តើជីវិតរបស់អ្នកនឹងមានភាពខុសប្លែកយ៉ាងណា ប្រសិនបើព្រះយេស៊ូវគង់នៅលើផែនដី ហើយអាចមកស្នាក់នៅក្នុងផ្ទះរបស់អ្នក?
តាមរយៈព្រះអំណោយទានដែលជាព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះ ជាអង្គទីបីនៃព្រះត្រីឯក យើងអាចមានព្រះវត្តមានរបស់ព្រះគង់នៅជាមួយយើងជារៀងរាល់ថ្ងៃ។ ការស្វែងយល់បន្ថែមអំពីព្រះវិញ្ញាណបរិសុទ្ធ និងហេតុផលដែលព្រះជ្រើសរើសដាក់ព្រះវិញ្ញាណរបស់ទ្រង់នៅក្នុងយើង នឹងបង្កើតឲ្យមានលទ្ធផលខុសប្លែកយ៉ាងខ្លាំងនៅក្នុងជីវិតរបស់យើង។
ព្រះវត្តមានរបស់ព្រះ តាមរយៈព្រះវិញ្ញាណរបស់ទ្រង់
នៅក្នុងព្រះគម្ពីរទាំងមូល ព្រះមានព្រះបន្ទូលប្រាប់មនុស្សថា «យើងនឹងគង់នៅជាមួយអ្នក»។ ទ្រង់មានបន្ទូលទៅលោកយ៉ូស្វេថា «អញនឹងនៅជាមួយនឹងឯង ដូចជាបាននៅជាមួយនឹងម៉ូសេដែរ អញមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ» (យ៉ូស្វេ ១:៥)។ ភាគច្រើន ព្រះវត្តមានរបស់ព្រះគឺមើលមិនឃើញ ប៉ុន្តែជួនកាលទ្រង់បានធ្វើឲ្យមនុស្សមើលឃើញទ្រង់ ដូចដែលបានកត់ត្រានៅក្នុង និក្ខមនំ ១៣:២១-២២ នៅពេលដែលប្រជាជនអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីព្ទ។
និក្ខមនំ ១៣:២១-២២
នៅវេលាថ្ងៃ ព្រះយេហូវ៉ាទ្រង់តែងយាងនៅមុខគេក្នុងបង្គោលពពក ដើម្បីនឹងនាំផ្លូវ ហើយនៅវេលាយប់ ទ្រង់យាងក្នុងបង្គោលភ្លើង ដើម្បីនឹងបំភ្លឺគេ ប្រយោជន៍ឲ្យគេដើរបានទាំងយប់ទាំងថ្ងៃ ហើយបង្គោលពពកដែលសំរាប់ពេលថ្ងៃ នឹងបង្គោលភ្លើងដែលសំរាប់ពេលយប់ នោះមិនបានថយចេញពីគេឡើយ។
ការរកឃើញ : តើអ្វីជាគោលបំណងនៃព្រះវត្តមានរបស់ព្រះនៅក្នុងបង្គោលពពក និងបង្គោលភ្លើង?
ការគិតពិចារណា : តើអ្នកនឹងមានអារម្មណ៍យ៉ាងណាពេលឃើញបង្គោលពពក ឬបង្គោលភ្លើង ដោយដឹងថាព្រះគង់នៅជាមួយអ្នក?
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះវិញ្ញាណរបស់ព្រះបានយាងមកសណ្ឋិតលើមនុស្ស ដើម្បីអាចឲ្យពួកគេសម្រេចគោលបំណងរបស់ទ្រង់។ ប៉ុន្តែវាបានផ្លាស់ប្តូរនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ នៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទ ព្រះ «ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា» (យ៉ូហាន ១:១៤)។ ព្រះយេស៊ូវគ្រីស្ទ ជាអង្គទីពីរនៃព្រះត្រីឯក ត្រូវបានគេហៅថា «អេម៉ាញូអែល ដែលមានន័យថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ» (ម៉ាថាយ ១:២៣).
ការសោយទិវង្គតជាយញ្ញបូជារបស់ព្រះយេស៊ូវបានធ្វើឲ្យព្រះអាចគង់នៅជាមួយយើងតាមរបៀបថ្មី និងផ្ទាល់ខ្លួន។ សូមអាន កាឡាទី ៤:៤-៦.
