ជំនឿដែលចម្រើនឡើង

Logo Only in White

៣.៤ ការចែកចាយ ៖ ការចែកចាយអំពីជីវិតដែលពោរពេញដោយព្រះវិញ្ញាណ

តើអ្នកធ្លាប់ឮគេនិយាយអ្វីខ្លះអំពីអាកប្បកិរិយា ឬអត្តចរិតអាក្រក់របស់គ្រីស្ទបរិស័ទ?

តើអ្នកគិតថា ព្រះយេស៊ូវចង់មានន័យយ៉ាងណានៅក្នុង ម៉ាថាយ ១២:៣៣ ថា «ដ្បិតគេស្គាល់ដើមឈើដោយ‌សារផ្លែវា»?

របៀបដែលយើងប្រព្រឹត្តក្នុងនាមជាគ្រីស្ទបរិស័ទ គឺសំខាន់។ សូមមើលអ្វីដែលព្រះយេស៊ូវមានបន្ទូលអំពីរឿងនេះនៅក្នុង យ៉ូហាន ១៥:៨.

យ៉ូហាន ១៥:៨

ព្រះវរ‌បិតា​ខ្ញុំ​បាន​ដំកើង​ឡើង ដោយ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ជា​ច្រើន យ៉ាង​នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មែន។

(អានបន្ថែម)

ការរកឃើញ : តើអាកប្បកិរិយារបស់យើងឆ្លុះបញ្ចាំងពីព្រះយ៉ាងដូចម្តេច?

ការរកឃើញ : តើអ្វីនឹងបង្ហាញដល់អ្នកដទៃថា យើងជាអ្នកដើរតាមព្រះយេស៊ូវ?

ការពិភាក្សា : ប្រសិនបើនរណាម្នាក់ហៅខ្លួនឯងថាជាគ្រីស្ទបរិស័ទ ប៉ុន្តែមិនបង្កើតផល តើអាចមានបញ្ហាអ្វីដែលធ្វើឲ្យគេមិនបង្កើតផល?

ការគិតពិចារណា : តើរង្វង់មួយណាខាងក្រោម ដែលអ្នកគិតថាតំណាងឲ្យជីវិតរបស់នរណាម្នាក់ដែលនិយាយថាគាត់ជាគ្រីស្ទបរិស័ទ ប៉ុន្តែមិនរស់នៅដូចព្រះយេស៊ូវ?

[បញ្ចូលដ្យាក្រាមរង្វង់ទាំង ៣]

ការគិតពិចារណា : តើអ្វីដែលធ្វើឲ្យពិបាកក្នុងការដឹងថាតើនរណាម្នាក់ពិតជាគ្រីស្ទបរិស័ទ?

អេភេសូរ ៤:២២-២៤ រម្លឹកយើងថា ពេលខ្លះគ្រីស្ទបរិស័ទមានកិរិយាដូចគ្នានឹងអ្នកដែលមិនស្គាល់ព្រះយេស៊ូវដែរ។

អេភេសូរ ៤:២២-២៤

. . . ថា​ខាង​ឯ​កិរិយា​ប្រព្រឹត្ត​កាល​ពី​ដើម នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់ ដែល​តែង‌តែ​ខូច​ទៅ តាម​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​សេចក្ដី​ឆ‌បោក​ចោល​ចេញ ហើយ​ឲ្យ​គំនិត​ក្នុង​ចិត្ត​បាន​កែ​ប្រែ​ជា​ថ្មី​ឡើង ព្រម​ទាំង​ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ ដែល​កើត​មក​ក្នុង​សេចក្ដី​សុចរិត ហើយ​ក្នុង​សេចក្ដី​បរិសុទ្ធ​របស់​ផង​សេចក្ដី​ពិត តាម​ភាព​ព្រះ។

(អានបន្ថែម)

ការរកឃើញ : តើលោកប៉ុលជំរុញឲ្យយើងជ្រើសរើសជម្រើសអ្វី?

ការពិភាក្សា : តើជីវិតរបស់បុគ្គលដែលមិនប្រកាន់យក (ការរស់នៅក្នុង ឬតាមចរិត) ជាមនុស្សថ្មី នឹងខុសពីអ្នកដែលមិនស្គាល់ព្រះគ្រីស្ទយ៉ាងដូចម្ដេច?

កត្តាដែលញែកនរណាម្នាក់ដែលមិនស្គាល់ព្រះគ្រីស្ទឲ្យខុសប្លែកពីអ្នកដែលពិតជាគ្រីស្ទបរិស័ទ មានពន្យល់នៅក្នុង រ៉ូម ៨:៩.

