តើអ្នកមានប្រតិកម្មយ៉ាងណា ពេលធុំក្លិនទឹកអប់ ឬក្លិនក្រអូប?
តើអ្នកមានស្គាល់ក្លិនក្រអូប ឬតើមានក្លិនក្រអូបដែលរម្លឹកអនុស្សាវរីយណាមួយដល់អ្នកដែរឬទេ?
២ កូរិនថូស ២:១៤-១៦ ប្រើការប្រៀបធៀបនៃក្លិនក្រអូប ដើម្បីពណ៌នាអំពីរបៀបដែលអ្នកស្គាល់ព្រះជាម្ចាស់ មានឥទ្ធិពលលើមនុស្សផ្សេងទៀត។ នៅសម័យរ៉ូម៉ាំង មនុស្សម្នាគ្រវីមែកឈើក្រអូប ខណៈដែលកងទ័ពដែលបានទទួលជ័យជម្នះ ដង្ហែក្បួនចូលទៅក្នុងទីក្រុង។ នៅក្នុងក្បួនដង្ហែមានទាំងទាហានច្បាំងឈ្នះ និងឈ្លើយសឹក។
២ កូរិនថូស ២:១៤-១៦
តែអរព្រះគុណដល់ព្រះអង្គ ដែលទ្រង់ចេះតែនាំយើងខ្ញុំ ឲ្យមានជ័យជំនះក្នុងព្រះគ្រីស្ទ ហើយក៏ផ្សាយក្លិនពីដំណើរដែលយើងខ្ញុំស្គាល់ព្រះ ឲ្យបានសុសសាយទួទៅគ្រប់កន្លែងផង ដ្បិតយើងខ្ញុំជាក្លិនក្រអូបនៃព្រះគ្រីស្ទដល់ព្រះ នៅក្នុងពួកមនុស្សដែលកំពុងតែបានសង្គ្រោះ ហើយក្នុងពួកអ្នកដែលកំពុងតែវិនាសទៅដែរ ដល់ពួក១ជាក្លិននៃសេចក្ដីស្លាប់ ឲ្យត្រូវស្លាប់ ដល់ពួក១ទៀត ជាក្លិននៃជីវិត ឲ្យបានរស់នៅ តើអ្នកណាគួរនឹងសេចក្ដីទាំងនេះ
ការគិតពិចារណា : តើមនុស្សទាំងពីរក្រុម មានប្រតិកម្មខុសគ្នាយ៉ាងណាចំពោះក្លិនក្រអូប?
ការរកឃើញ : តើយើងសាយ «ក្លិនពីដំណើរនៃការស្គាល់ព្រះ» ជុំវិញយើងដោយរបៀបណា?
ការពិភាក្សា : តើអ្នកជឿ និងអ្នកមិនជឿ មានប្រតិកម្មយ៉ាងណាចំពោះ «ក្លិនក្រអូប» នៃជ័យជម្នះរបស់ព្រះគ្រីស្ទក្នុងជីវិតរបស់យើង?
ការចែកចាយ : តើអ្នកបានជួបនូវនូវប្រតិកម្មខុសៗគ្នាទាំងនេះចំពោះអ្នក ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទដោយរបៀបណា?
យើងឆ្លុះបញ្ចាំងពីព្រះទៅកាន់អ្នកដទៃទៀត
នៅពេលដែលព្រះយេស៊ូវយាងមកក្នុងជីវិតរបស់យើង ទ្រង់មានឥទ្ធិពលលើអ្វីៗទាំងអស់អំពីយើង។ ឥឡូវនេះ ទ្រង់គឺជាផ្នែកមួយនៃទំនាក់ទំនងទាំងអស់ដែលយើងមាន ហើយអ្វីដែលយើងធ្វើ (ឬមិនធ្វើ) ឆ្លុះបញ្ចាំងអំពីទ្រង់។
នៅក្នុងយ៉ូហាន ៨:១២ ព្រះយេស៊ូវមានបន្ទូលថា ទ្រង់ជាពន្លឺលោកីយ៍ ដែលអនុញ្ញាតឲ្យមនុស្សមានពន្លឺនៃជីវិត មិនមែនដើរក្នុងភាពងងឹត។ ទ្រង់ក៏មានបន្ទូលពីអ្វីមួយដ៏អស្ចារ្យនៅក្នុងម៉ាថាយ ៥:១៤-១៦។
ម៉ាថាយ ៥:១៤-១៦
អ្នករាល់គ្នាជាពន្លឺនៃលោកីយ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ ក៏គ្មានអ្នកណាអុជចង្កៀង យកទៅដាក់ក្រោមថាំងដែរ គេតែងដាក់លើជើងចង្កៀងវិញ នោះទើបភ្លឺដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នា ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌។
ការគិតពិចារណា : តើអ្នកគិតថា ពន្លឺរបស់ព្រះយេស៊ូវនៅក្នុងជីវិតអ្នក ចាំងបំភ្លឺដល់អ្នកដទៃយ៉ាងណាដែរ?
ការរកឃើញ : តើព្រះយេស៊ូវមានបន្ទូលថាទ្រង់ចង់ឲ្យមនុស្សឃើញអ្វី ដែលនឹងធ្វើឲ្យពួកគេលើកតម្កើងព្រះ?
ការចែកចាយ : តើមានទង្វើល្អៗអ្វីខ្លះដែលអ្នកអាចធ្វើបាន ដែលផ្ដល់ប្រយោជន៍ដល់សហការីរបស់អ្នក? តើទង្វើទាំងនោះអាចនឹងក្លាយជា «ក្លិនក្រអូបនៃជីវិត» សម្រាប់ពួកគេយ៉ាងដូចម្ដេច?
កូល៉ុស ៣ ពិពណ៌នាអំពី «ក្លិនក្រអូប» នោះថាអាចមានដូចជា ពេលយើងរីកចម្រើនក្នុងទំនាក់ទំនងរបស់យើងជាមួយព្រះ ហើយទ្រង់ធ្វើឲ្យយើងមានអត្តចរិតដូចជាទ្រង់។
កូល៉ុស ៣:១២-១៤, ១៧
ដូច្នេះ ចូរប្រដាប់កាយ ដោយចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត នឹងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំង ដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះចុះ ហើយទ្រាំទ្រគ្នា ទាំងអត់ទោសទៅវិញទៅមក បើអ្នកណាមានហេតុទាស់នឹងអ្នកណា នោះចូរអត់ទោសឲ្យគេចុះ ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរ . . .
