តើអ្នកបានរកឃើញអ្វីនៅក្នុងការសន្ទនាលើកមុន ដែលផ្លាស់ប្តូរចម្លើយរបស់អ្នកចំពោះសំណួរ «តើខ្ញុំជានរណា?»
បើនិយាយអំពីអ្វីដែលព្រះទតឃើញអ្នក តើមានទិដ្ឋភាពណាខ្លះដែលអាចជាការពិបាកដើម្បីឲ្យអ្នកទទួលយក?
រ៉ូម ១២:២ ពន្យល់ថា មានរឿងជាច្រើនដែលរារាំងយើងមិនឲ្យទទួលយកសេចក្ដីពិតរបស់ព្រះ ហើយអនុញ្ញាតឲ្យសេចក្ដីពិតនោះផ្លាស់ប្តូរជីវិតរបស់យើង។ ការបកប្រែមួយនៃខគម្ពីរនេះចែងថា «កុំចម្លងត្រាប់តាមអាកប្បកិរិយា និងទំនៀមទម្លាប់នៃលោកិយនេះឡើយ ប៉ុន្តែសូមឲ្យព្រះកែប្រែអ្នកទៅជាមនុស្សថ្មីដោយផ្លាស់ប្ដូររបៀបដែលអ្នកគិត»។
ការរកឃើញ : តើអ្វីអាចរារាំងយើងមិនឲ្យទទួលយកសេចក្ដីពិតថាយើងជានរណាក្នុងព្រះគ្រីស្ទ?
ការគិតពិចារណា : ហេតុអ្វីបានជាមានការពិបាកក្នុងការផ្លាស់ប្តូរអ្វីដែលយើងគិត?
ការស្គាល់ និងទទួលសេចក្ដីពិតរបស់ព្រះ
បំណងចិត្តរបស់យើងក្នុងការទទួលយកអត្តសញ្ញាណដែលព្រះបានប្រទានដល់យើង ជាកត្តាដ៏ចាំបាច់ដើម្បីឲ្យយើងមានការផ្លាស់ប្រែ។ ជាជាងពឹងផ្អែកលើអារម្មណ៍របស់យើង ឬគំនិតរបស់អ្នកដទៃ យើងត្រូវដឹងពីអ្វីដែលព្រះមានបន្ទូលអំពីយើង ជឿទុកចិត្តលើទ្រង់ ហើយទទួលយកវាជាការពិត។
អេភេសូរ ជំពូក ១ ចែងអំពីសេចក្ដីពិតជាច្រើនអំពីអត្តសញ្ញាណដែលយើងជានរណានៅក្នុងព្រះគ្រីស្ទ។ សេចក្ដីពិតទាំងនោះពិតជាអស្ចារ្យណាស់ ដែលអាចយើងឲ្យយើងពិបាកក្នុងការទទួលយក ជាពិសេសដោយហេតុថាអ្វីដែលលោកិយនិយាយបានដក់ជាប់ក្នុងចិត្តរបស់យើងទៅហើយ។ ចិត្តរបស់យើងអាចដក់ជាប់នូវអ្វីដែលមនុស្សបាននិយាយ ឬយើងត្រូវបានល្បួងឲ្យពឹងផ្អែកលើអ្វីដែលបទពិសោធ និងអារម្មណ៍របស់យើងនិយាយថាជាការពិត ជាជាងជឿលើព្រះបន្ទូលរបស់ព្រះ។
ការចែកចាយ : តើអ្នកមានទស្សនៈអវិជ្ជមានណាមួយចំពោះខ្លួនឯង ដែលអ្នកពិបាកនឹងយកឈ្នះទេ?
