ជំនឿដែលចម្រើនឡើង

Logo Only in White

៣.៣ ការរស់នៅដោយមានការអនុវត្ត ៖ ការរស់នៅតាមការដឹកនាំនៃព្រះវិញ្ញាណ

នៅពេលដែលព្រះយេស៊ូវ និងពួកសិស្សទ្រង់ធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ពួកគេធ្វើដំណើរដោយថ្មើរជើង។ តើអ្នកគិតថា ពួកគេបានធ្វើអ្វីខ្លះនៅពេលពួកគេដើរ?

ព្រះគម្ពីរប្រើរូបភាពនៃការដើរ ដើម្បីបង្ហាញអំពីរបៀបដែលយើងធ្វើដំណើរក្នុងជីវិត។ ការបកប្រែព្រះគម្ពីរខ្លះជំនួសពាក្យ «ដើរ» ដោយពាក្យដូចជា «ប្រព្រឹត្ត» «ធ្វើទង្វើ» ឬ «រស់នៅ»។ ពាក្យទាំងនោះសុទ្ធតែពិពណ៌នាអំពីរបៀបដែលយើងដើរក្នុងជីវិតជាមួយព្រះ។

ការពិភាក្សា : ការពិភាក្សា៖ តើរូបភាពនៃ «ការដើរ» នៅក្នុងខគម្ពីរខាងក្រោម មានអត្ថន័យបែបណាខ្លះ?

លោកុប្បត្តិ ៦:៩ នេះជាពង្សាវតាររបស់ណូអេ គាត់ជាអ្នកសុចរិត ហើយគ្រប់លក្ខណ៍នៅក្នុងដំណវង្សខ្លួន គាត់ក៏ដើរជាមួយនឹងព្រះ

ទំនុកដំកើង ៨១:១៣ «ឱបើប្រសិនណាជារាស្ត្រអញនឹងស្តាប់តាមអញ ឱបើអ៊ីស្រាអែលនឹងដើរតាមផ្លូវអញទៅអេះ»

មីកា ៤:៥ នោះទោះបើអស់ទាំងសាសន៍ប្រព្រឹត្តតាមឈ្មោះរបស់ព្រះនៃគេរៀងខ្លួន គង់តែយើងរាល់គ្នានឹងប្រព្រឹត្តតាមព្រះ‌នាមនៃព្រះ‌យេហូវ៉ា ជាព្រះនៃយើង ជាដរាបរៀងតទៅវិញ។

កូល៉ុស ១:១០ ដើម្បីឲ្យបានដើរបែបគួរនឹងព្រះ‌អម្ចាស់ ទាំងគាប់ចិត្តដល់មនុស្សទាំងអស់ ឲ្យបានបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង។

១ យ៉ូហាន ២:៦ អ្នកណាដែលថាខ្លួននៅក្នុងទ្រង់ (ព្រះយេស៊ូវ) នោះត្រូវតែប្រព្រឹត្តដូចជាទ្រង់ដែរ។

២ កូរិនថូស ៥:៧ ដ្បិតយើងខ្ញុំដើរដោយជំនឿ មិនមែនដោយមើលឃើញទេ។

ការគិតពិចារណា : តើរូបភាពនៃការដើរជាមួយព្រះ បង្ហាញអ្វីខ្លះដល់អ្នក?

ការដើរដោយព្រះវិញ្ញាណ

អេសេគាល ៣៦:២៧ ពន្យល់ថា ព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងយើង ជួយឲ្យយើងដើរតាមផ្លូវដែលព្រះសព្វព្រះហឫទ័យ។

អេសេគាល ៣៦:២៧

អញ​នឹង​ដាក់​វិញ្ញាណ​របស់​អញ​នៅ​ក្នុង​ឯង​រាល់​គ្នា ហើយ​បណ្តាល​ឲ្យ​ឯង​រាល់​គ្នា​ដើរ​តាម​ក្រឹត្យ‌ក្រម ហើយ​រក្សា​បញ្ញត្ត​ច្បាប់​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង

(អានបន្ថែម)

កាឡាទី ជំពូក ៥ ប្រាប់យើងកាន់តែលម្អិតអំពីរបៀបដែលយើងដើរដោយព្រះវិញ្ញាណ។

កាឡាទី ៥:១៦-១៨, ២៤-២៥

តែ​ខ្ញុំ​ប្រាប់​ថា ចូរ​ដើរ​ក្នុង​ព្រះ‌វិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​សេចក្ដី​ប៉ង‌ប្រាថ្នា​ខាង​សាច់​ឈាម​ទេ ដ្បិត​សាច់​ឈាម​តែង‌តែ​ប៉ង‌ប្រាថ្នា​ទាស់​នឹង​ព្រះ‌វិញ្ញាណ ឯ​ព្រះ‌វិញ្ញាណ ទ្រង់​ក៏​ទាស់​នឹង​សាច់​ឈាម​ដែរ សេចក្ដី​ទាំង​២​នេះ​ប្រឆាំង​នឹង​គ្នា ដល់​ម៉្លេះ​បាន​ជា​អ្នក​រាល់​គ្នា​រក​ធ្វើ​ការ ដែល​ចង់​ធ្វើ​ទៅ​មិន​កើត បើ​ព្រះ‌វិញ្ញាណ​ទ្រង់​នាំ​អ្នក​រាល់​គ្នា​វិញ នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​បន្ទុក​ក្រិត្យ‌វិន័យ​ទៀត​ទេ . . . ហើយ​អស់​អ្នក​ដែល​ជា​របស់​ផង​ព្រះ‌គ្រីស្ទ នោះ​បាន​ឆ្កាង​សាច់​ឈាម​ហើយ ព្រម​ទាំង​សេចក្ដី​រំជួល នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា​ទាំង​ប៉ុន្មាន​ផង បើ​សិន​ជា​យើង​រស់​ដោយ​នូវ​ព្រះ‌វិញ្ញាណ នោះ​ត្រូវ​ដើរ​ដោយ​ព្រះ‌វិញ្ញាណ​ដែរ

(អានបន្ថែម)

ការរកឃើញ : តើយើងជួបប្រទះការប្រឆាំងអ្វីខ្លះ នៅពេលយើងដើរជាមួយព្រះ?
ការរកឃើញ : តើយើងអាចធ្វើដំណើរនៅក្នុងជីវិតនេះ ដោយមិនបំពេញតាមបំណងចិត្តខាងសាច់ឈាមដោយរបៀបណា?