ហើយក្នុងគ្រប់ទាំងអស់ ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើ ដោយពាក្យសំដីឬកិរិយាក៏ដោយ ចូរធ្វើទាំងអស់ ដោយព្រះនាមនៃព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតា ដោយសារទ្រង់ផង។
ការរកឃើញ : យោងតាម កូល៉ុស ៣:១២-១៤, ១៧ តើព្រះចង់ឲ្យប្រជារាស្ដ្ររបស់ទ្រង់ឆ្លុះបញ្ចាំងអំពីទ្រង់យ៉ាងដូចម្ដេច?
ការពិភាក្សា : តើគុណសម្បត្ដិទាំងនេះទាក់ទាញចិត្តអ្នកដទៃទៀតដោយរបៀបណា?
ការគិតពិចារណា : តើអ្នកគិតថា សហការីរបស់អ្នកនឹងមានទស្សនៈយ៉ាងណាចំពោះជំនឿគ្រីស្ទបរិស័ទ ប្រសិនបើអ្នកជឿលើព្រះយេស៊ូវ រស់នៅបែបនេះ?
ការចែកចាយ : តើជីវិតរបស់អ្នកជឿឯទៀតមានឥទ្ធិពលយ៉ាងណា ដែលធ្វើឲ្យអ្នកទទួលជឿព្រះ?
អ្នកប្រហែលជាមានអារម្មណ៍ថា ខ្លួនឯងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីឆ្លុះបញ្ចាំងពីព្រះយេស៊ូវទេ។ សំណួរនៅក្នុង ២ កូរិនថូស ២:១៦ (ខាងលើ) «តើអ្នកណាគួរនឹងសេចក្ដីទាំងនេះ?» ទទួលស្គាល់នូវអារម្មណ៍របស់យើង ថាមិនមានសមត្ថភាពគ្រប់គ្រាន់។ យើងរកឃើញចម្លើយនៅក្នុង ២ កូរិនថូស ៤:៦-៧។
២ កូរិនថូស ៤:៦-៧
ដ្បិតគឺជាព្រះ ដែលមានបន្ទូលបង្គាប់ ឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត ទ្រង់បានបំភ្លឺមកក្នុងចិត្តយើងខ្ញុំ ឲ្យយើងខ្ញុំមានរស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះ ដែលនៅព្រះភក្ត្រនៃព្រះយេស៊ូវគ្រីស្ទ។
យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិដ៏លើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ។
ការរកឃើញ: តើពន្លឺចែងចាំងក្នុងចិត្តរបស់យើង បង្កើតជាអ្វីឡើង?
ការពិភាក្សា : តើរូបភាពអំពី ទ្រព្យសម្បត្តិនៅក្នុងភាជនៈដី មានន័យដូចម្ដេច?
ការពិភាក្សា : តើឥទ្ធិឫទ្ធិដ៏លើសលប់បានមកពីព្រះ ចាំងចែងពន្លឺយ៉ាងណា នៅពេលដែលទ្រង់បានបង្កើតពន្លឺ ចេញពីងងឹត?
ការគិតពិចារណា : តើឥទ្ធិឫទ្ធិដ៏លើសលប់របស់ទ្រង់ស្ដែងឡើងយ៉ាងណា នៅពេលទ្រង់ធ្វើឲ្យយើងធ្វើជាពន្លឺដល់អ្នកដទៃ?
យើងនិយាយអំពីអ្វីដែលយើងចាត់ទុកថាសំខាន់
យើងទាំងអស់គ្នាមានរឿងដែលយើងចូលចិត្តនិយាយ ឧទាហរណ៍ ភាពយន្តដែលយើងបានមើល អាហារដ៏ឆ្ងាញ់ សៀវភៅដែលយើងបានអាន តន្ត្រីដែលយើងចូលចិត្ត មនុស្សដែលយើងស្រឡាញ់។
ការគិតពិចារណា : តើអ្នកឧស្សាហ៍និយាយអំពីអ្វីញឹកញាប់ជាងគេ?
ជាទូទៅ យើងងាយនិយាយអំពីអ្វីដែលយើងពេញចិត្ត ឬមនុស្សដែលយើងស្រឡាញ់។
ការពិភាក្សា : តើអ្នកនិយាយអំពីព្រះញឹកញាប់ប៉ុណ្ណា និងងាយស្រួលប៉ុណ្ណា?
ព្រះយេស៊ូវមានបន្ទូលនៅក្នុង ម៉ាថាយ ១២:៣៤ ដែលសង្ខេបអំពីមូលហេតុដែលយើងនិយាយអំពីកិច្ចការដែលយើងធ្វើ ៖ «ពីព្រោះមាត់តែងនិយាយ តាមសេចក្ដីបរិបូរដែលនៅក្នុងចិត្ត។» ពាក្យដែលប្រើសម្រាប់ «ចិត្ត» ក្នុងព្រះគម្ពីរ មានន័យលើសពីអារម្មណ៍របស់យើង។ វាបង្ហាញពីចិត្តគំនិត ឆន្ទៈ អត្តចរិត និងលក្ខណៈខាងក្នុងរបស់មនុស្សម្នាក់។
ការពិភាក្សា : តើការណ៍នេះប្រាប់យើងអ្វីខ្លះអំពីប្រធានបទសន្ទនារបស់យើង?
ការចែកចាយ : តើយើងអាចមានគំនិត និងដួងចិត្តផ្ដោតជាប់ទៅលើព្រះដោយរបៀបណា ដើម្បីឲ្យយើងកាន់តែងាយស្រួលក្នុងការសន្ទនាអំពីទ្រង់?