យើងត្រូវរៀនពីរបៀបផ្លាស់ប្រែចិត្តគំនិតរបស់យើងជាថ្មី ហើយអនុញ្ញាតឲ្យព្រះបន្ទូលរបស់ព្រះកែប្រែរបៀបដែលយើងគិត។ សូមអនុវត្តវាឥឡូវនេះ ដោយសិក្សាផ្នែកមួយនៃគម្ពីរអេភេសូរ ជំពូក ១។ ប្រសិនបើអាច សូមប្រើព្រះគម្ពីររបស់អ្នកដើម្បីឲ្យស៊ាំនឹងការសិក្សាតាមវិធីនេះ។
នៅពេលអ្នកអាន ៖
• សូមពិចារណាថាតើអ្នកពិតជាជឿ ឬមិនជឿលើសេចក្ដីនោះ។
• សូមគូសសម្គាល់ឃ្លាដែលអ្នកត្រូវការឲ្យក្លាយជាផ្នែកមួយនៃ
ការគិតរបស់អ្នក ហើយជ្រើសរើសខគម្ពីរដើម្បីទន្ទេញនៅពេលក្រោយ។
• សូមជញ្ជឹងគិតអំពីរបៀបដែលសេចក្ដីពិតទាំងនេះប៉ះពាល់ដល់ជីវិតរបស់អ្នក និង
ទំនាក់ទំនងជាមួយព្រះ។
មុនពេលយើងចាប់ផ្ដើម សូមទូលសូមព្រះឲ្យបើកគំនិត និងដួងចិត្តរបស់យើងដើម្បីទទួលសេចក្ដីពិតរបស់ទ្រង់។
សូមអាន អេភេសូរ ១:៣-៨
អេភេសូរ ១:៣-៨
សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ តាមដែលទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយមក ប្រយោជន៍ឲ្យយើងរាល់គ្នាបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់ ដោយសេចក្ដីស្រឡាញ់ ពីព្រោះទ្រង់បានដំរូវយើងរាល់គ្នាទុកជាមុន សំរាប់ឲ្យទ្រង់បានទទួលយើងជាកូនចិញ្ចឹម ដោយសារព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហឫទ័យទ្រង់ ដើម្បីនឹងសរសើរដល់ព្រះគុណដ៏ឧត្តមរបស់ទ្រង់ ដែលបានផ្តល់មកយើងរាល់គ្នាទទេ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់ ហើយយើងបានសេចក្ដីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្ដីប្រោសឲ្យរួចពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់ ដែលបានផ្តល់មកយើងជាបរិបូរ ដោយនូវប្រាជ្ញា នឹងដំរិះសព្វគ្រប់ . . .
ការរកឃើញ : តើព្រះបានជ្រើសរើសប្រទានពរដល់យើងជាមួយនឹងអ្វី?
ឃ្លាមួយចំនួនប្រហែលជាពិបាកយល់ ដូចជា ៖ «បានជ្រើសរើសតាំងពីមុនកំណើតពិភពលោក» «បានតម្រូវទុកជាមុន» និង «ស្របនឹងព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ»។ ទាំងនេះសបញ្ជាក់ថា អ្នកគឺជាផ្នែកមួយនៃផែនការដ៏អស្ចារ្យរបស់ព្រះ។
ការពិភាក្សា : តើការដែលព្រះទទួលយកយើង នាំឲ្យយើងទទួលបានកិត្តិយស និងឯកសិទ្ធិអ្វីខ្លះ?
ការគិតពិចារណា : តើវាមានន័យយ៉ាងណាចំពោះអ្នកផ្ទាល់ ដែលព្រះបានជ្រើសរើសអ្នកឲ្យធ្វើជាបុត្ររបស់ទ្រង់?
ព្រះបានជ្រើសរើសយើង និងតម្រូវយើងទុកជាមុន «នៅក្នុងសេចក្ដីស្រឡាញ់»។ យើងដឹងថា «ព្រះទ្រង់ស្រឡាញ់មនុស្សលោកខ្លាំងណាស់» ប៉ុន្តែពេលខ្លះយើងប្រហែលជាពិបាកទទួលយកថា នោះជាការពិតសម្រាប់យើងផ្ទាល់។
ការគិតពិចារណា : តើអ្នកជឿថាព្រះស្រឡាញ់អ្នកទេ?
ការគិតពិចារណា : តើមានអ្វីដែលរារាំងអ្នកមិនឲ្យទទួលស្គាល់ថា សេចក្ដីពិតក្នុងគម្ពីរអេភេសូរ គឺជាការពិតសម្រាប់អ្នក?
ប្រសិនបើអ្នកមានអារម្មណ៍ថា «ភាពបរិសុទ្ធ និងឥតកន្លែងបន្ទោសបាន» មិនមែនសម្រាប់
អ្នកទេ សូមចងចាំពីរបៀបដែលយើងឈរ «ក្នុងព្រះគ្រីស្ទ»។
ការរកឃើញ : តើព្រះជាម្ចាស់បានធ្វើឲ្យយើងបរិសុទ្ធ និងឥតកន្លែងបន្ទោសបាន «តាមរយៈព្រះយេស៊ូគ្រិស្ដ» ដោយរបៀបណា?
ការរកឃើញ : តើព្រះគុណជាប់ពាក់ព័ន្ធនឹងកិច្ចការដែលព្រះទ្រង់ធ្វើសម្រាប់យើងនេះយ៉ាងដូចម្ដេច?
ការគិតពិចារណា : តើការណ៍ដែលព្រះធ្វើកិច្ចការនេះតាមរយៈព្រះគ្រីស្ទ នាំឲ្យទ្រង់ (ព្រះ) ទទួលសិរីរុងរឿងដោយរបៀបណាដែរ?