រ៉ូម ៨:៩

តែ​បើ​សិន​ជា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​សណ្ឋិត​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម​ទៀត​ទេ គឺ​នៅ​ខាង​វិញ្ញាណ​វិញ ប៉ុន្តែ បើ​អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​មិន​មែន​ជា​របស់​ផង​ទ្រង់​ទេ

(អានបន្ថែម)

ការរកឃើញ : តើអ្វីជាការពិតអំពីគ្រីស្ទបរិស័ទ?

ការគិតពិចារណា : តើភាពខុសគ្នានេះតែងតែអាចសង្កេតឃើញនៅក្នុងលក្ខណៈខាងក្រៅក្នុងជីវិតរបស់មនុស្សឬទេ?

ដូច្នេះ ប្រសិនបើនរណាម្នាក់និយាយថាគាត់ជាគ្រីស្ទបរិស័ទ ប៉ុន្តែគាត់មិនបានបង្កើតផលផ្លែទេ គាត់ប្រហែលជាមិនមានទំនាក់ទំនងជាមួយព្រះគ្រីស្ទ ឬគាត់អាចជាគ្រីស្ទបរិស័ទដែលកំពុងរស់នៅដូចជីវិតចាស់។

ដោយសារយើងមិនអាចមើលទៅក្នុងចិត្តមនុស្សដូចជាដែលព្រះដែលអាចទតឃើញក្នុងជម្រៅចិត្តមនុស្ស វាអាចជាការពិបាកណាស់ក្នុងការដឹងពីរបៀបចូលទៅកាន់នរណាម្នាក់ ឬអ្វីដែលត្រូវនិយាយ។ តើយើងគួរសន្មតថា ពួកគេជាអ្នកមិនជឿ ឬតើយើងគួរចាត់ទុកពួកគេជាអ្នកជឿដែលមិនដើរតាមព្រះវិញ្ញាណ? តើយើងគួរធ្វើអ្វីក្នុងស្ថានភាពទាំងនេះ?

សូមព្យាយាមស្វែងយល់ពីស្ថានភាពនៃជំនឿរបស់មនុស្សម្នាក់

សូមស្រមៃមើលសេណារីយ៉ូខាងក្រោម ៖

អ្នកមានសហការីម្នាក់ដែលហៅខ្លួននាងថាជាគ្រីស្ទបរិស័ទ (ជាសមាជិកព្រះវិហារ ពាក់ខ្សែ ក ឈើឆ្កាង ឬមានបញ្ជាក់នៅលើឯកសារអត្តសញ្ញាណរបស់នាង)។ នាងតែងតែជូនពរអ្នកនៅថ្ងៃបុណ្យគ្រីស្ទបរិស័ទ ហើយនិយាយអំពីសកម្មភាពសាសនារបស់នាង ប៉ុន្តែនាងបានត្អូញត្អែរខ្លាំងៗ និងម្តងហើយម្តងទៀតអំពីរឿងនៅកន្លែងធ្វើការ ហើយនិយាយរឿងដ៏អាក្រក់អំពីមិត្តរួមការងារផ្សេងទៀត។

តើអ្នកអាចដឹកនាំការសន្ទនាដោយរបៀបណា ដើម្បីបញ្ជាក់ឲ្យដឹងថា គាត់មានស្ថានភាពយ៉ាងណាខាងឯជំនឿ?

• សូមនិយាយនៅក្នុងបរិបទនៃទំនាក់ទំនង។

តើអ្នកអាចធ្វើអ្វី ឬនិយាយអ្វីបាន ទើបនាងដឹងថាអ្នកយកចិត្តទុកដាក់ចំពោះនាង?

• សូមសួរអំពីទំនាក់ទំនងរបស់គាត់ជាមួយព្រះ។
o នេះជាអ្វីដែលអ្នកអាចសួរបាន ៖
▪ តើជំនឿរបស់បងបានក្លាយជាការសំខាន់សម្រាប់បងដោយរបៀបណា?
▪ តើជំនឿរបស់បងនៅលើព្រះ ធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងណាក្នុងជីវិតរបស់បង?