កាឡាទី ៤:៤-៦
តែលុះវេលាកំណត់បានមកដល់ នោះព្រះទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកចាប់កំណើតនឹងស្ត្រី គឺកើតក្រោមអំណាចនៃក្រិត្យវិន័យ ដើម្បីនឹងលោះពួកអ្នកដែលនៅក្រោមក្រិត្យវិន័យ ប្រយោជន៍ឲ្យយើងបានទទួលសគុណ ទុកជាកូនចិញ្ចឹម ហើយដោយព្រោះអ្នករាល់គ្នាជាកូន បានជាព្រះទ្រង់ចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងចិត្តអ្នករាល់គ្នា ឲ្យបន្លឺឡើងថា អ័ប្បា ព្រះវរបិតាអើយ
ការរកឃើញ : តើអ្វីជាគោលបំណង និងលទ្ធផលដែលព្រះបានចាត់ព្រះយេស៊ូវមកផែនដី?
ការរកឃើញ : តើពេលនេះ ព្រះបន្តទ្រង់គង់នៅជាមួយយើង ដែលជាបុត្ររបស់ទ្រង់ដោយរបៀបណា?
ព្រះយេស៊ូវបានមានព្រះបន្ទូលដ៏គួរឲ្យភ្ញាក់ផ្អើលមួយអំពីព្រះវិញ្ញាណបរិសុទ្ធដល់អ្នកដើរតាមទ្រង់ មិនយូរប៉ុន្មានមុនពេលទ្រង់យាងទៅស្ថានសួគ៌។ សូមអាន យ៉ូហាន ១៦:៧.
យ៉ូហាន ១៦:៧
ខ្ញុំប្រាប់តាមត្រង់ថា ដែលខ្ញុំទៅ នោះមានប្រយោជន៍ដល់អ្នករាល់គ្នាវិញ ដ្បិតបើខ្ញុំមិនទៅទេ នោះព្រះដ៏ជាជំនួយក៏មិនមកឯអ្នករាល់គ្នាដែរ តែបើខ្ញុំទៅ នោះខ្ញុំនឹងចាត់ទ្រង់ឲ្យមក
ការរកឃើញ : ហេតុអ្វីបានជាព្រះយេស៊ូវមានបន្ទូលថា ការចាកចេញរបស់ទ្រង់នឹងមានប្រយោជន៍ដល់ពួកគេ?
ការគិតពិចារណា : តើការមានព្រះវិញ្ញាណរបស់ព្រះនៅក្នុងចិត្តយើង ប្រសើរជាងការមានព្រះយេស៊ូវគង់ជាមួយយើងដោយរបៀបណា?
ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកសិស្សរបស់ទ្រង់បន្ថែមទៀតអំពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុង យ៉ូហាន ១៤:១៥-១៧.
យ៉ូហាន ១៤:១៥-១៧
បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានព្រះដ៏ជាជំនួយ១អង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយ នៅអស់កល្បរៀងទៅ គឺជាព្រះវិញ្ញាណនៃសេចក្ដីពិត ដែលលោកីយទទួលពុំបាន ព្រោះមិនឃើញ ហើយមិនស្គាល់ទ្រង់សោះ តែអ្នករាល់គ្នាស្គាល់ទ្រង់ ដ្បិតទ្រង់គង់ជាមួយ ក៏នឹងសណ្ឋិតនៅក្នុងអ្នករាល់គ្នាដែរ
ការរកឃើញ : តើព្រះយេស៊ូវហៅព្រះវិញ្ញាណដោយព្រះនាមពីរអ្វីខ្លះ?
[ចំណាំ៖ ពាក្យនៅក្នុងព្រះគម្ពីរសញ្ញាថ្មីដើមដែលប្រើសម្រាប់ «ព្រះដ៏ជាជំនួយ» គឺ parakletos ដែលមានន័យថា «អ្នកដែលមកអម ដើម្បីជួយ»]។
ការរកឃើញ : តើព្រះយេស៊ូវមានបន្ទូលថា ព្រះវិញ្ញាណនឹងគង់នៅទីណា នៅពេលទ្រង់យាងមក?
ការរកឃើញ : តើព្រះវិញ្ញាណគង់នៅជាមួយយើងយូរប៉ុណ្ណា?
ការចែកចាយ : តើអត្ថបទគម្ពីរទាំងនេះបានប្រាប់អ្នកអ្វីខ្លះអំពីព្រះបំណងរបស់ព្រះក្នុងការគង់នៅជាមួយអ្នក? តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះរឿងនោះ?
សូមមើលវិធីដ៏អស្ចារ្យមួយចំនួនដែលព្រះវិញ្ញាណបរិសុទ្ធជួយយើង។
ការធានារបស់ព្រះតាមរយៈព្រះវិញ្ញាណរបស់ទ្រង់
រ៉ូម ៨:១៦ ចែងថា «ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ។» ព្រះសព្វព្រះហឫទ័យឲ្យយើងប្រាកដចិត្តថា យើងបានសង្គ្រោះ ហើយជាកម្មសិទ្ធិរបស់ទ្រង់។ ព្រះវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់យើង គឺជាវិធីមួយដែលទ្រង់បញ្ជាក់អំពីរឿងនេះ។ សូមអានព្រះបន្ទូលសន្យារបស់ព្រះនៅក្នុង អេភេសូរ ១:១៣ និង ២ កូរិនថូស ១:២១-២២.