ការនិយាយអំពីព្រះដោយភាពងាយស្រួល
គម្ពីរចោទិយកថាត្រូវបានសរសេរមុនពេលជនជាតិអ៊ីស្រាអែលចូលទៅក្នុងទឹកដីដែលព្រះបានសន្យានឹងពួកគេ។ កណ្ឌគម្ពីរនោះរម្លឹកអំពីប្រវត្តិរបស់ពួកគេ ដើម្បីរម្លឹកគេអំពីអ្វីៗទាំងអស់ដែលព្រះបានធ្វើ ហើយដាស់តឿនគេឲ្យប្រុងប្រយ័ត្នដើម្បីដើរតាមមាគ៌ា និងបទបញ្ជារបស់ព្រះ ជាពិសេសនៅពេលដែលជីវិតរស់នៅរបស់គេមានភាពល្អប្រសើរ។ មានពេលបីលើក ប្រជាជនត្រូវបានជំរុញឲ្យបង្រៀនបទបញ្ជារបស់ព្រះដល់កូនៗរបស់ពួកគេ (ចោទិយកថា ៤:៩; ៦:៧; ១១:១៩) ហើយគេត្រូវបានប្រាប់ពីរបៀបធ្វើដូច្នោះ។ សូមអាន ចោទិយកថា ៤:៩ និង ១១:១៩។
ចោទិយកថា ៤:៩
ប៉ុន្តែ ត្រូវឲ្យឯងរាល់គ្នាប្រយ័តខ្លួន ហើយរក្សាចិត្តឲ្យមែនទែន ក្រែងភ្លេចអស់ទាំងការដែលភ្នែកឯងបានឃើញ ហើយក្រែងនៅក្នុងជីវិតឯង ការទាំងនោះបានឃ្លាតចេញពីចិត្តឯងទៅ ត្រូវឲ្យឯងប្រាប់ពីការទាំងនោះដល់កូនចៅឯងឲ្យដឹងតរៀងទៅវិញ . . .
ចោទិយកថា ១១:១៩
ត្រូវឲ្យបង្រៀនពាក្យទាំងនេះដល់ពួកកូនចៅឯង ដោយនិយាយប្រាប់ក្នុងកាលដែលឯងអង្គុយនៅក្នុងផ្ទះ ហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង
(អានបន្ថែម)”
ការពិភាក្សា : តើការបង្រៀនរបស់គេ គួរមានលក្ខណៈបែបណា?
ការសន្ទនារបស់យើងអំពីព្រះ គួរតែកើតឡើងជាទូទៅញឹកញាប់ក្នុងជីវិតរបស់យើង។ ឧទាហរណ៍ នៅពេលមានសហការីម្នាក់កំពុងរអ៊ូរទាំអំពីកំណត់ត្រារដ្ឋបាលទាំងអស់ដែលគាត់ត្រូវដាក់បញ្ជូនទៅថ្នាក់លើ។ អ្នកអាចបញ្ចេញមតិថា ៖
«ពេលខ្លះ ជាការពិបាកក្នុងការធ្វើចិត្តយើង មិនឲ្យមានគំនិតអវិជ្ជមានពីការងារ។ ខ្ញុំព្យាយាមការពារខ្លួនពីចិត្តជូរចត់។ មានកន្លែងមួយនៅក្នុងព្រះគម្ពីរដែលចែងថា ឲ្យគិតអំពីអ្វីដែលល្អ ឬគួរឲ្យកោតសរសើរ និងសក្តិសមសម្រាប់ការសរសើរ។ នោះជួយខ្ញុំឲ្យស្ងប់ចិត្ត។ តើអ្នកធ្វើអ្វីដើម្បីកុំឲ្យមានគំនិតអវិជ្ជមាន?»
ការអនុវត្ត: នៅក្នុងស្ថានភាពនីមួយៗដូចខាងក្រោម សូមសម្ដែងតួអង្គ អំពីរបៀបដែលអ្នកអាចធ្វើការសន្ទនាពាក់ព័ន្ធនឹងព្រះ ៖
• អ្នកចាប់អារម្មណ៍អ្វីមួយស្អាតនៅក្នុងធម្មជាតិ។
• អ្នក និងសហការីកំពុងព្យាយាមរកវិធីជួយសិស្សដែលកំពុងជួបការលំបាក។
ការពិភាក្សា : តើការនិយាយអំពីព្រះនៅពេលនោះ អាចលើកទឹកចិត្តអ្នកជឿដូចគ្នា ឬអ្នកមិនជឿ យ៉ាងដូចម្ដេច?
ការចែកចាយ : តើមានស្ថានភាព ឬអាកប្បកិរិយាណា ដែលជួនកាលរារាំងអ្នកមិនឲ្យនិយាយអំពីព្រះទេ?
ការមានបំណងចិត្តនិយាយអំពីព្រះ
នៅពេលដែលព្រះបានចូលរួមនៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរបស់យើង យើងនឹងកាន់តែងាយស្រួលនិយាយអំពីទ្រង់នៅក្នុងការសន្ទនារបស់យើង។ ទ្រង់ក៏ចង់ឲ្យយើងចាប់ផ្ដើមប្រាប់អ្នកដទៃអំពីទ្រង់ដែរ។ សូមមើលអ្វីដែលព្រះយេស៊ូវមានបន្ទូលទៅកាន់អ្នកដើរតាមទ្រង់ម្នាក់នៅក្នុង ម៉ាកុស ៥:១៩-២០។
ម៉ាកុស ៥:១៩-២០
តែទ្រង់ (ព្រះយេស៊ូវ) មិនអនុញាតទេ ដោយបន្ទូលថា ចូរទៅផ្ទះទៅ ហើយប្រាប់បងប្អូនឯងពីការធំទាំងម៉្លេះដែលព្រះអម្ចាស់បានមេត្តាប្រោសដល់ឯងវិញ គាត់ក៏ចេញទៅ ចាប់តាំងប្រកាសប្រាប់ នៅស្រុកដេកាប៉ូល ពីការធំទាំងម៉្លេះ ដែលព្រះយេស៊ូវបានប្រោសដល់ខ្លួន នោះមនុស្សទាំងអស់ក៏អស្ចារ្យក្នុងចិត្ត។
ការរកឃើញ : តើព្រះយេស៊ូវប្រាប់បុគ្គលនោះឲ្យចែកចាយអ្វីជាមួយអ្នកឯទៀត?
ការចែកចាយ : តើព្រះបានធ្វើអ្វីខ្លះនៅក្នុងជីវិតរបស់អ្នក ដែលអ្នកអាចប្រាប់អ្នកដទៃបាន?
ការគិតពិចារណា : តើអ្នកអាចប្រាប់នរណា?