សូមគិតអំពីសេចក្តីពិតដ៏អស្ចារ្យទាំងនេះ ៖ ព្រះបានជ្រើសរើសយើងជារបស់ផងទ្រង់ មុនពេលទ្រង់បានបង្កើតពិភពលោក ដោយដឹងថាទ្រង់នឹងធ្វើឲ្យយើងបានបរិសុទ្ធ និងឥតបន្ទោសបាន ទ្រង់បានរៀបចំផែនការដោយសេចក្ដីស្រឡាញ់ និងដោយព្រះហឫទ័យសប្បុរស ដើម្បីប្រទានព្រះបុត្រាឲ្យបូជាព្រះជន្មទ្រង់ជំនួសយើង។ ក្នុងព្រះគ្រីស្ទឥឡូវនេះ យើងបានបរិសុទ្ធ ហើយឥតបន្ទោសបាននៅក្នុងព្រះនេត្រទ្រង់។ មិនថាអ្នកដទៃមើលឃើញអ្នក ឬប្រព្រឹត្តចំពោះអ្នកយ៉ាងណាទេ អ្នកគឺជាបុត្រជាទីស្រឡាញ់របស់ព្រះ។
ការពិភាក្សា : តើវាអាចប៉ះពាល់ដល់ជីវិតអ្នកយ៉ាងណា បើអ្នកមិនជឿសេចក្ដីពិតទាំងនេះអំពីអត្តសញ្ញាណរបស់អ្នកនៅក្នុងព្រះគ្រីស្ទ?
ការគិតពិចារណា : ប្រសិនបើអ្នកមានការពិបាកក្នុងការទទួលស្គាល់ថា ការប្រោសលោះ ការអត់ទោស និងការទទួលជាកូនចិញ្ចឹមចូលទៅក្នុងក្រុមគ្រួសាររបស់ព្រះ ជាព្រះអំណោយទាននៃព្រះគុណរបស់ទ្រង់ តើមានអ្វីដែលត្រូវកើតឡើងដើម្បីឲ្យ អ្នកបោះបង់គំនិតថា អ្នកត្រូវព្យាយាមធ្វើអ្វីៗដើម្បីឲ្យស័ក្ដិសមនឹងទទួលបានព្រះអំណោយទាននោះ?
ការទុកចិត្តលើព្រះក្នុងការធ្វើកិច្ចការនៃសេចក្ដីពិតនោះនៅក្នុងអ្នក
បញ្ហាប្រឈមដ៏ធំបំផុតមួយរបស់យើងគឺកង្វះការទុកចិត្តលើព្រះ។ ទោះបីជាយើងដឹងពីអ្វីដែលព្រះបន្ទូលរបស់ព្រះចែងក៏ដោយ ក៏យើងអាចសង្ស័យពីបំណងព្រះហឫទ័យ ឬសមត្ថភាពរបស់ទ្រង់ក្នុងការធ្វើឲ្យវាក្លាយជាការពិតសម្រាប់យើង ដោយសារយើងយល់ថាយើងមិនស័ក្តិសម ឬយើងមានអារម្មណ៍ថាវាអាស្រ័យលើយើង។ ព្រះបានប្រកាសថា យើងបានកើតជាថ្មី ដែលយើងទទួលបានប្រយោជន៍ពីអ្វីដែលព្រះគ្រីស្ទបានសម្រេច ហើយចូលរួមក្នុងមុខតំណែង អភ័យឯកសិទ្ធិ និងព្រះចេស្ដារបស់ទ្រង់។ ជាជាងមើលឃើញខ្លួនយើងទៅតាមសមត្ថភាពរបស់យើងផ្ទាល់ យើងត្រូវប្ដូរការផ្តោតចិត្តរបស់យើងទៅរកសមត្ថភាពរបស់ទ្រង់ដើម្បីធ្វើឲ្យគ្រប់ផ្នែកនៃអត្តសញ្ញាណថ្មីរបស់យើងក្លាយជាការពិតវិញ។ សូមមើល រ៉ូម ៦:៤។
ការពិភាក្សា : តើអ្នកគិតថា «ការរស់តាមរបៀបថ្មី» មានន័យដូចម្ដេច?
ការគិតពិចារណា : តើព្រះចេស្ដារបស់ព្រះគ្រីស្ទដើម្បីមានព្រះជន្មរស់ឡើងវិញពីការសុគត ធានាអះអាងដល់យើងថា ទ្រង់មានព្រះចេស្ដាដើម្បីប្រទានជីវិតថ្មីនេះដល់យើងដោយរបៀបណា?
នៅក្នុងព្រះគ្រីស្ទ យើងមានទាំងជីវិតថ្មី និងរបៀបរស់នៅថ្មី។ កាឡាទី ២:២០ ពណ៌នាអំពីរបៀបដែលទស្សនៈរបស់យើងត្រូវផ្លាស់ប្តូរ។
កាឡាទី ២:២០
ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្ដីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ។
ការរកឃើញ : តើយើងត្រូវរស់នៅក្នុងជីវិតប្រចាំថ្ងៃ «នៅក្នុងរូបកាយនេះ» យ៉ាងដូចម្ដេច?
