ជំនឿដែលចម្រើនឡើង

Logo Only in White

៣.២ ការផ្លាស់ប្រែចិត្តគំនិតជាថ្មី ៖ ការជ្រើសរើសឲ្យព្រះវិញ្ញាណដឹកនាំយើង

តើអ្នកបានកត់សម្គាល់ឃើញព្រះវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធក្នុងជីវិតរបស់អ្នកក្នុងសប្តាហ៍នេះ ដោយរបៀបណាខ្លះ?

នៅពេលយើងមានភាពចាស់ទុំក្នុងព្រះគ្រីស្ទ នោះយើងកាន់តែយល់ដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណក្នុងជីវិតរបស់យើង។

ជីវិតរស់នៅតាមរយៈវិញ្ញាណរបស់ទ្រង់

ប្រសិនបើអ្នកបានវះកាត់បេះដូងដើម្បីដាក់ថ្ម ដើម្បីឲ្យបេះដូងដំណើរការ តើអ្នកគិតថា អ្នកនឹងអាចដឹងពីតួនាទីរបស់ថ្មបេះដូងនោះនៅក្នុងជីវិតរបស់អ្នកតាមរបៀបណា?

កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់យើងចាប់ផ្តើមឡើង សូម្បីតែមុនពេលយើងទទួលជឿព្រះគ្រីស្ទ នៅពេលដែលទ្រង់បានបង្ហាញយើងថាយើងត្រូវងាកមករក​ព្រះយេស៊ូវ (យ៉ូហាន ១៦:៨-១១).

ការចែកចាយ : តើព្រះវិញ្ញាណបរិសុទ្ធបានបង្ហាញថា អ្នកត្រូវការព្រះយេស៊ូវដោយរបៀបណា?

ព្រះវិញ្ញាណនៅតែមានតួនាទីដ៏សំខាន់ ខណៈដែលទ្រង់ប្រទានជីវិតដល់យើង។ សូមមើលកិច្ចការរបស់ព្រះវិញ្ញាណនៅក្នុង យ៉ូហាន ៣:៦-៧ និង រ៉ូម ៨:១១.

យ៉ូហាន ៣:៦-៧

របស់​អ្វី​ដែល​កើត​ពី​សាច់ នោះ​ជា​សាច់​ទេ ហើយ​ដែល​កើត​ពី​ព្រះ‌វិញ្ញាណ នោះ​ជា​វិញ្ញាណ​វិញ កុំ​ឲ្យ​ឆ្ងល់​ពី​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ថា ត្រូវ​តែ​កើត​ជា​ថ្មី​នោះ​ឡើយ

(អានបន្ថែម)

រ៉ូម ៨:១១

មួយ​ទៀត បើ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អង្គ ដែល​បាន​ប្រោស​ឲ្យ​ព្រះ‌យេស៊ូវ​រស់​ពី​ស្លាប់​ឡើង​វិញ ទ្រង់​សណ្ឋិត​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា នោះ​ព្រះ‌អង្គ​នោះ​ឯង ដែល​បាន​ប្រោស​ឲ្យ​ព្រះ‌គ្រីស្ទ​រស់​ពី​ស្លាប់​ឡើង ទ្រង់​នឹង​ប្រោស​រូប‌កាយ​នៃ​អ្នក​រាល់​គ្នា​ដែល​ទៀង​តែ​ស្លាប់ ឲ្យ​មាន​ជីវិត​ឡើង​ដែរ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ដែល​សណ្ឋិត​នៅ​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា។

(អានបន្ថែម)

ការរកឃើញ : តើព្រះយេស៊ូវមានបន្ទូលថាយើងទទួលជីវិតថ្មីដោយរបៀបណា?

ការរកឃើញ : តើអ្វីជាប្រភពនៃជីវិតរបស់អ្នកនៅសព្វថ្ងៃនេះ? តើស្ថានភាពរបស់អ្នកនឹងទៅជាយ៉ាងណា បើគ្មានទ្រង់?

ការគិតពិចារណា : ពេញមួយថ្ងៃរបស់អ្នក តើអ្នកដឹងដល់កម្រិតណាថា ព្រះវិញ្ញាណបរិសុទ្ធកំពុងប្រទានជីវិតដល់អ្នក? តើអ្វីដែលរារាំង
អ្នកមិនឲ្យយល់ឃើញបែបនេះ?

ទីតុស ៣:៤-៥ ចែងថា ព្រះវិញ្ញាណបរិសុទ្ធ បង្កើតយើងជាថ្មី និង ផ្លាស់ប្រែ យើងជាថ្មី។ ការកើតជាថ្មី កើតឡើងភ្លាមៗនៅពេលយើងទទួលការសង្គ្រោះ នៅពេលយើងកើតជាថ្មី ប៉ុន្តែដំណើរការនៃការផ្លាស់ប្រែជាថ្មី គឺពាក់ព័ន្ធនឹងការឆ្លើយតបរបស់យើងចំពោះព្រះវិញ្ញាណបរិសុទ្ធ។

ទីតុស ៣:៤-៥

តែ​កាល​សេចក្ដី​សប្បុរស​របស់​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង នឹង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដល់​មនុស្ស បាន​លេច​មក​ឲ្យ​ឃើញ នោះ​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង មិន​មែន​ដោយ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត​ដោយ​សុចរិត​នោះ​ទេ គឺ​ដោយ​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់​វិញ ដោយ‌សារ​ការ​សំអាត​នៃ​សេចក្ដី​កើត​ជា​ថ្មី ហើយ​ការ​ប្រោស​ជា​ថ្មី​ឡើង​វិញ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ . . .

(អានបន្ថែម)

ការឲ្យព្រះវិញ្ញាណគ្រប់គ្រង

ដើម្បីឲ្យព្រះវិញ្ញាណផ្លាស់ប្រែយើង យើងត្រូវតែមានឆន្ទៈទទួលយកការដឹកនាំរបស់ព្រះ ហើយថ្វាយឲ្យទ្រង់គ្រប់គ្រងជីវិតរបស់យើង។ បន្ទាប់ពីរស់នៅជាច្រើនឆ្នាំដោយ «ខ្លួនឯង» ជាអ្នកគ្រប់គ្រង ចិត្តគំនិតរបស់យើងត្រូវតែផ្លាស់ប្រែជាថ្មី។ ជំហានដ៏សំខាន់មួយក្នុងការផ្លាស់ប្រែជាថ្មីនេះ គឺការទទួលស្គាល់ថាព្រះទ្រង់ជាម្ចាស់ដ៏ត្រឹមត្រូវនៃជីវិតរបស់យើង។ សូមអាន ១ កូរិនថូស ៦:១៩-២០.

១ កូរិនថូស ៦:១៩-២០

តើ​មិន​ដឹង​ទេ​ឬ​អី​ថា រូប‌កាយ​អ្នក​រាល់​គ្នា​ជា​វិហារ​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​មក​ពី​ព្រះ ហើយ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​ខ្លួន​ទេ ដ្បិត​ព្រះ‌ទ្រង់​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ ចូរ​ដំកើង​ព្រះ​នៅ​ក្នុង​រូប‌កាយ ហើយ​ក្នុង​វិញ្ញាណ​នៃ​អ្នក​រាល់​គ្នា ដែល​ជា​របស់​ផង​ទ្រង់​ចុះ។

(អានបន្ថែម)

ការរកឃើញ : តើព្រះអង្គបានលោះអ្នកដោយរបៀបណា? (ព្រះគម្ពីរក៏ប្រើពាក្យ «ប្រោសលោះ»)។ តើទ្រង់បានបង់ថ្លៃអ្វី ដើម្បីលោះអ្នក?

ការពិភាក្សា : តើម្ចាស់មានសិទ្ធិអ្វីខ្លះ?

ការគិតពិចារណា : នៅពេលដែលយើងលើកតម្កើងនរណាម្នាក់ យើងទទួលស្គាល់ការរួមចំណែក ឬតួនាទីរបស់ពួកគេ។ តើអ្នកគិតថាវាមានន័យយ៉ាងណា ក្នុងការលើកតម្កើងព្រះនៅក្នុងរូបកាយអ្នក?

សូមពិចារណាអំពីគំនូសតាងដ្យាក្រាមទាំងនេះ ដែលបង្ហាញពីការឆ្លើយតបផ្សេងៗគ្នាដែលមនុស្សអាចមានចំពោះការគ្រប់គ្រងរបស់ព្រះ នៅលើជីវិតរបស់ពួកគេ។ សូមអានខគម្ពីរដែលពិពណ៌នាអំពីមនុស្សប្រភេទនីមួយៗ បន្ទាប់មកសូមឆ្លើយសំណួរទាំងនេះ ៖

ការរកឃើញ : តើព្រះវិញ្ញាណបរិសុទ្ធមានតួនាទីអ្វីនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ?

ការរកឃើញ : តើ «ខ្លួនយើង» ឆ្លើយតបទៅនឹងព្រះវិញ្ញាណក្នុងស្ថានភាពនីមួយៗយ៉ាងដូចម្ដេច ?

បុគ្គលដែលមិនស្ថិតនៅក្នុងអង្គព្រះគ្រីស្ទ

រ៉ូម ៨:៩ អ្នកណាគ្មានព្រះ‌វិញ្ញាណរបស់
ព្រះ‌គ្រីស្ទ អ្នកនោះមិនមែនជារបស់ផងទ្រង់ទេ។

យ៉ូហាន ១៦:៨ «កាលណាទ្រង់ [ព្រះវិញ្ញាណ] បានយាងមកហើយ នោះទ្រង់នឹងសំដែង ឲ្យមនុស្សលោកដឹងច្បាស់ ពីអំពើបាប ពីសេចក្ដីសុចរិត ហើយពីសេចក្ដីជំនុំ‌ជំរះ។»

១ កូរិនថូស ២:១៤ ប៉ុន្តែ មនុស្សខាងសាច់ឈាម គេមិនទទួលសេចក្ដីខាងឯព្រះ‌វិញ្ញាណនៃព្រះទេ . . .

១ ពេត្រុស ៤:៥ . . . តែគេនឹងត្រូវរាប់រៀបទូលដល់ព្រះវិញ ដែលទ្រង់រៀបនឹងជំនុំ‌ជំរះ ទាំងមនុស្សរស់នឹងមនុស្សស្លាប់។

អ្នកជឿដែលមានព្រះវិញ្ញាណគ្រប់គ្រង

រ៉ូម ៨:៤-៦ . . . ដើម្បីឲ្យសេចក្ដីដែលក្រិត្យ‌វិន័យបង្គាប់មក បានសំរេចក្នុងខ្លួនយើងរាល់គ្នា ដែលមិនដើរតាមសាច់ឈាម គឺដើរតាមព្រះ‌វិញ្ញាណវិញ. . . តែអស់អ្នកណាដែលតាមព្រះ‌វិញ្ញាណ នោះគិតតែខាងវិញ្ញាណវិញ. . . ឯគំនិតនៃព្រះ‌វិញ្ញាណ នោះទើបជាជីវិត នឹងសេចក្ដីសុខ‌សាន្តវិញ។

កាឡាទី ៥:២៥ បើសិនជាយើងរស់ដោយនូវព្រះ‌វិញ្ញាណ នោះត្រូវដើរដោយព្រះ‌វិញ្ញាណដែរ។

អ្នកជឿដែលរស់នៅតាម «សាច់ឈាម»

រ៉ូម ៨:៥, ៧ ពីព្រោះអស់អ្នកណាដែលតាមសាច់ឈាម នោះគិតតែខាងសាច់ឈាម. . . ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រិត្យ‌វិន័យរបស់ព្រះទេ. . .

