ជំនឿដែលចម្រើនឡើង

Logo Only in White

១.១ ការស្វែងយល់ពីព្រះហឫទ័យរបស់ព្រះ ៖ ព្រះទ្រង់បើកបង្ហាញអង្គទ្រង់មកកាន់យើង

សូមចំណាយពេល ១នាទី ដើម្បី​សរសេរពាក្យ​ឲ្យបានច្រើនតាមដែលអ្នកគិតដល់ ជាពាក្យដែលពិពណ៌នាអំពីព្រះ​។ សូមចែកចាយជាមួយគ្នា។

តើអ្នកចង់ស្គាល់អ្វីខ្លះអំពីព្រះ​?

យើងមិនអាចយល់អស់អំពីព្រះ​ទេ ប៉ុន្តែទ្រង់ចង់ឲ្យយើងស្គាល់ទ្រង់។ របៀបមួយដែលព្រះ​បើកបង្ហាញអង្គទ្រង់គឺ តាមរយៈព្រះបន្ទូលទ្រង់ ដែលប្រាប់យើងពីព្រះនាមទ្រង់ ព្រមទាំងមានការពិពណ៌នា និងពាក្យជារូបភាពផង។ សូមអាន អេសាយ ៤០:១០-១១

អេសាយ ៤០:១០-១១

មើល ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​យាង​មក ដោយ​មាន​ព្រះ‌ចេស្តា ហើយ​ព្រះ‌ពាហុ​នៃ​ទ្រង់​នឹង​កាន់‌កាប់​ត្រួត‌ត្រា​ឲ្យ​ទ្រង់ មើល ទ្រង់​នាំ​យក​រង្វាន់​មក​ជា​មួយ ហើយ​បំណាច់​ដែល​ទ្រង់​សង​ដល់​គេ​ក៏​នៅ​ចំពោះ​ទ្រង់ ទ្រង់​នឹង​ឃ្វាល​ហ្វូង​របស់​ទ្រង់ ដូច​ជា​អ្នក​គង្វាល ទ្រង់​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ‌ពាហុ ហើយ​លើក​ផ្ទាប់​នៅ​ព្រះ‌ឧរា ក៏​នឹង​នាំ​ពួក​មេៗ ដែល​មាន​កូន​ខ្ចី​ទៅ​ដោយ​ថ្នម។

(អានបន្ថែម)

ការរកឃើញ : តើអត្ថបទគម្ពីរនេះ បង្ហាញពីលក្ខណៈអត្តចរិតអ្វីខ្លះរបស់ព្រះ​?

ការចែកចាយ : តើការពណ៌នាទាំងនេះ ធ្វើឲ្យអ្នកនឹកឃើញរូបភាពអ្វីខ្លះ​?

ការគិតពិចារណា : តើ​អ្នក​គង្វាល​ត្រូវ​មាន​កម្លាំង និង​រឹងមាំ ប៉ុន្តែ​ក៏​សុភាព និង​ទន់ភ្លន់​ដោយរបៀប​ណាខ្លះ?

ព្រះ​បើកបង្ហាញអំពីអត្តចរិត និងលក្ខណៈរបស់ទ្រង់

គម្ពីរអេសាយ ជំពូក ៤០ បន្តប្រាប់ពីលក្ខណៈផ្សេងៗទៀតរបស់ព្រះ​ និងពន្យល់ពីរបៀបដែលលក្ខណៈទាំងនោះផ្ដល់ព្រះពរ​ដល់យើងនៅពេលផ្សេងៗ និងតាមរបៀបផ្សេងៗ។ សូមអាន អេសាយ ៤០:២៨-២៩.

អេសាយ ៤០:២៨-២៩

តើ​ឯង​មិន​បាន​ដឹង តើ​មិន​បាន​ឮ​ទេ​ឬ​អី ថា​ព្រះ​ដ៏​គង់​នៅ​អស់​‌កល្ប​ជានិច្ច គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​ផែនដី រហូត​ដល់​ចុង​បំផុត ទ្រង់​មិន​ដែល​ល្វើយ​ឡើយ ក៏​មិន​ដែល​អស់​កំឡាំង​ផង គ្មាន​អ្នក​ណា​អាច​ស្ទង់​យល់​យោបល់​របស់​ទ្រង់​បាន​ទេ ទ្រង់​រមែង​ចំរើន​កំឡាំង ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កំឡាំង​សោះ នោះ​ទ្រង់​ក៏​ប្រទាន​ឲ្យ

(អានបន្ថែម)

ការរកឃើញ: តើខគម្ពីរទាំងនេះ ហៅព្រះថា​ដូចម្ដេចខ្លះ? តើមានបង្ហាញពីលក្ខណៈបែបណាខ្លះរបស់ព្រះ​?

ការគិតពិចារណា : តើធ្លាប់មានពេលណាមួយ ដែលអ្នកមានអារម្មណ៍ហត់នឿយ ឬអស់កម្លាំងរលីង ប៉ុន្តែព្រះ​ប្រទានកម្លាំងដល់អ្នកដែរឬទេ?

ការចែកចាយ : តើលក្ខណៈបែបនេះរបស់ព្រះ​ ផ្ដល់ឲ្យយើងមានបទពិសោធខុសប្លែកពីមុនយ៉ាងណា​?

នៅពេលលោកម៉ូសេសុំឲ្យព្រះ​បង្ហាញអង្គទ្រង់ ទ្រង់បានពន្យល់គាត់ថា ទ្រង់មិនអាចធ្វើបែបនោះបានទេ ព្រោះគាត់នឹងមិនអាចទ្រាំទ្រនឹងសិរីល្អដ៏អស្ចារ្យរបស់ទ្រង់បានឡើយ (និក្ខមនំ ៣៣)។ ប៉ុន្តែទ្រង់មានបន្ទូលប្រាប់គាត់ពីព្រះនាមទ្រង់ ជាការពណ៌នាមួយដែលមានចែងម្ដងហើយម្ដងទៀត​នៅក្នុងព្រះគម្ពីរ តួយ៉ាងដូចជា ទំនុកដំកើង ១៤៥:៨-៩

ទំនុកដំកើង ១៤៥:៨-៩

ព្រះ‌យេហូវ៉ា​ទ្រង់​ប្រកប​ដោយ​មេត្តា‌ករុណា នឹង​អាណិត‌អាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ក៏​មាន​សេចក្ដី​សប្បុរស​ដ៏​ធំ​ទូលាយ ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ព្រះ‌ហឫទ័យ​ទន់​សន្តោស​របស់​ទ្រង់ ក៏​គ្រប​លើ​កិច្ច‌ការ​របស់​ទ្រង់​ទាំង​ប៉ុន្មាន

(អានបន្ថែម)

ការរកឃើញ : តើត្រង់នេះមានបង្ហាញនូវលក្ខណៈអ្វីខ្លះអំពីព្រះ?

ការចែកចាយ : តើអ្នកធ្លាប់ជួបប្រទះនូវក្ដីមេត្តា និង/ឬព្រះគុណរបស់ទ្រង់ដោយរបៀបណាខ្លះ?

ការគិតពិចារណា : តើអ្នកគិតថាឃ្លា ព្រះ​យឺត​នឹងខ្ញាល់ មានន័យដូចម្ដេច? តើការណ៍នេះ ធ្វើឲ្យមានភាពខុសប្លែកយ៉ាងណាខ្លះ?

ការចែកចាយ : តើអ្នកធ្លាប់បានឃើញ ឬជួបប្រទះសេចក្ដីមេត្តាករុណា​របស់ព្រះ​ដោយរបៀបណាខ្លះ?

នៅពេលដែលយើងកាន់តែរកឃើញថាព្រះ​ជានរណា យើងក៏រកឃើញការធានាអះអាងថាទ្រង់មិនដែលប្រែប្រួលឡើយ :

ទំនុកដំកើង ១០២:២៥-២៧

កាល​ដើម​ដំបូងទ្រង់​បាន​តាំង​ឫស​ផែនដី ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នាដៃ​របស់​ព្រះ‌ហស្ត​ទ្រង់​ដែរ របស់​ទាំង​នោះ​នឹង​វិនាស​សូន្យ​ទៅ​ពិត តែ​ទ្រង់​នឹង​ស្ថិត‌ស្ថេរ​នៅ​វិញ អើ . . .
ប៉ុន្តែ ឯ​ទ្រង់ៗ​នៅ​ដដែល ហើយ​ព្រះ‌ជន្ម​ទ្រង់​មិន​ចេះ​ផុត​ឡើយ

(អានបន្ថែម)

ការរកឃើញ : តាមរយៈខគម្ពីរ ទំនុកដំកើង ១០២ តើព្រះ​ខុសពីអ្វីៗដែលទ្រង់បានបង្កើតយ៉ាងណាខ្លះ?​

ការគិតពិចារណា : តើការដែលដឹងថា ព្រះ​មិនដែលប្រែប្រួល ធ្វើឲ្យយើងមានទំនុកចិត្ត និងលើកទឹកចិត្តយើងយ៉ាងណាខ្លះ?