«រស់ដោយសេចក្ដីជំនឿ» មិនមែនជាពាក្យដែលចេះតែនិយាយ ដោយគ្មានន័យនោះទេ។ ប្រហែលជាមានមនុស្សធ្លាប់ប្រាប់អ្នកថា «អ្នកគ្រាន់តែត្រូវជឿ» ប៉ុន្តែមិនដែលពន្យល់ពីអ្វីដែលអ្នកត្រូវជឿ។ កាឡាទី ២:២០ ចែងថា យើងរស់ដោយសេចក្ដីជំនឿ «ជឿដល់ព្រះរាជបុត្រានៃព្រះ»។ យើងមានជំនឿលើអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើងនៅលើឈើឆ្កាង និងអ្វីដែលទ្រង់សន្យាថានឹងបន្តធ្វើនៅក្នុងយើងជារៀងរាល់ថ្ងៃ នៅពេលយើងរៀនទុកចិត្តទ្រង់។
ការចែកចាយ : តើអ្នកដឹង ឬធ្លាប់មានបទពិសោធអ្វីខ្លះអំពីព្រះ ដែលធានាដល់អ្នកថា ទ្រង់ស័ក្តិសមឲ្យអ្នកទុកចិត្ត?
ការផ្ដោតចិត្តគំនិតឲ្យជាប់ទៅលើអ្វីដែលជាការពិត
ការផ្លាស់ប្រែគំនិតយើងជាថ្មី ក៏អាស្រ័យលើជម្រើសរបស់យើងក្នុងការមើលឃើញខ្លួនយើងតាមអ្វីដែលព្រះមានបន្ទូលថាយើងជានរណាក្នុងអង្គព្រះគ្រីស្ទ។ យើងត្រូវអនុញ្ញាតឲ្យសេចក្តីពិតរបស់ទ្រង់កំណត់អំពីយើង។ សូមមើល រ៉ូម ៦:១១។
ការរកឃើញ : តើអ្នកត្រូវ «ចាត់ទុក» ឬមើលខ្លួនឯងថាយ៉ាងណា?
ការគិតពិចារណា : តើចាំបាច់មានអ្វីកើតឡើងដើម្បីឲ្យអ្នកឃើញខ្លួនឯងតាមរបៀបនេះ?
កន្លែងដែលយើងជ្រើសរើសផ្ដោតចិត្តគំនិតយើងជារៀងរាល់ថ្ងៃ ប៉ះពាល់ដល់របៀបដែលយើងមើលខ្លួនឯង។
ក្នុង កូល៉ុស ៣:១-៣ ព្រះទ្រង់មានបន្ទូលប្រាប់យើងឲ្យរក្សាចិត្តគំនិតយើងឲ្យផ្ដោតលើអ្វីៗនៅស្ថានលើ អំពីអត្តសញ្ញាណរបស់យើងនៅក្នុងអង្គព្រះគ្រីស្ទ ជាជាងផ្ដោតលើទស្សនៈតាមបែបផែនដីនេះ។
កូល៉ុស ៣:១-៣
ដូច្នេះ បើសិនជាអ្នករាល់គ្នាបានរស់ឡើងវិញ ជាមួយនឹងព្រះគ្រីស្ទ . . . ចូរផ្ចង់ចិត្តទៅឯសេចក្ដីទាំងអស់ដែលនៅខាងលើ កុំឲ្យផ្ចង់ទៅឯសេចក្ដីទាំងប៉ុន្មាន ដែលនៅផែនដីឡើយ ដ្បិតអ្នករាល់គ្នាបានស្លាប់ហើយ ជីវិតអ្នករាល់គ្នាក៏លាក់ទុកក្នុងព្រះ ជាមួយនឹងព្រះគ្រីស្ទ
ការគិតពិចារណា : សូមប្រាប់ឧទាហរណ៍អំពីទស្សនៈនៅលើផែនដី ដែលទាញចិត្តគំនិតអ្នកចេញពីសេចក្ដីពិត ដែលព្រះបានធ្វើឲ្យកើតឡើងអំពីអ្នក។
ពេលខ្លះ យើងត្រឡប់ទៅរករបៀបចាស់ដែលយើងគិតអំពីខ្លួនយើង។ ពេលរឿងនោះកើតឡើង យើងគួរធ្វើដូចដែលលោកប៉ូលមានប្រសាសន៍នៅក្នុង ២ កូរិនថូស ១០:៥៖ «កៀរប្រមូលចិត្តគំនិតឲ្យមកស្ដាប់បង្គាប់ព្រះគ្រិស្តវិញ។» យើងត្រូវបដិសេធការគិតខុសទាំងឡាយ ហើយរម្លឹកខ្លួនយើងអំពីសេចក្ដីពិតវិញ។
ការគិតពិចារណា : តើយើងប្រឈមនឹងគ្រោះថ្នាក់អ្វី បើគំនិតយើងលែងស្តាប់បង្គាប់ព្រះគ្រីស្ទ?