ការរកឃើញ : តើមានអ្វីកើតឡើងចំពោះចរិតចាស់ (សាច់ឈាម) និងអំណាចនៃអំពើបាបមកលើយើង?

ការពិភាក្សា : តើការណ៍នេះរំដោះយើងពីក្រឹត្យវិន័យយ៉ាងដូចម្ដេច ដើម្បីឲ្យយើងអាចដើរតាមព្រះវិញ្ញាណ?

យើងដើរតាមព្រះវិញ្ញាណ ពេលយើងថ្វាយឲ្យទ្រង់គ្រប់គ្រងលើយើង ហើយដើរតាមការដឹកនាំរបស់ទ្រង់។ ឃ្លា «ដើរ» ដែលប្រើក្នុងខគម្ពីរ កាឡាទី ៥:២៥ គឺជាពាក្យយោធាដែលប្រើដើម្បីពិពណ៌នាអំពីការដើរជាក្បួនតាមឋានន្តរសក្ដិ។ ទាហានដើរជាក្បួនទៅតាមមេដឹកនាំរបស់ពួកគេ។

ការគិតពិចារណា : តើនឹងមានអ្វីកើតឡើង ប្រសិនបើទាហានដើរក្បួន បែរជាជ្រើសរើសដើរតែតាមចិត្តខ្លួនឯង?

ការពិភាក្សា : តើយើងអាចរក្សាជំហានទៅតាមព្រះវិញ្ញាណដោយមិនឲ្យទ្រង់គ្រប់គ្រងលើយើងបានទេ?

ព្រះសព្វព្រះហឫទ័យឲ្យយើងរស់នៅតាមការដឹកនាំរបស់ទ្រង់ ដោយដើរតាមការដឹកនាំរបស់ទ្រង់ពីមួយថ្ងៃទៅមួយថ្ងៃ មួយពេលទៅមួយពេល។ សូមមើលអំពីរបៀបដែលកិច្ចការនេះអាច ឬមិនអាចកើតឡើងនៅក្នុងជីវិតរបស់យើង។

ការជ្រើសរើសដើម្បីឆ្លើយតបតាមរយៈព្រះវិញ្ញាណ

សូមស្រមៃមើលសេណារីយ៉ូខាងក្រោម ៖

មានសិស្សម្នាក់នៅក្នុងថ្នាក់របស់អ្នក តែងតែមិនអើពើនឹងការបង្រៀនរបស់អ្នកម្តងហើយម្តងទៀត។ អ្នកក៏ដោះស្រាយជាមួយគាត់ ចំពោះអាកប្បកិរិយាបែបនេះ ប៉ុន្តែគាត់នៅតែបន្តធ្វើបែបនេះពេញមួយសប្តាហ៍ ហើយហាក់ដូចជាកាន់តែពិបាកទៅៗ។ ថ្ងៃនេះ នៅពេលអ្នករម្លឹកកុមារនោះពីអ្វីដែលត្រូវធ្វើ គាត់និយាយតបមកអ្នកវិញបែបឈ្លើយ ហើយថែមទាំងជេរអ្នកទៀតផង។

ការចែកចាយ : តើប្រតិកម្មធម្មតា (ចរិតចាស់) របស់អ្នក នឹងតបទៅគាត់បែបណា?

យើងមិនត្រូវឆ្លើយតបដោយកំហឹង ឬភាពឆេវឆាវនោះទេ។ ព្រះបានប្រទានព្រះចេស្ដាដល់យើង ដើម្បីឲ្យយើងអាចឆ្លើយតបក្នុងនាមជាមនុស្សថ្មី ជំនួសឲ្យតាមចរិតចាស់របស់យើង។ កូល៉ុស ៣:១២-១៥ បង្ហាញដល់យើងនូវរូបភាពអំពីរបៀបដែលជីវិតថ្មី ដែលបង្កើតឡើងតាមរូបអង្គនៃព្រះគ្រីស្ទ អាចឆ្លើយតបបានក្នុងស្ថានភាពណាមួយ។

កូល៉ុស ៣:១២-១៥

ដូច្នេះ ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត នឹង​ចិត្ត​អត់‌ធ្មត់ ទុក​ដូច​ជា​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួន‌ភ្ងា​ដល់​ព្រះ​ចុះ ហើយ​ទ្រាំ‌ទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក បើ​អ្នក​ណា​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ ចូរ​បន្ថែម​ទាំង​សេចក្ដី​ស្រឡាញ់​ថែម​ទៀត ជា​ចំណង​នៃ​សេចក្ដី​គ្រប់​លក្ខណ៍ ចូរ​ឲ្យ​សេចក្ដី​មេត្រី​របស់​ព្រះ‌គ្រីស្ទ​ត្រួត‌ត្រា​នៅ​ក្នុង​ចិត្ត ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្ដី​នោះ​ឯង ឲ្យ​មាន​រូប‌កាយ​តែ​១ ហើយ​ត្រូវ​ដឹង​គុណ​ផង។

(អានបន្ថែម)

ការរកឃើញ : តើយើងអាចជ្រើសរើសប្រដាប់កាយដោយអ្វីខ្លះ?