[ចំណាំ: លក្ខណៈដែលមិនចេះប្រែប្រួលនេះ យើងហៅថា «ភាពមិនចេះប្រែប្រួល» របស់ព្រះ​។]

ព្រះ​បង្ហាញពីអង្គទ្រង់​តាមរយៈព្រះនាមទ្រង់

នៅក្នុងវប្បធម៌បុរាណ ឈ្មោះមានសារៈសំខាន់ណាស់។ ឈ្មោះ​ឆ្លុះបញ្ចាំងពីអត្តសញ្ញាណ តួនាទី ឬអត្តចរិត​របស់មនុស្សម្នាក់។ ជារឿយៗ គេស្គាល់មនុស្សម្នាក់ដោយ​ឈ្មោះជាច្រើន ដែលសង្កត់ធ្ងន់លើទិដ្ឋភាពផ្សេងៗនៃជីវិត និងចរិតលក្ខណៈរបស់ពួកគេ។

ចូរយើងមើលពីព្រះនាមពីរ ដែលលោកអាប់រ៉ាម (ក្រោយមក គាត់ឈ្មោះថាអ័ប្រា‌ហាំ​) បានស្គាល់​ព្រះ ។ សូមអាន​ លោកុប្បត្តិ ១៤:២២ និង ១៧:១

លោកុប្បត្តិ ១៤:២២

តែ​អាប់រ៉ាម​គាត់​ទូល... ទូលបង្គំ​បាន​លើក​ដៃ​ស្បថ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ នឹង​ផែនដី​...

(អានបន្ថែម)

លោកុប្បត្តិ ១៧:១

លុះ​ដល់​អាប់រ៉ាម​អាយុ​បាន​៩៩​ឆ្នាំ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ឯ​គាត់ ប្រាប់​ថា អញ​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ចូរ​ឯង​ដើរ​នៅ​មុខ​អញ ហើយ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ចុះ

(អានបន្ថែម)

ការគិតពិចារណា : តើព្រះនាម «ព្រះដ៏ខ្ពស់បំផុត» បង្ហាញយ៉ាងណាពីសិទ្ធិអំណាចទ្រង់នៅលើពិភពលោក និងក្នុងជីវិតរបស់យើង?​

ការពិភាក្សា : តើសង្គមឆ្លើយតបយ៉ាងណា ចំពោះការប្រកាសថា ព្រះ​ទ្រង់ជាព្រះអាទិករ (ព្រះដែលបានបង្កើត) ផ្ទៃមេឃ និងផែនដី?​

ការគិតពិចារណា : តើមានផ្នែកណាខ្លះនៅក្នុងជីវិតយើង ដែលពិបាកដើម្បីទទួលស្គាល់នូវសិទ្ធិអំណាចរបស់ព្រះ​ ថាជាព្រះអាទិករ និងព្រះដែលរចនា​យើងឡើងមក?​

ការរកឃើញ : តើលោកអ័ប្រាហាំបានឆ្លើយតបនឹងព្រះវិញដោយរបៀបណា?

ព្រះនាម និងលក្ខណៈផ្សេងទៀតរបស់ព្រះ​ មានដូចជា : ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ (១ សាំយូអែល ១៧:៤៥), ព្រះ​ដ៏​មានព្រះជន្ម​​អស់‌កល្ប​ជានិច្ច (លោកុប្បត្តិ ២១:៣៣), ព្រះដ៏ពិត (យេរេមា ១០:១០), ព្រះដ៏ស្មោះត្រង់ (ទំនុកដំកើង ៣៣:៤), ព្រះដ៏ទតឃើញ (លោកុប្បត្តិ ១៦:១៣), ព្រះដែលផ្គត់ផ្គង់ (លោកុប្បត្តិ ២២:១៤).

ព្រះ​​ខុស​ពីយើងទាំងស្រុង​។ ទ្រង់បរិសុទ្ធ មានព្រះចេស្ដា មាន​ឫទ្ធានុភាព មានព្រះហឫទ័យអាណិតអាសូរ មេត្តា​ករុណា និងពោរពេញដោយសេចក្ដី​ស្រឡាញ់។ គ្មានអ្វីអាចប្រៀបផ្ទឹមបាននឹងទ្រង់ទេ!

ការរកឃើញ : តើព្រះ ត្រូវបានហៅយ៉ាងដូចម្ដេចនៅ ចោទិយកថា ១០:១៧?

ចោទិយកថា ១០:១៧

ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ហើយ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ គឺ​ជា​ព្រះ​ដ៏​ធំ​ដែល​មាន​ព្រះ‌ចេស្តា ហើយ​ក៏​គួរ​ស្ញែង‌ខ្លាច . . .

(អានបន្ថែម)

សូមចំណាយពេលពីរបីនាទី ដើម្បីសរសើរតម្កើងព្រះ​ សម្រាប់លក្ខណៈរបស់ទ្រង់។

ព្រះ​ចង់ឲ្យយើងស្គាល់ទ្រង់

មនុស្សមួយចំនួនចាត់ទុកព្រះ​ថា ខ្ពង់ខ្ពស់ និងនៅឆ្ងាយ ហើយ​អស្ចារ្យខ្លាំង ដោយទ្រង់មិនចង់ពាក់ព័ន្ធនឹងមនុស្សយើងទេ រីឯ​អ្នកផ្សេងទៀតចាត់ទុកទ្រង់ថាធម្មតាៗ ​ដូចជាពួកម៉ាកដែលគេដើរលេងជាមួយ។ សូមអានគម្ពីរអេសាយ 57:15.

អេសាយ ៥៧:១៥

​ដ៏​ជា​ធំ ហើយ​ខ្ពស់​បំផុត ជា​ព្រះ​ដ៏​គង់​នៅ​អស់​‌កល្ប​ជានិច្ច ដែល​ព្រះ‌នាម​ទ្រង់​ជា​នាម​បរិសុទ្ធ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​នៅ​ឯ​ស្ថាន​ដ៏​ខ្ពស់ ហើយ​បរិសុទ្ធ ក៏​នៅ​ជា​មួយ​នឹង​អ្នក​ណា​ដែល​មាន​ចិត្ត​សង្រេង ហើយ​ទន់​ទាប ដើម្បី​នឹង​ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​ទន់​ទាប​បាន​សង្ឃឹម​ឡើង ហើយ​ចិត្ត​របស់​មនុស្ស​សង្រេង​បាន​សង្ឃឹម​ឡើង​ដែរ

(អានបន្ថែម)

ការពិភាក្សា :  តើយើងធ្វើយ៉ាងណា​ដើម្បីថ្លឹងថ្លែងឲ្យមានតុល្យភាពរវាងការគោរពកោតខ្លាចព្រះ​ ជាមួយនឹងការស្គាល់ទ្រង់ដោយផ្ទាល់?

ការគិតពិចារណា:  តើអ្នកគិតថា ហេតុអ្វីបានជាការសំខាន់ដែលយើងត្រូវយល់ឲ្យបានត្រឹមត្រូវអំពីព្រះ​?​

ដូចដែលព្រះ​បានបើកបង្ហាញ​អង្គទ្រង់នៅក្នុងព្រះបន្ទូល​ទ្រង់ ទ្រង់ក៏បានលាតត្រដាងពីផែនការរបស់ទ្រង់សម្រាប់ការប្រោសលោះដែរ។ ទ្រង់បានបញ្ជាក់យ៉ាងច្បាស់ថា ទ្រង់ចង់មានទំនាក់ទំនងជាមួយយើងម្នាក់ៗ។ យើងឃើញពីការណ៍នេះនៅក្នុង អេសាយ ៤៣:១០-១១.

អេសាយ ៤៣:១០-១១

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​អញ ហើយ​ជា​អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង ដើម្បី​ឲ្យ​បាន​ស្គាល់ ហើយ​ជឿ​ដល់​អញ ព្រម​ទាំង​យល់​ថា គឺ​អញ​នេះ​ហើយ ឥត​មាន​ព្រះ​ណា​កើត​មក​មុន​អញ​ទេ ហើយ​ក្រោយ​អញ​ក៏​ឥត​មាន​ដែរ គឺ​អញ អញ​នេះ​ហើយ​ជា​យេហូវ៉ា ក្រៅ​ពី​អញ គ្មាន​អ្នក​សង្គ្រោះ​ណា​ទៀត​ឡើយ

(អានបន្ថែម)

ការរកឃើញ :  បើធៀបនឹងអ្នកដទៃទៀត តើអ្វីដែលធ្វើឲ្យព្រះ​មានលក្ខណៈពិសេសខុសប្លែកពីគេ?​

ការរកឃើញ :  តើ​មានកិរិយាសព្ទ​បីអ្វីខ្លះ ​​ដែល​ព្រះ​​ប្រើ នៅ​ពេល​ទ្រង់​ពន្យល់​ពី​របៀប​ដែល​ទ្រង់​ចង់​ឲ្យ​យើង​មាន​ទំនាក់ទំនង​ជាមួយ​ទ្រង់?

