ្នះ‌ខ្នែង​កាន់​សាសនា​ណាស់ ដ្បិត​កំពុង​ដែល​ខ្ញុំ​ដើរ​ចុះ​ឡើង មើល​ប្រដាប់​ប្រដា ដែល​អ្នក​រាល់​គ្នា​គោរព​បូជា នោះ​ខ្ញុំ​ឃើញ​មាន​អាសនា​១ ដែល​មាន​ចារិក​ថា «ព្រះ​ដ៏​ពុំ​ស្គាល់» ដូច្នេះ ខ្ញុំ​នឹង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ពី​ព្រះ ដែល​អ្នក​រាល់​គ្នា​គោរព​បូជា ដោយ​ឥត​ស្គាល់​នោះ​ឯង ដ្បិត​ព្រះ​ដែល​បង្កើត​លោកីយ នឹង​របស់​សព្វ​សារពើ ព្រះ‌អង្គ​នោះ ទ្រង់​ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ នឹង​ផែនដី ទ្រង់​មិន​គង់​នៅ​ក្នុង​វិហារ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​ទេ ក៏​មិន​បាច់​មាន​ដៃ​មនុស្ស​បំរើ​ទ្រង់ ដូច​ជា​ទ្រង់​ត្រូវ​ការ​អ្វី​នោះ​ផង​ដែរ ដ្បិត​គឺ​ទ្រង់​ដែល​ផ្គត់‌ផ្គង់​ដោយ​ព្រះ‌អង្គ​ទ្រង់ ឲ្យ​គ្រប់​ទាំង​អស់​មាន​ជីវិត មាន​ដង្ហើម​គ្រប់​ជំពូក ទ្រង់​បាន​បង្កើត​មនុស្ស​គ្រប់​សាសន៍​ពី​ឈាម​តែ​១ ឲ្យ​បាន​នៅ​ពេញ​លើ​ផែនដី ព្រម​ទាំង​សំរេច​កំណត់​ពេល​វេលា ដែល​បាន​តាំង​ជា​មុន នឹង​ព្រំ​ទី​លំនៅ​របស់​គេ​គ្រប់​គ្នា ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ ក្រែង​គេ​នឹង​រក​ទ្រង់​ឃើញ ដោយ​ខំ​រាវ​រក​មែន​នោះ​ទេ​ដឹង ទោះ​បើ​ទ្រង់​មិន​គង់​ឆ្ងាយ​ពី​យើង​និមួយៗ​ក៏​ដោយ ដ្បិត​

​គឺ​ដោយ‌សារ​ទ្រង់​ហើយ ដែល​យើង​រាល់​គ្នា​បាន​រស់ កំរើក ហើយ​មាន​នៅ​ផង

ដូច​ជា​ពួក​អ្នក​លើក​កំណាព្យ​ខ្លះ​របស់​អ្នក​រាល់​គ្នា បាន​និយាយ​ដែរ​ថា

«មនុស្ស​យើង​ជា​ពូជ​ព្រះ​ដែរ»

ដូច្នេះ បើ​យើង​រាល់​គ្នា​ជា​ពូជ​ព្រះ​ហើយ នោះ​មិន​ត្រូវ​ឲ្យ​យើង​ស្មាន​ថា ព្រះ‌ទ្រង់​ដូច​ជា​មាស ឬ​ប្រាក់ ឬ​ថ្ម ឬ​ជា​របស់​ឆ្លាក់ តាម​ការ​រចនា តាម​គំនិត​របស់​មនុស្ស​នោះ​ទេ ពី​ដើម ព្រះ‌ទ្រង់​បាន​ទត​រំលង​គ្រា​ខ្លៅ​ល្ងង់​មែន តែ​ឥឡូវ​នេះ ទ្រង់​ត្រាស់​បង្គាប់​ដល់​មនុស្ស​ទាំង​អស់ នៅ​គ្រប់​អន្លើ​ឲ្យ​ប្រែ​ចិត្ត​វិញ ពី​ព្រោះ​ទ្រង់​បាន​ដាក់​កំណត់​ថ្ងៃ ដែល​ទ្រង់​នឹង​ជំនុំ‌ជំរះ​លោកីយ​ដោយ​យុត្តិ‌ធម៌ ដោយ‌សារ​មនុស្ស​ម្នាក់ ដែល​ទ្រង់​បាន​ដំរូវ​រួច​ហើយ ព្រម​ទាំង​ដាក់​ភស្តុ‌តាង​សំញែង​យ៉ាង​ជាក់​លាក់ ដល់​មនុស្ស​ទាំង‌ឡាយ ដោយ​ទ្រង់​ប្រោស​មនុស្ស​នោះ ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ

កាល​គេ​បាន​ឮ​និយាយ​ពី​មនុស្ស​ស្លាប់​រស់​ឡើង​វិញ នោះ​មាន​ខ្លះ​ចំអក​ឲ្យ ហើយ​ខ្លះ​និយាយ​ថា យើង​នឹង​ស្តាប់​អ្នក​ពី​ដំណើរ​នេះ​ម្តង​ទៀត ដូច្នេះ ប៉ុល​ក៏​ចេញ​ពី​ចំណោម​គេ​ទៅ តែ​មាន​មនុស្ស​ខ្លះ​ត្រូវ​ចិត្ត​ជាប់​នឹង​គាត់ ព្រម​ទាំង​ជឿ​ផង ក្នុង​ពួក​នោះ​មាន​ឈ្មោះ​ឌេវនីស ជា​ចៅ‌ក្រម​នៅ​ភ្នំ​អើរី‌យ៉ូស នឹង​ស្ត្រី​ម្នាក់​ឈ្មោះ​ដាម៉ា‌រីស ហើយ​នឹង​អ្នក​ខ្លះ​ទៀត​ដែរ។

(អានបន្ថែម)

ភាសាខ្មែរ
Scroll to Top