ទំនុកដំកើង ១៤៥ គឺជាបទទំនុកដំកើងដែលលើកទឹកចិត្តយើងឲ្យយកចិត្តទុកដាក់ថាព្រះជានរណា និងអ្វីដែលទ្រង់ធ្វើ ហើយបន្ទាប់មក ចែកចាយពីរឿងនោះដល់អ្នកដទៃទៀត។
ទំនុកដំកើង ១៤៥:៣-៧
ទូលបង្គំនឹងសូមឲ្យទ្រង់បានប្រកបដោយព្រះពររាល់ៗថ្ងៃ
ព្រមទាំងសរសើរដល់ព្រះនាមទ្រង់អស់កល្បជានិច្ច
ព្រះយេហូវ៉ាទ្រង់ធំប្រសើរ គឺគួរសរសើរយ៉ាងក្រៃលែង
ឯសណ្ឋានធំប្រសើររបស់ទ្រង់ នោះនឹងរកយល់មិនបាន
មនុស្សដំណ១នឹងសរសើរស្នាដៃរបស់ទ្រង់
ដល់ដំណ១ទៀត
ព្រមទាំងប្រកាសប្រាប់ពីការឥទ្ធិឫទ្ធិរបស់ទ្រង់ផង
ទូលបង្គំនឹងរំពឹងគិតពីឫទ្ធានុភាពដ៏រុងរឿងឧត្តម
ហើយពីការអស្ចារ្យរបស់ទ្រង់ដែរ
មនុស្សទាំងឡាយនឹងថ្លែងពីឫទ្ធិនៃការដ៏គួរស្ញែងខ្លាច
របស់ទ្រង់
ឯទូលបង្គំនឹងប្រកាសពីសណ្ឋានដ៏ធំវិសេសនៃទ្រង់ដែរ
គេនឹងបញ្ចេញសេចក្ដីដែលនឹកចាំពីព្រះហឫទ័យ
ដ៏ល្អប្រសើរ
ហើយច្រៀងពីសេចក្ដីសុចរិតរបស់ទ្រង់
ការរកឃើញ : តើខគម្ពីរទាំងនេះលើកទឹកចិត្តយើងឲ្យកត់សម្គាល់ និងគិតអំពីរឿងបែបណាខ្លះ?
ការរកឃើញ : តើអ្នកតែងខគម្ពីរទំនុកដំកើងនោះ ប្រើពាក្យអ្វីខ្លះដើម្បីពណ៌នាអំពីរបៀបដែលយើងអាចបង្ហាញដល់អ្នកឯទៀតនូវចំណេះដឹងរបស់យើងអំពីព្រះ?
ការគិតពិចារណា : តើអ្នកអាចដឹងកាន់តែច្បាស់អំពីអ្វីដែលព្រះបានធ្វើ និងកំពុងធ្វើនៅជុំវិញអ្នកដោយរបៀបណា?
ការពិភាក្សា : តើមានរឿងអ្វីខ្លះ ដែលនិយាយអំពីព្រះជានរណា ឬអ្វីដែលទ្រង់ធ្វើ ដែលយើងអាចចែកចាយជាមួយមនុស្សម្នាក់ទៀត?
ការណែនាំចុងក្រោយរបស់ព្រះយេស៊ូវទៅកាន់ពួកសិស្សរបស់ទ្រង់ មុនពេលទ្រង់ចាកចេញពីពួកគេ គឺជាការត្រាស់ហៅថ្មីមួយសម្រាប់ជីវិតរបស់គេ។ សូមមើល កិច្ចការ ១:៨.
កិច្ចការ ១:៨
ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនឹងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា នឹងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង
ការរកឃើញ : តើព្រះយេស៊ូវមានបន្ទូលថា ពួកគេនឹងបំពេញតួនាទីរបស់គេជាអ្នកដើរតាមទ្រង់ដោយរបៀបណា?
ការរកឃើញ : តើព្រះវិញ្ញាណបរិសុទ្ធមានតួនាទីអ្វី?
ការគិតពិចារណា : ហេតុអ្វីបានជាយើងត្រូវការព្រះចេស្ដារបស់ទ្រង់ ដើម្បីបំពេញការត្រាស់ហៅរបស់យើងក្នុងនាមជាទីបន្ទាល់ដ៏ស្មោះត្រង់របស់ព្រះយេស៊ូវ?
ដោយសារតែព្រះមានព្រះបំណងចង់ឲ្យយើងធ្វើជាទីបន្ទាល់របស់ទ្រង់ ហើយទ្រង់សន្យាថានឹងប្រទានឲ្យយើងនូវព្រះចេស្ដាដើម្បីធ្វើដូច្នេះ នោះយើងអាចសុំទ្រង់ដោយទំនុកចិត្តដើម្បីឲ្យ កិច្ចការ ១:៨ កើតឡើងយ៉ាងជាក់ស្ដែងក្នុងជីវិតរបស់យើង។
ការចែកចាយ : តើអ្នកធ្លាប់មានបទពិសោធដែលព្រះប្រទានឲ្យអ្នកនូវភាពក្លាហាន និងព្រះចេស្ដាដើម្បីនិយាយអំពីទ្រង់ទេ?
ការបន្តឆ្ពោះទៅមុខ
ការបញ្ជាក់ : តើអ្នកមានគំនិត ឬសំណួរអ្វីខ្លះ?
ការសង្ខេប : តើអ្នកអាចលើកទឹកចិត្តអ្នកដទៃទៀតឲ្យស្គាល់ព្រះដោយរបៀបណា?
ការអនុវត្ត : តើអត្ថបទគម្ពីរមួយណា ដែលអ្នកនឹងសុំព្រះជាម្ចាស់ឲ្យធ្វើឲ្យវាកើតឡើងក្នុងជីវិតរបស់អ្នកក្នុងសប្តាហ៍នេះ?
ការចែកចាយបន្ត : តើអ្នកអាចនិយាយអំពីព្រះជាម្ចាស់ជាមួយនរណា នៅសប្ដាហ៍នេះ?
សូមគិតបកទៅកាន់ការសន្ទនាអំពី ការស្គាល់ព្រះ។
សូមចំណាយពេល ១ នាទីដើម្បីសរសេរអ្វីដែលអ្នកបានរកឃើញអំពីទ្រង់។
សូមចែកចាយចំណុចនេះជាមួយគ្នា។ តើមានអ្វី ដែលមានអត្ថន័យពិសេសចំពោះអ្នក?