ការពិភាក្សា :   តើ​ខុសគ្នាត្រង់ណារវាងការដឹង ការជឿ និងការយល់អ្វីមួយ ឬនរណាម្នាក់?

ការគិតពិចារណា :  តើអ្វីអាចជួយយើងឲ្យរីកចម្រើននៅក្នុងផ្នែកនីមួយៗ?

ព្រះយេស៊ូវធ្វើឲ្យមនុស្សអាចស្គាល់ព្រះ​

ការពិភាក្សា :  ដើម្បីឲ្យស្គាល់អ្នកដែលយើងមិនអាចមើលឃើញ តើអ្នកមានការពិបាកត្រង់ណាខ្លះ​?

ព្រះនាមរបស់ព្រះ​ អត្តចរិតរបស់ទ្រង់ និងលក្ខណៈរបស់ទ្រង់ គឺជាវិធីទាំងអស់ដែលទ្រង់បានបង្ហាញអង្គទ្រង់ដល់យើង។ ហេព្រើរ ១:១-៣ ប្រាប់យើងពីរបៀបមួយទៀត។

ហេព្រើរ ១:១-៣

ឯ​ព្រះ ដែល​ពី​ដើម ទ្រង់​មាន​បន្ទូល​នឹង​ពួក​ឰយុកោ ដោយ​ពួក​ហោរា ជា​ច្រើន​ដង​ច្រើន​បែប នៅ​ជាន់​ក្រោយ​បង្អស់​នេះ ទ្រង់​បាន​មាន​បន្ទូល​នឹង​យើង​រាល់​គ្នា ដោយ‌សារ​ព្រះ‌រាជ​បុត្រា​វិញ . . . គឺ​ទ្រង់​ជា​រស្មី​ភ្លឺ​មក​ពី​សិរី‌ល្អ​នៃ​ព្រះ ហើយ​ជា​រូប‌ភាព​នៃ​អង្គ​ទ្រង់ . . . 

(អានបន្ថែម)

ការរកឃើញ :  ព្រះយេស៊ូវធ្វើឲ្យយើងអាចស្គាល់ព្រះ​បានដោយរបៀបណា?

ការពិភាក្សា :  តើអត្ថបទគម្ពីរនេះប្រាប់យើងអ្វីខ្លះ ពីការប្ដេជ្ញារបស់ព្រះ ដើម្បីមានទំនាក់ទំនងជាមួយយើង?

ការគិតពិចារណា :  តើ​ព្រះ​យេស៊ូ​វឆ្លើយ​តប​យ៉ាងណា ចំពោះ​ការ​ពិបាក​ក្នុង​ការ​ស្គាល់​ព្រះ​ដែល​មើល​មិន​ឃើញ?

ដំណឹងល្អ​ដោយលោកយ៉ូហាន​ណែនាំ​យើង​ឲ្យ​ស្គាល់​ព្រះយេស៊ូ​វ​ជា​ព្រះបន្ទូល​ដែល​បានប្រសូតជាមនុស្ស ដើម្បី​គង់​នៅ​ក្នុង​ចំណោម​យើង (យ៉ូហាន ១:១៤)។ សូមអាន យ៉ូហាន ១:១, ១៧-១៨ និង យ៉ូហាន ១៤:៩.

យ៉ូហាន ១:១

កាល​ដើម​ដំបូង​មាន​ព្រះ‌បន្ទូល ព្រះ‌បន្ទូល​ក៏​គង់​នៅ​ជា​មួយ​នឹង​ព្រះ ហើយ​ព្រះ‌បន្ទូល​នោះ​ឯង​ជា​ព្រះ

(អានបន្ថែម)

យ៉ូហាន ១:១៧-១៨

ដ្បិត​បណ្តា​ក្រិត្យ‌វិន័យ​ទាំង​ប៉ុន្មាន បាន​ប្រទាន​មក ដោយ‌សារ​លោក​ម៉ូសេ តែ​ឯ​ព្រះ‌គុណ នឹង​សេចក្ដី​ពិត នោះ​បាន​មក ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ​វិញ គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ មាន​តែ​ព្រះ‌រាជ‌បុត្រា​តែ​១​ដែល​គង់​នៅ​ក្នុង​ឱរា​ព្រះវរ‌បិតា​ប៉ុណ្ណោះ ទ្រង់​បាន​សំដែង​ឲ្យ​ស្គាល់​ព្រះ‌អង្គ។

(អានបន្ថែម)

យ៉ូហាន ១៤:៩

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ថា អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរ‌បិតា​ដែរ

(អានបន្ថែម)

ការគិតពិចារណា : តើអ្នកគិតថា ឃ្លាថា ​ព្រះ‌គុណ នឹង​សេចក្ដី​ពិត នោះ​បាន​មក ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ​ មានន័យដូចម្ដេច?

ការរកឃើញ : តើអត្ថបទគម្ពីរទាំងនេះ អះអាងអ្វីខ្លះអំពីព្រះយេស៊ូវ?

ការពិភាក្សា : តើ​អត្ថបទគម្ពីរ​ទាំង​នេះ​ជួយ​យើង​ឲ្យឆ្លើយ​តប​ចំពោះ​អ្នក​ដែល​​គិត​ថា​ព្រះ​យេស៊ូ​វមិនមែនជាព្រះពិត​​យ៉ាង​ដូច​ម្ដេច?

ការគិតពិចារណា :  តើអ្វីដែលអ្នកដឹងអំពី​ព្រះយេស៊ូ អ្វីដែលទ្រង់មានបន្ទូល និងបានធ្វើ ប្រាប់អ្នកអំពីព្រះជាម្ចាស់ និងអត្តចរិតរបស់ទ្រង់យ៉ាងណាខ្លះ?

ព្រះ​យេស៊ូ​​វក៏​បាន​ប្រាប់​យើង​ជា​ច្រើន​អំពី​របៀប​ដែល​​​ព្រះវរបិតា​ទត​ឃើញ និង​មាន​អារម្មណ៍​​ចំពោះ​យើង។ សូមអាន ម៉ាថាយ ១០:២៩-៣១.

ម៉ាថាយ ១០:២៩-៣១

តើ​គេ​មិន​លក់​ចាប​២​ថ្លៃ​១​លុយ​ទេ​ឬ​អី តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ឥត​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា​ជ្រាប​ឡើយ សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ យ៉ាង​នោះ មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ​លើស​ជាង​ចាប​ជា​ច្រើន

(អានបន្ថែម)

ការរកឃើញ : តើព្រះ​ជ្រាប​អ្វីខ្លះអំពីសត្វបក្សីនីមួយៗ ហើយតើការណ៍នោះធៀបនឹង​អ្វីដែលទ្រង់ជ្រាបអំពីយើងយ៉ាងដូចម្តេចខ្លះ?

ការគិតពិចារណា : តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា ពេលដឹងថាព្រះជាម្ចាស់យល់ច្បាស់ពីអ្នក និង​​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នកដូច្នេះ?

យើងឆ្លើយតបទៅនឹងលក្ខណៈរបស់ព្រះ​

ព្រះសក្ដិសមនឹងឲ្យយើងថ្វាយបង្គំ គោរព ថ្វាយសិរីល្អ និងសរសើរតម្កើង។ ទំនុកដំកើង ២៩:២ ចែងថា «ចូរ​សរសើរ​ពី​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ាឲ្យ​សម​នឹង​ព្រះ‌នាម​ទ្រង់»។

ការរកឃើញ : តើ ទំនុកដំកើង ៣៣:៨ ណែនាំយើងឲ្យឆ្លើយតបនឹងលក្ខណៈរបស់ព្រះ​ដោយរបៀបណា?

ទំនុកដំកើង ៣៣:៨

ចូរ​ឲ្យ​គ្រប់​ផែនដី​ខ្លាច​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​គ្រប់​មនុស្ស​នៅ​លោកីយ​កោត​ក្រែង​ដល់​ទ្រង់​ចុះ

(អានបន្ថែម)

ជួនកាល​ ការ​គោរព​ចំពោះ​ព្រះ​ ​ត្រូវ​បាន​គេ​ហៅ​ថា​​ «ការ​កោត​ខ្លាច​ព្រះ»។ នេះ​មិន​មែន​មាន​ន័យ​ថា​យើង​ត្រូវ​ខ្លាចរអា​ទ្រង់​ទេ ប៉ុន្តែ​យើង​គោរព​ទ្រង់ ហើយ​គោរព​សិទ្ធិ​អំណាច និង​ព្រះចេស្ដា​របស់​ទ្រង់ ក្នុងនាម​ជា​ព្រះ​ដ៏​មាន​គ្រប់​ចេស្តា។ ទំនុកតម្កើង ១៤៧ ពណ៌នាពីព្រះបំណងរបស់ព្រះជាម្ចាស់ ដែលចង់ឲ្យយើងថ្វាយបង្គំទ្រង់។

ទំនុកដំកើង ១៤៧:១០-១១

ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​កំឡាំង​នៃ​សេះ​ទេ
ក៏​មិន​ត្រូវ​ការ​នឹង​ជើង​មនុស្ស​ដែរ
គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​តែ​នឹង​អស់​អ្នក
ដែល​កោត‌ខ្លាច​ទ្រង់
ហើយ​នឹង​អស់​អ្នក​ដែល​សង្ឃឹម​ដល់​សេចក្ដី​សប្បុរស
របស់​ទ្រង់​ប៉ុណ្ណោះ

(អានបន្ថែម)

ការរកឃើញ :  តើមានពាក្យពីរ អ្វីខ្លះ ដែលប្រើដើម្បីពណ៌នាពីការឆ្លើយតបរបស់ព្រះ​ ចំពោះការថ្វាយបង្គំរបស់យើង?