អេភេសូរ ១:១៣
ឯអ្នករាល់គ្នា ក៏បានឮព្រះបន្ទូលនៃសេចក្ដីពិត គឺជាដំណឹងល្អពីសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាដោយសារទ្រង់ដែរ ហើយកាលអ្នករាល់គ្នាបានជឿហើយ នោះទ្រង់ក៏ដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានសន្យា. . .
២ កូរិនថូស ១:២១-២២
រីឯអ្នកដែលតាំងយើងខ្ញុំ ឲ្យខ្ជាប់ខ្ជួនក្នុងព្រះគ្រីស្ទ ជាមួយនឹងអ្នករាល់គ្នា ហើយដែលចាក់ប្រេងឲ្យយើង នោះគឺជាព្រះ ទ្រង់ក៏បានដៅចំណាំយើងរាល់គ្នា ហើយបានប្រទានព្រះវិញ្ញាណមកបញ្ចាំចិត្តយើងរាល់គ្នាផង។
ការរកឃើញ : តើមានអ្វីកើតឡើងនៅពេលដែលយើង ជឿលើព្រះគ្រីស្ទ ហើយបានសង្រ្គោះ?
ការគិតពិចារណា : តើមានន័យយ៉ាងណាក្នុងការ បោះត្រារបស់នរណាម្នាក់លើអ្វីមួយ?
ការគិតពិចារណា : តើការដឹងថា ព្រះបោះត្រានៃភាពជាម្ចាស់ របស់ទ្រង់មកលើអ្នក ផ្ដល់ការធានាដល់អ្នកយ៉ាងដូចម្ដេចខ្លះ?
ការរកឃើញ : យោងតាម ២ កូរិនថូស ១:២១-២២ តើព្រះវត្តមានរបស់ព្រះវិញ្ញាណនៅក្នុងជីវិតរបស់យើងពឹងផ្អែកលើអ្នកណា?
ការចែកចាយ : តើអ្វីដែលអាចធ្វើឲ្យយើងពិបាកក្នុងការជឿថា ព្រះវិញ្ញាណរបស់ព្រះសណ្ឋិតក្នុងចិត្តយើង?
ការពិភាក្សា : ទោះបីជាអ្នកមិនបានឃើញ ឬមានអារម្មណ៍ថាមានវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់អ្នកក៏ដោយ តើអ្នកអាចដឹងដោយរបៀបណាថាទ្រង់គង់នៅក្នុងអ្នក? តើអ្នកគិតថា ហេតុអ្វីបានជាព្រះចង់ផ្តល់ឲ្យយើងនូវការធានានេះ?
ព្រះចេស្ដាដែលនាំការផ្លាស់ប្រែ និងបំពាក់បំប៉នរបស់ព្រះ តាមរយៈព្រះវិញ្ញាណរបស់ទ្រង់
ព្រះវិញ្ញាណបរិសុទ្ធមានតួនាទីយ៉ាងសំខាន់ក្នុងកំណើតខាងវិញ្ញាណរបស់យើង និងបន្តផ្លាស់ប្រែយើង ដែលបណ្តាលឲ្យយើងក្លាយជាអ្នកដែលព្រះបានរៀបចំយើងឲ្យក្លាយជា។ សូមអាន ទីតុស ៣:៤-៦.
ទីតុស ៣:៤-៦
តែកាលសេចក្ដីសប្បុរសរបស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង នឹងសេចក្ដីស្រឡាញ់របស់ទ្រង់ដល់មនុស្ស បានលេចមកឲ្យឃើញ នោះទ្រង់បានជួយសង្គ្រោះយើង មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្ដីមេត្តាករុណារបស់ទ្រង់វិញ ដោយសារការសំអាតនៃសេចក្ដីកើតជាថ្មី ហើយការប្រោសជាថ្មីឡើងវិញនៃព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់បានចាក់មកលើយើងជាបរិបូរ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង. . .
ការរកឃើញ : តើព្រះវិញ្ញាណបានធ្វើអ្វីខ្លះ ដើម្បីផ្លាស់ប្រែយើង?
ការចែកចាយ : តើអ្នកបានឃើញជីវិតរបស់អ្នកផ្លាស់ប្ដូរយ៉ាងណាខ្លះ ចាប់តាំងពីព្រះយេស៊ូវបានយាងមកក្នុងជីវិតរបស់អ្នក?