កាឡាទី ៣:៣ តើអ្នករាល់គ្នាជាមនុស្សឥតបើគិតជាខ្លាំងដល់‌ម៉្លេះឬអី ដែលបានចាប់ផ្តើម ដោយព្រះ‌វិញ្ញាណហើយ តើឥឡូវនេះបានគ្រប់លក្ខណ៍ឡើង ដោយសាច់ឈាមវិញឬ ?

ការពិភាក្សា : តើអ្វីដែលធ្វើឲ្យអ្នកជឿទាំងពីរប្រភេទមានភាពខុសគ្នា?

ការពិភាក្សា : យើងអាននៅក្នុង រ៉ូម ៨:៦ ថា «ឯគំនិតនៃព្រះ‌វិញ្ញាណ នោះទើបជាជីវិត នឹង
សេចក្ដីសុខ‌សាន្តវិញ» តើអ្នកនឹងពណ៌នាថាមនុស្សម្នាក់ៗស្ថិតនៅត្រង់ចំណុចណា នៅក្នុងដំណើរការដែលគំនិតរបស់ពួកគេត្រូវបានផ្លាស់ប្រែជាថ្មី?

ការចែកចាយ : តើអ្នកមានបទពិសោធយ៉ាងណាខ្លះ ជាមួយនឹងស្ថានភាពនីមួយៗទាំងនេះ?

ការជ្រើសរើសឲ្យព្រះវិញ្ញាណគ្រប់គ្រង

សូមស្រមៃថា អ្នកជាតៃកុងឡាន ប៉ុន្តែអ្នកមិនប្រាកដថាត្រូវទៅទីណា អ្នកមិនទាន់ចេះបើករថយន្តនោះច្បាស់ ហើយក៏មិនដឹងពីការលំបាកនៃស្ថានភាពផ្លូវខាងមុខដែរ។ ក្នុងស្ថានភាពនេះ តើមានអត្ថប្រយោជន៍អ្វីខ្លះ ក្នុងការប្រគល់ការបើកបរឡានទៅដល់អ្នកបើកបរដែលបានផលិតរថយន្ត រៀបចំផ្លូវ និងរៀបចំផែនការធ្វើដំណើរ?

ឧទាហរណ៍នេះមានលក្ខណៈសាមញ្ញ ប៉ុន្តែវាឆ្លុះបញ្ចាំងពីជម្រើសដែលយើងមាន។ យើងអាចទទូចបើកបររថយន្ដនោះដោយខ្លួនឯងបាន ប៉ុន្តែប្រសិនបើយើងធ្វើដូច្នេះ យើងបោះបង់អត្ថប្រយោជន៍ក្នុងការមានអ្នកបើកបរដែលល្អបំផុតហើយ។ សូមស្រមៃថា អ្នកនឹងមានសេរីភាពយ៉ាងណា បើអ្នកជិះក្នុងរថយន្ដក្នុងនាមជាអ្នកដំណើរ ហើយមើលទេសភាពតាមផ្លូវដោយរីករាយ ជាជាងខ្វល់ខ្វាយពីការបើកបរ។

សូមអាន អេភេសូរ ៥:១៧-១៨.

អេភេសូរ ៥:១៧-១៨

ដូច្នេះ កុំ​ឲ្យ​ខ្លៅ​ល្ងង់​ឡើយ ត្រូវ​ខំ​ឲ្យ​យល់​បំណង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​វិញ កុំ​ឲ្យ​ស្រវឹង​ស្រា ដែល​នាំ​ឲ្យ​ព្រើល​ចិត្ត​ឡើយ តែ​ចូរ​ឲ្យ​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​វិញ . . .

(អានបន្ថែម)

ការរកឃើញ : តើអ្វីជាព្រះហឫទ័យរបស់ព្រះអម្ចាស់?

ការគិតពិចារណា : តើការស្រវឹងស្រា ជះឥទ្ធិពល និងគ្រប់គ្រងអាកប្បកិរិយារបស់នរណាម្នាក់ដោយរបៀបណា?

ការគិតពិចារណា : តើនឹងមានលក្ខណៈបែបណា បើវិញ្ញាណរបស់ព្រះជះឥទ្ធិពល និងគ្រប់គ្រងជីវិតរបស់យើងបែបនោះ?

ការមានព្រះគ្រប់គ្រងជីវិតរបស់អ្នកទាំងស្រុង គឺជាអត្ថន័យអំពីការបានពោរពេញដោយព្រះវិញ្ញាណ។ ទោះបីជាយើងឃើញយ៉ាងច្បាស់ថា ព្រះចង់ឲ្យយើងធ្វើបែបនេះ ហើយដើម្បីជាប្រយោជន៍ដល់យើង ក៏ជាញឹកញាប់យើងនៅតែប្រឆាំង មិនព្រមអនុញ្ញាតឲ្យទ្រង់គ្រប់គ្រងដែរ។

តើអ្នកធ្លាប់ជិះឡានជាមួយអ្នកដំណើរដែលចង់ធ្វើជាតៃកុងទេ? (ប្រហែលជាអ្នកធ្លាប់ធ្វើជាអ្នកដំណើរបែបនោះ!) តើអ្នកដំណើរអាចធ្វើអ្វី ឬនិយាយអ្វីខ្លះ? តើអ្នកនឹងនិយាយថា អ្នកដំណើរនោះមានឥរិយាបថបែបណា?