ការគិតពិចារណា : ហេតុអ្វីបានជាការថ្វាយបង្គំរបស់យើង សំខាន់ចំពោះព្រះ​?

ការឆ្លើយតបរបស់យើងចំពោះព្រះ​នឹងរីកចម្រើនឡើង ហើយកាន់តែស៊ីជម្រៅពីមួយពេលទៅមួយពេល នៅពេលយើងស្គាល់ទ្រង់កាន់តែច្បាស់ឡើង។ យើងឃើញនៅក្នុង អេសាយ ៤៣ ថា ព្រះ​ចង់ឲ្យយើងស្គាល់ ជឿ និងយល់ពីទ្រង់។

ការចែកចាយ : តើ​បច្ចុប្បន្ន​នេះ​ អ្នក​កំពុង​ធ្វើ​អ្វីខ្លះ ​ដើម្បី​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់​ក្នុង​ផ្នែក​នីមួយៗ​នេះ?

នៅពេលអ្នកបន្តចំណាយពេលសិក្សាព្រះបន្ទូលព្រះ សូមបន្តសួរខ្លួនឯង :

  • តើមានអ្វីខ្លះ ដែលព្រះចង់ឲ្យខ្ញុំស្គាល់ពីទ្រង់?
  • តើការណ៍នោះនឹងផ្លាស់ប្ដូរអ្វីដែលខ្ញុំជឿអំពីទ្រង់យ៉ាងណាខ្លះ?
  • តើការណ៍នោះនឹងជួយខ្ញុំឲ្យយល់កាន់តែច្បាស់អំពីទ្រង់ ដោយរបៀបណា?

ការបន្តឆ្ពោះទៅមុខ

ការបញ្ជាក់ : តើអ្នកមានគំនិត ឬសំណួរអ្វីខ្លះ?

ការសង្ខេប : តើ​មាន​របៀប​ណា​ខ្លះ​ដែល​ព្រះ​​បាន​បើកបង្ហាញ​​អង្គ​ទ្រង់? តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក​បាន​រៀន​អំពីព្រះហឫទ័យ​របស់​ព្រះ?

ការអនុវត្ត : តើអ្នកចង់ធ្វើអ្វីនៅសប្ដាហ៍នេះ ដើម្បីឲ្យស្គាល់ព្រះ​កាន់តែច្បាស់?

ការចែកចាយបន្ត : តើអ្នកអាចចែកចាយអំពីអ្វីដែលអ្នកបានរៀនអំពីព្រះ ទៅកាន់នរណា?

ការពង្រឹង:

ពេល​អ្នក​អាន​អត្ថបទគម្ពីរ​ទាំង​នេះ សូមរកមើល​អ្វី​ដែល​អត្ថបទទាំងនេះ​ប្រាប់​អ្នក​អំពី​ព្រះ។ ចូរ​សុំ​ទ្រង់​ឲ្យ​ដកចេញនូវ​ទស្សនៈ​ខុស​ទាំងឡាយ​ដែល​អ្នក​​​មានអំពីទ្រង់។

អេសាយ ៤៣:១-១៣

ប៉ុន្តែ ឱ​ពួក​យ៉ាកុប​អើយ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​បង្កើត​ឯង​មក ហើយ​ឱ​ពួក​អ៊ីស្រាអែល​អើយ ព្រះ​ដែល​ជប​សូន​ឯង ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ អញ​បាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​អញ កាល​ណា​ឯង​ដើរ​កាត់​ទឹក​ធំ នោះ​អញ​នឹង​នៅ​ជា​មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​ឯង​ឡើយ កាល​ណា​ឯង​លុយ​កាត់​ភ្លើង នោះ​ឯង​នឹង​មិន​ត្រូវ​រលាក ហើយ​អណ្តាត​ភ្លើង​ក៏​មិន​ឆាប់​ឆេះ​ឯង​ដែរ ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង អញ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល គឺ​ជា​ព្រះ​ដ៏​សង្គ្រោះ​របស់​ឯង អញ​បាន​ឲ្យ​ស្រុក​អេស៊ីព្ទ​ទុក​ជា​ថ្លៃ​លោះ​ឯង ព្រម​ទាំង​ស្រុក​អេធីយ៉ូពី នឹង​ស្រុក​សេបា ជំនួស​ឯង​ផង អញ​នឹង​ឲ្យ​មនុស្ស​ដទៃ​ជំនួស​ឯង ហើយ​ប្រជា‌ជាតិ​ផ្សេងៗ ស្នង​នឹង​ជីវិត​ឯង ដោយ​ព្រោះ​ឯង​មាន​ដំឡៃ​វិសេស​នៅ​ភ្នែក​អញ ក៏​គួរ​លើក​ដំកើង ហើយ​ជា​ទី​ស្រឡាញ់​ដល់​អញ​ផង កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ អញ​នឹង​នាំ​ពូជ‌ពង្ស​ឯង​មក​ពី​ទិស​ខាង​កើត ហើយ​នឹង​ប្រមូល​គេ​មក​ពី​ទិស​ខាង​លិច អញ​នឹង​បង្គាប់​ដល់​ទិស​ខាង​ជើង​ថា ចូរ​ប្រគល់​គេ​មក ហើយ​ដល់​ទិស​ខាង​ត្បូង​ថា កុំ​ឃាត់​គេ​ទុក​ឡើយ ចូរ​នាំ​អស់​ទាំង​កូន​ប្រុស​របស់​អញ​មក​ពី​ទី​ឆ្ងាយ ហើយ​ពួក​កូន​ស្រី​អញ​មក​ពី​ចុង​ផែនដី​ចុះ គឺ​គ្រប់​មនុស្ស​ដែល​បាន​ហៅ​តាម​នាម​ឈ្មោះ​អញ ជា​អ្នក​ដែល​អញ​បាន​បង្កើត​មក​សំរាប់​សិរី‌ល្អ​នៃ​អញ គឺ​ជា​អ្នក​ដែល​អញ​បាន​ជប​សូន អើ ជា​អ្នក​ដែល​អញ​បាន​តែង‌តាំង​ឡើង។

ចូរ​នាំ​មនុស្ស​ខ្វាក់​ដែល​មាន​ភ្នែក នឹង​មនុស្ស​ថ្លង់​ដែល​មាន​ត្រចៀក​ចេញ​មក ត្រូវ​ឲ្យ​អស់​ទាំង​សាសន៍​ប្រជុំ​គ្នា ហើយ​ឲ្យ​ប្រជា‌ជាតិ​ទាំង​ពួង​ជំនុំ​គ្នា​ចុះ ក្នុង​ពួក​គេ តើ​មាន​អ្នក​ណា​ដែល​អាច​នឹង​ទាយ​ពី​ការ​នេះ​បាន ឬ​អាច​នឹង​សំដែង ឲ្យ​យើង​ដឹង​ពី​ដំណើរ ដែល​កន្លង​មក​ហើយ​នោះ ចូរ​ឲ្យ​គេ​នាំ​ស្មរ​បន្ទាល់​របស់​គេ​មក ដើម្បី​តាំង​ខ្លួន​ជា​ត្រឹម‌ត្រូវ បើ​មិន​ដូច្នោះ​ទេ នោះ​ត្រូវ​ថា នេះ​ពិត​មែន​វិញ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​អញ ហើយ​ជា​អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង ដើម្បី​ឲ្យ​បាន​ស្គាល់ ហើយ​ជឿ​ដល់​អញ ព្រម​ទាំង​យល់​ថា គឺ​អញ​នេះ​ហើយ ឥត​មាន​ព្រះ​ណា​កើត​មក​មុន​អញ​ទេ ហើយ​ក្រោយ​អញ​ក៏​ឥត​មាន​ដែរ គឺ​អញ អញ​នេះ​ហើយ​ជា​យេហូវ៉ា ក្រៅ​ពី​អញ គ្មាន​អ្នក​សង្គ្រោះ​ណា​ទៀត​ឡើយ អញ​បាន​ទាយ​ប្រាប់ អញ​បាន​ជួយ​សង្គ្រោះ អញ​បាន​សំដែង​ឲ្យ​ឃើញ​ហើយ ឥត​មាន​ព្រះ​ដទៃ​ណា​នៅ​កណ្តាល​ឯង​រាល់​គ្នា​ឡើយ ហេតុ​ដូច្នោះ ឯង​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​អញ ហើយ​គឺ​អញ​នេះ​ដែល​ជា​ព្រះ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា អើ ចាប់​តាំង​ពី​មាន​ពេល​ថ្ងៃ​ឡើង​វេលា​ណា នោះ​គឺ​ជា​អញ​នេះ​ហើយ ឥត​មាន​អ្នក​ណា​អាច​នឹង​ដោះ​ឲ្យ​រួច​ពី​ដៃ​អញ​បាន​ទេ ឯ​ការ​ដែល​អញ​ធ្វើ តើ​អ្នក​ណា​នឹង​ឃាត់​បាន។