នៅពេលយើងបិទបញ្ចប់ប្រធានបទនេះ សូមចំណាយពេលដើម្បីអរព្រះគុណព្រះសម្រាប់ឯកសិទ្ធិក្នុងការស្គាល់ទ្រង់ ហើយសរសើរតម្កើងទ្រង់ចំពោះរឿងដែលទ្រង់បានបើកបង្ហាញដល់អ្នកអំពីអង្គទ្រង់។
ការពង្រឹង:
ពេលអ្នកអានអត្ថបទគម្ពីរទាំងនេះ សូមពិចារណាអំពីអ្វីដែលគេនិយាយអំពីព្រះ និងអំពីការចែកចាយចំណេះដឹងនោះជាមួយអ្នកដទៃ។
ម៉ាថាយ ៥:១៣-១៦
អ្នករាល់គ្នាជាអំបិលនៃផែនដី បើអំបិលបាត់ជាតិប្រៃហើយ នោះតើនឹងយកអ្វី ដើម្បីធ្វើឲ្យប្រៃឡើងវិញបាន ជារបស់គ្មានប្រយោជន៍ទៀតសោះ មានតែបោះបង់ចោលទៅក្រៅ ឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ
អ្នករាល់គ្នាជាពន្លឺនៃលោកីយ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ ក៏គ្មានអ្នកណាអុជចង្កៀង យកទៅដាក់ក្រោមថាំងដែរ គេតែងដាក់លើជើងចង្កៀងវិញ នោះទើបភ្លឺដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នា ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌។
២ កូរិនថូស ៤:៥-១៨
យើងខ្ញុំមិនប្រកាសប្រាប់ពីខ្លួនយើងខ្ញុំទេ គឺពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់វិញ ហើយក៏រាប់ខ្លួនយើងខ្ញុំ ថាជាបាវបំរើរបស់អ្នករាល់គ្នា ដោយព្រោះព្រះយេស៊ូវដែរ ដ្បិតគឺជាព្រះ ដែលមានបន្ទូលបង្គាប់ ឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត ទ្រង់បានបំភ្លឺមកក្នុងចិត្តយើងខ្ញុំ ឲ្យយើងខ្ញុំមានរស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះ ដែលនៅព្រះភក្ត្រនៃព្រះយេស៊ូវគ្រីស្ទ។
យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិដ៏លើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ ដែលយើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្ដីវិលវល់ តែមិនទ័លគំនិតទេ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ យើងខ្ញុំផ្ទុកសេចក្ដីសុគតនៃព្រះអម្ចាស់យេស៊ូវ នៅក្នុងរូបកាយយើងខ្ញុំជានិច្ច ដើម្បីឲ្យព្រះជន្មនៃទ្រង់បានសំដែងមក ក្នុងរូបកាយយើងខ្ញុំដែរ ដ្បិតយើងរាល់គ្នាដែលរស់នៅ នោះយើងត្រូវប្រគល់ដល់សេចក្ដីស្លាប់ជាដរាប ដោយព្រោះព្រះយេស៊ូវ ដើម្បីឲ្យព្រះជន្មនៃទ្រង់បានសំដែងមក ក្នុងរូបសាច់យើង ដែលតែងតែស្លាប់នេះ ហេតុនោះបានជាសេចក្ដីស្លាប់កំពុងតែចំរើនឡើងក្នុងយើងខ្ញុំ តែជីវិតចំរើនក្នុងអ្នករាល់គ្នាវិញ។
ហើយដែលមានចិត្តជឿដូចគ្នា ត្រូវនឹងសេចក្ដីដែលចែងទុកមកថា «ខ្ញុំបានជឿ បានជាខ្ញុំនិយាយ» នោះយើងខ្ញុំក៏ជឿដែរ បានជាយើងខ្ញុំនិយាយ ដោយដឹងថា ព្រះអង្គ ដែលប្រោសព្រះអម្ចាស់យេស៊ូវ ឲ្យមានព្រះជន្មរស់ឡើងវិញ ទ្រង់នឹងប្រោសឲ្យយើងខ្ញុំរស់ឡើងដែរ ដោយសារព្រះយេស៊ូវ ហើយនឹងនាំយើងខ្ញុំទៅនៅចំពោះទ្រង់ជាមួយនឹងអ្នករាល់គ្នាដែរ ពីព្រោះគ្រប់ទាំងអស់សំរាប់អ្នករាល់គ្នា ដើម្បីឲ្យព្រះគុណដែលចំរើនឡើង ដោយសារមនុស្សជាច្រើន បានបណ្តាលឲ្យមានសេចក្ដីអរព្រះគុណចំរើនជាបរិបូរឡើង ដល់សិរីល្អនៃព្រះលើសទៅទៀត។
ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ ប៉ុន្តែ ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ ដ្បិតសេចក្ដីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ ដោយយើងខ្ញុំមិនរាប់អានរបស់ដែលមើលឃើញឡើយ គឺរាប់អានតែរបស់ដែលមើលមិនឃើញវិញ ដ្បិតរបស់ដែលមើលឃើញ នោះស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែឯរបស់ដែលមើលមិនឃើញ នោះនៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ។
ទំនុកដំកើង ១៤៥:១-២១
ទំនុកជាបទសរសើររបស់ស្តេចដាវីឌ។
ឱព្រះដ៏ជាមហាក្សត្រនៃទូលបង្គំអើយ
ទូលបង្គំនឹងលើកដំកើងទ្រង់
ហើយនឹងសូមឲ្យព្រះនាមទ្រង់បានពរអស់កល្បជានិច្ច
