តើអ្នកចូលចិត្តធ្វើអ្វីជាមួយមនុស្សដែលជិតស្និទ្ធនឹងអ្នកបំផុត?
តើការស្គាល់នរណាម្នាក់យ៉ាងច្បាស់ ជួយអ្នកឲ្យធ្វើអ្វីៗជាមួយគ្នាបានយ៉ាងណាខ្លះ?
សូមឲ្យព្រះចូលរួមក្នុងគ្រប់ផ្នែកនៃជីវិតយើង
មនុស្សដែលយើងស្គាល់ច្បាស់ គឺជាចំណែកមួយដ៏សំខាន់នៃជីវិតរបស់យើង។
ការពិភាក្សា : តើរូបភាពអំពីព្រះយេស៊ូវយាងមកគង់ក្នុងជីវិតរបស់យើង មានអត្ថន័យបែបណា នៅក្នុង វិវរណៈ ៣:២០?
វិវរណៈ ៣:២០
មើល អញឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងអញ ហើយបើកទ្វារឲ្យ នោះអញនឹងចូលទៅឯអ្នកនោះ អញនឹងបរិភោគជាមួយនឹងអ្នកនោះ ហើយអ្នកនោះជាមួយនឹងអញដែរ
ការគិតពិចារណា : តើព្រះចង់មានការចូលរួម និងស្និទ្ធស្នាលកម្រិតណាក្នុងជីវិតរបស់អ្នក?
មានកំណាព្យដ៏ពិរោះមួយមានចំណងជើងថា ដួងចិត្តខ្ញុំ ជាព្រះដំណាក់នៃព្រះគ្រីស្ទ ដែលនិយាយអំពីមនុស្សម្នាក់ដែលស្វាគមន៍ព្រះយេស៊ូវចូលក្នុងជីវិតរបស់គាត់។ ពេលវេលាកន្លងផុតទៅ គាត់ដឹងថាព្រះយេស៊ូវមិនគ្រាន់តែចង់ឈរនៅមាត់ទ្វារនៃដួងចិត្តគាត់ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ចង់ចូលមកគ្រប់ផ្នែកនៃដួងចិត្តគាត់។ ព្រះយេស៊ូវបានទទូចឲ្យគាត់អនុវត្តឲ្យទ្រង់ចូលមកគ្រប់ផ្នែកដែលកំពុងកើតឡើងនៅក្នុងដួងចិត្តគាត់។ ឧទាហរណ៍ ក្នុង «បន្ទប់ទទួលភ្ញៀវ» ព្រះយេស៊ូបានចូលរួមជាមួយក្រុមគ្រួសារ និងភ្ញៀវរបស់គាត់។ នៅក្នុង «ការិយាល័យ» ព្រះយេស៊ូវមានឥទ្ធិពលលើអ្វីដែលគាត់អាន និងរបៀបដែលគាត់ធ្វើការ។ នៅក្នុង «បន្ទប់គេង» ព្រះយេស៊ូវមានឥទ្ធិពលលើទំនាក់ទំនងផ្ទាល់ខ្លួនរបស់គាត់ និងជាបន្តបន្ទាប់ទៀត។
ការចែកចាយ : តើផ្នែកអ្វីខ្លះនៃជីវិតរបស់អ្នក ដែលត្រូវបានផ្លាស់ប្តូរដោយការស្គាល់ព្រះ? តើផ្លាស់ប្ដូរដោយរបៀបណាខ្លះ?
ការគិតពិចារណា : តើមានផ្នែកណាមួយនៃជីវិតរបស់អ្នក ដែលព្រះវត្តមានរបស់ព្រះមិនទាន់បានប៉ះពាល់ដែរឬទេ?
រូបភាពអំពីព្រះគង់នៅជាមួយយើងនេះ ក៏ត្រូវបានបង្ហាញនៅក្នុងព្រះគម្ពីរដោយប្រើពាក្យដូចជា «គង់នៅជាប់ជាមួយ» និង «គង់នៅក្នុង»។ ពាក្យទាំងនេះបង្ហាញអំពីព្រះដែលគង់នៅ និងនៅផ្ទះជាមួយយើង។ ទ្រង់សព្វព្រះហឫទ័យចង់រស់នៅជាមួយយើង។ នេះជាអ្វីដែលព្រះយេស៊ូវបានធ្វើជាមួយពួកសិស្សរបស់ទ្រង់។ ម៉ាកុស ៣:១៤ ចែងថា «ទ្រង់ដំរូវ១២នាក់ឲ្យបាននៅជាមួយនឹងទ្រង់...»។
ការគិតពិចារណា : តើអ្នកគិតថាអ្វីទៅជាគោលបំណងរបស់ព្រះយេស៊ូវក្នុងការឲ្យពួកគេ «នៅជាមួយនឹងទ្រង់»?