(អានបន្ថែម)

អេសាយ ៤០:១-៣១

ព្រះ​នៃ​ឯង​រាល់​គ្នា ទ្រង់​មាន​បន្ទូល​ថា ចូរ​កំសាន្ត​ទុក្ខ ចូរ​កំសាន្ត​ទុក្ខ​រាស្ត្រ​អញ​ចុះ ត្រូវ​ឲ្យ​លួង‌លោម​ចិត្ត​នៃ​ក្រុង​យេរូ‌សាឡិម ហើយ​ស្រែក​ប្រាប់​គេ​ថា គ្រា​ធ្វើ​សឹក​សង្គ្រាម​របស់​គេ​បាន​សំរេច​ហើយ អំពើ​ទុច្ចរិត​របស់​គេ​ក៏​បាន​អត់​ទោស​ឲ្យ ហើយ​គេ​បាន​ទទួល​សំណង​១​ជា​២​ពី​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​ស្នង​នឹង​អំពើ​បាប​គេ​ដែរ។

មាន​ឮ​សំឡេង​១​កំពុង​តែ​ស្រែក​នៅ​ទី​រហោ‌ស្ថាន​ថា ចូរ​រៀបចំ​ផ្លូវ​សំរាប់​ទទួល​ព្រះ‌យេហូវ៉ា ចូរ​ធ្វើ​ឲ្យ​មាន​ថ្នល់​រាប​ស្មើ​នៅ​ទី​ស្ងាត់ ថ្វាយ​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ ឯ​គ្រប់​ទាំង​ច្រក​ភ្នំ នោះ​នឹង​ត្រូវ​លើក​ឡើង ហើយ​គ្រប់​ទាំង​ភ្នំ​ធំ​តូច នឹង​ត្រូវ​ពង្រាប​ទៅ នៅ​កន្លែង​ណា​ដែល​គ្រលិក‌គ្រលុក នោះ​ត្រូវ​ធ្វើ​ឲ្យ​ស្មើ ហើយ​កន្លែង​ណា​ដែល​រដិប‌រដុប​នឹង​ត្រូវ​ធ្វើ​ឲ្យ​រាប​ចុះ នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នឹង​សំដែង​មក គ្រប់​មនុស្ស​ទាំង‌ឡាយ​នឹង​បាន​ឃើញ​ព្រម​គ្នា ដ្បិត​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ហើយ។

មាន​ឮ​សំឡេង​១​កំពុង​តែ​ថា ចូរ​ប្រកាស​ចុះ នោះ​មាន​ម្នាក់​សួរ​ថា តើ​ត្រូវ​ឲ្យ​ស្រែក​ថា​ដូច​ម្តេច ចូរ​ថា មនុស្ស​ជាតិ​ទាំង‌ឡាយ​ប្រៀប​ដូច​ជា​ស្មៅ ហើយ​អំពើ​ដ៏​ល្អ​ទាំង​ប៉ុន្មាន​របស់​គេ​ក៏​ដូច​ជា​ផ្កា​នៅ​ទី​វាល ឯ​ស្មៅ​ក៏​ស្វិត​ក្រៀម​ទៅ ហើយ​ផ្កា​រោយ‌រុះ​ចុះ ដោយ​ព្រោះ​ខ្យល់​នៃ​ព្រះ‌យេហូវ៉ា​បក់​មក​ត្រូវ ឯ​បណ្តាជន គេ​ពិត​ដូច​ជា​ស្មៅ​ដែរ ស្មៅ​ក៏​ស្វិត​ក្រៀម ហើយ​ផ្កា​រោយ​រុះ​ចុះ តែ​ព្រះ‌បន្ទូល​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​វិញ នោះ​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប។

ឱ​អ្នក​ដែល​នាំ​ដំណឹង​ល្អ មក​ដល់​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ឡើង​ទៅ​ប្រកាស​ប្រាប់​ពី​លើ​ភ្នំ​ខ្ពស់​ចុះ ឱ​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក​ដល់​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​បន្លឺ​សំឡេង​ឡើង​ជា​ខ្លាំង ចូរ​បន្លឺ​ឡើង កុំ​ខ្លាច​ឡើយ ចូរ​ប្រាប់​ដល់​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ថា មើល​ន៏ ព្រះ​នៃ​អ្នក​រាល់​គ្នា មើល ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​យាង​មក ដោយ​មាន​ព្រះ‌ចេស្តា ហើយ​ព្រះ‌ពាហុ​នៃ​ទ្រង់​នឹង​កាន់‌កាប់​ត្រួត‌ត្រា​ឲ្យ​ទ្រង់ មើល ទ្រង់​នាំ​យក​រង្វាន់​មក​ជា​មួយ ហើយ​បំណាច់​ដែល​ទ្រង់​សង​ដល់​គេ​ក៏​នៅ​ចំពោះ​ទ្រង់ ទ្រង់​នឹង​ឃ្វាល​ហ្វូង​របស់​ទ្រង់ ដូច​ជា​អ្នក​គង្វាល ទ្រង់​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ‌ពាហុ ហើយ​លើក​ផ្ទាប់​នៅ​ព្រះ‌ឧរា ក៏​នឹង​នាំ​ពួក​មេៗ ដែល​មាន​កូន​ខ្ចី​ទៅ​ដោយ​ថ្នម។

តើ​អ្នក​ណា​បាន​វាល់​ទឹក​ទាំង​ប៉ុន្មាន នៅ​ក្នុង​ទូក​ដៃ ហើយ​វាស់​ផ្ទៃ​មេឃ​ដោយ​ចំអាម​ដែរ ព្រម​ទាំង​ដាក់​ធូលី​ដី​ទាំង​អស់​ចុះ​ក្នុង​រង្វាល់ ហើយ​ថ្លឹង​អស់​ទាំង​ភ្នំ​ធំ ដោយ​ជញ្ជីង នឹង​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ដោយ​ត្រាជូ តើ​អ្នក​ណា​បាន​ស្ទង់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ឬ​បាន​បង្រៀន​ទ្រង់​ដោយ​ខ្លួន​ធ្វើ​ជា​អ្នក​ជួយ​ប្រឹក្សា តើ​ទ្រង់​បាន​ប្រឹក្សា​នឹង​អ្នក​ណា ហើយ​អ្នក​ណា​បាន​ពន្យល់​ទ្រង់ ឬ​បង្រៀន​ទ្រង់​ក្នុង​ផ្លូវ​យុត្តិ‌ធម៌ ឬ​ឲ្យ​ទ្រង់​មាន​ចំណេះ ឬ​បង្ហាញ​ផ្លូវ​នៃ​យោបល់​ដល់​ទ្រង់ មើល អស់​ទាំង​សាសន៍​ប្រៀប​ដូច​ជា​ទឹក​១​ដំណក់​នៅ​ក្នុង​ថាំង ហើយ​ក៏​រាប់​ទុក​ដូច​ជា​លំអង​ធូលី​នៅ​លើ​ថាស​ជញ្ជីង​ដែរ មើល ទ្រង់​លើក​កោះ​ទាំង​ប៉ុន្មាន​ឡើង ដូច​ជា​របស់​យ៉ាង​តិច‌តួច ឯ​ព្រៃ​ល្បាណូន​នោះ​មិន​គ្រាន់​នឹង​ដុត ហើយ​សត្វ​ទាំង​ប៉ុន្មាន​នៅ​ព្រៃ​នោះ​ក៏​មិន​ល្មម​នឹង​ធ្វើ​ជា​ដង្វាយ​ដុត​ផង អស់​ទាំង​សាសន៍​រាប់​ដូច​ជា​ទទេ​សោះ​នៅ​ចំពោះ​ទ្រង់ ទ្រង់​រាប់​គេ​ទុក​ដូច​ជា​តិច​ជាង​សូន្យ​ទៅ​ទៀត ហើយ​ជា​ឥត​ប្រយោជន៍​ផង។

ដូច្នេះ​តើ​អ្នក​រាល់​គ្នា​នឹង​ធៀប​ផ្ទឹម​ព្រះ ដូច​ជា​អ្នក​ណា ឬ​ប្រៀប​ទ្រង់​នឹង​ភាព​អ្វី ឯ​រូប​ព្រះ គឺ​មាន​ជាង​ម្នាក់​បាន​សិត​ធ្វើ​ទេ ហើយ​ជាង​ទង គេ​ស្រោប​ដោយ​មាស ក៏​ធ្វើ​ខ្សែ​ប្រាក់​ឲ្យ​ផង ចំណែក​អ្នក​ណា​ដែល​ខ្វះ‌ខាត​គ្មាន​ល្មម​នឹង​ធ្វើ​ដូច្នោះ​បាន គេ​ក៏​រើស​យក​ឈើ​ដែល​មិន​ចេះ​ពុក​វិញ គេ​រក​ជាង​មាន​ស្នាដៃ​ឲ្យ​មក​ឆ្លាក់​ធ្វើ​រូប​១​ដំកល់​ឡើង​ជាប់ មិន​ឲ្យ​ត្រូវ​រើ​ចេញ​ឡើយ