ការចែកចាយ : តើលក្ខណៈ «ចរិតថ្មី» មួយណា ដែលពិបាកបំផុតសម្រាប់អ្នកក្នុងការបង្ហាញឡើង នៅក្នុងស្ថានភាពនេះ?

ការពិភាក្សា : តើអាចទៅរួចទេក្នុងការបង្ហាញលក្ខណៈទាំងនេះតាមរយៈការខិតខំប្រឹងប្រែងរបស់អ្នកផ្ទាល់? តើមានលទ្ធផលយ៉ាងណានៅពេលអ្នកព្យាយាម?

ជួនកាលយើងគិតខុសថា គោលដៅសំខាន់គឺបង្ហាត់ខ្លួនយើងឲ្យធ្វើដូចព្រះគ្រីស្ទ។ យើងជឿជាក់ថា ប្រសិនបើយើងព្យាយាមឲ្យបានគ្រប់គ្រាន់ យើងនឹងអាចធ្វើអាកប្បកិរិយាត្រឹមត្រូវ។ (តើអ្នកបាននិយាយមកកាន់ខ្លួនអ្នកញឹកញាប់ប៉ុណ្ណាថា «ថ្ងៃនេះខ្ញុំនឹងអត់ធ្មត់ជាងនេះ!»?) ប៉ុន្តែសមត្ថភាព និងធនធានរបស់យើងមិនគ្រប់គ្រាន់ទេ ដែលនេះបង្ហាញឲ្យយើងឃើញកាន់តែច្បាស់ នៅពេលដែលយើងជួបស្ថានភាពដែលធ្វើឲ្យយើងទប់អារម្មណ៍លែងបាន។ ផ្ទុយទៅវិញ ព្រះចង់ឲ្យយើងពឹងផ្អែកលើទ្រង់ និងធនធានរបស់ទ្រង់។

ការរកឃើញ : យោងតាម កូល៉ុស ៣:១២-១៥យើងអាចទទួលបានសេចក្ដីមេត្រី (ឬសេចក្ដីសុខសាន្ដ)។ តើអ្នកណាជាអ្នកផ្តល់សេចក្ដីមេត្រី? តើយើងមានតួនាទីអ្វី?

ព្រះប្រទានសេចក្ដីមេត្រីរបស់ទ្រង់ និងលក្ខណៈសម្បត្តិអត្តចរិតរបស់ទ្រង់មកយើងដើម្បី «បំពាក់» នៅលើជីវិតយើង។ នៅពេលយើងដើរតាមព្រះវិញ្ញាណ នោះយើងជ្រើសរើសឲ្យទ្រង់ដឹកនាំ ហើយបង្កើតលទ្ធផលផ្លែផ្កា ជាជាងពឹងលើការខិតខំរបស់យើងផ្ទាល់។

នៅពេលយើងថ្វាយឲ្យព្រះវិញ្ញាណបរិសុទ្ធគ្រប់គ្រងជីវិតរបស់យើង ទ្រង់នាំយើងឲ្យរស់នៅដូចព្រះយេស៊ូវបានរស់នៅ។

ការគិតពិចារណា : នៅក្នុងសេណារីយ៉ូខាងលើ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធគ្រប់គ្រងជីវិតរបស់អ្នក តើទ្រង់នឹងអាចឲ្យអ្នកឆ្លើយតបយ៉ាងដូចម្តេច?

ការចែកចាយ : តើការប្រដាប់កាយ (អនុវត្ត) នូវអត្តចរិតដែលស្របតាមព្រះ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ នឹងអាចឲ្យអ្នកដោះស្រាយជាមួយនឹងស្ថានភាពលំបាកដែលអ្នកកំពុងប្រឈមមុខដោយរបៀបណា?

ការបន្តពឹងផ្អែកលើទ្រង់ជាបន្តបន្ទាប់

ទូរសព្ទដៃរបស់អ្នកផ្តល់ឲ្យអ្នកនូវធនធានល្អៗមិនគួរឲ្យជឿ ប៉ុន្តែនៅពេលវាអស់ថ្ម នោះទូរសព្ទអ្នកគ្មានថាមពលទេ។ តើជាការអស្ចារ្យទេ បើមានទូរសព្ទដៃដែលមិនត្រូវសាកថ្ម? យើងអាចទទួលបានការណែនាំ និងព្រះចេស្ដារបស់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីរស់នៅតាមមាគ៌ារបស់ព្រះជាប់លាប់ជាបន្តបន្ទាប់ ដោយមិនដែលអស់ឡើយ។ យើងឃើញវានៅក្នុងការពិពណ៌នារបស់ព្រះយេស៊ូវអំពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុង យ៉ូហាន ៧:៣៧-៣៩ និង យ៉ូហាន ៤:១៤.