ទូលបង្គំនឹងសូមឲ្យទ្រង់បានប្រកបដោយព្រះពររាល់ៗថ្ងៃ
ព្រមទាំងសរសើរដល់ព្រះនាមទ្រង់អស់កល្បជានិច្ច
ព្រះយេហូវ៉ាទ្រង់ធំប្រសើរ គឺគួរសរសើរយ៉ាងក្រៃលែង
ឯសណ្ឋានធំប្រសើររបស់ទ្រង់ នោះនឹងរកយល់មិនបាន
មនុស្សដំណ១នឹងសរសើរស្នាដៃរបស់ទ្រង់
ដល់ដំណ១ទៀត
ព្រមទាំងប្រកាសប្រាប់ពីការឥទ្ធិឫទ្ធិរបស់ទ្រង់ផង
ទូលបង្គំនឹងរំពឹងគិតពីឫទ្ធានុភាពដ៏រុងរឿងឧត្តម
ហើយពីការអស្ចារ្យរបស់ទ្រង់ដែរ
មនុស្សទាំងឡាយនឹងថ្លែងពីឫទ្ធិនៃការដ៏គួរស្ញែងខ្លាច
របស់ទ្រង់
ឯទូលបង្គំនឹងប្រកាសពីសណ្ឋានដ៏ធំវិសេសនៃទ្រង់ដែរ
គេនឹងបញ្ចេញសេចក្ដីដែលនឹកចាំពីព្រះហឫទ័យ
ដ៏ល្អប្រសើរ
ហើយច្រៀងពីសេចក្ដីសុចរិតរបស់ទ្រង់
ព្រះយេហូវ៉ាទ្រង់ប្រកបដោយមេត្តាករុណា
នឹងអាណិតអាសូរ
ទ្រង់យឺតនឹងខ្ញាល់ ក៏មានសេចក្ដីសប្បុរសដ៏ធំទូលាយ
ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់
ហើយព្រះហឫទ័យទន់សន្តោសរបស់ទ្រង់
ក៏គ្របលើកិច្ចការរបស់ទ្រង់ទាំងប៉ុន្មាន
ឱព្រះយេហូវ៉ាអើយ
អស់ទាំងស្នាដៃរបស់ទ្រង់នឹងអរព្រះគុណដល់ទ្រង់
ហើយពួកអ្នកបរិសុទ្ធរបស់ទ្រង់នឹងសូមឲ្យទ្រង់បានប្រកប
ដោយព្រះពរ
គេនឹងថ្លែងពីសិរីល្អនៃនគរទ្រង់
នឹងពីតេជានុភាពរបស់ទ្រង់
ប្រយោជន៍ឲ្យពួកមនុស្សជាតិបានស្គាល់
អស់ទាំងការឥទ្ធិឫទ្ធិរបស់ទ្រង់
ហើយនឹងសិរីល្អនៃឫទ្ធានុភាពរបស់រាជ្យទ្រង់
រាជ្យទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ច
ហើយអំណាចទ្រង់ក៏នៅ ដរាបដល់អស់ទាំងដំណតទៅ
ព្រះយេហូវ៉ាទ្រង់គាំទ្រដល់អស់អ្នកដែលដួល
ក៏លើកពួកអ្នកដែលត្រូវឱនឡើងវិញ
ភ្នែករបស់មនុស្សទាំងអស់រង់ចាំតែទ្រង់
ហើយទ្រង់ក៏ប្រទានអាហារដល់គេតាមត្រូវពេល
ទ្រង់លាព្រះហស្ត ក៏បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ
ព្រះយេហូវ៉ាទ្រង់សុចរិតក្នុងគ្រប់ទាំងផ្លូវទ្រង់
ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការរបស់ទ្រង់ដែរ
ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអស់អ្នក
ដែលអំពាវនាវដល់ទ្រង់
គឺអស់អ្នកដែលអំពាវនាវដល់ទ្រង់ដោយពិតត្រង់
ទ្រង់នឹងបំពេញបំណងចិត្តនៃអស់អ្នកដែលកោតខ្លាច
ដល់ទ្រង់
ក៏នឹងឮពាក្យអំពាវនាវរបស់គេ
ព្រមទាំងជួយសង្គ្រោះគេផង
ព្រះយេហូវ៉ាទ្រង់រមែងការពារអស់អ្នក
ដែលស្រឡាញ់ទ្រង់
តែនឹងបំផ្លាញពួកមនុស្សអាក្រក់វិញ
មាត់ទូលបង្គំនឹងពោលពាក្យសរសើរពីព្រះយេហូវ៉ា
គួរឲ្យមនុស្សទាំងឡាយ បានសូមឲ្យព្រះនាមបរិសុទ្ធ
របស់ទ្រង់បានពរ នៅអស់កល្បជានិច្ចដែរ។
ម៉ាថាយ ១៣:១-២៣
នៅថ្ងៃនោះ ព្រះយេស៊ូវទ្រង់យាងចេញពីផ្ទះ ទៅគង់នៅមាត់សមុទ្រ នោះមានមនុស្សប្រជុំគ្នា មកឯទ្រង់ណែនណាន់ ដល់ម៉្លេះបានជាទ្រង់យាងចុះទៅគង់ក្នុងទូកវិញ ហើយមនុស្សទាំងអស់គ្នាឈរនៅលើមាត់ច្រាំង ទ្រង់មានបន្ទូលទៅគេ ជាពាក្យប្រៀបប្រដូចអំពីរឿងជាច្រើនថា មើល មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ កំពុងដែលគាត់ព្រោះ នោះមានខ្លះធ្លាក់ចុះតាមផ្លូវ ហើយសត្វស្លាបក៏ហើរមកចឹកស៊ីអស់ទៅ មានខ្លះទៀតធ្លាក់ទៅក្នុងកន្លែងថ្ម ដែលមានដីរាក់ពេក ស្រាប់តែដុះឡើងភ្លាម ព្រោះដីមិនជ្រៅទេ ប៉ុន្តែ កាលថ្ងៃរះឡើង នោះក៏ក្រៀមខ្លោចទៅ ពីព្រោះគ្មានឫស ហើយខ្លះទៀតធ្លាក់ទៅកណ្តាលបន្លាៗក៏ដុះឡើងខ្ទប់ជិត តែមានខ្លះទៀតធ្លាក់ទៅក្នុងដីល្អ ហើយបង្កើតផលបាន១ជា១រយ មួយទៀតបាន៦០ ហើយមួយទៀតបាន៣០ អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។