តើ​អ្នក​រាល់​គ្នា​មិន​បាន​ដឹង​ទេ​ឬ តើ​មិន​បាន​ឮ តើ​ឥត​មាន​អ្នក​ណា​ប្រាប់​ដល់​អ្នក​រាល់​គ្នា តាំង​ពី​ដើម​មក តើ​អ្នក​រាល់​គ្នា​មិន​បាន​យល់​សេចក្ដី​តាំង​ពី​កំណើត​លោកីយ​រៀង​មក​ទេ​ឬ​អី គឺ​ព្រះ​ដែល​គង់​ពី​លើ​រង្វង់​ផែនដី ហើយ​មនុស្ស​នៅ​ផែនដី​ប្រៀប​ដូច​ជា​កណ្តូប​វិញ គឺ​ទ្រង់​ដែល​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ ហើយ​សន្ធឹង​ទៅ ដូច​ជា​ត្រសាល​សំរាប់​អាស្រ័យ​នៅ ទ្រង់​ទំលាក់​ងារ​ពួក​អ្នក​គ្រប់‌គ្រង​ឲ្យ​សូន្យ​ទៅ ក៏​ធ្វើ​ឲ្យ​ពួក​ចៅ‌ក្រម​នៅ​ផែនដី​ទៅ​ជា​ឥត​ប្រយោជន៍​ដែរ

អើ​ពួក​ទាំង​នោះ​នឹង​មិន​ដែល​បាន​ដាំ​ចុះ​ឡើយ ក៏​នឹង​បាន​សាប‌ព្រោះ​សឹង​តែ​មិន​ទាន់​ផង អើ ដើម​គេ​នឹង​មិន​ដែល​ចាក់​ឫស​ចុះ​ក្នុង​ដី​ឡើយ ទ្រង់​នឹង​ផ្លុំ​ខ្យល់​ទៅ នោះ​គេ​នឹង​ស្វិត​ក្រៀម រួច​ខ្យល់​កួច​នឹង​ផាត់​យក​គេ​ទៅ ដូច​ជា​ជញ្ជ្រាំង

ដូច្នេះ ព្រះ​ដ៏​បរិសុទ្ធ​ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​នឹង​ប្រៀប‌ផ្ទឹម​អញ​ដូច​ជា​អ្នក​ណា ឲ្យ​អញ​បាន​ស្មើ​នឹង​គេ​នោះ ចូរ​ងើយ​ភ្នែក​ឯង​មើល​ទៅ​លើ ហើយ​ពិចារណា​ពី​អ្នក​ណា​ដែល​បាន​បង្កើត​របស់​ទាំង​នេះ ដែល​នាំ​ឲ្យ​ពួក​ពល‌បរិវារ​ចេញ​មក​តាម​ចំនួន​ដូច្នេះ ទ្រង់​ក៏​ហៅ​របស់​ទាំង​នោះ​តាម​ឈ្មោះ​រៀង​រាល់​តួ ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ទ្រង់ ហើយ​គ្មាន​ណា​មួយ​ខាន​ឡើយ ដោយ​ព្រោះ​តេជា‌នុភាព​ដ៏​ខ្លាំង‌ក្លា​ដែរ។

ឱ​ពួក​យ៉ាកុប​អើយ ហេតុ​អ្វី​បាន​ជា​និយាយ ឱ​ពួក​អ៊ីស្រាអែល​អើយ ហេតុ​អ្វី​បាន​ជា​ថា ផ្លូវ​ដែល​ឯង​ប្រព្រឹត្ត នោះ​លាក់​កំបាំង​នឹង​ព្រះ‌យេហូវ៉ា ហើយ​រឿង‌រ៉ាវ​របស់​ឯង​បាន​រំលង​ផុត​ពី​ព្រះ​នៃ​ឯង​ដូច្នេះ តើ​ឯង​មិន​បាន​ដឹង តើ​មិន​បាន​ឮ​ទេ​ឬ​អី ថា​ព្រះ​ដ៏​គង់​នៅ​អស់​‌កល្ប​ជានិច្ច គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​ផែនដី រហូត​ដល់​ចុង​បំផុត ទ្រង់​មិន​ដែល​ល្វើយ​ឡើយ ក៏​មិន​ដែល​អស់​កំឡាំង​ផង គ្មាន​អ្នក​ណា​អាច​ស្ទង់​យល់​យោបល់​របស់​ទ្រង់​បាន​ទេ ទ្រង់​រមែង​ចំរើន​កំឡាំង ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កំឡាំង​សោះ នោះ​ទ្រង់​ក៏​ប្រទាន​ឲ្យ ទោះ​ទាំង​ពួក​ជំទង់ គេ​នឹង​ល្វើយ ហើយ​នឿយ‌ហត់​ទៅ​បាន ពួក​កំឡោះ​ក៏​នឹង​ដួល​ជ្រលាក​បាន​ផង តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​នឹង​មាន​កំឡាំង​ចំរើន​ជានិច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ។

(អានបន្ថែម)

កូល៉ុស ១:១៥-២៩

ដែល​ទ្រង់​ជា​រូប​អង្គ​នៃ​ព្រះ​ដ៏​មើល​មិន​ឃើញ ជា​បង​ច្បង​នៃ​គ្រប់​ទាំង​អស់ ដែល​ព្រះ​បាន​បង្កើត​មក ដ្បិត​គឺ​ទ្រង់​ហើយ ដែល​បង្កើត​គ្រប់​ទាំង​អស់ ទាំង​របស់​នៅ​ស្ថាន‌សួគ៌ នឹង​នៅ​ផែនដី ទាំង​របស់​ដែល​មើល​ឃើញ ហើយ​ដែល​មើល​មិន​ឃើញ​ផង ទោះ​បើ​ជា​រាជ្យ ឬ​អំណាច​ជា​ព្រះ‌អម្ចាស់ ឬ​អំណាច​គ្រប់‌គ្រង ឬ​អំណាច​ណា​ក៏​ដោយ នោះ​សុទ្ធ​តែ​កើត​មក​ដោយ‌សារ​ទ្រង់ ហើយ​សំរាប់​ទ្រង់​ទាំង​អស់​ផង ទ្រង់​គង់​នៅ​មុន​ទាំង​អស់ ហើយ​របស់​ទាំង​អស់​ក៏​នៅ​ស្ថិត‌ស្ថេរ ដោយ‌សារ​ទ្រង់ ទ្រង់​ជា​សិរសា​របស់​រូប‌កាយ គឺ​ជា​ពួក​ជំនុំ ទ្រង់​ជា​ដើម ក៏​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​បង្អស់ ដើម្បី​ឲ្យ​ទ្រង់​បាន​ជា​ប្រធាន​ក្នុង​គ្រប់​ទាំង​អស់ ដ្បិត​ព្រះ​បាន​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​គ្រប់​ទាំង​សេចក្ដី​ពោរ‌ពេញ​បាន​ស្ថិត​នៅ​ក្នុង​ទ្រង់ ហើយ​ឲ្យ​បាន​ផ្សះ‌ផ្សា​គ្រប់​ទាំង​អស់ ឲ្យ​ជា​នឹង​អង្គ​ទ្រង់ ដោយ‌សារ​ព្រះ‌រាជ‌បុត្រា​នោះ ទោះ​បើ​របស់​នៅ​ស្ថាន‌សួគ៌ ឬ​នៅ​ផែនដី​ក្តី ទាំង​តាំង​ស្ពាន​មេត្រី ដោយ‌សារ​ព្រះ‌លោហិត​នៃ​ឈើ​ឆ្កាង​ទ្រង់

រីឯ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​ត្រូវ​ពង្រាត់​ចេញ ហើយ​ជា​ខ្មាំង​សត្រូវ​ក្នុង​គំនិត ដោយ​អំពើ​អាក្រក់​នោះ ឥឡូវ​នេះ​វិញ ទ្រង់​បាន​ផ្សះ‌ផ្សា​ក្នុង​រូប​សាច់​ទ្រង់ ដោយ​បាន​ទទួល​សុគត ដើម្បី​នឹង​ថ្វាយ​អ្នក​រាល់​គ្នា​ជា​ដង្វាយ​បរិសុទ្ធ ឥត​សៅ‌ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន នៅ​ចំពោះ​ទ្រង់ នោះ​គឺ​បើ​តិច​ណាស់ អ្នក​រាល់​គ្នា​បាន​តាំង​នៅ​ជាប់‌លាប់ ហើយ​មាំ‌មួន ក្នុង​សេចក្ដី​ជំនឿ​ដែរ ឥត​ងាក​បែរ​ចេញ​ពី​សេចក្ដី​សង្ឃឹម​របស់​ដំណឹង​ល្អ ដែល​អ្នក​រាល់​គ្នា​បាន​ឮ ជា​ដំណឹង​ដែល​បាន​ផ្សាយ​ទៅ​ដល់​គ្រប់​ទាំង​មនុស្ស ដែល​កើត​ក្រោម​មេឃ​ផង ឯ​ប៉ុល​ខ្ញុំ ជា​អ្នក​បំរើ​ចំពោះ​ដំណឹង​ល្អ​នោះ​ដែរ។

ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​អំណរ​ក្នុង​ការ​រង​ទុក្ខ​លំបាក ដែល​ខ្ញុំ​ទ្រាំ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា ហើយ​សេចក្ដី​វេទនា​ណា​របស់​ព្រះ‌គ្រីស្ទ ដែល​ខ្វះ​ក្នុង​រូប​សាច់​ខ្ញុំ នោះ​ខ្ញុំ​កំពុង​តែ​បំពេញ​ឡើង ដោយ​ព្រោះ​រូប‌កាយ​ទ្រង់ គឺ​ជា​ពួក​ជំនុំ ខ្ញុំ​បាន​ត្រឡប់​ជា​អ្នក​បំរើ​ដល់​ពួក​ជំនុំ​នោះ តាម​ការ​កាន់‌កាប់​ត្រួត‌ត្រា​របស់​ព្រះ ដែល​បាន​ប្រគល់​មក​ខ្ញុំ​សំរាប់​អ្នក​រាល់​គ្នា ដើម្បី​នឹង​បំពេញ​ព្រះ‌បន្ទូល គឺ​ជា​សេចក្ដី​អាថ៌‌កំបាំង​ដែល​លាក់​ទុក តាំង​ពី​អស់‌កល្ប​រៀង​រាល់​តែ​ដំណ​ត​មក តែ​ឥឡូវ​នេះ បាន​បើក​សំដែង​ឲ្យ​ពួក​បរិសុទ្ធ​ទ្រង់​ស្គាល់ ព្រះ‌ទ្រង់​បាន​សព្វ​ព្រះ‌ហឫទ័យ នឹង​សំដែង​ឲ្យ​ពួក​បរិសុទ្ធ​នោះ​ដឹង​ថា សិរី‌ល្អ​ដ៏​បរិបូរ​របស់​សេចក្ដី​អាថ៌‌កំបាំង​នេះ​ជា​យ៉ាង​ណា ក្នុង​ពួក​សាសន៍​ដទៃ គឺ​ថា ព្រះ‌គ្រីស្ទ​ទ្រង់​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា ដែល​ជា​ទី​សង្ឃឹម​យ៉ាង​ឧត្តម យើង​ខ្ញុំ​ប្រកាស​ប្រាប់​ពី​ទ្រង់ ទាំង​ទូន្មាន​ដល់​គ្រប់​មនុស្ស ហើយ​ទាំង​បង្រៀន​ដល់​គ្រប់​មនុស្ស ដោយ​គ្រប់​ទាំង​ប្រាជ្ញា ដើម្បី​ឲ្យ​បាន​ថ្វាយ​គ្រប់​មនុស្ស ជា​ដង្វាយ​គ្រប់​លក្ខណ៍​ក្នុង​ព្រះ‌គ្រីស្ទ ខ្ញុំ​ក៏​ខំ​ធ្វើ​ការ​នោះ​ឯង ទាំង​ត‌យុទ្ធ​តាម​ឫទ្ធិ‌បារមី​ទ្រង់ ដែល​បណ្តាល​ឡើង​ក្នុង​ខ្ញុំ​ដោយ​ព្រះ‌ចេស្តា។

(អានបន្ថែម)

ទំនុកដំកើង ១៤៥:១-២១

ទំនុក​ជា​បទ​សរសើរ​របស់​ស្តេច​ដាវីឌ។
ឱ​ព្រះ​ដ៏​ជា​មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយ
ទូលបង្គំ​នឹង​លើក​ដំកើង​ទ្រង់
ហើយ​នឹង​សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​ពរ​អស់‌កល្ប‌ជានិច្ច
ទូលបង្គំ​នឹង​សូម​ឲ្យ​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ‌ពរ​រាល់ៗ​ថ្ងៃ
ព្រម​ទាំង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់​អស់‌កល្ប‌ជានិច្ច
ព្រះ‌យេហូវ៉ា​ទ្រង់​ធំ​ប្រសើរ គឺ​គួរ​សរសើរ​យ៉ាង​ក្រៃ‌លែង
ឯ​សណ្ឋាន​ធំ​ប្រសើរ​របស់​ទ្រង់ នោះ​នឹង​រក​យល់​មិន​បាន
មនុស្ស​ដំណ​១​នឹង​សរសើរ​ស្នាដៃ​របស់​ទ្រង់
ដល់​ដំណ​១​ទៀត
ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ការ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់​ផង
ទូលបង្គំ​នឹង​រំពឹង​គិត​ពី​ឫទ្ធា‌នុភាព​ដ៏​រុងរឿង​ឧត្តម
ហើយ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់​ដែរ
មនុស្ស​ទាំង‌ឡាយ​នឹង​ថ្លែង​ពី​ឫទ្ធិ​នៃ​ការ​ដ៏​គួរ​ស្ញែង​ខ្លាច
របស់​ទ្រង់
ឯ​ទូលបង្គំ​នឹង​ប្រកាស​ពី​សណ្ឋាន​ដ៏​ធំ​វិសេស​នៃ​ទ្រង់​ដែរ
គេ​នឹង​បញ្ចេញ​សេចក្ដី​ដែល​នឹក​ចាំ​ពី​ព្រះ‌ហឫទ័យ
ដ៏​ល្អ​ប្រសើរ
ហើយ​ច្រៀង​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់
ព្រះ‌យេហូវ៉ា​ទ្រង់​ប្រកប​ដោយ​មេត្តា‌ករុណា
នឹង​អាណិត‌អាសូរ
ទ្រង់​យឺត​នឹង​ខ្ញាល់ ក៏​មាន​សេចក្ដី​សប្បុរស​ដ៏​ធំ​ទូលាយ
ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ដល់​មនុស្ស​ទាំង​អស់
ហើយ​ព្រះ‌ហឫទ័យ​ទន់​សន្តោស​របស់​ទ្រង់
ក៏​គ្រប​លើ​កិច្ច‌ការ​របស់​ទ្រង់​ទាំង​ប៉ុន្មាន
ឱ​ព្រះ‌យេហូវ៉ា​អើយ
អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់
ហើយ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់​នឹង​សូម​ឲ្យ​ទ្រង់​បាន​ប្រកប
ដោយ​ព្រះ‌ពរ
គេ​នឹង​ថ្លែង​ពី​សិរី‌ល្អ​នៃ​នគរ​ទ្រង់
នឹង​ពី​តេជា‌នុភាព​របស់​ទ្រង់
ប្រយោជន៍​ឲ្យ​ពួក​មនុស្ស​ជាតិ​បាន​ស្គាល់
អស់​ទាំង​ការ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់
ហើយ​នឹង​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​រាជ្យ​ទ្រង់
រាជ្យ​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច
ហើយ​អំណាច​ទ្រង់​ក៏​នៅ ដរាប​ដល់​អស់​ទាំង​ដំណ​ត​ទៅ
ព្រះ‌យេហូវ៉ា​ទ្រង់​គាំទ្រ​ដល់​អស់​អ្នក​ដែល​ដួល
ក៏​លើក​ពួក​អ្នក​ដែល​ត្រូវ​ឱន​ឡើង​វិញ
ភ្នែក​របស់​មនុស្ស​ទាំង​អស់​រង់‌ចាំ​តែ​ទ្រង់
ហើយ​ទ្រង់​ក៏​ប្រទាន​អាហារ​ដល់​គេ​តាម​ត្រូវ​ពេល
ទ្រង់​លា​ព្រះ‌ហស្ត ក៏​បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង‌ឡាយ
ព្រះ‌យេហូវ៉ា​ទ្រង់​សុចរិត​ក្នុង​គ្រប់​ទាំង​ផ្លូវ​ទ្រង់
ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​របស់​ទ្រង់​ដែរ
ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក
ដែល​អំពាវ‌នាវ​ដល់​ទ្រង់
គឺ​អស់​អ្នក​ដែល​អំពាវ‌នាវ​ដល់​ទ្រង់​ដោយ​ពិត​ត្រង់
ទ្រង់​នឹង​បំពេញ​បំណង​ចិត្ត​នៃ​អស់​អ្នក​ដែល​កោត‌ខ្លាច
ដល់​ទ្រង់
ក៏​នឹង​ឮ​ពាក្យ​អំពាវ‌នាវ​របស់​គេ
ព្រម​ទាំង​ជួយ​សង្គ្រោះ​គេ​ផង
ព្រះ‌យេហូវ៉ា​ទ្រង់​រមែង​ការ‌ពារ​អស់​អ្នក
ដែល​ស្រឡាញ់​ទ្រង់
តែ​នឹង​បំផ្លាញ​ពួក​មនុស្ស​អាក្រក់​វិញ
មាត់​ទូលបង្គំ​នឹង​ពោល​ពាក្យ​សរសើរ​ពី​ព្រះ‌យេហូវ៉ា
គួរ​ឲ្យ​មនុស្ស​ទាំង‌ឡាយ បាន​សូម​ឲ្យ​ព្រះ‌នាម​បរិសុទ្ធ
របស់​ទ្រង់​បាន​ពរ នៅ​អស់‌កល្ប‌ជានិច្ច​ដែរ។