ចូរបង្កើតទំនាក់ទំនងសេចក្ដីស្រឡាញ់ជាមួយព្រះ
រូបភាពអំពីការនៅជាមួយនេះ ក៏ជាសេចក្ដីអធិស្ឋានរបស់លោកប៉ុល ដែលរកឃើញនៅ អេភេសូរ ៣:១៧-១៩.
អេភេសូរ ៣:១៧-១៩
. . . ឲ្យព្រះគ្រីស្ទបានសណ្ឋិតក្នុងចិត្តអ្នករាល់គ្នា ដោយសារសេចក្ដីជំនឿ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្ដីស្រឡាញ់ ដើម្បីឲ្យអាចនឹងយល់ ជាមួយនឹងពួកបរិសុទ្ធទាំងអស់គ្នា ពីទទឹង បណ្តោយ ជំរៅ នឹងកំពស់នៃសេចក្ដីស្រឡាញ់នោះ ហើយឲ្យបានស្គាល់សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទដ៏រកគិតមិនយល់ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានពេញ ដល់គ្រប់ទាំងសេចក្ដីពោរពេញរបស់ផងព្រះ។
ការរកឃើញ : តើអ្វីអាចឲ្យយើងមានបទពិសោធនូវព្រះវត្តមានរបស់ព្រះយ៉ាងពេញលេញ?
ការគិតពិចារណា : តើជំនឿពាក់ព័ន្ធយ៉ាងណា នឹងការដែលព្រះគ្រីស្ទគង់នៅក្នុងចិត្តយើង?
ការចែកចាយ : តើអ្នកគិតថា អ្នកមានការយល់ដឹងយ៉ាងណាអំពីសេចក្ដីស្រឡាញ់របស់ព្រះ?
ព្រះទ្រង់ស្រឡាញ់យើង និងចង់ឲ្យយើងស្រឡាញ់ទ្រង់វិញ។ នេះជាអ្វីដែលព្រះចាត់ទុកជារឿងសំខាន់បំផុតក្នុងជីវិតរបស់យើង ដូចដែលព្រះយេស៊ូវមានបន្ទូលនៅក្នុង ម៉ាថាយ ២២:៣៧-៣៨.
ម៉ាថាយ ២២:៣៧-៣៨
នោះព្រះយេស៊ូវឆ្លើយថា «ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង» នេះជាបញ្ញត្តយ៉ាងសំខាន់ទី១
ការគិតពិចារណា : យើងមិនអាចបង្ខំមនុស្សឲ្យស្រឡាញ់យើងបានទេ ដូច្នេះ ហេតុអ្វីបានជាអ្នកគិតថាព្រះបង្គាប់យើងឲ្យស្រឡាញ់ទ្រង់?
ការពិភាក្សា : តើការស្រឡាញ់ព្រះដោយអស់ពីចិត្ត ព្រលឹង និងគំនិតរបស់យើងនឹងមានលក្ខណៈយ៉ាងណាក្នុងជីវិតប្រចាំថ្ងៃរបស់យើង?
នៅក្នុងវិវរណៈ ២:៤ ព្រះយេស៊ូវសរសើរក្រុមជំនុំនៅក្រុងអេភេសូរ សម្រាប់ការបម្រើរបស់ពួកគេ ប៉ុន្តែទ្រង់បានប្រាប់ពួកគេឲ្យផ្លាស់ប្តូរ ដោយសារពួកគេបាន «បានបោះបង់ចោលសេចក្ដីស្រឡាញ់ដើមចេញ»។
ការពិភាក្សា : សូមពិចារណាពីភាពខុសគ្នារវាងការស្រឡាញ់នរណាម្នាក់ ការស្រឡាញ់គ្នា និងការធ្លាក់ក្នុងអន្លង់ស្នេហ៍។ តើព្រះចង់ឲ្យសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់មានលក្ខណៈដូចម្ដេច?
គំនិត និងសកម្មភាពរបស់ព្រះចំពោះយើង ហូរចេញពីសេចក្តីស្រឡាញ់។ ដូចគ្នានេះដែរ អ្វីដែលយើងធ្វើគួរតែហូរចេញពីសេចក្តីស្រឡាញ់របស់យើងចំពោះទ្រង់។ វានឹងកើតឡើង ប្រសិនបើយើងបណ្តុះទំនាក់ទំនងនៃសេចក្ដីស្រឡាញ់នោះឡើង។
ការចែកចាយ : តើមានអ្វីខ្លះដែលបានជួយអ្នកឲ្យទទួលបទពិសោធនៃសេចក្តីស្រឡាញ់របស់ព្រះកាន់តែពេញលេញ និងរីកចម្រើននៅក្នុងសេចក្តីស្រឡាញ់របស់អ្នកចំពោះទ្រង់ ?