យ៉ូហាន ៧:៣៧-៣៩

នៅ​ថ្ងៃ​ក្រោយ​បង្អស់ ជា​ថ្ងៃ​បុណ្យ​យ៉ាង​សំខាន់ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ឈរ​បន្លឺ​ឧទាន​ប្រកាស​ឡើង​ថា បើ​អ្នក​ណា​ស្រេក ចូរ​ឲ្យ​អ្នក​នោះ​មក​ឯ​ខ្ញុំ ហើយ​ផឹក​ចុះ អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​មាន​ទន្លេ​ទឹក​រស់​ហូរ​ចេញ​ពី​ពោះ​ខ្លួន​មក ដូច​ជា​គម្ពីរ​សំដែង​ហើយ តែ​សេចក្ដី​នេះ គឺ​ទ្រង់​មាន​បន្ទូល​ពី​ព្រះ‌វិញ្ញាណ ដែល​អស់​អ្នក​ជឿ​ដល់​ទ្រង់​នឹង​ត្រូវ​ទទួល ដ្បិត​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មិន​ទាន់​យាង​មក ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​មិន​ទាន់​បាន​ដំកើង​ឡើង​នៅ​ឡើយ

(អានបន្ថែម)

យ៉ូហាន ៤:១៤

. . . តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ត្រឡប់​ជា​រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​‌កល្ប​ជានិច្ច។

(អានបន្ថែម)

ការពិភាក្សា : តើព្រះយេស៊ូវប្រៀបធៀបការស្រេកទឹករបស់យើងទៅនឹងសេចក្តីត្រូវការខាងវិញ្ញាណរបស់យើងក្នុងជីវិតប្រចាំថ្ងៃយ៉ាងដូចម្តេច (ដូចជាសន្តិភាព ឬសេចក្តីអត់ធ្មត់)?

ការរកឃើញ : តើយើងទទួលបានទឹកនេះដោយរបៀបណា ដែលអនុញ្ញាតឲ្យយើងរស់នៅតាមព្រះបំណងបំណងរបស់ព្រះ?

ការគិតពិចារណា : តើព្រះយេស៊ូវចង់ឲ្យយើងរៀនអ្វីខ្លះអំពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់យើង ពីរូបភាពទឹកទាំងពីរនេះ?

ការពិភាក្សា : តើទឹកទន្លេដែលហូរ និងអណ្តូងទឹកដែលផុសទឹកឡើង ប្រៀបធៀបយ៉ាងណាទៅនឹងធុងទឹកដែលតែងតែត្រូវការចាក់បំពេញជានិច្ច?

ការចែកចាយ : តើបទពិសោធរបស់អ្នកអំពីព្រះដែលផ្គត់ផ្គង់តម្រូវការរបស់អ្នក ប្រៀបបាននឹងទឹកទន្លេហូរ ឬក៏ធុងទឹកដែលត្រូវការចាក់បំពេញបន្ថែម?

នៅពេលយើងអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធគ្រប់គ្រងជីវិតយើង អ្វីដែលហូរចេញពីយើងមក គឺហូរមកដោយផ្ទាល់ពីទ្រង់ និងពេញលេញពីទ្រង់ ។ យើងមិនចាំបាច់ប្រមូលកម្លាំងចិត្តរបស់យើងដើម្បីធ្វើរឿងត្រឹមត្រូវ ឬអង្វរទ្រង់ឲ្យជួយយើងនោះទេ។ ប្រសិនបើយើងជ្រើសរើសឲ្យព្រះវិញ្ញាណគ្រប់គ្រង នោះអត្តចរិត និងសកម្មភាពរបស់ព្រះយេស៊ូវនឹងហូរចេញពីយើងតាមធម្មជាតិ។ យើង «ដើរដោយសេចក្ដីជំនឿ មិនមែនដោយការមើលឃើញឡើយ» (២ កូរិនថូស ៥:៧) ដោយទុកចិត្តព្រះឲ្យធ្វើការក្នុងយើង និងតាមរយៈយើង។ នេះគឺជា ជីវិតដែលពោរពេញដោយព្រះវិញ្ញាណ។.

ការនៅជាប់នឹងទ្រង់

នៅក្នុង យ៉ូហាន ១៤:១៧ ព្រះយេស៊ូវបានសន្យាថា ព្រះវិញ្ញាណបរិសុទ្ធនឹង គង់ជាមួយ ក៏នឹងសណ្ឋិតនៅក្នុងអ្នករាល់គ្នាដែរ» ។ តាមរយៈការរស់នៅតាមការគ្រប់គ្រងរបស់ព្រះវិញ្ញាណបរិសុទ្ធក្នុងជីវិតរបស់យើង យើងអាចជួបប្រទះនូវអ្វីដែលលោកប៉ុលពិពណ៌នានៅក្នុង កាឡាទី ២:២០៖ «ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះ‌គ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ»។

យ៉ូហាន ជំពូក ១៥ ផ្តល់ឲ្យយើងនូវរូបភាពមួយផ្សេងទៀតដើម្បីពិពណ៌នាអំពីព្រះវិញ្ញាណបរិសុទ្ធដែលហូរតាមរយៈយើង អ្វីដែលទ្រង់បង្កើត និងតួនាទីរបស់យើងនៅក្នុងនោះ។

សូមអាន យ៉ូហាន ១៥:៤-៥.

យ៉ូហាន ១៥:៤-៥

ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ ប្រៀប​ដូច​ជា​ខ្នែង បើ​មិន​នៅ​ជាប់​នឹង​គល់ នោះ​ពុំ​អាច​នឹង​បង្កើត​ផល​ដោយ​ឯក​ឯង​បាន​ទេ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ដែរ លើក​តែ​នៅ​ជាប់​នឹង​ខ្ញុំ ខ្ញុំ​ជា​គល់ អ្នក​រាល់​គ្នា​ជា​ខ្នែង អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ។

(អានបន្ថែម)

ការពិភាក្សា : តើការប្រៀបធៀបរបស់ព្រះយេស៊ូវដែលទ្រង់ជាដើមទំពាំងបាយជូរ និងយើងជាមែក ប្រាប់យើងអំពីទំនាក់ទំនងរបស់យើងជាមួយទ្រង់យ៉ាងណា?