និស្ស័យរបស់មនុស្សធ្វើឲ្យយើងប្រាថ្នាចង់ដឹកនាំជីវិតខ្លួនឯង។ យើងប្រហែលជាគិតថាយើងអាចធ្វើកិច្ចការនោះបានល្អជាង ឬប្រហែលជាយើងខ្លាចកន្លែងដែលព្រះនឹងដឹកនាំយើងទៅ។ សូមពិចារណាអំពីអ្វីដែលធ្វើឲ្យអ្នកមានការពិបាកក្នុងការអនុញ្ញាតឲ្យព្រះវិញ្ញាណដឹកនាំ។

ការគិតពិចារណា : តើអ្វីដែលបណ្តាលឲ្យអ្នកចង់បន្តគ្រប់គ្រងខ្លួនឯង?

ការពិភាក្សា : តើសម្ពាធអ្វីខ្លះនៅក្នុងសង្គម ដែលធ្វើឲ្យយើងកាន់តែមានបំណងចិត្តចង់គ្រប់គ្រងខ្លួនយើងកាន់តែខ្លាំង?

ការគិតពិចារណា : តើអ្នកមានការភ័យខ្លាច ឬកង្វល់អ្វីខ្លះអំពីការឲ្យព្រះគ្រប់គ្រង?

ការចែកចាយ : តើអ្នកមានបទពិសោធបែបណា ក្នុងការថ្វាយការគ្រប់គ្រងទៅកាន់ព្រះ?

ការសម្រេចចិត្តថ្វាយការគ្រប់គ្រងដល់ព្រះវិញ្ញាណ អាចជាចំណុចរបត់ដ៏សំខាន់មួយក្នុងជីវិតរបស់យើង។ នៅពេលយើងធ្វើការជ្រើសរើសនោះ យើងមានបទពិសោធអំពីការរីកចម្រើននៅក្នុងជំនឿរបស់យើង នៅពេលយើងរៀន «ដើរតាមព្រះវិញ្ញាណ» (កាឡាទី ៥:២៥).

ការចែកចាយ : តើមានចំណុចរបត់ណាមួយ ដែលអ្នកបានថ្វាយការគ្រប់គ្រងជីវិតរបស់អ្នកទៅកាន់ព្រះទេ?

តើនេះជាជម្រើសដែលអ្នកចង់ធ្វើឥឡូវនេះទេ?

ការប្រតិបត្តិតាមព្រះវិញ្ញាណ

យើងត្រូវជ្រើសរើសប្រតិបត្តិតាមព្រះវិញ្ញាណឲ្យបានខ្ជាប់ខ្ជួន។ ដូចអ្នកដំណើរនៅក្នុងរថយន្តដែលចង់បើកបរ យើងប្រហែលជាចាប់ដៃចង្កូតពីព្រះវិញ្ញាណ ហើយកាន់ចង្កូតបើកវិញ។ ឬយើងប្រហែលជាដឹងថា យើងបានចូលទៅគ្រប់គ្រងខ្លួនយើង ជំនួសទ្រង់ទៀត។

នៅក្នុង អេភេសូរ ជំពូក ៤ យើងត្រូវបានណែនាំឲ្យបោះបង់នូវចរិតចាស់របស់យើង និងរបៀបរស់នៅពីមុនចោល។

អេភេសូរ ៤:៣០

កុំ​ធ្វើ​ឲ្យ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នៃ​ព្រះ​បាន​ព្រួយ​ព្រះ‌ហឫទ័យ ដែល​ទ្រង់​ដៅ​ចំណាំ​អ្នក​រាល់​គ្នា ទុក​សំរាប់​ដល់​ថ្ងៃ​ប្រោស​លោះ​នោះ​ឡើយ

(អានបន្ថែម)

ការរកឃើញ : តើអេភេសូរ ៤:៣០ ដាស់តឿនយើងកុំឲ្យធ្វើអ្វី?

ការគិតពិចារណា : តើអ្វីនឹងធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធព្រួយព្រះហឫទ័យ?

អំពើបាបមិនបណ្តាលឲ្យព្រះវិញ្ញាណបរិសុទ្ធចាកចេញពីយើងទេ ប៉ុន្តែវាបានបំបែកការរួមប្រកបរបស់យើងជាមួយនឹងព្រះ។ បើដូច្នោះមែន ការរួមប្រកបនោះចាំបាច់ត្រូវស្ដារឡើងវិញ។

«ការដកដង្ហើមខាងវិញ្ញាណ» គឺជាគោលគំនិតមួយដែលជួយយើងឲ្យថ្វាយការគ្រប់គ្រងទៅកាន់ព្រះវិញ្ញាណ ហើយផ្លាស់ប្រែចិត្តគំនិតយើងជាថ្មី។ សូមពិនិត្យមើលអត្ថបទគម្ពីរទាំងនេះ។

ការដកដង្ហើមចេញ – លន់តួ (សារភាព) អំពើបាបរបស់អ្នក ៖ ១ យ៉ូហាន ១:៩

១ យ៉ូហាន ១:៩

បើ​យើង​លន់‌តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​នឹង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង

(អានបន្ថែម)

ការរកឃើញ : នៅពេលដែលយើងលន់តួបាប ឬសារភាព តើយើងទទួលស្គាល់ថាអ្នកណាជាអ្នកគ្រប់គ្រង?