ការរកឃើញ : យោងតាម ២ កូរិនថូស ៣:១៧-១៨តើព្រះវិញ្ញាណរបស់ព្រះនឹងនាំមកនូវលទ្ធផលអ្វីនៅក្នុងជីវិតរបស់យើង?
២ កូរិនថូស ៣:១៧-១៨
រីឯព្រះអម្ចាស់ ទ្រង់ជាព្រះវិញ្ញាណ ហើយកន្លែងណាដែលមានព្រះវិញ្ញាណនៃព្រះអម្ចាស់ នោះក៏មានសេរីភាពដែរ ហើយយើងរាល់គ្នាទាំងអស់ ដែលកំពុងតែរំពឹងមើលសិរីល្អព្រះអម្ចាស់ ទាំងមុខទទេ ដូចជាឆ្លុះមើលទ្រង់ក្នុងកញ្ចក់ យើងកំពុងតែផ្លាស់ប្រែទៅ ឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អទៅដល់សិរីល្អ គឺដោយសារព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ។
ការគិតពិចារណា : តើអ្នកគិតថា អ្នកនឹងក្លាយទៅជាយ៉ាងណា ពេលអ្នកត្រូវបានផ្លាស់ប្រែទៅតាមរូបអង្គរបស់ព្រះគ្រីស្ទ?
ការគិតពិចារណា : តើព្រះវិញ្ញាណនឹងត្រូវធ្វើអ្វីដើម្បីសម្រេចកិច្ចការនោះ?
ការចែកចាយ : តើការដឹងថា កិច្ចការនេះនឹងកើតឡើងតាមរយៈព្រះវិញ្ញាណ ហើយមិនផ្អែកលើការខិតខំរបស់អ្នក ជួយឲ្យអ្នកមានអារម្មណ៍ថាមានសេរីភាពយ៉ាងណាខ្លះ?
អេភេសូរ ២:១០ ចែងថា «ដ្បិតយើងរាល់គ្នាជាស្នាដៃដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ ដែលព្រះបានរៀបចំជាមុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម។» ការយកចិត្តទុកដាក់របស់ព្រះចំពោះយើង ត្រូវបានមើលឃើញនៅក្នុងការពិតដែលថា ទ្រង់ប្រទានឲ្យយើងនូវអំណាចដើម្បីធ្វើរឿងនេះ។ សូមមើលទៅការអធិស្ឋានរបស់លោកប៉ុលសម្រាប់អ្នកជឿនៅ អេភេសូរ ៣:១៦ និង ភីលីព ២:១៣ ដើម្បីឃើញការផ្គត់ផ្គង់ដ៏សប្បុរសរបស់ព្រះ។
អេភេសូរ ៣:១៦
. . . ដើម្បីឲ្យទ្រង់បានប្រោសប្រទាន ឲ្យអ្នករាល់គ្នាបានព្រះចេស្តា ចំរើនកំឡាំងនៃមនុស្សខាងក្នុង ដោយសារព្រះវិញ្ញាណទ្រង់ តាមសិរីល្អនៃទ្រង់ដ៏ប្រសើរក្រៃលែង. . .
ភីលីព ២:១៣
. . . ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណងចង់ធ្វើ ហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ
ការរកឃើញ : តើព្រះជួយឲ្យយើងគាប់ព្រះហឫទ័យទ្រង់ និងបម្រើទ្រង់ដោយរបៀបណា?
ការចែកចាយ : តើអ្នកកំពុងប្រឈមមុខនឹងបញ្ហាអ្វីខ្លះនៅថ្ងៃនេះ ដែលអ្នកត្រូវការព្រះវិញ្ញាណដើម្បីប្រទានព្រះចេស្ដាដល់អ្នក?
ការគិតពិចារណា : តើវាបង្ហាញអ្វីខ្លះអំពីព្រះហឫទ័យរបស់ព្រះ ដែលទ្រង់បានប្រទានព្រះវិញ្ញាណរបស់ទ្រង់ដល់អ្នក ដើម្បីឲ្យអ្នកប្រឈមមុខនឹងបញ្ហានេះ និង រាល់បញ្ហាផ្សេងៗទៀតក្នុងជីវិត?