តើអ្នកអាចសួរសំណួរអ្វីទៀត?

o តើអ្នកកំពុងស្តាប់មើលអំពីអ្វី?
▪ បុគ្គលនោះនិយាយអំពីទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះ។
▪ បុគ្គលនោះទទួលស្គាល់សេចក្ដីសង្រ្គោះផ្ទាល់ខ្លួនដោយជំនឿលើព្រះយេស៊ូវ។

តើអ្នកគិតថាសហការីនៅក្នុងសេណារីយ៉ូនេះអាចផ្តល់ចម្លើយអ្វីខ្លះ?

សូមណែនាំនរណាម្នាក់ឲ្យមានជំនឿផ្ទាល់ខ្លួន

ប្រសិនបើហាក់ដូចជាពួកគេមិនមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះ តើអ្នកអាចនិយាយអ្វីបាន?

• អ្នកអាចចែករំលែកទីបន្ទាល់របស់អ្នក។

តើចំណុចអ្វីដែលនឹងសំខាន់​ដើម្បីឲ្យអ្នកសង្កត់ធ្ងន់?

• សូមសួរអំពីការឆ្លើយតបរបស់ពួកគេចំពោះព្រះបំណងរបស់ព្រះ ក្នុងការចង់មានទំនាក់ទំនងជាមួយគេ។
o នេះជាអ្វីដែលអ្នកអាចសួរបាន ៖
▪ តើបងធ្លាប់ទទួលព្រះអំណោយទាននៃសេចក្ដីសង្គ្រោះរបស់ព្រះទេ?
▪ តើបងចង់ដឹងបន្ថែមទៀតអំពីរបៀបដែលបងអាចមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយនឹងព្រះដែរឬទេ?

តើអ្នកអាចឆ្លើយតបទៅនឹងចម្លើយខុសៗគ្នា ដែលពួកគេអាចនឹងឆ្លើយមកអ្នកដោយរបៀបណា?

តើអ្នកមានសំណួរ ឬកង្វល់អំពីចំណុចណាមួយក្នុងចំណោមចំណុចទាំងនេះទេ?

សូមខ្វល់ខ្វាយពីសុខភាពខាងវិញ្ញាណរបស់អ្នកជឿដទៃទៀត

ប្រសិនបើហាក់ដូចជាពួកគេមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះ តើពួកគេត្រូវការជំនួយអ្វីក្នុងជីវិតជាគ្រីស្ទបរិស័ទរបស់ពួកគេ?

រង្វង់នៅក្នុងផ្នែកទីមួយ តំណាងឲ្យមនុស្សបីប្រភេទដែលបានពិពណ៌នានៅក្នុង ១ កូរិនថូស ជំពូក ២ និង ៣។ នៅទីនោះ លោកប៉ុលនិយាយអំពីមនុស្សដែលរស់នៅតាមលក្ខណៈធម្មជាតិ (អ្នកមិនជឿ) និងមនុស្សដែលរស់នៅតាមព្រះវិញ្ញាណ (អ្នកជឿ) ។ ១ កូរិនថូស ៣:១-៣ ពន្យល់ពីប្រភេទមនុស្សនៅក្នុងរង្វង់ទីបី។

១ កូរិនថូស ៣:១-៣

ឯ​ខ្ញុំ បង​ប្អូន​អើយ ខ្ញុំ​ពុំ​អាច​និយាយ​នឹង​អ្នក​រាល់​គ្នា ដូច​នឹង​មនុស្ស​ខាង​ឯ​វិញ្ញាណ​បាន​ទេ ត្រូវ​តែ​និយាយ​ដូច​នឹង​មនុស្ស​ខាង​ឯ​សាច់​ឈាម​វិញ គឺ​ដូច​ជា​និយាយ​នឹង​កូន​ខ្ចី​ក្នុង​ព្រះ‌គ្រីស្ទ ខ្ញុំ​បាន​ឲ្យ​ទឹក​ដោះ​មក​អ្នក​រាល់​គ្នា​ផឹក មិន​បាន​ឲ្យ​សាច់​បរិភោគ​ទេ ដ្បិត​កាល​ណោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​បរិភោគ​បាន ហើយ​ឥឡូវ​នេះ ក៏​មិន​ទាន់​បាន​ដែរ ដោយ​ព្រោះ​អ្នក​រាល់​គ្នា នៅ​តែ​ខាង​សាច់​ឈាម​នៅ​ឡើយ ដ្បិត​ដែល​មាន​សេចក្ដី​ឈ្នានីស ឈ្លោះ​ប្រកែក នឹង​បាក់​បែក​គ្នា ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​តើ​មិន​នៅ​ខាង​សាច់​ឈាម ហើយ​ដើរ​តាម​បែប​មនុស្ស​លោក​ទេ​ឬ​អី

(អានបន្ថែម)

ការរកឃើញ : តើធ្វើយ៉ាងណាទើបយើងដឹងថាមនុស្សទាំងនេះជាអ្នកជឿ?