ការពិភាក្សា : ហេតុអ្វីកិច្ចការនេះសំខាន់?

ការដកដង្ហើមចូល - អនុញ្ញាតឲ្យព្រះវិញ្ញាណបំពេញអ្នក ៖ អេភេសូរ ៥:១៧-១៨

អេភេសូរ ៥:១៧-១៨

ដូច្នេះ កុំ​ឲ្យ​ខ្លៅ​ល្ងង់​ឡើយ ត្រូវ​ខំ​ឲ្យ​យល់​បំណង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​វិញ កុំ​ឲ្យ​ស្រវឹង​ស្រា ដែល​នាំ​ឲ្យ​ព្រើល​ចិត្ត​ឡើយ តែ​ចូរ​ឲ្យ​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​វិញ . . .

(អានបន្ថែម)

ការរកឃើញ : តើព្រះជាម្ចាស់មានព្រះហឫទ័យចង់ឲ្យព្រះវិញ្ញាណធ្វើអ្វីនៅក្នុងជីវិតរបស់យើង?

ការរកឃើញ : យោងតាម ១ យ៉ូហាន ៥:១៤-១៥តើយើងអាចប្រាកដចិត្តថា ព្រះវិញ្ញាណនឹងបំពេញយើងដោយរបៀបណា ប្រសិនបើយើងទូលសុំ?

១ យ៉ូហាន ៥:១៤-១៥

យើង​ក៏​មាន​សេចក្ដី​ក្លាហាន ដល់​ទ្រង់​យ៉ាង​ដូច្នេះ​ដែរ គឺ​ថា បើ​យើង​នឹង​សូម​អ្វី ដែល​ត្រូវ​តាម​ព្រះ‌ហឫទ័យ​ទ្រង់ នោះ​ទ្រង់​នឹង​ទទួល​ព្រម បើ​យើង​ដឹង​ថា ទ្រង់​ទទួល​ព្រម​តាម​យើង ក្នុង​ការ​អ្វី​ដែល​យើង​សូម​ដូច្នេះ នោះ​យើង​ក៏​ដឹង​ថា យើង​បាន​អ្វី​ដែល​យើង​សូម​ពី​ទ្រង់​ហើយ​ដែរ។

(អានបន្ថែម)

ការពិភាក្សា : ហេតុអ្វីបានជាព្រះធ្វើឲ្យការពោរពេញដោយព្រះវិញ្ញាណ ជាការងាយស្រួលធ្វើសម្រាប់យើង? តើអ្វីដែលធ្វើឲ្យពិបាកសម្រាប់យើង?

ព្រះវិញ្ញាណបរិសុទ្ធធ្វើឲ្យយើងអាចរស់នៅដូចដែលព្រះចង់ឲ្យយើងធ្វើ។ ចូរអរព្រះគុណដល់ព្រះជាម្ចាស់ ដែលទោះបីជាចរិតចាស់របស់យើងនឹងប្រឆាំងនឹងការឲ្យទ្រង់គ្រប់គ្រងក៏ដោយ ក៏យើងត្រូវបានរំដោះដើម្បីឲ្យយើងអាចជ្រើសរើសធ្វើតាមព្រះហឫទ័យទ្រង់ក្នុងជីវិតរបស់យើង។

ការបន្តឆ្ពោះទៅមុខ

ការបញ្ជាក់ : តើអ្នកមានគំនិត ឬសំណួរអ្វីខ្លះ?

ការសង្ខេប : ហេតុអ្វីយើងគួរថ្វាយការគ្រប់គ្រងទៅកាន់ព្រះ? តើយើងធ្វើការជ្រើសរើសនោះដោយរបៀបណា?

ការអនុវត្ត : តើព្រះចង់ឲ្យអ្នកឆ្លើយតបនឹងអ្វីដែលទ្រង់បានបង្ហាញអ្នកដោយរបៀបណា?

ការចែកចាយបន្ត : ចេញពីប្រធានបទនេះ តើមានចំណុចណាដែលអ្នកយល់ថានឹងមានប្រយោជន៍
ក្នុងការចែករំលែកជាមួយនរណាម្នាក់?

ការពង្រឹង:

នៅសប្តាហ៍នេះ សូមគិតអំពីអត្ថប្រយោជន៍អ្វីខ្លះ ដែលកើតចេញពីការថ្វាយការគ្រប់គ្រងទៅកាន់ព្រះវិញ្ញាណបរិសុទ្ធ។

អេសេគាល ៣៦:២៥-២៨

នោះ​អញ​នឹង​ប្រោះ​ទឹក​ស្អាត​ទៅ​លើ​ឯង​រាល់​គ្នា ដូច្នេះ ឯង​នឹង​បាន​ស្អាត អញ​នឹង​ជំរះ​ឯង​រាល់​គ្នា​ឲ្យ​ស្អាត ពី​គ្រប់​ទាំង​សេចក្ដី​ស្មោក‌គ្រោក ហើយ​ពី​អស់​ទាំង​រូប​ព្រះ​របស់​ឯង​ផង អញ​នឹង​ឲ្យ​ឯង​មាន​ចិត្ត​ថ្មី ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅ​ក្នុង​ឯង​ដែរ អញ​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ពី​រូប​សាច់​ឯង​ចេញ រួច​នឹង​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ អញ​នឹង​ដាក់​វិញ្ញាណ​របស់​អញ​នៅ​ក្នុង​ឯង​រាល់​គ្នា ហើយ​បណ្តាល​ឲ្យ​ឯង​រាល់​គ្នា​ដើរ​តាម​ក្រឹត្យ‌ក្រម ហើយ​រក្សា​បញ្ញត្ត​ច្បាប់​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង នោះ​ឯង​រាល់​គ្នា​នឹង​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​ឰយុកោ​ឯង ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​បាន​ជា​ព្រះ​ដល់​ឯង