ព្រះបំពាក់បំប៉នឲ្យយើងបម្រើ ដោយប្រទានអំណោយទានខាងវិញ្ញាណដល់យើង ដែលយើងនឹងស្វែងយល់នៅពេលក្រោយ។ ឥឡូវនេះ សូមមើល ១ កូរិនថូស ១២:៤-៧ ដើម្បីមើលឃើញប្រភព និងគោលបំណងនៃអំណោយទានខាងវិញ្ញាណ។
១ កូរិនថូស ១២:៤-៧
រីឯអំណោយទាន នោះមានផ្សេងៗពីគ្នា តែគឺជាព្រះវិញ្ញាណដដែលទេ ហើយក៏មានមុខងារផ្សេងៗពីគ្នា តែគឺជាព្រះអម្ចាស់ដដែលដែរ ព្រមទាំងមានរបៀបធ្វើផ្សេងៗពីគ្នាទៀត តែគឺជាព្រះដដែលនោះឯង ដែលទ្រង់ធ្វើគ្រប់ទាំងអស់ ក្នុងមនុស្សទាំងអស់ ហើយទ្រង់ប្រទានឲ្យព្រះវិញ្ញាណសំដែងមកក្នុងគ្រប់គ្នា ដើម្បីឲ្យបានកើតផល
ការរកឃើញ : ហេតុអ្វីបានជាព្រះប្រទានព្រះអំណោយទានខាងវិញ្ញាណដល់យើង?
ការគិតពិចារណា : តើវាជួយដល់ប្រយោជន៍រួមដោយរបៀបណា ដែលព្រះប្រទានព្រះអំណោយទានផ្សេងៗមកយើង?
ការពិភាក្សា : តើវាមានន័យយ៉ាងណាដែលថាព្រះអំណោយទានទាំងនេះគឺជា «ការសម្ដែងមកនៃព្រះវិញ្ញាណ»?
ការចែកចាយ : តើវាមានន័យយ៉ាងណាចំពោះអ្នក ដែលព្រះបានប្រទានព្រះអំណោយទានខាងវិញ្ញាណដល់អ្នក ហើយនឹងផ្តល់ព្រះចេស្ដាឲ្យអ្នកក្នុងការប្រើប្រាស់វា?
ការណែនាំរបស់ព្រះតាមរយៈព្រះវិញ្ញាណរបស់ទ្រង់
តើព្រះដែលបានបង្កើតយើងមក នឹងស្ថិតក្នុងឋានៈដ៏ល្អបំផុតដើម្បីដឹងពីរបៀបដឹកនាំយើងយ៉ាងដូចម្ដេច?
ព្រះដែលជ្រាបសព្វគ្រប់ទាំងអស់ និងមានប្រាជ្ញាគ្រប់បែបយ៉ាង សព្វព្រះហឫទ័យចង់ដឹកនាំយើងក្នុងជីវិតនេះ ដើម្បីឲ្យយើងអាចដើរជាមួយទ្រង់តាមមាគ៌ារបស់ទ្រង់។ ទ្រង់បានប្រទានព្រះវិញ្ញាណរបស់ទ្រង់ដល់យើង ដើម្បីជួយយើងឲ្យរស់នៅក្នុងសេចក្ដីពិតរបស់ទ្រង់ ។ សូមមើល យ៉ូហាន ១៤:២៦ និង យ៉ូហាន ១៦:១៣.
យ៉ូហាន ១៤:២៦
តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្ដីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ
យ៉ូហាន ១៦:១៣
កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្ដីពិត ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានបន្ទូល ចំពោះតែសេចក្ដីណាដែលទ្រង់ឮ ហើយនឹងសំដែង ឲ្យអ្នករាល់គ្នាដឹងការដែលត្រូវមក
ការរកឃើញ : តើព្រះវិញ្ញាណបង្រៀនយើងអំពីអ្វី និងរបៀបណា?
ការគិតពិចារណា : តើព្រះបន្ទូលរបស់ព្រះ ព្រះគម្ពីរ និងកិច្ចការរបស់ព្រះវិញ្ញាណមានទំនាក់ទំនងអ្វីខ្លះ?
ការគិតពិចារណា : នៅពេលដែលយើងពិបាកយល់អ្វីមួយនៅក្នុងព្រះគម្ពីរ តើយើងគួរងាកទៅរកអ្នកណា?
ការចែកចាយ : តើអ្នកអាចគិតពីពេលដែលព្រះវិញ្ញាណបរិសុទ្ធរម្លឹកអ្នកអំពីអ្វីមួយ ពីព្រះបន្ទូលរបស់ទ្រង់ទេ?
ព្រះបានប្ដេជ្ញាក្នុងការណែនាំយើងឲ្យរស់នៅតាមមាគ៌ារបស់ទ្រង់ និងកែតម្រង់យើងនៅពេលយើងមិនរស់នៅបែបនោះ។ នេះចាប់ផ្តើមមុនពេលយើងក្លាយជាអ្នកជឿ ហើយបន្តនៅក្នុងទំនាក់ទំនងរបស់យើងជាមួយទ្រង់ទាំងស្រុង។ ព្រះវិញ្ញាណបរិសុទ្ធដឹកនាំយើង បង្ហាញយើងពីកំហុស (ធ្វើឲ្យយើងដឹងពីកំហុស) ហើយជួយឲ្យយើងផ្លាស់ប្តូរ។ សូមអាន យ៉ូហាន ១៦:៨ និង វិវរណៈ ៣:១៩.