ពេលខ្លះ វាហាក់ដូចជាការប្រយុទ្ធគ្នារវាងរបៀបគិតចាស់ និងសេចក្ដីពិតរបស់ព្រះកើតឡើងនៅក្នុងគំនិតយើង។ ព្រះបានផ្ដល់គ្រឿងសឹកខាងវិញ្ញាណសម្រាប់យើង រួមទាំង «ខ្សែក្រវាត់នៃសេចក្ដីពិត» ដើម្បីជួយយើងឲ្យឈរមាំមួន «ដោយកម្លាំងនៃព្រះចេស្ដារបស់ទ្រង់» (អេភេសូរ ៦:១០-១៨)។ ព្រះបន្ទូល និងការអធិស្ឋានគឺជាអាវុធការពារ និងវាយលុកដែលអាចឲ្យយើងឈានទៅមុខ។
អេភេសូរ ៦:១០, ១៤
ឯសេចក្ដីឯទៀត បងប្អូនអើយ ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់ . . .
ដូច្នេះ ចូរឲ្យឈរមាំមួនចុះ ដោយក្រវាត់សេចក្ដីពិតនៅចង្កេះ ហើយពាក់សេចក្ដីសុចរិតទុកជាប្រដាប់បាំងដើមទ្រូង . . .
ការទន្ទេញ និងជញ្ជឹងគិតលើអត្ថបទគម្ពីរ ជួយយើឲ្យរក្សាសេចក្ដីពិតរបស់ទ្រង់នៅក្នុងចិត្តគំនិតរបស់យើង។ ដូចដែលព្រះយេស៊ូវបានប្រឆាំងនឹងការល្បួងដោយបញ្ជាក់ពីអ្វីដែលអត្ថបទគម្ពីរចែង នោះយើងអាចដកស្រង់សេចក្តីពិតរបស់ព្រះមកប្រកាស នៅពេលយើងរកឃើញថាខ្លួនយើងត្រូវបានល្បួង។ ឧទាហរណ៍ ៖ ប្រសិនបើអ្នកមានអារម្មណ៍លើសលប់ដោយទម្លាប់បាបដែលអ្នកហាក់ដូចជាមិនអាចបំបែកបាន សូមចាំថា រ៉ូម ៦:១១ ចែងថា អ្នកបានស្លាប់រួចផុតពីអំណាចបាប ហើយរស់នៅចំពោះព្រះក្នុងព្រះគ្រីស្ទយេស៊ូវ។ សូមទន្ទេញចាំខគម្ពីរនេះ រួចនិយាយវាឲ្យឮៗ ដើម្បីរម្លឹកខ្លួនអ្នកអំពីអ្វីដែលជាការពិត។
តាមរយៈការអធិស្ឋាន យើងអាចសុំឲ្យព្រះយាងមកគង់នៅក្នុងជីវិតរបស់យើង ហើយនាំអារម្មណ៍របស់យើងឲ្យស្របតាមសេចក្ដីពិតរបស់ទ្រង់។ ពេលយើងបញ្ចប់ពេលវេលាដែលយើងមានជាមួយគ្នា សូមអរព្រះគុណព្រះចំពោះសេចក្តីពិតនៃខគម្ពីរ ២ កូរិនថូស ៥:១៧-១៨។ ចូរទូលសូមទ្រង់ឲ្យបញ្ជាក់ក្នុងចិត្តរបស់យើងពីរបៀបដែលទ្រង់ឃើញយើង ជួយយើងឲ្យឱបក្រសោបសេចក្តីពិតរបស់ទ្រង់ និងផ្លាស់ប្រែចិត្តគំនិតយើងជាថ្មី។
២ កូរិនថូស ៥:១៧-១៨
បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្ដីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ គ្រប់ទាំងអស់ក៏មកពីព្រះ ដែលទ្រង់បានផ្សះផ្សាយើងនឹងព្រះអង្គទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ ហើយបានប្រទានការងារផ្សះផ្សានោះ មកយើងខ្ញុំដែរ . . .
ការបន្តឆ្ពោះទៅមុខ
ការបញ្ជាក់ : តើអ្នកមានគំនិត ឬសំណួរអ្វីខ្លះ?