ការរកឃើញ : តើលោកប៉ុលពិពណ៌នាអំពីពួកគេយ៉ាងដូចម្តេច?

ការគិតពិចារណា : តើអ្នកនឹងពណ៌នាអំពីមនុស្សទាំងនេះយ៉ាងណា បើនិយាយអំពីមនុស្សថ្មី (ចរិតថ្មី) និងមនុស្សចាស់ (ចរិតចាស់)?

ការពិភាក្សា : តើលោកប៉ុលកែសម្រួលរបៀបដែលគាត់ទាក់ទងនឹងពួកគេយ៉ាងដូចម្តេច? ហេតុអ្វី?

ការគិតពិចារណា : តើអ្នកគិតថា អ្វីជាគោលដៅរបស់លោកប៉ុលក្នុងការនិយាយជាមួយពួកគេអំពីរឿងនេះ?

លោកប៉ុលពិតជាយកចិត្តទុកដាក់ចំពោះពួកគេ។ គាត់មើលឃើញថា របៀបដែលពួកគេកំពុងរស់នៅកំពុងរារាំងការរីកចម្រើនខាងវិញ្ញាណរបស់ពួកគេ។ អ្នកជឿជាច្រើនមិនយល់ថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងពួកគេ ហើយនឹងដើរជាមួយពួកគេពេញមួយជីវិតទេ។ ពួកគេប្រហែលជាមួរម៉ៅដែលមិនបានរស់នៅ ដូចជាព្រះយេស៊ូវ ប៉ុន្តែមិនដឹងថាត្រូវធ្វើយ៉ាងណាចំពោះរឿងនោះ។

តើជីវិតគ្រីស្ទបរិស័ទប្រភេទណាដែលអ្នកគិតថាព្រះយេស៊ូវប្រាថ្នាចង់ឲ្យយើងទាំងអស់គ្នាមាន?

តើអ្នកអាចជួយអ្នកជឿដែលអាចស្ថិតក្នុងស្ថានភាពនេះដោយរបៀបណា?
• សូមចែករំលែកអ្វីដែលអ្នកបានរៀនអំពីព្រះវិញ្ញាណបរិសុទ្ធ និងរបៀបអនុញ្ញាតឲ្យទ្រង់បំពេញជីវិតរបស់អ្នក។

តើអ្នកនឹងចែករំលែកអំពីអ្វី?

• សូមចែករំលែកអំពីការដកដង្ហើមខាងវិញ្ញាណ និងរបៀបដើរក្នុងព្រះវិញ្ញាណ។

តើអ្នកអាចផ្តល់ឧទាហរណ៍អ្វីខ្លះអំពីរបៀបដែលអ្នកកំពុងធ្វើកិច្ចការនេះ?

សូមមានអាកប្បកិរិយាត្រឹមត្រូវពេលនិយាយជាមួយអ្នកដទៃ

ការចែកចាយ : តើមាននរណាម្នាក់ធ្លាប់និយាយជាមួយអ្នក អំពីអ្វីមួយដែលអាចជួយអ្នកក្នុងជីវិតខាងវិញ្ញាណរបស់អ្នកទេ? តើអ្វីបានធ្វើឲ្យវាក្លាយជាបទពិសោធវិជ្ជមាន ឬអវិជ្ជមាន?

សូមក្រឡេកមើលរង្វង់ទាំងបីម្តងទៀត។

តើយើងត្រូវការរង្វង់មួយណាដើម្បីឲ្យព្រះប្រើប្រាស់យើងដើម្បីជួយអ្នកដទៃ?

តើធ្វើយ៉ាងណាទើបអ្នកអាចប្រាកដថា វាជាការពិតចំពោះអ្នក?

សូមចាំថា នៅក្នុង យ៉ូហាន ជំពូក ១៥ ព្រះយេស៊ូវប្រើឧទាហរណ៍អំពីអង្គទ្រង់ជាដើមទំពាំងបាយជូរ និងអ្នកដើរតាមទ្រង់ជាមែក ដើម្បីបង្ហាញពីសារៈសំខាន់សម្រាប់យើងក្នុងការនៅជាប់នឹងទ្រង់។

ការពិភាក្សា ៖ តើ​ យ៉ូហាន ១៥:៤-៥ អនុវត្តយ៉ាងណាចំពោះការសន្ទនាពាក់ព័ន្ធនឹងជំនឿ ជាមួយនរណាម្នាក់? តើការសន្ទនានោះត្រូវការអ្វីខ្លះ ដើម្បីឲ្យវាក្លាយជាការសន្ទនាប្រកបដោយផ្លែផ្កា?