មែកខ្លួនឯងមិនមានអំណាចលូតលាស់ ឬបង្កើតផលទេ។ ទឹក និងសារធាតុរ៉ែត្រូវហូរចេញពីដើមទំពាំងបាយជូរទៅកាន់មែកដើម្បីផ្តល់ជីវិត ធ្វើឲ្យមានការលូតលាស់ និងបង្កើតផល។ ព្រះយេស៊ូវគង់នៅក្នុងយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដោយធ្វើការទាំងនោះដូចគ្នា។

ការរកឃើញ : តើយើងនឹងអាចបង្កើតផលផ្លែអ្វី ប្រសិនបើយើងមិនអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធគ្រប់គ្រងជីវិតរបស់យើង?

ការរកឃើញ : តើយើងត្រូវការអ្វីខ្លះ ដើម្បីបង្កើតផល?

ការពិភាក្សា : តើ «ការនៅជាប់» មានន័យដូចម្តេច? ហេតុអ្វីបានជាយើងត្រូវនៅជាប់នឹងទ្រង់ ដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធធ្វើការ នៅក្នុងយើង និងតាមរយៈយើង?

ការរកឃើញ : យោងតាម កាឡាទី ៥:២២-២៣តើព្រះវិញ្ញាណបង្កើតផលអ្វីខ្លះ?

កាឡាទី ៥:២២-២៣

តែ​ឯ​ផល​ផ្លែ​នៃ​ព្រះ‌វិញ្ញាណ​វិញ នោះ​គឺ​សេចក្ដី​ស្រឡាញ់ អំណរ​អរ មេត្រី‌ភាព អត់‌ធ្មត់ សុភាព សប្បុរស ស្មោះ‌ត្រង់ ស្លូត‌បូត ហើយ​ដឹង​ខ្នាត គ្មាន​ក្រិត្យ‌វិន័យ​ណា​ទាស់​នឹង​សេចក្ដី​យ៉ាង​នោះ​ទេ។

(អានបន្ថែម)

នៅពេលយើងនៅជាប់នឹងព្រះគ្រីស្ទ យើងទទួលស្គាល់ថាយើងពឹងផ្អែកលើទ្រង់ ហើយយើងផ្ចង់ចិត្តទៅលើទ្រង់។ នេះអាចឲ្យយើងបន្តបោះជំហានតាមការដឹកនាំរបស់ទ្រង់ ហើយពឹងលើព្រះវិញ្ញាណបរិសុទ្ធដើម្បីធ្វើឲ្យវាអាចទៅរួច។ សូមអាន រ៉ូម ៨:៥.

រ៉ូម ៨:៥

ពី​ព្រោះ​អស់​អ្នក​ណា​ដែល​តាម​សាច់​ឈាម នោះ​គិត​តែ​ខាង​សាច់​ឈាម តែ​អស់​អ្នក​ណា​ដែល​តាម​ព្រះ‌វិញ្ញាណ នោះ​គិត​តែ​ខាង​វិញ្ញាណ​វិញ។

(អានបន្ថែម)

ការពិភាក្សា : តើធ្វើយ៉ាងណា ដើម្បីផ្ចង់ចិត្តរបស់អ្នក ដោយគិតតែអ្វីៗដែលមកពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលកំពុងធ្វើការងាររបស់អ្នក?

នៅពេលយើងឲ្យព្រះវិញ្ញាណបរិសុទ្ធគ្រប់គ្រងយើង នោះយើងប្រព្រឹត្តដោយជំនឿ ដោយទុកចិត្តទ្រង់ដើម្បីធ្វើការនៅក្នុងយើង និងតាមរយៈយើង ក្នុងគ្រប់កិច្ចការដែលយើងធ្វើ។ នេះអាចក្លាយទៅជាធម្មជាតិសម្រាប់យើង ដែលយើងមិនចាំបាច់ផ្តោតលើរបៀបក្នុងការដើរតាមព្រះវិញ្ញាណទេ ប៉ុន្តែយើងផ្ដោតលើព្រះវត្តមានរបស់ព្រះដែលដើរជាមួយយើង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនរណាម្នាក់កំពុងរៀនដើរតាមព្រះវិញ្ញាណ ពួកគេប្រហែលជាចង់ពិនិត្យមើលជាញឹកញាប់ថា តើពួកគេបានដើរតាមព្រះវិញ្ញាណបរិសុទ្ធ ហើយមានឆន្ទៈឲ្យទ្រង់បង្កើតផលផ្លែតាមរយៈពួកគេដែរឬទេ។ កាលណាយើងនៅជាប់នឹងព្រះគ្រីស្ទកាន់តែច្រើន នោះវាកាន់តែមានលក្ខណៈធម្មជាតិ។

ការបន្តឆ្ពោះទៅមុខ

ការបញ្ជាក់ : តើអ្នកមានគំនិត ឬសំណួរអ្វីខ្លះ?

ការសង្ខេប : តើការពោរពេញដោយព្រះវិញ្ញាណធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតរបស់យើងយ៉ាងដូចម្ដេច?

ការអនុវត្ត : តើអ្នកអាចផ្ដោតលើការដើរតាមព្រះវិញ្ញាណក្នុងសប្ដាហ៍នេះដោយរបៀបណា?

ការចែកចាយបន្ត : ប្រសិនបើនរណាម្នាក់កត់សម្គាល់ថា អ្នកកំពុងមានប្រតិកម្មខុសពីមុន តើអ្នកអាចពន្យល់ពីភាពខុសប្លែករបស់អ្នកដោយរបៀបណា?