ការសង្ខេប : តើអ្នកបានរៀនអ្វីខ្លះអំពីការកែប្រែចិត្តគំនិតរបស់អ្នកជាថ្មី?
ជំហានសកម្មភាព : តើអត្ថបទគម្ពីរអ្វីដែលអ្នកអាចទន្ទេញឲ្យចាំ ដើម្បីជួយអ្នកបង្វែរចិត្តគំនិតមករកសេចក្ដីពិត?
ការចែកចាយ : តើអ្នកស្គាល់នរណាដែលប្រធានបទនេះនឹងអាចជួយដល់គាត់ដែរឬទេ? តើអ្នកនឹងចែករំលែកអ្វីខ្លះជាមួយគាត់?
ការពង្រឹង:
នៅពេលអ្នកអានខគម្ពីរទាំងនេះ សូមគូសបន្ទាត់ពីក្រោមនូវសេចក្ដីពិតដែលព្រះចង់ឲ្យអ្នកជឿអំពីអត្តសញ្ញាណដែលអ្នកជានរណានៅក្នុងព្រះគ្រីស្ទ។
អេភេសូរ ២:១-១០
ពីដើម អ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរ ជាការដែលអ្នករាល់គ្នាបានប្រព្រឹត្ត តាមរបៀបលោកីយនេះ គឺតាមមេគ្រប់គ្រងរាជ្យលើអាកាស ជាវិញ្ញាណ ដែលសព្វថ្ងៃនេះ បណ្តាលមកក្នុងពួកមនុស្សរឹងចចេស យើងរាល់គ្នាទាំងអស់ក៏បានប្រព្រឹត្តក្នុងពួកនោះពីដើមដែរ ដោយសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមយើង ទាំងប្រព្រឹត្តសេចក្ដីដែលសាច់ឈាម នឹងគំនិតយើងចង់បានផង ហើយតាមកំណើតយើង នោះយើងជាមនុស្សជាប់ក្នុងសេចក្ដីខ្ញាល់ ដូចជាមនុស្សឯទៀតដែរ ប៉ុន្តែ ព្រះដែលទ្រង់មានសេចក្ដីមេត្តាករុណាដ៏លើសលប់ ដោយព្រោះសេចក្ដីស្រឡាញ់ជាខ្លាំង ដែលទ្រង់មានដល់យើងរាល់គ្នា ក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ គឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ហើយទ្រង់បានប្រោសឲ្យយើងរស់ឡើងវិញ ក៏ឲ្យយើងអង្គុយជាមួយនឹងព្រះគ្រីស្ទ នៅស្ថានដ៏ខ្ពស់ដែរ ដើម្បីឲ្យទ្រង់បានសំដែង ឲ្យអស់ទាំងកល្បខាងមុខ បានឃើញព្រះគុណដ៏ធ្ងន់លើសលប់របស់ទ្រង់ ដោយសេចក្ដីសប្បុរស ដែលទ្រង់ផ្តល់មកយើង ក្នុងព្រះគ្រីស្ទយេស៊ូវ ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្ដីជំនឿ ហើយសេចក្ដីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន ដ្បិតយើងរាល់គ្នាជាស្នាដៃដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ ដែលព្រះបានរៀបចំជាមុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម។
កូល៉ុស ៣:១-១៤
ដូច្នេះ បើសិនជាអ្នករាល់គ្នាបានរស់ឡើងវិញ ជាមួយនឹងព្រះគ្រីស្ទ នោះចូរស្វែងរកអស់ទាំងសេចក្ដី ដែលនៅស្ថានលើវិញ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្តាំនៃព្រះ ចូរផ្ចង់ចិត្តទៅឯសេចក្ដីទាំងអស់ដែលនៅខាងលើ កុំឲ្យផ្ចង់ទៅឯសេចក្ដីទាំងប៉ុន្មាន ដែលនៅផែនដីឡើយ ដ្បិតអ្នករាល់គ្នាបានស្លាប់ហើយ ជីវិតអ្នករាល់គ្នាក៏លាក់ទុកក្នុងព្រះ ជាមួយនឹងព្រះគ្រីស្ទ កាលណាព្រះគ្រីស្ទដ៏ជាជីវិតនៃយើង បានលេចមក នោះអ្នករាល់គ្នានឹងលេចមកក្នុងសិរីល្អ ជាមួយនឹងទ្រង់ដែរ។