(អានបន្ថែម)

ទំនុកដំកើង ១៤៧:១-២០

ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា
ដ្បិត​ការ​ដែល​ច្រៀង​សរសើរ
ដល់​ព្រះ​នៃ​យើង​ខ្ញុំ
នោះ​ជា​ការ​សំណំ​ហើយ ក៏​ពីរោះ​ផង
សេចក្ដី​សរសើរ​ជា​ការ​គួរ​គប្បី
ព្រះ‌យេហូវ៉ា​ទ្រង់​កំពុង​តែ​សង់​ក្រុង​យេរូ‌សាឡិម​ឡើង
ទ្រង់​កំពុង​តែ​ប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល
ដែល​ត្រូវ​បំបរ​ទៅ​ជា​ឈ្លើយ មក​វិញ
ទ្រង់​ប្រោស​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង​ឲ្យ​បាន​ជា
ក៏​រុំ​របួស​ឲ្យ​គេ​ផង
ទ្រង់​រាប់​ចំនួន​នៃ​អស់​ទាំង​ផ្កាយ
ក៏​ហៅ​បាន​តាម​ឈ្មោះ​ទាំង​អស់
ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំ​ទ្រង់​ធំ​ប្រសើរ
ហើយ​មាន​ឫទ្ធា‌នុភាព​ក្រៃ‌លែង
ឯ​ប្រាជ្ញា‌ញាណ​របស់​ទ្រង់​ក៏​យល់​គ្រប់​ទាំង​អស់
ព្រះ‌យេហូវ៉ា​ទ្រង់​ទប់‌ទល់​មនុស្ស​រាបសា
តែ​បង្ក្រាប​ពួក​មនុស្ស​អាក្រក់​ចុះ​ដល់​ដី​វិញ

ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​អរ​ព្រះ‌គុណ
ចូរ​ច្រៀង​បទ​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំ ដោយ​ចាប់​ស៊ុង
ទ្រង់​បាំង​មេឃ​ដោយ​ពពក ក៏​ចាត់‌ចែង​ភ្លៀង​សំរាប់​ផែនដី
ហើយ​ធ្វើ​ឲ្យ​មាន​ស្មៅ​ដុះ​ឡើង​នៅ​លើ​ភ្នំ
ទ្រង់​ប្រទាន​អាហារ​ដល់​សត្វ​ទាំង​ប៉ុន្មាន
ព្រម​ទាំង​ដល់​កូន​ក្អែក​ដែល​យំ​ផង
ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​កំឡាំង​នៃ​សេះ​ទេ
ក៏​មិន​ត្រូវ​ការ​នឹង​ជើង​មនុស្ស​ដែរ
គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​តែ​នឹង​អស់​អ្នក
ដែល​កោត‌ខ្លាច​ទ្រង់
ហើយ​នឹង​អស់​អ្នក​ដែល​សង្ឃឹម​ដល់​សេចក្ដី​សប្បុរស
របស់​ទ្រង់​ប៉ុណ្ណោះ

ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា
ឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​សរសើរ​ដល់​ព្រះ​នៃ​ឯង​ចុះ
ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​រនុក​ទ្វារ​ឯង​បាន​មាំ‌មួន​ឡើង
ក៏​បាន​ប្រទាន​ពរ​ដល់​កូន​ចៅ​នៅ​កណ្តាល​ឯង​ដែរ
ទ្រង់​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ក្នុង​ដែន​ខេត្ត​របស់​ឯង
ទ្រង់​ចំអែត​ឯង ដោយ​ស្រូវ‌សាលី​យ៉ាង​ល្អ​បំផុត
ទ្រង់​ចាត់​ព្រះ‌រាជ​បញ្ជា​មក​លើ​ផែនដី
ព្រះ‌បន្ទូល​ទ្រង់​ក៏​រត់​លឿន​ណាស់​ផង
ទ្រង់​ប្រទាន​ហិមៈ​មក ឲ្យ​ដូច​ជា​រោម​ចៀម
ក៏​បាច‌សាច​សន្សើម​កក​ដូច​ជា​ផែះ
ទ្រង់​បោះ​ទឹក​កក​របស់​ទ្រង់​មក​ជា​ដុំៗ
តើ​មាន​អ្នក​ណា​នឹង​ទ្រាំ​ចំពោះ​ពេល​រងា​របស់​ទ្រង់​បាន
ទ្រង់​បញ្ចេញ​ព្រះ‌បន្ទូល​ទៅ​រំលាយ​ទាំង​អស់​វិញ
ទ្រង់​ធ្វើ​ឲ្យ​ខ្យល់​របស់​ទ្រង់​បក​មក នោះ​ទឹក​ក៏​ហូរ
ទ្រង់​សំដែង​ព្រះ‌បន្ទូល​ដល់​យ៉ាកុប
ហើយ​បញ្ញត្ត នឹង​ច្បាប់​របស់​ទ្រង់ ដល់​អ៊ីស្រាអែល
ទ្រង់​មិន​ដែល​ប្រព្រឹត្ត​នឹង​សាសន៍​ណា​ទៀត
យ៉ាង​នោះ​ឡើយ
ឯ​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់ គេ​មិន​បាន​ស្គាល់​ទេ
ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

(អានបន្ថែម)

ហេព្រើរ ២:១៤-១៨

ដូច្នេះ ដែល​កូន​ចៅ​បាន​ប្រកប​ដោយ​សាច់​ឈាម​ព្រម​គ្នា នោះ​ទ្រង់​ក៏​ទទួល​ចំណែក​ជា​សាច់​ឈាម​ដូច្នោះ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​បំផ្លាញ​អា​នោះ ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ គឺ​ជា​អារក្ស ដោយ​ទ្រង់​សុគត ហើយ​ឲ្យ​បាន​ប្រោស​ដល់​ពួក​អ្នក​នោះ ដែល​ជាប់​ជា​បាវ​បំរើ​គ្រប់​១​ជីវិត ដោយ​ខ្លាច​ស្លាប់ ឲ្យ​បាន​រួច​ចេញ​វិញ ដ្បិត​ច្បាស់​ជា​ទ្រង់​មិន​បាន​យក​ពួក​ទេវតា​ទេ គឺ​បាន​យក​ពូជ​លោក​អ័ប្រា‌ហាំ​វិញ ហេតុ​នោះ​បាន​ជា​គួរ​ឲ្យ​ទ្រង់​បាន​ដូច​បង​ប្អូន​ទ្រង់​គ្រប់​ជំពូក​ដែរ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​សំដេច​សង្ឃ ដែល​មាន​ព្រះ‌ទ័យ​មេត្តា‌ករុណា ហើយ​ក៏​ស្មោះ‌ត្រង់​ក្នុង​ការ​ទាំង​ប៉ុន្មាន​ខាង​ឯ​ព្រះ ប្រយោជន៍​នឹង​ថ្វាយ​ដង្វាយ ឲ្យ​ធួន​នឹង​បាប​របស់​ប្រជា‌ជន​ទាំង‌ឡាយ ដ្បិត​ដែល​ទ្រង់​បាន​រង​ទុក្ខ​លំបាក ទាំង​ត្រូវ​សេចក្ដី​ល្បួង នោះ​ទ្រង់​ក៏​អាច​នឹង​ជួយ​ដល់​អស់​អ្នក ដែល​ត្រូវ​សេចក្ដី​ល្បួង​បាន​ដែរ។

(អានបន្ថែម)

ហេព្រើរ ៤:១៤-១៦

ដូច្នេះ ដែល​មាន​សំដេច​សង្ឃ​យ៉ាង​ធំ​១​អង្គ ដែល​ទ្រង់​បាន​យាង​កាត់​អស់​ទាំង​ជាន់​ស្ថាន‌សួគ៌ គឺ​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ នោះ​ត្រូវ​តែ​ឲ្យ​យើង​មាន​ចិត្ត​ដាច់​ស្រឡះ​នឹង​ជឿ​តាម​ចុះ ដ្បិត​សំដេច​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិត‌អាសូរ ដល់​សេចក្ដី​កំសោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្ដី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​មក​ដល់​បល្ល័ង្ក​នៃ​ព្រះ‌គុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្ដី​មេត្តា ហើយ​រក​បាន​ព្រះ‌គុណ​សំរាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ។

(អានបន្ថែម)

ភាសាខ្មែរ
Scroll to Top