(អានបន្ថែម)

អេភេសូរ ៤:១៧-៣២

ដូច្នេះ ខ្ញុំ​និយាយ​សេចក្ដី​នេះ ហើយ​ធ្វើ​បន្ទាល់​ក្នុង​ព្រះ‌អម្ចាស់​ថា កុំ​បី​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​ដូច​ជា​សាសន៍​ដទៃ​ឯ​ទៀត ដែល​គេ​ដើរ​តាម​គំនិត​ឥត​ប្រយោជន៍​របស់​គេ​ទៀត​ឡើយ គំនិត​គេ​ត្រូវ​បង្អាប់ ហើយ​គេ​ដាច់​ចេញ​ពី​ព្រះ‌ជន្ម​ព្រះ ដោយ‌សារ​សេចក្ដី​ខ្លៅ​ល្ងង់​ក្នុង​ខ្លួន​គេ ព្រោះ​ចិត្ត​គេ​រឹង‌ទទឹង គេ​លែង​ខ្លាច​បាប បាន​ជា​គេ​ប្រគល់​ខ្លួន​ទៅ​ខាង​សេចក្ដី​អាស‌អាភាស ដើម្បី​នឹង​ប្រព្រឹត្ត​សេចក្ដី​ស្មោក‌គ្រោក​គ្រប់​យ៉ាង ដោយ​ចិត្ត​វក់​វិញ តែ​អ្នក​រាល់​គ្នា​មិន​បាន​រៀន​ឲ្យ​ស្គាល់​ព្រះ‌គ្រីស្ទ​យ៉ាង​នោះ​ទេ នោះ​គឺ​បើ​តិច​ណាស់​អ្នក​រាល់​គ្នា​បាន​ឮ ហើយ​រៀន​នឹង​ទ្រង់ តាម​សេចក្ដី​ពិត​ដែល​នៅ​ក្នុង​ព្រះ‌យេស៊ូវ​ដែរ ថា​ខាង​ឯ​កិរិយា​ប្រព្រឹត្ត​កាល​ពី​ដើម នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់ ដែល​តែង‌តែ​ខូច​ទៅ តាម​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​សេចក្ដី​ឆ‌បោក​ចោល​ចេញ ហើយ​ឲ្យ​គំនិត​ក្នុង​ចិត្ត​បាន​កែ​ប្រែ​ជា​ថ្មី​ឡើង ព្រម​ទាំង​ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ ដែល​កើត​មក​ក្នុង​សេចក្ដី​សុចរិត ហើយ​ក្នុង​សេចក្ដី​បរិសុទ្ធ​របស់​ផង​សេចក្ដី​ពិត តាម​ភាព​ព្រះ។

ដូច្នេះ ដែល​បាន​ដោះ​សេចក្ដី​កំភូត​ចេញ​ហើយ នោះ​ត្រូវ​ឲ្យ​និយាយ​សេចក្ដី​ពិត នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន​វិញ ដ្បិត​យើង​រាល់​គ្នា​ជា​អវយវៈ​ផង​គ្នា​ទៅ​វិញ​ទៅ​មក ចូរ​ខឹង​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ កុំ​ឲ្យ​សេចក្ដី​កំហឹង​របស់​អ្នក​នៅ​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ ក៏​កុំ​ឲ្យ​អារក្ស​មាន​ឱកាស​ឲ្យ​សោះ អ្នក​ណា​ដែល​ធ្លាប់​លួច ត្រូវ​ឈប់​លួច​ទៅ ស៊ូ​ឲ្យ​អ្នក​នោះ​ទ្រាំ​នឿយ‌ហត់​ជា​ជាង ទាំង​ធ្វើ​ការ​ល្អ​ដោយ​ដៃ​ខ្លួន​វិញ ដើម្បី​ឲ្យ​មាន​អ្វី​នឹង​ចែក​ដល់​អ្នក​ណា​ដែល​ត្រូវ​ការ​ផង មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​មួយ ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ចូរ​បញ្ចេញ​តែ​ពាក្យ​ណា​ដែល​ល្អៗ សំរាប់​នឹង​ស្អាង​ចិត្ត​តាម​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ផ្តល់​ព្រះ‌គុណ​ដល់​អស់​អ្នក​ដែល​ស្តាប់ កុំ​ធ្វើ​ឲ្យ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នៃ​ព្រះ​បាន​ព្រួយ​ព្រះ‌ហឫទ័យ ដែល​ទ្រង់​ដៅ​ចំណាំ​អ្នក​រាល់​គ្នា ទុក​សំរាប់​ដល់​ថ្ងៃ​ប្រោស​លោះ​នោះ​ឡើយ ចូរ​ខំ​ដក​គ្រប់​ទាំង​សេចក្ដី​ជូរ​ល្វីង ក្តៅ​ក្រហាយ កំហឹង ឡូឡា ជេរ​ប្រមាថ នឹង​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ចេញ​ពី​ពួក​អ្នក​រាល់​គ្នា​ទៅ ចូរ​មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្តោស ហើយ​អត់​ទោស​គ្នា ដូច​ជា​ព្រះ‌ទ្រង់​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ‌គ្រីស្ទ​ដែរ។