យ៉ូហាន ១៥:៤-៥

ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ ប្រៀប​ដូច​ជា​ខ្នែង បើ​មិន​នៅ​ជាប់​នឹង​គល់ នោះ​ពុំ​អាច​នឹង​បង្កើត​ផល​ដោយ​ឯក​ឯង​បាន​ទេ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ដែរ លើក​តែ​នៅ​ជាប់​នឹង​ខ្ញុំ ខ្ញុំ​ជា​គល់ អ្នក​រាល់​គ្នា​ជា​ខ្នែង អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ។

(អានបន្ថែម)

ការគិតពិចារណា : តើការដឹងថា គឺជាព្រះយេស៊ូវដែលនឹងបង្កើតផល ជួយអ្នកឲ្យសម្រាក (ឬគ្មានភាពតានតឹង) នៅពេលអ្នកនិយាយជាមួយនរណាម្នាក់អំពីជីវិតខាងវិញ្ញាណរបស់គាត់យ៉ាងណាដែរ?

អាកប្បកិរិយា និងចិត្តគំនិតរបស់មនុស្សអាចផ្តល់ឲ្យយើងនូវតម្រុយអំពីស្ថានភាពនៃដួងចិត្ត និងជីវិតរបស់ពួកគេ ប៉ុន្តែវាមិនមែនជាតួនាទីរបស់យើងដើម្បីវិនិច្ឆ័យអ្នកដទៃទេ។ ព្រះយេស៊ូវបានព្រមានអំពីរឿងនេះនៅក្នុង ម៉ាថាយ ៧:៣-៥.

ម៉ាថាយ ៧:៣-៥

ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​កំទេច ដែល​នៅ​ក្នុង​ភ្នែក​របស់​បង​ប្អូន​អ្នក តែ​មិន​ឃើញ​ធ្នឹម ដែល​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​សោះ​ដូច្នេះ ឬ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​និយាយ​នឹង​បង​ប្អូន​ថា ចូរ​ឲ្យ​អញ​យក​កំទេច​ពី​ភ្នែក​ឯង​ចេញ តែ​មើល មាន​ធ្នឹម​នៅ​ក្នុង​ភ្នែក​ខ្លួន​អ្នក​វិញ អ្នក​មាន​ពុត​អើយ ចូរ​យក​ធ្នឹម​ពី​ភ្នែក​របស់​ខ្លួន​ចេញ​ជា​មុន​សិន នោះ​ទើប​នឹង​បាន​ឃើញ​ច្បាស់ អាច​នឹង​យក​កំទេច​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​អ្នក​បាន​ដែរ។

(អានបន្ថែម)

ការរកឃើញ : ក្នុងអត្ថបទគម្ពីរនេះ តើកម្ទេច និងធ្នឹមតំណាងឲ្យអ្វី?

ការគិតពិចារណា : តើនេះមានន័យថាជីវិតរបស់យើងផ្ទាល់ត្រូវតែល្អឥតខ្ចោះ មុនពេលដែលយើងអាចនិយាយជាមួយនរណាម្នាក់អំពីស្ថានភាពខាងវិញ្ញាណរបស់គាត់ឬ?

ការពិភាក្សា : តើយើងអាចជៀសវាងការដែលមើលទៅហាក់ដូចជាលាក់ពុត ឬវិនិច្ឆ័យគេដោយរបៀបណា នៅពេលដែលយើងសន្ទនាជាមួយនរណាម្នាក់អំពីជីវិតខាងវិញ្ញាណរបស់គេ?

ការចែកចាយឧទាហរណ៍ពីជីវិតផ្ទាល់ខ្លួនរបស់អ្នកអំពីការដើរក្នុងព្រះវិញ្ញាណនឹងជួយអ្នកដទៃឲ្យឃើញពីភាពស្មោះត្រង់របស់អ្នក ហើយបង្ហាញថាអ្នកមិនវិនិច្ឆ័យពួកគេទេ។ នៅក្នុង ១ ពេត្រុស ៣:១៥ យើងត្រូវបានប្រាប់ឲ្យ «ត្រៀមខ្លួនជានិច្ច» នៅពេលមានគេសួរយើងអំពីជំនឿរបស់យើង ហើយនិយាយ «ដោយសុភាព និងដោយការគោរព»។

ការបន្តឆ្ពោះទៅមុខ

ការបញ្ជាក់ : តើអ្នកមានគំនិត ឬសំណួរអ្វីខ្លះ?