ការពង្រឹង ៖

នៅសប្តាហ៍នេះ នៅពេលអ្នកអានខគម្ពីរទាំងនេះ សូមគិតពិចារណាពីភាពល្អរបស់ព្រះ ក្នុងការប្រទានព្រះវិញ្ញាណរបស់ទ្រង់ដល់អ្នក នៅពេលអ្នកដើរក្នុងជីវិត។

រ៉ូម ៨:១-១១

ហេតុ​នោះ នៅ​ជាន់​នេះ អ្នក​ណា​ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ នោះ​គ្មាន​ទោស​សោះ ដ្បិត​អំណាច​របស់​ព្រះ‌វិញ្ញាណ​នៃ​ជីវិត ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ នោះ​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​អំណាច​របស់​អំពើ​បាប នឹង​សេចក្ដី​ស្លាប់​ហើយ ពី​ព្រោះ ឯ​ការ​ដែល​ក្រិត្យ‌វិន័យ​ធ្វើ​មិន​កើត​ដោយ​មាន​សេចក្ដី​កំសោយ ព្រោះ​សាច់​ឈាម នោះ​ព្រះ‌ទ្រង់​បាន​ធ្វើ​វិញ ដោយ​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឲ្យ​មក មាន​រូប​អង្គ បែប​ដូច​ជា​សាច់​ឈាម​ដែល​តែង‌តែ​មាន​បាប ហើយ​ដោយ​ព្រោះ​អំពើ​បាប ក៏​កាត់​ទោស​អំពើ​បាប​នៅ​ក្នុង​សាច់​ឈាម ដើម្បី​ឲ្យ​សេចក្ដី​ដែល​ក្រិត្យ‌វិន័យ​បង្គាប់​មក បាន​សំរេច​ក្នុង​ខ្លួន​យើង​រាល់​គ្នា ដែល​មិន​ដើរ​តាម​សាច់​ឈាម គឺ​ដើរ​តាម​ព្រះ‌វិញ្ញាណ​វិញ ពី​ព្រោះ​អស់​អ្នក​ណា​ដែល​តាម​សាច់​ឈាម នោះ​គិត​តែ​ខាង​សាច់​ឈាម តែ​អស់​អ្នក​ណា​ដែល​តាម​ព្រះ‌វិញ្ញាណ នោះ​គិត​តែ​ខាង​វិញ្ញាណ​វិញ ដ្បិត​គំនិត​ខាង​សាច់​ឈាម នោះ​ជា​សេចក្ដី​ស្លាប់​ទទេ ឯ​គំនិត​នៃ​ព្រះ‌វិញ្ញាណ នោះ​ទើប​ជា​ជីវិត នឹង​សេចក្ដី​សុខ‌សាន្ត​វិញ ព្រោះ​គំនិត​ខាង​សាច់​ឈាម នោះ​រមែង​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះ​ចូល​នឹង​ក្រិត្យ‌វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង ពួក​អ្នក​ដែល​នៅ​ខាង​សាច់​ឈាម នោះ​ពុំ​អាច​នឹង​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ​បាន​ឡើយ។

តែ​បើ​សិន​ជា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​សណ្ឋិត​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម​ទៀត​ទេ គឺ​នៅ​ខាង​វិញ្ញាណ​វិញ ប៉ុន្តែ បើ​អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​មិន​មែន​ជា​របស់​ផង​ទ្រង់​ទេ ហើយ​បើ​សិន​ជា​ព្រះ‌គ្រីស្ទ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា នោះ​រូប​សាច់​បាន​ស្លាប់ ដោយ​ព្រោះ​អំពើ​បាប​មែន តែ​វិញ្ញាណ​មាន​ជីវិត​វិញ ដោយ​ព្រោះ​សេចក្ដី​សុចរិត មួយ​ទៀត បើ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អង្គ ដែល​បាន​ប្រោស​ឲ្យ​ព្រះ‌យេស៊ូវ​រស់​ពី​ស្លាប់​ឡើង​វិញ ទ្រង់​សណ្ឋិត​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា នោះ​ព្រះ‌អង្គ​នោះ​ឯង ដែល​បាន​ប្រោស​ឲ្យ​ព្រះ‌គ្រីស្ទ​រស់​ពី​ស្លាប់​ឡើង ទ្រង់​នឹង​ប្រោស​រូប‌កាយ​នៃ​អ្នក​រាល់​គ្នា​ដែល​ទៀង​តែ​ស្លាប់ ឲ្យ​មាន​ជីវិត​ឡើង​ដែរ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ដែល​សណ្ឋិត​នៅ​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា។

(អានបន្ថែម)

កាឡាទី ៣:១-៦

ឱ​ពួក​អ្នក​ស្រុក​កាឡាទី​ឥត​បើ​គិត​អើយ ដែល​បាន​បើក​សំដែង​ព្រះ‌យេស៊ូវ​គ្រីស្ទ​មក​យ៉ាង​ច្បាស់ នៅ​ភ្នែក​អ្នក​រាល់​គ្នា ហើយ​ទាំង​ជាប់​ឆ្កាង​ផង នោះ​តើ​អ្នក​ណា​បាន​ធ្វើ​អំពើ​ដាក់​អ្នក​រាល់​គ្នា ឲ្យ​លែង​ស្តាប់​តាម​សេចក្ដី​ពិត​វិញ​ដូច្នេះ ខ្ញុំ​ចង់​សួរ​អ្នក​រាល់​គ្នា​តែ​ប៉ុណ្ណេះ​ថា តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌វិញ្ញាណ ដោយ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ ឬ​ដោយ​បាន​ស្តាប់ ទាំង​មាន​សេចក្ដី​ជំនឿ តើ​អ្នក​រាល់​គ្នា​ជា​មនុស្ស​ឥត​បើ​គិត​ជា​ខ្លាំង​ដល់‌ម៉្លេះ​ឬ​អី ដែល​បាន​ចាប់​ផ្តើម ដោយ​ព្រះ‌វិញ្ញាណ​ហើយ តើ​ឥឡូវ​នេះ​បាន​គ្រប់​លក្ខណ៍​ឡើង ដោយ​សាច់​ឈាម​វិញ​ឬ តើ​បាន​រង​ទុក្ខ​ច្រើន​ម៉្លេះ​ជា​ឥត​ប្រយោជន៍​ឬ​អី គឺ​បើ​ជា​ឥត​ប្រយោជន៍​មែន ឯ​ព្រះ ដែល​ទ្រង់​ប្រទាន​ព្រះ‌វិញ្ញាណ​មក​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ការ​ឫទ្ធិ‌បារមី​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​តើ​ដោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ ឬ​ដោយ​ស្តាប់ ទាំង​មាន​សេចក្ដី​ជំនឿ​វិញ ដូច​ជា​លោក​អ័ប្រា‌ហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​សេចក្ដី​នោះ បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​លោក។