រួចពួកសិស្សមកឯទ្រង់ទូលសួរថា ហេតុអ្វីបានជាទ្រង់មានបន្ទូលនឹងគេ ជាពាក្យប្រៀបប្រដូចដូច្នេះ ទ្រង់មានបន្ទូលឆ្លើយថា ពីព្រោះបានប្រទានមកអ្នករាល់គ្នា ឲ្យបានស្គាល់ការអាថ៌កំបាំងរបស់នគរស្ថានសួគ៌ តែមិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេ ដ្បិតអ្នកណាដែលមាន គេនឹងឲ្យទៅអ្នកនោះ ហើយអ្នកនោះនឹងមានជាបរិបូរឡើង តែអ្នកណាដែលគ្មាន នោះគេនឹងយកទាំងអ្វីៗដែលអ្នកនោះមានចេញផង ហេតុនោះបានជាខ្ញុំនិយាយនឹងគេ ជាពាក្យប្រៀបប្រដូច ដ្បិតដែលគេមើល នោះមិនឃើញវិញ ហើយដែលគេស្តាប់ នោះក៏មិនឮ ហើយមិនយល់ផង ពាក្យទំនាយរបស់ហោរាអេសាយបានសំរេច នៅលើអ្នកទាំងនោះហើយ គឺជាសេចក្ដីដែលទាយទុកមកថា
«ដែលឯងរាល់គ្នាឮ នោះនឹងឮមែន តែស្ដាប់មិនបាន ហើយដែលឃើញ នោះនឹងឃើញមែន តែមិនយល់សោះ ព្រោះចិត្តរបស់ជនជាតិនេះបានត្រឡប់ជាស្ពឹកវិញ គេឮដោយត្រចៀកធ្ងន់ ហើយធ្មេចភ្នែក ក្រែងមើលឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀក ហើយយល់ក្នុងចិត្ត រួចគេប្រែចិត្ត ហើយអញប្រោសឲ្យគេបានជា»
តែអ្នករាល់គ្នាវិញ ភ្នែកអ្នកមានពរហើយ ដ្បិតមើលឃើញ ត្រចៀកអ្នកក៏ដែរ ដ្បិតស្តាប់ឮ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពីដើមមានហោរា នឹងមនុស្សសុចរិតជាច្រើន គេចង់ឃើញការដែលអ្នករាល់គ្នាឃើញ តែមិនមានឃើញសោះ ក៏ចង់ឮសេចក្ដីដែលអ្នករាល់គ្នាឮដែរ តែមិនមានឮឡើយ។
ដូច្នេះ ចូរអ្នករាល់គ្នាស្តាប់ពាក្យប្រៀបប្រដូច ពីអ្នកព្រោះពូជនោះ គឺកាលណាបើអ្នកណាស្តាប់ព្រះបន្ទូលពីនគរ តែមិនយល់ នោះអាកំណាចក៏មកឆក់យកសេចក្ដី ដែលបានព្រោះក្នុងចិត្តអ្នកនោះទៅបាត់ នេះគឺជាអ្នកដែលបានទទួលពូជតាមផ្លូវ ហើយអ្នកដែលបានទទួលពូជក្នុងកន្លែងថ្ម នោះគឺជាអ្នកដែលឮព្រះបន្ទូលរួចទទួលភ្លាមដោយអំណរ តែគ្មានចាក់ឫសនៅក្នុងខ្លួន ហើយមិននៅជាប់ជាយូរប៉ុន្មានទេ លុះកាលណាកើតមានសេចក្ដីទុក្ខលំបាក ឬសេចក្ដីបៀតបៀនដោយព្រោះព្រះបន្ទូល នោះគេរសាយចិត្តចេញភ្លាម ហើយអ្នកដែលបានទទួលពូជនៅក្នុងបន្លា នោះគឺជាអ្នកដែលឮព្រះបន្ទូល រួចសេចក្ដីខ្វល់ខ្វាយនៅជីវិតនេះ នឹងសេចក្ដីឆបោករបស់ទ្រព្យសម្បត្តិមកខ្ទប់ព្រះបន្ទូលជាប់ មិនឲ្យពូជនោះកើតផលឡើយ តែអ្នកដែលទទួលពូជក្នុងដីល្អវិញ នោះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់ ក៏បង្កើតផលផ្លែ មួយជា១រយ មួយជា៦០ ហើយមួយទៀតជា៣០។
២ កូរិនថូស ៥:១១-២១
ដូច្នេះ ដែលស្គាល់សេចក្ដីស្ញែងខ្លាចរបស់ព្រះអម្ចាស់ នោះយើងខ្ញុំក៏ខំបញ្ចុះបញ្ចូលមនុស្សឲ្យជឿ តែយើងខ្ញុំជាអ្នកប្រាកដច្បាស់ដល់ព្រះហើយ ខ្ញុំក៏សង្ឃឹមថា ដល់បញ្ញាចិត្តរបស់អ្នករាល់គ្នាដែរ ដ្បិតយើងខ្ញុំមិនមែនផ្ទុកផ្តាក់ខ្លួននឹងអ្នករាល់គ្នាម្តងទៀតទេ គឺយើងខ្ញុំឲ្យអ្នករាល់គ្នាមានឱកាសនឹងអួតពីយើងខ្ញុំវិញ ដើម្បីឲ្យអ្នករាល់គ្នាមានពាក្យតបឆ្លើយ ដល់អស់អ្នកដែលអួតតែពីចរិតខាងក្រៅ មិនមែនពីសណ្ឋានក្នុងចិត្តនោះទេ ដ្បិតទោះបើយើងខ្ញុំវង្វេងស្មារតីក្តី នោះគឺវង្វេងសំរាប់ព្រះអង្គ ឬបើមានគំនិតនឹងធឹងក្តី ក៏សំរាប់អ្នករាល់គ្នាវិញ ដ្បិតសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើងខ្ញុំ ដោយយើងខ្ញុំពិចារណាឃើញថា បើម្នាក់បានស្លាប់ជំនួសអ្នកទាំងអស់នោះទាំងអស់ឈ្មោះថាបានស្លាប់ហើយ ទ្រង់ក៏បានសុគតជំនួសមនុស្សទាំងអស់យ៉ាងនោះ គឺដើម្បីឲ្យពួកអ្នកដែលរស់នៅ មិនរស់សំរាប់តែខ្លួនឯងទៀត គឺរស់សំរាប់ព្រះអង្គ ដែលសុគតជំនួសគេ ហើយបានរស់ឡើងនោះវិញ
បានជាពីនេះទៅមុខ យើងខ្ញុំមិនស្គាល់អ្នកណាខាងឯសាច់ឈាមទៀតទេ តែបើយើងខ្ញុំបានស្គាល់ព្រះគ្រីស្ទខាងសាច់ឈាមហើយ គង់តែឥឡូវនេះមិនស្គាល់ទ្រង់យ៉ាងនោះទៀតឡើយ បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្ដីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ គ្រប់ទាំងអស់ក៏មកពីព្រះ ដែលទ្រង់បានផ្សះផ្សាយើងនឹងព្រះអង្គទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ ហើយបានប្រទានការងារផ្សះផ្សានោះ មកយើងខ្ញុំដែរ គឺពីដំណើរដែលព្រះទ្រង់គង់ក្នុងព្រះគ្រីស្ទ កំពុងផ្សះផ្សាលោកីយនឹងព្រះអង្គទ្រង់ ឥតប្រកាន់ទោសគេទៀត ហើយទ្រង់បានប្រគល់ព្រះបន្ទូល ពីការផ្សះផ្សានោះមកយើងខ្ញុំ។