យ៉ូហាន ១៦:៨
កាលណាទ្រង់ (ព្រះវិញ្ញាណបរិសុទ្ធ) បានយាងមកហើយ នោះទ្រង់នឹងសំដែង ឲ្យមនុស្សលោកដឹងច្បាស់ ពីអំពើបាប ពីសេចក្ដីសុចរិត ហើយពីសេចក្ដីជំនុំជំរះ . . .
វិវរណៈ ៣:១៩
អញបន្ទោស ហើយផ្ចាញ់ផ្ចាល ដល់អស់អ្នកណាដែលអញស្រឡាញ់ ដូច្នេះ ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តចុះ
ការរកឃើញ : តើព្រះវិញ្ញាណបរិសុទ្ធនាំឲ្យយើងចាប់អារម្មណ៍អ្វីខ្លះ? តើទ្រង់មានគោលបំណងអ្វីក្នុងការធ្វើការនេះ?
ការគិតពិចារណា : សូមគិតត្រឡប់ទៅសំណួរអំពីការមានព្រះយេស៊ូវគង់នៅក្នុងផ្ទះរបស់អ្នក។ តើព្រះវត្តមានរបស់ព្រះយេស៊ូវនឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលនៅពេលណា? ហេតុអ្វី?
ការគិតពិចារណា : តើធ្លាប់មានពេលខ្លះដែលអ្នកព្យាយាមមិនអើពើនឹងព្រះវិញ្ញាណបរិសុទ្ធដែលមានបន្ទូលមកកាន់អ្នកទេ? តើព្រះចង់ឲ្យអ្នកឆ្លើយតបយ៉ាងដូចម្ដេចទៅទ្រង់?
ការគិតពិចារណា : តើការមានព្រះវិញ្ញាណបរិសុទ្ធដែលមានព្រះបន្ទូលនូវសេចក្ដីពិត និងការកែតម្រូវក្នុងជីវិតរបស់យើង ជាការបង្ហាញពីសេចក្ដីស្រឡាញ់ និង ការយកចិត្តទុកដាក់របស់ព្រះចំពោះយើងយ៉ាងដូចម្ដេច?
ព្រះមិនបានទុកឲ្យយើងនៅតែម្នាក់ឯងឲ្យការពារខ្លួនឯងទេ។ ចូរយើងអរព្រះគុណទ្រង់សម្រាប់ព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងយើង ហើយសូមទ្រង់ធ្វើឲ្យព្រះវត្តមាន ការធានាអះអាង អំណាចព្រះចេស្ដា និងការដឹកនាំរបស់ទ្រង់ក្លាយជាការពិតក្នុងជីវិតប្រចាំថ្ងៃរបស់យើង។
ការបន្តឆ្ពោះទៅមុខ
ការបញ្ជាក់ : តើអ្នកមានគំនិត ឬសំណួរអ្វីខ្លះ?
ការសង្ខេប : ហេតុអ្វីបានជាព្រះចាត់ព្រះវិញ្ញាណរបស់ទ្រង់មកគង់នៅក្នុងយើង? តើទ្រង់ធ្វើឲ្យមានភាពខុសគ្នាយ៉ាងណាខ្លះក្នុងជីវិតរបស់យើង?
ការអនុវត្ត : តើធ្វើយ៉ាងណា ដើម្បីឲ្យអ្នកកាន់តែដឹងថាព្រះទ្រង់គង់ជាមួយអ្នក?
ការចែកចាយបន្ត : តើសេចក្ដីពិតមួយណាដែលអ្នកអាចចែករំលែក ដែលនឹងផ្តល់ពរដល់មនុស្សជិតស្និទ្ធនឹងអ្នក?