ដូច្នេះ ចូរសំឡាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺជាការសហាយស្មន់ស្មោកគ្រោក សំរើបសំរាល ប៉ងប្រាថ្នាអាក្រក់ នឹងសេចក្ដីលោភ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ គឺដោយហេតុសេចក្ដីទាំងនោះ បានជាសេចក្ដីខ្ញាល់របស់ព្រះមកលើពួកមនុស្សរឹងចចេស ហើយអ្នករាល់គ្នាបានប្រព្រឹត្តក្នុងពួកនោះកាលពីដើម គឺពីកាលដែលនៅរស់ក្នុងកិរិយាទាំងនោះដែរ តែឥឡូវនេះ ចូរឲ្យអ្នករាល់គ្នាលះអស់ទាំងអំពើនោះ គឺសេចក្ដីកំហឹង គ្នាន់ក្នាញ់ គំរក់ ប្រមាថ នឹងពាក្យអព្វមង្គល ចេញពីមាត់ចោលទៅ កុំឲ្យកុហកគ្នាឡើយ ដ្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់ នឹងអំពើរបស់វាចោលចេញហើយ ចូរប្រដាប់ខ្លួនដោយមនុស្សថ្មីវិញ ដែលកំពុងតែកែឡើងខាងឯសេចក្ដីចេះដឹង ឲ្យបានត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក ជាសណ្ឋានដែលគ្មានសាសន៍ក្រេក នឹងសាសន៍យូដា ការកាត់ស្បែក ហើយមិនកាត់ស្បែក មនុស្សប្រទេសដទៃ ឬជាតិមនុស្សព្រៃ បាវបំរើ ឬអ្នកជាផងនោះទេ គឺព្រះគ្រីស្ទ ទ្រង់ជាគ្រប់ទាំងអស់វិញ ហើយទ្រង់ក៏គង់នៅក្នុងគ្រប់ទាំងអស់ផង។
ដូច្នេះ ចូរប្រដាប់កាយ ដោយចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត នឹងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំង ដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះចុះ ហើយទ្រាំទ្រគ្នា ទាំងអត់ទោសទៅវិញទៅមក បើអ្នកណាមានហេតុទាស់នឹងអ្នកណា នោះចូរអត់ទោសឲ្យគេចុះ ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរ ចូរបន្ថែមទាំងសេចក្ដីស្រឡាញ់ថែមទៀត ជាចំណងនៃសេចក្ដីគ្រប់លក្ខណ៍។
១ ពេត្រុស ១:៣-៩
សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានបង្កើតយើងឡើងជាថ្មី តាមសេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដើម្បីឲ្យយើងរាល់គ្នាបានសេចក្ដីសង្ឃឹមដ៏រស់ ដោយសារព្រះយេស៊ូវគ្រីស្ទ ទ្រង់រស់ពីស្លាប់ឡើងវិញ ហើយឲ្យយើងបានមរដក ដែលមិនចេះពុករលួយ ក៏ឥតសៅហ្មង ហើយមិនដែលស្រពោនឡើយ ជាមរដក ដែលបំរុងទុកឲ្យយើងរាល់គ្នានៅស្ថានសួគ៌ គឺឲ្យយើងរាល់គ្នា ដែលព្រះចេស្តានៃព្រះកំពុងតែថែរក្សា ដោយសារសេចក្ដីជំនឿ សំរាប់ឲ្យបានសេចក្ដីសង្គ្រោះ ដែលប្រុងប្រៀបនឹងសំដែងមកនៅជាន់ក្រោយបង្អស់នោះ អ្នករាល់គ្នាក៏មានសេចក្ដីអំណរជាខ្លាំង ក្នុងសេចក្ដីសង្គ្រោះនោះ ទោះបើសព្វថ្ងៃនេះត្រូវរងទុក្ខព្រួយជាយូរបន្តិច ដោយកើតមានសេចក្ដីល្បួងផ្សេងៗក៏ដោយ ដើម្បីឲ្យការសាកលសេចក្ដីជំនឿនៃអ្នករាល់គ្នា ដ៏វិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ នោះបានឃើញសំរាប់ជាសេចក្ដីសរសើរ កេរ្តិ៍ឈ្មោះ នឹងសិរីល្អ ក្នុងកាលដែលព្រះយេស៊ូវគ្រីស្ទទ្រង់លេចមក ដែលអ្នករាល់គ្នាមិនបានឃើញទ្រង់ទេ តែបានស្រឡាញ់ទ្រង់ ហើយទោះបើនៅជាន់ឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញទ្រង់ទៀត គង់តែមានចិត្តជឿដែរ ហើយក៏ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្ដីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន ដោយបានទទួលចុងបំផុតនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នា គឺជាសេចក្ដីសង្គ្រោះដល់ព្រលឹង។
កូល៉ុស ២:១១-១៥