ការដាក់អាទិភាពលើការស្គាល់ព្រះ
នៅក្នុង លូកា ១០:៣៨-៤២ យើងបានអានអំពីនាងម៉ាថា ដែលបានស្វាគមន៍ព្រះយេស៊ូវចូលក្នុងផ្ទះរបស់នាង។ នាង និងប្អូនស្រីរបស់នាងឈ្មោះម៉ារា បានឆ្លើយតបចំពោះព្រះវត្តមានរបស់ទ្រង់ខុសៗពីគ្នា។
លូកា ១០:៣៨-៤២
កាលកំពុងតែនាំគ្នាទៅ នោះទ្រង់យាងចូលទៅក្នុងភូមិ១ ហើយមានស្ត្រីម្នាក់ឈ្មោះម៉ាថា បានទទួលអញ្ជើញទ្រង់ទៅក្នុងផ្ទះ នាងមានប្អូនស្រី១ឈ្មោះម៉ារា នាងនោះបានអង្គុយស្តាប់ព្រះបន្ទូល នៅទៀបព្រះបាទព្រះអម្ចាស់ ឯម៉ាថា នាងមានការរវល់ជាច្រើន ក៏ចូលមកទូលថា ព្រះអម្ចាស់អើយ តើទ្រង់មិនគិតឃើញថា ប្អូនខ្ញុំម្ចាស់ វាទុកខ្ញុំម្ចាស់ ឲ្យខ្វល់ខ្វាយបំរើតែម្នាក់ឯងទេឬអី សូមទ្រង់ប្រាប់ឲ្យវាមកជួយខ្ញុំម្ចាស់ផង ប៉ុន្តែព្រះយេស៊ូវមានបន្ទូលឆ្លើយថា ម៉ាថាៗអើយ នាងព្រួយចិត្តខំប្រឹងរៀបចំធ្វើអីច្រើនម៉្លេះ មានសេចក្ដីតែ១ទេ ដែលសំរាប់ត្រូវការ ឯម៉ារា នាងបានរើសចំណែកយ៉ាងល្អ ដែលមិនត្រូវយកចេញពីនាងឡើយ។
ការរកឃើញ : តើអ្វីទៅជាកង្វល់ដ៏ធំបំផុតរបស់នាងម៉ាថា? តើព្រះយេស៊ូវមានបន្ទូលយ៉ាងណាអំពីរឿងនេះ?
ការរកឃើញ : តើព្រះយេស៊ូវមានព្រះបន្ទូលយ៉ាងណាអំពីការផ្ដោតអារម្មណ៍របស់នាងម៉ារា?
ការគិតពិចារណា : តើព្រះយេស៊ូវមានព្រះបន្ទូលយ៉ាងណាអំពីការឆ្លើយតបរបស់អ្នកចំពោះទ្រង់ដែលគង់នៅក្នុងផ្ទះរបស់អ្នក (ជីវិតរបស់អ្នក)?
ការពិភាក្សា : តើការកែតម្រូវដ៏ទន់ភ្លន់របស់ព្រះយេស៊ូវចំពោះនាងម៉ាថា និងព្រះបន្ទូលរបស់ទ្រង់ «មានសេចក្ដីតែ១ទេ ដែលសំរាប់ត្រូវការ» ប្រាប់យើងយ៉ាងណាអំពីរបៀបដែលព្រះចង់ឲ្យយើងឆ្លើយតបចំពោះទ្រង់?
យើងចំណាយពេលលើអ្វីដែលយើងឲ្យតម្លៃ។ នៅក្នុងគម្ពីរ ភីលីព ជំពូក ៣ សាវ័កប៉ុលមានប្រសាសន៍អំពីរឿងជាច្រើនដែលមនុស្សឲ្យតម្លៃ និងមានទំនុកចិត្តលើ ហើយគាត់បានប្រៀបធៀបរឿងទាំងនោះទៅនឹងការស្គាល់ព្រះ។ សូមអាន ភីលីព ៣:៧-៨.
ភីលីព ៣:៧-៨
ប៉ុន្តែ សេចក្ដីអ្វីដែលមានប្រយោជន៍ដល់ខ្ញុំពីមុន នោះខ្ញុំបានរាប់ជាខាតវិញ ដោយព្រោះព្រះគ្រីស្ទ ហើយខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្ដីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ ដែលដោយយល់ដល់ទ្រង់ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយបានរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ . . .
ការរកឃើញ : តើលោកប៉ុលឲ្យតម្លៃយ៉ាងណា លើការស្គាល់ព្រះ?
ការគិតពិចារណា : នៅក្នុងជីវិតរបស់អ្នក តើការស្គាល់ព្រះគ្រីស្ទប្រៀបធៀបនឹងអ្វីដែលអ្នកឲ្យតម្លៃ ឬអ្វីដែលសង្គមឲ្យតម្លៃយ៉ាងដូចម្ដេច?
ការចែកចាយ : តើអ្នកអាចកែប្រែអ្វីខ្លះក្នុងជីវិត ដើម្បីដាក់អាទិភាពលើការស្គាល់ព្រះ?