ការពង្រឹង:
នៅសប្តាហ៍នេះ ពេលអ្នកអានខគម្ពីរទាំងនេះអំពីព្រះវិញ្ញាណបរិសុទ្ធ សូមចំណាយពេលដើម្បីជញ្ជឹងគិតអំពីអ្វីដែលអ្នក
រៀនអំពីទ្រង់ និងកិច្ចការរបស់ទ្រង់នៅក្នុងជីវិតរបស់អ្នក។
កិច្ចការ ២:៣៦-៣៩
ដូច្នេះ ចូរឲ្យពួកវង្សអ៊ីស្រាអែលទាំងអស់ដឹងជាប្រាកដថា ព្រះទ្រង់បានលើកព្រះយេស៊ូវនេះ ដែលអ្នករាល់គ្នាបានឆ្កាង ឲ្យទ្រង់ធ្វើជាព្រះអម្ចាស់ ហើយជាព្រះគ្រីស្ទផង។
កាលគេបានឮ នោះគេមានសេចក្ដីចាក់ចុចក្នុងចិត្ត ក៏សួរពេត្រុស នឹងពួកសាវកឯទៀតថា បងប្អូនអើយ តើយើងខ្ញុំត្រូវធ្វើដូចម្តេច ពេត្រុសឆ្លើយតបថា ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ ដ្បិតសេចក្ដីសន្យានោះ គឺសន្យាដល់អ្នករាល់គ្នា នឹងកូនចៅអ្នករាល់គ្នា ព្រមទាំងអស់អ្នកដែលនៅឆ្ងាយដែរ គឺដល់អស់អ្នកណាដែលព្រះអម្ចាស់ជាព្រះនៃយើងរាល់គ្នា ទ្រង់នឹងហៅ។
១ កូរិនថូស ២:៩-១៣
ដូចមានសេចក្ដីចែងទុកមកថា
«សេចក្ដីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ
ហើយចិត្តនឹកមិនដែលដល់
គឺសេចក្ដីនោះឯងដែលព្រះបានរៀបចំទុក សំរាប់ពួកអ្នកដែលស្រឡាញ់ទ្រង់»
ព្រះទ្រង់បានសំដែងឲ្យយើងរាល់គ្នាឃើញសេចក្ដីទាំងនោះ ដោយសារព្រះវិញ្ញាណទ្រង់ ដ្បិតព្រះវិញ្ញាណនៃទ្រង់ស្ទង់មើលគ្រប់ទាំងអស់ ព្រមទាំងសេចក្ដីជ្រាលជ្រៅនៃព្រះដែរ ដ្បិតបើមិនមែនជាវិញ្ញាណ ដែលនៅក្នុងខ្លួនមនុស្សទេ នោះតើមានអ្វីនឹងស្គាល់សណ្ឋានមនុស្សនោះបាន ហើយបើមិនមែនជាព្រះវិញ្ញាណនៃព្រះ នោះក៏គ្មានអ្នកណាស្គាល់សណ្ឋានព្រះបានដែរ។ ឯយើងរាល់គ្នា យើងមិនបានទទួលវិញ្ញាណរបស់លោកីយទេ គឺទទួលព្រះវិញ្ញាណដែលមកពីព្រះវិញ ដើម្បីឲ្យបានស្គាល់អស់ទាំងព្រះគុណ ដែលព្រះបានផ្តល់មកយើង ហើយយើងក៏និយាយពីសេចក្ដីទាំងនោះឯង មិនមែនដោយពាក្យសំដី ដែលប្រាជ្ញាមនុស្សបានបង្រៀនទេ គឺដោយពាក្យសំដី ដែលព្រះវិញ្ញាណបង្រៀនវិញ ព្រមទាំងផ្ទឹមពន្យល់សេចក្ដីខាងឯវិញ្ញាណ ដោយសារសេចក្ដីខាងឯវិញ្ញាណផង
១ កូរិនថូស ៦:១៩-២០
តើមិនដឹងទេឬអីថា រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ ដែលអ្នករាល់គ្នាបានទទួលមកពីព្រះ ហើយអ្នករាល់គ្នាមិនមែនជារបស់ផងខ្លួនទេ ដ្បិតព្រះទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរដំកើងព្រះនៅក្នុងរូបកាយ ហើយក្នុងវិញ្ញាណនៃអ្នករាល់គ្នា ដែលជារបស់ផងទ្រង់ចុះ។
២ កូរិនថូស ៣:១៧-១៨
រីឯព្រះអម្ចាស់ ទ្រង់ជាព្រះវិញ្ញាណ ហើយកន្លែងណាដែលមានព្រះវិញ្ញាណនៃព្រះអម្ចាស់ នោះក៏មានសេរីភាពដែរ ហើយយើងរាល់គ្នាទាំងអស់ ដែលកំពុងតែរំពឹងមើលសិរីល្អព្រះអម្ចាស់ ទាំងមុខទទេ ដូចជាឆ្លុះមើលទ្រង់ក្នុងកញ្ចក់ យើងកំពុងតែផ្លាស់ប្រែទៅ ឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អទៅដល់សិរីល្អ គឺដោយសារព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ។
រ៉ូម ៨:៩-១៦, ២៦-២៨