(អានបន្ថែម)

រ៉ូម ៨:៥-១៤

ពី​ព្រោះ​អស់​អ្នក​ណា​ដែល​តាម​សាច់​ឈាម នោះ​គិត​តែ​ខាង​សាច់​ឈាម តែ​អស់​អ្នក​ណា​ដែល​តាម​ព្រះ‌វិញ្ញាណ នោះ​គិត​តែ​ខាង​វិញ្ញាណ​វិញ ដ្បិត​គំនិត​ខាង​សាច់​ឈាម នោះ​ជា​សេចក្ដី​ស្លាប់​ទទេ ឯ​គំនិត​នៃ​ព្រះ‌វិញ្ញាណ នោះ​ទើប​ជា​ជីវិត នឹង​សេចក្ដី​សុខ‌សាន្ត​វិញ ព្រោះ​គំនិត​ខាង​សាច់​ឈាម នោះ​រមែង​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះ​ចូល​នឹង​ក្រិត្យ‌វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង ពួក​អ្នក​ដែល​នៅ​ខាង​សាច់​ឈាម នោះ​ពុំ​អាច​នឹង​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ​បាន​ឡើយ។

តែ​បើ​សិន​ជា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​សណ្ឋិត​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម​ទៀត​ទេ គឺ​នៅ​ខាង​វិញ្ញាណ​វិញ ប៉ុន្តែ បើ​អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​មិន​មែន​ជា​របស់​ផង​ទ្រង់​ទេ ហើយ​បើ​សិន​ជា​ព្រះ‌គ្រីស្ទ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា នោះ​រូប​សាច់​បាន​ស្លាប់ ដោយ​ព្រោះ​អំពើ​បាប​មែន តែ​វិញ្ញាណ​មាន​ជីវិត​វិញ ដោយ​ព្រោះ​សេចក្ដី​សុចរិត មួយ​ទៀត បើ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អង្គ ដែល​បាន​ប្រោស​ឲ្យ​ព្រះ‌យេស៊ូវ​រស់​ពី​ស្លាប់​ឡើង​វិញ ទ្រង់​សណ្ឋិត​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា នោះ​ព្រះ‌អង្គ​នោះ​ឯង ដែល​បាន​ប្រោស​ឲ្យ​ព្រះ‌គ្រីស្ទ​រស់​ពី​ស្លាប់​ឡើង ទ្រង់​នឹង​ប្រោស​រូប‌កាយ​នៃ​អ្នក​រាល់​គ្នា​ដែល​ទៀង​តែ​ស្លាប់ ឲ្យ​មាន​ជីវិត​ឡើង​ដែរ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ដែល​សណ្ឋិត​នៅ​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា។

ដូច្នេះ បង​ប្អូន​អើយ យើង​មាន​សេចក្ដី​ជាប់​ជំពាក់ មិន​មែន​ជំពាក់​ចំពោះ​សាច់​ឈាម ឲ្យ​បាន​រស់​តាម​សាច់​ឈាម​នោះ​ទេ ដ្បិត​បើ​សិន​ជា​អ្នក​រាល់​គ្នា​រស់​តាម​សាច់​ឈាម នោះ​នឹង​ត្រូវ​ស្លាប់​ទៅ តែ​បើ​សំឡាប់​អំពើ​របស់​រូប​សាច់​ចេញ ដោយ‌សារ​ព្រះ‌វិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រស់​វិញ ហើយ​អស់​អ្នក​ណា​ដែល​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌ទ្រង់​នាំ អ្នក​ទាំង​នោះ​ហើយ​ជា​ពួក​កូន​របស់​ព្រះ។

(អានបន្ថែម)

កាឡាទី ៥:១៦-២៦

តែ​ខ្ញុំ​ប្រាប់​ថា ចូរ​ដើរ​ក្នុង​ព្រះ‌វិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​សេចក្ដី​ប៉ង‌ប្រាថ្នា​ខាង​សាច់​ឈាម​ទេ ដ្បិត​សាច់​ឈាម​តែង‌តែ​ប៉ង‌ប្រាថ្នា​ទាស់​នឹង​ព្រះ‌វិញ្ញាណ ឯ​ព្រះ‌វិញ្ញាណ ទ្រង់​ក៏​ទាស់​នឹង​សាច់​ឈាម​ដែរ សេចក្ដី​ទាំង​២​នេះ​ប្រឆាំង​នឹង​គ្នា ដល់​ម៉្លេះ​បាន​ជា​អ្នក​រាល់​គ្នា​រក​ធ្វើ​ការ ដែល​ចង់​ធ្វើ​ទៅ​មិន​កើត បើ​ព្រះ‌វិញ្ញាណ​ទ្រង់​នាំ​អ្នក​រាល់​គ្នា​វិញ នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​បន្ទុក​ក្រិត្យ‌វិន័យ​ទៀត​ទេ រីឯ​កិច្ច‌ការ​ខាង​សាច់​ឈាម នោះ​ប្រាកដ​ច្បាស់​ហើយ គឺ​ជា​សេចក្ដី​កំផិត សហាយ‌ស្មន់ ស្មោក‌គ្រោក អាស‌អាភាស ថ្វាយ‌បង្គំ​រូប​ព្រះ មន្ត‌អាគម សំអប់​គ្នា ឈ្លោះ​ប្រកែក ឈ្នានីស កំហឹង ទាស់‌ទែង​គ្នា បាក់​បែក បក្ស‌ពួក ច្រណែន កាប់​សំឡាប់ ប្រមឹក ស៊ី​ផឹក​ជ្រុល នឹង​ការ​អ្វី​ទៀត ដែល​ស្រដៀង​នឹង​សេចក្ដី​ទាំង​នេះ​ផង ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ទុក​ជា​មុន ដូច​ជា​បាន​ប្រាប់​រួច​មក​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ នោះ​មិន​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ តែ​ឯ​ផល​ផ្លែ​នៃ​ព្រះ‌វិញ្ញាណ​វិញ នោះ​គឺ​សេចក្ដី​ស្រឡាញ់ អំណរ​អរ មេត្រី‌ភាព អត់‌ធ្មត់ សុភាព សប្បុរស ស្មោះ‌ត្រង់ ស្លូត‌បូត ហើយ​ដឹង​ខ្នាត គ្មាន​ក្រិត្យ‌វិន័យ​ណា​ទាស់​នឹង​សេចក្ដី​យ៉ាង​នោះ​ទេ ហើយ​អស់​អ្នក​ដែល​ជា​របស់​ផង​ព្រះ‌គ្រីស្ទ នោះ​បាន​ឆ្កាង​សាច់​ឈាម​ហើយ ព្រម​ទាំង​សេចក្ដី​រំជួល នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា​ទាំង​ប៉ុន្មាន​ផង។