ការឆ្លុះបញ្ចាំងអំពីព្រះ
នៅពេលដែលយើងស្រឡាញ់នរណាម្នាក់ ហើយចំណាយពេលជាមួយពួកគេ នោះយើងមានលក្ខណៈប្រែក្លាយដូចជាពួកគេ ៖ យើងនិយាយដូចគេ
មានកាយវិការដូចគេ ហើយចាប់ផ្តើមគិតដូចគេ។ នេះក៏កើតឡើងដែរ ពេលយើងស្គាល់ព្រះកាន់តែស្និទ្ធស្នាលឡើងៗ។ សូមអាន ២ កូរិនថូស ៣:១៨។
២ កូរិនថូស ៣:១៨
ហើយយើងរាល់គ្នាទាំងអស់ ដែលកំពុងតែរំពឹងមើលសិរីល្អព្រះអម្ចាស់ ទាំងមុខទទេ ដូចជាឆ្លុះមើលទ្រង់ក្នុងកញ្ចក់ យើងកំពុងតែផ្លាស់ប្រែទៅ ឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អទៅដល់សិរីល្អ គឺដោយសារព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ។
ការរកឃើញ : តើយើងត្រូវបានផ្លាស់ប្រែទៅជាយ៉ាងណា?
ការរកឃើញ : តើរឿងនេះកើតឡើងដោយរបៀបណា?
[ចំណាំ ៖ អត្ថបទគម្ពីរនេះចែងពីបទពិសោធរបស់លោកម៉ូសេ ដែលផ្ទុយពីបទពិសោធរបស់យើង។ មុខរបស់គាត់បានបញ្ចាំងពីសិរីរុងរឿងរបស់ព្រះនៅពេលណាដែលគាត់នៅក្នុងព្រះវត្តមានរបស់ព្រះ បន្ទាប់មកវារសាត់បន្តិចម្តងៗបន្ទាប់ពីគាត់បានចាកចេញពីទ្រង់។ ឥឡូវនេះ យើងមានព្រះវត្តមានរបស់ព្រះវិញ្ញាណរបស់ព្រះក្នុងជីវិតយើងជានិច្ច ដោយទ្រង់បន្តផ្លាស់ប្រែយើងឲ្យមានលក្ខណៈទៅតាមអង្គទ្រង់។]
ការពិភាក្សា : តើការស្គាល់ព្រះកាន់តែស្និទ្ធស្នាលនឹងធ្វើឲ្យរបៀបដែលអ្នកបញ្ចាំងពីទ្រង់ មានលក្ខណៈយ៉ាងណាដែរ?
១ ពេត្រុស ១:១៥-១៦ និង ១ យ៉ូហាន ២:៦ ចែងអំពីរបៀបដែលយើងត្រូវរស់នៅ។
១ ពេត្រុស ១:១៥-១៦
. . . តែចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់ ដូចជាព្រះដែលហៅអ្នករាល់គ្នាទ្រង់បរិសុទ្ធដែរ ដ្បិតមានសេចក្ដីចែងទុកមកថា «ចូរឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញជាបរិសុទ្ធ»
១ យ៉ូហាន ២:៦
គឺអ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែរស់នៅតាមរបៀបដូចព្រះអម្ចាស់ធ្លាប់រស់ដែរ។
ការរកឃើញ : តើយើងមានស្តង់ដារ និងគំរូអ្វីសម្រាប់ជីវិតរបស់យើង?
ការពិភាក្សា: តើការសិក្សាព្រះគម្ពីរមានសារៈសំខាន់យ៉ាងណាដើម្បីឲ្យស្គាល់ព្រះថាជានរណា និងរបៀបដែលព្រះយេស៊ូវបានរស់នៅ?
ការចែកចាយ : តើមានលក្ខណៈអត្តចរិតអ្វីរបស់ព្រះ ឬអ្វីមួយពីជីវិតរបស់ព្រះយេស៊ូវ ដែលមានឥទ្ធិពលលើរបៀបរស់នៅរបស់អ្នក? តើមានការផ្លាស់ប្តូរអ្វីខ្លះបានកើតឡើង?
ការរកឃើញ : យោងតាម ២ កូរិនថូស ៣:១៨ តើព្រះធ្វើឲ្យការផ្លាស់ប្ដូរទាំងនេះកើតឡើងនៅក្នុងជីវិតយើងដោយរបៀបណា?
ការគិតពិចារណា : នេះប្រហែលជាពិបាកឆ្លើយ ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមិនបានឆ្លុះបញ្ចាំងឡើងពីព្រះទេ តើមានអ្វីដែលរារាំងការណ៍នោះ?
បំណងចិត្តចង់ឲ្យបានគាប់ព្រះហឫទ័យព្រះ
ការចម្រើនឡើងនៅក្នុងការកាន់តែស្គាល់ព្រះ និងស្រឡាញ់ទ្រង់ សុទ្ធតែជាផ្នែកសំខាន់នៃការប្រែក្លាយកាន់តែមានចិត្តដូចជាទ្រង់។ សូមអាន កូល៉ុស ១:៩-១០.