(អានបន្ថែម)

កាឡាទី ៥:១៦-២៦

តែ​ខ្ញុំ​ប្រាប់​ថា ចូរ​ដើរ​ក្នុង​ព្រះ‌វិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​សេចក្ដី​ប៉ង‌ប្រាថ្នា​ខាង​សាច់​ឈាម​ទេ ដ្បិត​សាច់​ឈាម​តែង‌តែ​ប៉ង‌ប្រាថ្នា​ទាស់​នឹង​ព្រះ‌វិញ្ញាណ ឯ​ព្រះ‌វិញ្ញាណ ទ្រង់​ក៏​ទាស់​នឹង​សាច់​ឈាម​ដែរ សេចក្ដី​ទាំង​២​នេះ​ប្រឆាំង​នឹង​គ្នា ដល់​ម៉្លេះ​បាន​ជា​អ្នក​រាល់​គ្នា​រក​ធ្វើ​ការ ដែល​ចង់​ធ្វើ​ទៅ​មិន​កើត បើ​ព្រះ‌វិញ្ញាណ​ទ្រង់​នាំ​អ្នក​រាល់​គ្នា​វិញ នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​បន្ទុក​ក្រិត្យ‌វិន័យ​ទៀត​ទេ រីឯ​កិច្ច‌ការ​ខាង​សាច់​ឈាម នោះ​ប្រាកដ​ច្បាស់​ហើយ គឺ​ជា​សេចក្ដី​កំផិត សហាយ‌ស្មន់ ស្មោក‌គ្រោក អាស‌អាភាស ថ្វាយ‌បង្គំ​រូប​ព្រះ មន្ត‌អាគម សំអប់​គ្នា ឈ្លោះ​ប្រកែក ឈ្នានីស កំហឹង ទាស់‌ទែង​គ្នា បាក់​បែក បក្ស‌ពួក ច្រណែន កាប់​សំឡាប់ ប្រមឹក ស៊ី​ផឹក​ជ្រុល នឹង​ការ​អ្វី​ទៀត ដែល​ស្រដៀង​នឹង​សេចក្ដី​ទាំង​នេះ​ផង ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ទុក​ជា​មុន ដូច​ជា​បាន​ប្រាប់​រួច​មក​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ នោះ​មិន​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ តែ​ឯ​ផល​ផ្លែ​នៃ​ព្រះ‌វិញ្ញាណ​វិញ នោះ​គឺ​សេចក្ដី​ស្រឡាញ់ អំណរ​អរ មេត្រី‌ភាព អត់‌ធ្មត់ សុភាព សប្បុរស ស្មោះ‌ត្រង់ ស្លូត‌បូត ហើយ​ដឹង​ខ្នាត គ្មាន​ក្រិត្យ‌វិន័យ​ណា​ទាស់​នឹង​សេចក្ដី​យ៉ាង​នោះ​ទេ ហើយ​អស់​អ្នក​ដែល​ជា​របស់​ផង​ព្រះ‌គ្រីស្ទ នោះ​បាន​ឆ្កាង​សាច់​ឈាម​ហើយ ព្រម​ទាំង​សេចក្ដី​រំជួល នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា​ទាំង​ប៉ុន្មាន​ផង។

បើ​សិន​ជា​យើង​រស់​ដោយ​នូវ​ព្រះ‌វិញ្ញាណ នោះ​ត្រូវ​ដើរ​ដោយ​ព្រះ‌វិញ្ញាណ​ដែរ កុំ​ឲ្យ​យើង​រាល់​គ្នា​រក​កេរ្តិ៍​ឈ្មោះ ដែល​ឥត​ប្រយោជន៍ ទាំង​ចាក់‌រុក ហើយ​ឈ្នានីស​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ។

(អានបន្ថែម)

អេភេសូរ ៥:១៥-២១

ដូច្នេះ ត្រូវ​ប្រយ័ត​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាង​ណា កុំ​ឲ្យ​ដើរ​ដូច​ជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវ​តែ​ដើរ​ដោយ​មាន​ប្រាជ្ញា​វិញ ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ពី​ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់ ដូច្នេះ កុំ​ឲ្យ​ខ្លៅ​ល្ងង់​ឡើយ ត្រូវ​ខំ​ឲ្យ​យល់​បំណង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​វិញ កុំ​ឲ្យ​ស្រវឹង​ស្រា ដែល​នាំ​ឲ្យ​ព្រើល​ចិត្ត​ឡើយ តែ​ចូរ​ឲ្យ​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​វិញ ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​បទ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ នឹង​ចំរៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង ហើយ​សរសើរ​ដល់​ព្រះ‌អម្ចាស់​ដោយ​ចិត្ត ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​ជា​ដរាប ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ហើយ​ទាំង​ចំណុះ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌គ្រីស្ទ។