បើ​សិន​ជា​យើង​រស់​ដោយ​នូវ​ព្រះ‌វិញ្ញាណ នោះ​ត្រូវ​ដើរ​ដោយ​ព្រះ‌វិញ្ញាណ​ដែរ កុំ​ឲ្យ​យើង​រាល់​គ្នា​រក​កេរ្តិ៍​ឈ្មោះ ដែល​ឥត​ប្រយោជន៍ ទាំង​ចាក់‌រុក ហើយ​ឈ្នានីស​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ។

(អានបន្ថែម)

កូល៉ុស ៣:១៥-១៧

ចូរ​ឲ្យ​សេចក្ដី​មេត្រី​របស់​ព្រះ‌គ្រីស្ទ​ត្រួត‌ត្រា​នៅ​ក្នុង​ចិត្ត ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្ដី​នោះ​ឯង ឲ្យ​មាន​រូប‌កាយ​តែ​១ ហើយ​ត្រូវ​ដឹង​គុណ​ផង។
ចូរ​ឲ្យ​ព្រះ‌បន្ទូល​នៃ​ព្រះ‌គ្រីស្ទ បាន​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ជា​បរិបូរ ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង ទាំង​បង្រៀន ហើយ​ទូន្មាន​គ្នា ដោយ​នូវ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ នឹង​ចំរៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង​ក្នុង​ចិត្ត​ថ្វាយ​ព្រះ ដោយ​ព្រះ‌គុណ ហើយ​ក្នុង​គ្រប់​ទាំង​អស់ ទោះ​បើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សំដី​ឬ​កិរិយា​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់ ដោយ​ព្រះ‌នាម​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ដោយ‌សារ​ទ្រង់​ផង។

(អានបន្ថែម)

ទីតុស ៣:៣-៨

ដ្បិត​ពី​ដើម យើង​រាល់​គ្នា​ក៏​ជា​មនុស្ស​ឥត​ប្រាជ្ញា រឹង‌ចចេស ហើយ​វង្វេង​ដែរ ទាំង​បំរើ​សេចក្ដី​ប៉ង‌ប្រាថ្នា នឹង​សេចក្ដី​សំរើប​ផ្សេងៗ ទាំង​រស់​នៅ​ដោយ​សេចក្ដី​គំរក់ នឹង​សេចក្ដី​ឈ្នានីស យើង​ក៏​គួរ​ខ្ពើម ហើយ​បាន​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ តែ​កាល​សេចក្ដី​សប្បុរស​របស់​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង នឹង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដល់​មនុស្ស បាន​លេច​មក​ឲ្យ​ឃើញ នោះ​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង មិន​មែន​ដោយ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត​ដោយ​សុចរិត​នោះ​ទេ គឺ​ដោយ​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់​វិញ ដោយ‌សារ​ការ​សំអាត​នៃ​សេចក្ដី​កើត​ជា​ថ្មី ហើយ​ការ​ប្រោស​ជា​ថ្មី​ឡើង​វិញ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​បាន​ចាក់​មក​លើ​យើង​ជា​បរិបូរ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង ដើម្បី​កាល​ណា​យើង​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ព្រះ‌គុណ​ទ្រង់ នោះ​ឲ្យ​យើង​បាន​ត្រឡប់​ជា​អ្នក​គ្រង​មរដក តាម​សេចក្ដី​សង្ឃឹម​ដល់​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ពាក្យ​នេះ​គួរ​ជឿ ហើយ​ខ្ញុំ​ចង់​បញ្ជាក់​អ្នក ពី​សេចក្ដី​ទាំង​នេះ​ឲ្យ​ច្បាស់ ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​បាន​ជឿ​ដល់​ព្រះ បាន​ខំ​ប្រឹង​នឹង​ធ្វើ​ការ​ល្អ​អស់​ពី​ចិត្ត នោះ​ទើប​ល្អ ហើយ​មាន​ប្រយោជន៍​ដល់​មនុស្ស។

(អានបន្ថែម)

ភាសាខ្មែរ
Scroll to Top