កូល៉ុស ១:៩-១០
ហេតុនោះ ចាប់តាំងពីថ្ងៃ ដែលយើងខ្ញុំឮនិយាយ នោះយើងខ្ញុំក៏អធិស្ឋានឲ្យអ្នករាល់គ្នាឥតឈប់ឈរ ហើយទូលសូម ឲ្យអ្នករាល់គ្នាបានស្គាល់ព្រះហឫទ័យទ្រង់សព្វគ្រប់ ដោយគ្រប់ទាំងប្រាជ្ញា នឹងចំណេះខាងឯវិញ្ញាណ ដើម្បីឲ្យបានដើរបែបគួរនឹងព្រះអម្ចាស់ ទាំងគាប់ចិត្តដល់មនុស្សទាំងអស់ ឲ្យបានបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង . . .
ការរកឃើញ : តើការស្គាល់ព្រះ និងព្រះហឫទ័យរបស់ទ្រង់ បំពាក់បំប៉នយើងឲ្យធ្វើអ្វីខ្លះ?
ការគិតពិចារណា : តើយើងបានក្លាយជាទីគាប់ព្រះហឫទ័យព្រះដោយរបៀបណា?
អេភេសូរ ២:៨-៩ ធានាដល់យើងថា ព្រះទទួលយកយើងដោយផ្អែកលើព្រះគុណរបស់ទ្រង់ មិនមែនដោយការប្រព្រឹត្តរបស់យើងទេ។ (យើងនឹងស្វែងយល់ពីការណ៍ដែលព្រះទទួលយកយើង កាន់តែច្បាស់នៅក្នុងប្រធានបទបន្ទាប់ អំពីអត្តសញ្ញាណរបស់យើងក្នុងអង្គព្រះគ្រីស្ទ។) ប៉ុន្តែ អេភេសូរ ២:១០ ចែងថា ការប្រព្រឹត្តល្អ ត្រូវក្លាយជាចំណែកមួយនៃជីវិតរស់នៅរបស់យើង។
អេភេសូរ ២:៨-៩
ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្ដីជំនឿ ហើយសេចក្ដីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន
អេភេសូរ ២:១០
ការចែកចាយ : តើមានរបៀបអ្វីខ្លះ ដែលព្រះបានបំពាក់បំប៉នអ្នកសម្រាប់ការប្រព្រឹត្តល្អ?
នៅពេលដែលយើងស្រឡាញ់នរណាម្នាក់ យើងចង់ធ្វើឲ្យគេពេញចិត្ត។ នៅក្នុង យ៉ូហាន ១៤:២៣ព្រះយេស៊ូវមានបន្ទូលថា «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ។» លោកយ៉ូហានរម្លឹកយើងអំពីព្រះបន្ទូលនេះ នៅក្នុង ១ យ៉ូហាន ២:៣-៤.
យ៉ូហាន ១៤:២៣
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ នោះព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមកឯអ្នកនោះ ក៏នឹងតាំងទីលំនៅនៅជាមួយដែរ
១ យ៉ូហាន ២:៣-៤
យើងរាល់គ្នាដឹងថា យើងស្គាល់ទ្រង់ ដោយសារសេចក្ដីនេះ គឺដោយយើងកាន់តាមបញ្ញត្តរបស់ទ្រង់ អ្នកណាដែលថា បានស្គាល់ទ្រង់ តែមិនកាន់តាមបញ្ញត្តទ្រង់ទេ អ្នកនោះឈ្មោះថាជាអ្នកកុហក ហើយសេចក្ដីពិតមិននៅក្នុងអ្នកនោះឡើយ . . .
ការរកឃើញ : នៅពេលយើងស្គាល់ព្រះ តើនឹងនាំឲ្យមានលទ្ធផលបែបណាក្នុងជីវិតយើង?
ការពិភាក្សា : ការស្គាល់ព្រះយ៉ាងពិតប្រាកដមានន័យថា យើងកាន់តាមបទបញ្ញត្តិរបស់ទ្រង់។ បើយើងមិនកាន់តាម តើវាបង្ហាញយ៉ាងណាអំពីជីវិតរបស់យើង? តើយើងអាចធ្វើអ្វីបានអំពីរឿងនោះ?
នៅពេលដែលយើងស្គាល់ព្រះ សេចក្តីស្រឡាញ់របស់យើងចំពោះទ្រង់នឹងកើនឡើង ហើយជំរុញយើងឲ្យផ្គាប់ព្រះហឫទ័យទ្រង់ដោយធ្វើតាមអ្វីដែលទ្រង់មានបន្ទូល។
នៅពេលយើងអានព្រះបន្ទូលរបស់ទ្រង់ ហើយស្វែងយល់ពីព្រះបំណង និងបទបញ្ញត្តិរបស់ទ្រង់ យើងគួរសួរសំណួរថា «តើព្រះកំពុងតែចង្អុលប្រាប់អ្វីមួយ ដែលទ្រង់ចង់ឲ្យខ្ញុំធ្វើ ឬមានការផ្លាស់ប្តូរណាមួយដែលទ្រង់ចង់ធ្វើនៅក្នុងជីវិតរបស់ខ្ញុំដែរឬទេ?»