អ្នករាល់គ្នាបានទទួលកាត់ស្បែកម្យ៉ាងក្នុងទ្រង់ ដែលមិនបានធ្វើដោយដៃមនុស្សទេ គឺជាការដោះរូបកាយខាងសាច់ឈាមចេញ ដោយទទួលការកាត់ស្បែករបស់ព្រះគ្រីស្ទវិញ ហើយអ្នករាល់គ្នាបានកប់ជាមួយនឹងទ្រង់ក្នុងបុណ្យជ្រមុជ ក៏បានរស់ឡើងវិញជាមួយនឹងទ្រង់ ដោយសារសេចក្ដីជំនឿជឿដល់ឫទ្ធិបារមីនៃព្រះ ដែលទ្រង់បានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ឯអ្នករាល់គ្នាដែលបានស្លាប់ក្នុងការរំលង ហើយក្នុងសណ្ឋានមិនកាត់ស្បែកខាងសាច់ឈាម នោះទ្រង់បានប្រោសឲ្យរស់ជាមួយនឹងទ្រង់ ដោយបានអត់ទោសចំពោះអស់ទាំងការរំលងរបស់អ្នករាល់គ្នា ទាំងលុបចោលសេចក្ដីដែលកត់ទុកទាស់នឹងយើងក្នុងសេចក្ដីបញ្ញត្ត ដែលប្រទាំងនឹងយើង ហើយទ្រង់ក៏លើកចោល ដោយបោះភ្ជាប់នៅឈើឆ្កាង ទ្រង់បានទាំងទំលាក់ងារពីពួកគ្រប់គ្រង នឹងពួកមានអំណាច ទាំងដាក់ពួកទាំងនោះនៅកណ្តាលជំនុំឲ្យគេមើល ហើយដឹកនាំគេទៅ ដោយមានជ័យជំនះ ដោយសារឈើឆ្កាងនោះឯង។
ហេព្រើរ ១០:១៩-២៣
ដូច្នេះ បងប្អូនអើយ ដែលយើងមានសេចក្ដីក្លៀវក្លានឹងចូលទៅក្នុងទីបរិសុទ្ធ ដោយសារព្រះលោហិតនៃព្រះយេស៊ូវ តាមផ្លូវដែលទ្រង់បានតាំងសំរាប់យើងរាល់គ្នា ជាផ្លូវថ្មី ហើយរស់ ដែលចូលកាត់វាំងនន គឺជារូបសាច់របស់ទ្រង់ ហើយដែលមានសំដេចសង្ឃដ៏ធំ១អង្គត្រួតលើដំណាក់ព្រះ នោះត្រូវឲ្យយើងចូលទៅជិតទាំងមានចិត្តស្មោះត្រង់ នឹងចិត្តដឹងពិតប្រាកដ ហើយសេចក្ដីជំនឿ ព្រមទាំងមានចិត្តប្រោះញែកជាស្អាតរួចពីបញ្ញាចិត្តដែលសៅហ្មងផង ហើយបានលាងរូបកាយនឹងទឹកដ៏ស្អាតដែរ ត្រូវឲ្យយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្ដីបន្ទាល់របស់សេចក្ដីសង្ឃឹមនោះ ឥតរវើរវាយ ដ្បិតព្រះដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
អេភេសូរ ៦:១០-១៨
ឯសេចក្ដីឯទៀត បងប្អូនអើយ ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់ ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនឹងពួកគ្រប់គ្រង ពួកមានអំណាច នឹងពួកម្ចាស់នៃសេចក្ដីងងឹតនៅលោកីយនេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ ហេតុនោះបានជាត្រូវឲ្យយកគ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទប់ទល់ក្នុងថ្ងៃអាក្រក់បាន រួចកាលណាបានតតាំងសព្វគ្រប់ហើយ នោះឲ្យបាននៅតែឈរមាំមួនដដែល ដូច្នេះ ចូរឲ្យឈរមាំមួនចុះ ដោយក្រវាត់សេចក្ដីពិតនៅចង្កេះ ហើយពាក់សេចក្ដីសុចរិតទុកជាប្រដាប់បាំងដើមទ្រូង ទាំងពាក់សេចក្ដីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្ដីសុខសាន្ត ទុកជាស្បែកជើង ថែមទាំងយកសេចក្ដីជំនឿទុកជាខែលផង ដែលអ្នករាល់គ្នានឹងអាចរំលត់ អស់ទាំងព្រួញឆេះរបស់មេកំណាច ដោយសារខែលនោះបាន ចូរយកសេចក្ដីសង្គ្រោះទុកជាមួកសឹក នឹងដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល ព្រមទាំងប្រើសេចក្ដីអធិស្ឋាន នឹងសេចក្ដីទូលអង្វរគ្រប់យ៉ាង ដើម្បីអធិស្ឋានដោយព្រះវិញ្ញាណរាល់ពេលរាល់វេលា ហើយចាំយាមក្នុងសេចក្ដីនោះឯង ដោយនូវគ្រប់ទាំងសេចក្ដីខ្ជាប់ខ្ជួន នឹងសេចក្ដីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់។