តែបើសិនជាព្រះវិញ្ញាណនៃព្រះសណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅខាងសាច់ឈាមទៀតទេ គឺនៅខាងវិញ្ញាណវិញ ប៉ុន្តែ បើអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ អ្នកនោះមិនមែនជារបស់ផងទ្រង់ទេ ហើយបើសិនជាព្រះគ្រីស្ទសណ្ឋិតក្នុងអ្នករាល់គ្នា នោះរូបសាច់បានស្លាប់ ដោយព្រោះអំពើបាបមែន តែវិញ្ញាណមានជីវិតវិញ ដោយព្រោះសេចក្ដីសុចរិត មួយទៀត បើព្រះវិញ្ញាណនៃព្រះអង្គ ដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ទ្រង់សណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះព្រះអង្គនោះឯង ដែលបានប្រោសឲ្យព្រះគ្រីស្ទរស់ពីស្លាប់ឡើង ទ្រង់នឹងប្រោសរូបកាយនៃអ្នករាល់គ្នាដែលទៀងតែស្លាប់ ឲ្យមានជីវិតឡើងដែរ ដោយសារព្រះវិញ្ញាណទ្រង់ ដែលសណ្ឋិតនៅក្នុងខ្លួនអ្នករាល់គ្នា។
ដូច្នេះ បងប្អូនអើយ យើងមានសេចក្ដីជាប់ជំពាក់ មិនមែនជំពាក់ចំពោះសាច់ឈាម ឲ្យបានរស់តាមសាច់ឈាមនោះទេ ដ្បិតបើសិនជាអ្នករាល់គ្នារស់តាមសាច់ឈាម នោះនឹងត្រូវស្លាប់ទៅ តែបើសំឡាប់អំពើរបស់រូបសាច់ចេញ ដោយសារព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងបានរស់វិញ ហើយអស់អ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់នាំ អ្នកទាំងនោះហើយជាពួកកូនរបស់ព្រះ អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ ដោយហេតុនោះបានជាយើងស្រែកឡើងថា ឱអ័ប្បា ព្រះវរបិតាអើយ ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ . . .
ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្ដីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ ប៉ុន្តែ ព្រះអង្គដែលស្ទង់ចិត្ត ទ្រង់ជ្រាបនូវគំនិតនៃព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណជួយអង្វរជួសពួកបរិសុទ្ធ ឲ្យត្រូវនឹងព្រះហឫទ័យព្រះ តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្ដីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់។
១ កូរិនថូស ១២:៤-១១
រីឯអំណោយទាន នោះមានផ្សេងៗពីគ្នា តែគឺជាព្រះវិញ្ញាណដដែលទេ ហើយក៏មានមុខងារផ្សេងៗពីគ្នា តែគឺជាព្រះអម្ចាស់ដដែលដែរ ព្រមទាំងមានរបៀបធ្វើផ្សេងៗពីគ្នាទៀត តែគឺជាព្រះដដែលនោះឯង ដែលទ្រង់ធ្វើគ្រប់ទាំងអស់ ក្នុងមនុស្សទាំងអស់ ហើយទ្រង់ប្រទានឲ្យព្រះវិញ្ញាណសំដែងមកក្នុងគ្រប់គ្នា ដើម្បីឲ្យបានកើតផល ដ្បិតទ្រង់ប្រទានឲ្យម្នាក់មានពាក្យសំដីនៃប្រាជ្ញាវាងវៃ ដោយសារព្រះវិញ្ញាណ ឲ្យម្នាក់ទៀតមានពាក្យសំដីនៃចំណេះចេះស្ទាត់ តាមព្រះវិញ្ញាណដដែល ហើយឲ្យម្នាក់ផ្សេងទៀតមានសេចក្ដីជំនឿ ដោយនូវព្រះវិញ្ញាណដដែល ឲ្យមួយទៀតបានអស់ទាំងអំណោយទាន នឹងអាចប្រោសឲ្យជា ដោយនូវព្រះវិញ្ញាណដដែល ឲ្យមួយទៀតបានសំដែងការឫទ្ធិបារមី នឹងឲ្យមួយទៀតចេះអធិប្បាយ ឲ្យមួយទៀតសង្កេតស្គាល់អស់ទាំងវិញ្ញាណ ឲ្យមួយទៀតចេះនិយាយភាសាដទៃផ្សេងៗ ហើយឲ្យមួយទៀតចេះបកប្រែភាសាដទៃ តែគឺជាព្រះវិញ្ញាណតែមួយដដែលនោះឯង ដែលធ្វើគ្រប់ការទាំងនោះ ទាំងចែកដល់គ្រប់គ្នាដោយមុខៗផង តាមដែលទ្រង់សព្វព្រះហឫទ័យ។