ការបន្តឆ្ពោះទៅមុខ
ការបញ្ជាក់ : តើអ្នកមានគំនិត ឬសំណួរអ្វីខ្លះ?
ការសង្ខេប : តើការស្គាល់ព្រះ ផ្លាស់ប្ដូររបៀបដែលអ្នករស់នៅដោយរបៀបណា?
ការអនុវត្ត: ចេញពីការពិភាក្សារបស់យើងនៅថ្ងៃនេះ តើព្រះកំពុងចង្អុលប្រាប់អ្វីមួយដែលទ្រង់ចង់ឲ្យអ្នកធ្វើ ឬការផ្លាស់ប្តូរណាមួយដែលទ្រង់ចង់ធ្វើនៅក្នុងជីវិតរបស់អ្នកដែរឬទេ? តើមានអ្វីដែលអ្នកចង់សុំទ្រង់ឲ្យជួយអ្នកក្នុងការអនុវត្តដែរឬទេ?
ការចែកចាយបន្ត : តើនរណាដែលអ្នកអាចប្រាប់គាត់ ថាតើព្រះមានអត្ថន័យខ្លាំងប៉ុណ្ណាចំពោះអ្នក?
ការពង្រឹង:
នៅពេលអ្នកអានអត្ថបទគម្ពីរទាំងនេះ សូមគិតអំពីរបៀបដែលការស្គាល់ព្រះនឹងធ្វើឲ្យសេចក្ដីស្រឡាញ់របស់អ្នកចំពោះទ្រង់កាន់តែស៊ីជម្រៅ និងមានឥទ្ធិពលលើជីវិតរបស់អ្នក។
អេភេសូរ ៣:១៤-២១
ដោយហេតុនោះបានជាខ្ញុំលុតជង្គង់ នៅចំពោះព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលគ្រប់ទាំងគ្រួនៅស្ថានសួគ៌ ហើយនៅផែនដី មាននាមត្រកូលពីទ្រង់មក ដើម្បីឲ្យទ្រង់បានប្រោសប្រទាន ឲ្យអ្នករាល់គ្នាបានព្រះចេស្តា ចំរើនកំឡាំងនៃមនុស្សខាងក្នុង ដោយសារព្រះវិញ្ញាណទ្រង់ តាមសិរីល្អនៃទ្រង់ដ៏ប្រសើរក្រៃលែង ឲ្យព្រះគ្រីស្ទបានសណ្ឋិតក្នុងចិត្តអ្នករាល់គ្នា ដោយសារសេចក្ដីជំនឿ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្ដីស្រឡាញ់ ដើម្បីឲ្យអាចនឹងយល់ ជាមួយនឹងពួកបរិសុទ្ធទាំងអស់គ្នា ពីទទឹង បណ្តោយ ជំរៅ នឹងកំពស់នៃសេចក្ដីស្រឡាញ់នោះ ហើយឲ្យបានស្គាល់សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទដ៏រកគិតមិនយល់ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានពេញ ដល់គ្រប់ទាំងសេចក្ដីពោរពេញរបស់ផងព្រះ។
ឯព្រះ ដែលទ្រង់អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្ដីដែលយើងសូម ឬគិតក្តី តាមព្រះចេស្តាដែលបណ្តាលក្នុងយើងរាល់គ្នា នោះសូមឲ្យទ្រង់បានសិរីល្អ នៅក្នុងពួកជំនុំ ដោយសារព្រះគ្រីស្ទយេស៊ូវ រហូតដល់គ្រប់ទាំងដំណមនុស្ស នៅអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
កូល៉ុស ១:៩-១២
ហេតុនោះ ចាប់តាំងពីថ្ងៃ ដែលយើងខ្ញុំឮនិយាយ នោះយើងខ្ញុំក៏អធិស្ឋានឲ្យអ្នករាល់គ្នាឥតឈប់ឈរ ហើយទូលសូម ឲ្យអ្នករាល់គ្នាបានស្គាល់ព្រះហឫទ័យទ្រង់សព្វគ្រប់ ដោយគ្រប់ទាំងប្រាជ្ញា នឹងចំណេះខាងឯវិញ្ញាណ ដើម្បីឲ្យបានដើរបែបគួរនឹងព្រះអម្ចាស់ ទាំងគាប់ចិត្តដល់មនុស្សទាំងអស់ ឲ្យបានបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង ដោយបានគ្រប់ទាំងព្រះចេស្តាចំរើនកំឡាំង តាមឫទ្ធិបារមីដ៏ឧត្តមរបស់ទ្រង់ ដើម្បីឲ្យបានចេះទ្រាំទ្រ ហើយអត់ធន់គ្រប់យ៉ាងដោយអំណរ ព្រមទាំងអរព្រះគុណ ដល់ព្រះវរបិតាដែលទ្រង់បានប្រោស ឲ្យយើងបានគួរនឹងទទួលចំណែកកេរ្ដិ៍អាករ ក្នុងពួកបរិសុទ្ធនៅទីភ្លឺផង
ទំនុកដំកើង ១១៦:១-១៩
ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា
ដ្បិតទ្រង់តែងស្តាប់សំឡេងខ្ញុំ
នឹងពាក្យដែលខ្ញុំទូលអង្វរ
ហេតុព្រោះទ្រង់បានផ្អៀងព្រះកាណ៌មកស្តាប់ខ្ញុំ
បានជាខ្ញុំនឹងអំពាវនាវដល់ទ្រង់អស់១ជីវិត
ចំណងនៃសេចក្ដីស្លាប់បានរុំព័ទ្ធខ្ញុំ
ហើយសេចក្ដីឈឺចាប់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់
បានចាប់ខ្ញុំ
ខ្ញុំក៏កើតមានទុក្ខវេទនា នឹងព្រួយបារម្ភ
នោះខ្ញុំបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាថា
ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរដល់ទ្រង់
សូមប្រោសព្រលឹងទូលបង្គំឲ្យរួចផង
ព្រះយេហូវ៉ាទ្រង់ប្រកបដោយសេចក្ដីមេត្តាករុណា
នឹងសេចក្ដីសុចរិត
អើ ព្រះនៃយើងខ្ញុំ ទ្រង់មានសេចក្ដីអាណិតអាសូរ
ព្រះយេហូវ៉ាទ្រង់ជួយទំនុកបំរុងមនុស្សឆោតល្ងង់
ឯខ្ញុំក៏បានត្រូវគេបន្ទាបបន្ថោកម្តង
ហើយទ្រង់បានជួយសង្គ្រោះខ្ញុំ
ឱព្រលឹងខ្ញុំអើយ ចូរត្រឡប់ទៅឯទីសំរាករបស់ខ្លួនវិញ
ដ្បិតព្រះយេហូវ៉ា ទ្រង់បានប្រព្រឹត្ត ដោយគុណដ៏ប្រសើរ
គឺទ្រង់បានប្រោសជីវិតខ្ញុំឲ្យរួចពីស្លាប់
នឹងឲ្យខ្ញុំរួចពីការស្រក់ទឹកភ្នែក
ហើយឲ្យជើងខ្ញុំរួចពីការចំពប់ដួលផង
ខ្ញុំនឹងដើរនៅចំពោះព្រះយេហូវ៉ា
នៅក្នុងស្ថាននៃមនុស្សរស់
ខ្ញុំបានជឿហើយ បានជាខ្ញុំថា ខ្ញុំមានទុក្ខខ្លាំងណាស់
ក្នុងការរួសរាន់របស់ខ្ញុំ នោះខ្ញុំបានថា
មនុស្សទាំងអស់សុទ្ធតែភូតកុហក
តើត្រូវឲ្យខ្ញុំយកអ្វីតបស្នងព្រះយេហូវ៉ា
ចំពោះព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំទាំងប៉ុន្មាន
គឺខ្ញុំនឹងទទួលយកពែងនៃសេចក្ដីសង្គ្រោះ
ហើយនឹងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា
ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា
អើ នៅមុខបណ្តាជនទាំងប៉ុន្មានរបស់ទ្រង់ផង
ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា
ជាការវិសេសដល់ព្រះនេត្រទ្រង់
ឱព្រះយេហូវ៉ាអើយ ទូលបង្គំជាទាសារបស់ទ្រង់ពិត
គឺជាទាសារបស់ទ្រង់ ហើយជាកូននៃទាសីរបស់ទ្រង់
តែទ្រង់បានស្រាយចំណងរបស់ទូលបង្គំចេញហើយ
ទូលបង្គំនឹងថ្វាយដង្វាយជាសេចក្ដីអរព្រះគុណដល់ព្រះយេហូវ៉ា
ហើយនឹងអំពាវនាវដល់ព្រះនាមទ្រង់
ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា
អើ នៅមុខបណ្តាជនទាំងប៉ុន្មានរបស់ទ្រង់ផង
គឺនៅក្នុងព្រះលាននៃដំណាក់ព្រះយេហូវ៉ា
គឺនៅកណ្តាលឯង ឱក្រុងយេរូសាឡិមអើយ
ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
សុភាសិត ៣:៥-៦
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង។
អេភេសូរ ៥:១-២១
ដូច្នេះ ចូរត្រាប់តាមព្រះ ដូចជាកូនស្ងួនភ្ងា ហើយដើរក្នុងសេចក្ដីស្រឡាញ់ ដូចជាព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើងផង ទុកជាដង្វាយ ហើយជាយញ្ញបូជា សំរាប់ជាក្លិនឈ្ងុយថ្វាយដល់ព្រះ។