(អានបន្ថែម)

យ៉ូហាន ១៥:១-១១

ខ្ញុំ​ជា​ដើម​ទំពាំង‌បាយ‌ជូរ​ដ៏​ពិត ហើយ​ព្រះវរ‌បិតា​ខ្ញុំ​ជា​អ្នក​ដាំ អស់​ទាំង​ខ្នែង​ណា​ដុះ​ចេញ​ពី​ខ្ញុំ ដែល​មិន​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​កាត់​ចោល តែ​អស់​ទាំង​ខ្នែង​ណា ដែល​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​លួស​ខ្នែង​នោះ​វិញ ដើម្បី​ឲ្យ​បាន​ផល​ផ្លែ​ជា​ច្រើន​ឡើង ឯ​អ្នក​រាល់​គ្នា បាន​ស្អាត​ហើយ ដោយ‌សារ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់ ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ ប្រៀប​ដូច​ជា​ខ្នែង បើ​មិន​នៅ​ជាប់​នឹង​គល់ នោះ​ពុំ​អាច​នឹង​បង្កើត​ផល​ដោយ​ឯក​ឯង​បាន​ទេ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ដែរ លើក​តែ​នៅ​ជាប់​នឹង​ខ្ញុំ ខ្ញុំ​ជា​គល់ អ្នក​រាល់​គ្នា​ជា​ខ្នែង អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ បើ​អ្នក​ណា​មិន​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ត្រូវ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ក៏​ក្រៀម​ទៅ​ដូច​ជា​ខ្នែង​ដែរ រួច​គេ​ប្រមូល​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ពាក្យ​ខ្ញុំ​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា នោះ​ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ សេចក្ដី​នោះ​នឹង​បាន​សំរេច​ដល់​អ្នក​រាល់​គ្នា​ជា​មិន​ខាន ព្រះវរ‌បិតា​ខ្ញុំ​បាន​ដំកើង​ឡើង ដោយ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ជា​ច្រើន យ៉ាង​នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មែន។
ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ជា​ព្រះវរ‌បិតា ទ្រង់​ស្រឡាញ់​ខ្ញុំ​ដែរ ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្ត​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បញ្ញត្ត​នៃ​ព្រះវរ‌បិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដែរ ខ្ញុំ​បាន​និយាយ​សេចក្ដី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្ដី​អំណរ​របស់​ខ្ញុំ បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​ឲ្យ​សេចក្ដី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ‌ពេញ​ផង។

(អានបន្ថែម)

យ៉ូហាន ១៦:៧-១៥

ខ្ញុំ​ប្រាប់​តាម​ត្រង់​ថា ដែល​ខ្ញុំ​ទៅ នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​វិញ ដ្បិត​បើ​ខ្ញុំ​មិន​ទៅ​ទេ នោះ​ព្រះ​ដ៏​ជា​ជំនួយ​ក៏​មិន​មក​ឯ​អ្នក​រាល់​គ្នា​ដែរ តែ​បើ​ខ្ញុំ​ទៅ នោះ​ខ្ញុំ​នឹង​ចាត់​ទ្រង់​ឲ្យ​មក កាល​ណា​ទ្រង់​បាន​យាង​មក​ហើយ នោះ​ទ្រង់​នឹង​សំដែង ឲ្យ​មនុស្ស​លោក​ដឹង​ច្បាស់ ពី​អំពើ​បាប ពី​សេចក្ដី​សុចរិត ហើយ​ពី​សេចក្ដី​ជំនុំ‌ជំរះ គឺ​ពី​អំពើ​បាប​ដោយ​ព្រោះ​គេ​មិន​ជឿ​ដល់​ខ្ញុំ ពី​សេចក្ដី​សុចរិត ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរ‌បិតា​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ នឹង​ពី​សេចក្ដី​ជំនុំ‌ជំរះ ដោយ​ព្រោះ​ចៅហ្វាយ​របស់​លោកីយ​នេះ​ត្រូវ​ទោស​ហើយ។

ខ្ញុំ​នៅ​មាន​សេចក្ដី​ជា​ច្រើន​ទៀត នឹង​ប្រាប់​ដល់​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទទួល​បាន​ទេ កាល​ណា​ព្រះ‌អង្គ​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ពិត​បាន​មក​ដល់ នោះ​ទ្រង់​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ក្នុង​គ្រប់​ទាំង​សេចក្ដី​ពិត ដ្បិត​ទ្រង់​នឹង​មាន​បន្ទូល មិន​មែន​ដោយ​អាង​ព្រះ‌អង្គ​ទ្រង់​ទេ គឺ​នឹង​មាន​បន្ទូល ចំពោះ​តែ​សេចក្ដី​ណា​ដែល​ទ្រង់​ឮ ហើយ​នឹង​សំដែង ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ការ​ដែល​ត្រូវ​មក ទ្រង់​នឹង​ដំកើង​ខ្ញុំ ដ្បិត​ទ្រង់​នឹង​យក​សេចក្ដី​ដែល​ដំរូវ​ពី​ខ្ញុំ មក​ប្រាប់​ដល់​អ្នក​រាល់​គ្នា គ្រប់​ទាំង​អស់​ដែល​ព្រះវរ‌បិតា​មាន នោះ​ជា​របស់​ផង​ខ្ញុំ​ដែរ ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​ថា ទ្រង់​នឹង​យក​សេចក្ដី​ដែល​ដំរូវ​ពី​ខ្ញុំ មក​ប្រាប់​អ្នក​រាល់​គ្នា។

(អានបន្ថែម)

ភាសាខ្មែរ
Scroll to Top