ដូច្នេះ យើងខ្ញុំជាទូតដំណាងព្រះគ្រីស្ទ ហាក់ដូចជាព្រះទ្រង់អង្វរដោយសារយើងខ្ញុំ គឺយើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថា ចូរឲ្យបានជាមេត្រីនឹងព្រះចុះ ដ្បិតឯព្រះអង្គ ដែលមិនបានស្គាល់បាបសោះ នោះព្រះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្ដីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង។
ទំនុកដំកើង ១០៣:១-២២
ទំនុកនៃស្តេចដាវីឌ ។
ឱព្រលឹងអញអើយ
ចូរសរសើរដល់ព្រះយេហូវ៉ា
ហើយគ្រប់ទាំងអស់ដែលរួមនៅក្នុងខ្លួនអញ
ចូរសរសើរដល់ព្រះនាមបរិសុទ្ធនៃទ្រង់ដែរ
ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ
ហើយកុំឲ្យភ្លេចបណ្តាព្រះគុណណាមួយរបស់ទ្រង់ឡើយ
ដែលទ្រង់អត់ទោសចំពោះអស់ទាំងការទុច្ចរិតរបស់ឯង
ទ្រង់ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យជា
ក៏ជួយជីវិតឯងឲ្យរួចពីរណ្តៅ
ហើយយកសេចក្ដីសប្បុរស នឹងសេចក្ដីមេត្តាករុណា
បំពាក់ជាមកុដឲ្យឯងវិញ
ព្រមទាំងប្រោសប្រទានឲ្យសំបកកាយនៃឯង
បានស្កប់ស្កល់ដោយរបស់ល្អ
ប្រយោជន៍ឲ្យវ័យក្មេងឯង បានកែឡើងជាថ្មី ដូចជាឥន្ទ្រី
ព្រះយេហូវ៉ាទ្រង់សំរេចកិច្ចការដ៏សុចរិត
ហើយនឹងសេចក្ដីយុត្តិធម៌
ចំពោះអស់អ្នកណាដែលត្រូវគេសង្កត់សង្កិន
ទ្រង់បានសំដែងឲ្យម៉ូសេស្គាល់អស់ទាំងផ្លូវរបស់ទ្រង់
ហើយឲ្យពួកកូនចៅអ៊ីស្រាអែលស្គាល់អស់ទាំងកិច្ចការ
របស់ទ្រង់ដែរ
ព្រះយេហូវ៉ាទ្រង់មានសេចក្ដីមេត្តាករុណា
ហើយនឹងសេចក្ដីអាណិតអាសូរ
ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសដ៏បរិបូរ
ទ្រង់នឹងមិនបន្ទោសជាដរាប
ក៏មិនប្រកាន់ជារៀងរាបតទៅដែរ
10ទ្រង់មិនបានប្រព្រឹត្តនឹងយើង
តាមអំពើបាបរបស់យើងទេ
ក៏មិនបានសងតាមអំពើទុច្ចរិតរបស់យើងដែរ
ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីច្រើនប៉ុណ្ណា
សេចក្ដីសប្បុរសរបស់ទ្រង់ក៏ធំច្រើនប៉ុណ្ណោះ
ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់
ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា
ទ្រង់បានដកយកអស់ទាំងការល្មើសនៃយើង
ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ
ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យអាណិតដល់អស់អ្នក
ដែលកោតខ្លាចទ្រង់
ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដែរ
ដ្បិតទ្រង់ស្គាល់រាងកាយរបស់យើង
ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ
ចំណែកឯមនុស្ស ថ្ងៃអាយុរបស់គេធៀបដូចជាស្មៅ
គេរីកឡើងដូចជាផ្កានៅទីវាល
ដ្បិតកាលណាខ្យល់បក់មកត្រូវ នោះក៏សូន្យបាត់ទៅ
ហើយកន្លែងនោះមិនស្គាល់វាទៀត
តែសេចក្ដីសប្បុរសនៃព្រះយេហូវ៉ាស្ថិតស្ថេរនៅ
តាំងពីអស់កល្បដរាបដល់អស់កល្បជានិច្ច
ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់
សេចក្ដីសុចរិតរបស់ទ្រង់ ក៏នៅរហូតដល់កូនចៅគេតទៅ
គឺដល់អស់អ្នកដែលកាន់តាមសេចក្ដីសញ្ញាទ្រង់
នឹងពួកអ្នកដែលនឹកចាំពីអស់ទាំងសេចក្ដីបញ្ញត្តទ្រង់
ដើម្បីនឹងប្រព្រឹត្តតាម
ព្រះយេហូវ៉ាទ្រង់បានតាំងបល្ល័ង្កទ្រង់នៅលើស្ថានសួគ៌
ហើយរាជ្យទ្រង់ក៏គ្រប់គ្រងលើទាំងអស់
ចូរសរសើរដល់ព្រះយេហូវ៉ា អស់ពួកទេវតា
របស់ទ្រង់អើយ ជាអ្នកដែលមានឥទ្ធិឫទ្ធិខ្លាំង
ហើយក៏ប្រតិបត្តិតាមបង្គាប់ទ្រង់
ដោយស្តាប់តាមព្រះសូរសៀងនៃព្រះបន្ទូលទ្រង់
ចូរសរសើរដល់ព្រះយេហូវ៉ា អស់ពួកពលបរិវារ
របស់ទ្រង់អើយ
ជាពួកអ្នកបំរើទ្រង់ដែលធ្វើតាមព្រះហឫទ័យ
អស់ទាំងស្នាដៃរបស់ទ្រង់អើយ
ចូរសរសើរដល់ព្រះយេហូវ៉ា
នៅគ្រប់ទីកន្លែងដែលទ្រង់មានអំណាច
ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។