ឯសេចក្ដីកំផិត សេចក្ដីស្មោកគ្រោកគ្រប់យ៉ាង នឹងសេចក្ដីលោភ នោះមិនត្រូវទាំងឲ្យឮឈ្មោះក្នុងពួកអ្នករាល់គ្នាផង ដូចជាគួរគប្បីក្នុងពួកបរិសុទ្ធ ព្រមទាំងរឿងគួរខ្មាស ពាក្យសំដីចំកួត នឹងពាក្យកំប្លែង ដែលសេចក្ដីទាំងនោះមិនគួរគប្បីដែរ ស៊ូពោលតែពាក្យសំរាប់អរព្រះគុណវិញ ដ្បិតអ្នករាល់គ្នាដឹងថា គ្មានមនុស្សកំផិត ឬស្មោកគ្រោក ឬលោភ គឺជាមនុស្សថ្វាយបង្គំរូបព្រះ ដែលនឹងគ្រងមរដកក្នុងនគរនៃព្រះគ្រីស្ទ ហើយនៃព្រះផងបានឡើយ កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នា ដោយពាក្យសំដីឥតប្រយោជន៍ឡើយ ដ្បិតគឺដោយព្រោះសេចក្ដីទាំងនោះ បានជាសេចក្ដីក្រោធរបស់ព្រះ បានមកលើមនុស្សរឹងចចេស ដូច្នេះ កុំឲ្យមានចំណែកជា១នឹងគេឡើយ ដ្បិតកាលពីដើមអ្នករាល់គ្នាក៏ងងឹតដែរ តែឥឡូវនេះវិញ បានភ្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូរដើរដូចជាមនុស្សភ្លឺចុះ ដ្បិតផលផ្លែនៃពន្លឺ នោះមាននៅក្នុងគ្រប់ទាំងកិរិយាល្អ សេចក្ដីសុចរិត នឹងសេចក្ដីពិត ចូរលមើលឲ្យដឹងសេចក្ដីអ្វី ដែលព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យចុះ កុំឲ្យប្រកបក្នុងការឥតផលប្រយោជន៍របស់សេចក្ដីងងឹតឡើយ ស៊ូបន្ទោសវិញ ដ្បិតការទាំងប៉ុន្មានដែលគេប្រព្រឹត្តដោយសំងាត់ នោះបើគ្រាន់តែនិយាយពីការទាំងនោះ ក៏គួរខ្មាសទៅហើយ តែការទាំងនោះបានសំដែងមកយ៉ាងច្បាស់ ដោយពន្លឺភ្លឺបញ្ជាក់ ដ្បិតគឺជាពន្លឺហើយ ដែលសំដែងឲ្យឃើញទាំងអស់ ហេតុនោះបានជាទ្រង់មានបន្ទូលថា
«ឯងដែលដេកលក់អើយ ចូរភ្ញាក់ឡើង ឲ្យក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងភ្លឺមកលើឯង»
ដូច្នេះ ត្រូវប្រយ័តដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ ទាំងលៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះអាក្រក់ណាស់ ដូច្នេះ កុំឲ្យខ្លៅល្ងង់ឡើយ ត្រូវខំឲ្យយល់បំណងព្រះហឫទ័យព្រះអម្ចាស់វិញ កុំឲ្យស្រវឹងស្រា ដែលនាំឲ្យព្រើលចិត្តឡើយ តែចូរឲ្យបានពេញជាព្រះវិញ្ញាណវិញ ហើយនិយាយគ្នាទៅវិញទៅមក ដោយបទទំនុកដំកើង ទំនុកបរិសុទ្ធ នឹងចំរៀងខាងឯវិញ្ញាណ ទាំងច្រៀង ហើយសរសើរដល់ព្រះអម្ចាស់ដោយចិត្ត ទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតាជាដរាប ក្នុងគ្រប់ការទាំងអស់ ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ហើយទាំងចំណុះគ្នាទៅវិញទៅមក ដោយសេចក្ដីកោតខ្លាចដល់ព្រះគ្រីស្ទ។
យេរេមា ៩:២៣-២៤
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកំឡាំងខ្លួន ឬអ្នកមានអួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ ឯអ្នកដែលអួត នោះត្រូវឲ្យអួតតែពីសេចក្ដីនេះវិញ គឺថាខ្លួនមានយោបល់ ហើយក៏ស្គាល់ដល់អញថា អញជាព្រះយេហូវ៉ាដែលប្រោសផ្សាយសេចក្ដីសប្បុរស សេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិតនៅផែនដី ដ្បិតអញរីករាយចិត្តចំពោះសេចក្ដីទាំងនោះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។