ការសង្ខេប : សម្រាប់នរណាម្នាក់ដែលនិយាយថា គាត់ជាគ្រីស្ទបរិស័ទ ប៉ុន្តែជីវិតរបស់គាត់មិនឆ្លុះបញ្ចាំងពីព្រះយេស៊ូវ តើសេចក្ដីពិតអ្វីខ្លះអំពីព្រះវិញ្ញាណបរិសុទ្ធ ដែលនឹងអាចជួយគាត់បាន?

ការអនុវត្ត : សូមអធិស្ឋាននៅសប្តាហ៍នេះថា ព្រះនឹងប្រទានឱកាសឲ្យយើងដើម្បីចែកចាយរឿងនេះជាមួយនរណាម្នាក់។

ការចែកចាយបន្ត : តើអ្នកមានអារម្មណ៍ថា «ត្រៀមខ្លួន» ដើម្បីចែករំលែកសេចក្ដីពិតទាំងនេះទេ? បើមិនមែន តើអ្វីនឹងជួយអ្នក?

សូមគិតឡើងវិញអំពីការសន្ទនាទាំងនេះអំពីព្រះវិញ្ញាណរបស់ព្រះ។ តើការយល់ដឹងរបស់អ្នកអំពីព្រះវិញ្ញាណបរិសុទ្ធបានរីកចម្រើនយ៉ាងដូចម្តេច? តើរបៀបដែលអ្នករស់នៅ មានភាពខុសប្លែកពីមុនយ៉ាងណាខ្លះ?

ចូរយើងចំណាយពេលដើម្បីអរព្រះគុណព្រះសម្រាប់ការប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់មកយើង។

ការពង្រឹង:

នៅពេលអ្នកអានអត្ថបទគម្ពីរទាំងនេះ សូមពិចារណាពីរបៀបដែលព្រះប្រហែលជាចង់ប្រើប្រាស់អ្នកក្នុងចំណោមមនុស្សដែលអ្នកធ្វើការជាមួយ។

១ កូរិនថូស ២:៦-៣:៩

ប៉ុន្តែ នៅ​ក្នុង​ចំណោម​មនុស្ស​គ្រប់​លក្ខណ៍ នោះ​យើង​ខ្ញុំ​ក៏​និយាយ​តាម​ប្រាជ្ញា​ដែរ តែ​មិន​មែន​តាម​ប្រាជ្ញា​របស់​លោកីយ​នេះ ឬ​របស់​ពួក​ចៅហ្វាយ​នៅ​លោកីយ​នេះ ដែល​ត្រូវ​សាប‌សូន្យ​នោះ​ទេ គឺ​និយាយ​តាម​តែ​ប្រាជ្ញា​នៃ​ព្រះ​វិញ ជា​សេចក្ដី​អាថ៌‌កំបាំង​ដ៏​លាក់​ទុក ដែល​ព្រះ​បាន​គិត‌គូ តាំង​ពី​មុន​អស់​ទាំង​កល្ប សំរាប់​ជា​សិរី‌ល្អ​ដល់​យើង​រាល់​គ្នា គ្មាន​ចៅហ្វាយ​ណា​ក្នុង​លោកីយ​នេះ បាន​ស្គាល់​សេចក្ដី​អាថ៌‌កំបាំង​នោះ​ឡើយ បើ​បាន​ស្គាល់ នោះ​គេ​មិន​បាន​ឆ្កាង​ព្រះ‌អម្ចាស់​ដ៏​មាន​សិរី​ទេ ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា

«សេចក្ដី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ
ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់
គឺ​សេចក្ដី​នោះ​ឯង​ដែល​ព្រះ​បាន​រៀបចំ​ទុក សំរាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់»

ព្រះ‌ទ្រង់​បាន​សំដែង​ឲ្យ​យើង​រាល់​គ្នា​ឃើញ​សេចក្ដី​ទាំង​នោះ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ដ្បិត​ព្រះ‌វិញ្ញាណ​នៃ​ទ្រង់​ស្ទង់​មើល​គ្រប់​ទាំង​អស់ ព្រម​ទាំង​សេចក្ដី​ជ្រាល‌ជ្រៅ​នៃ​ព្រះ​ដែរ ដ្បិត​បើ​មិន​មែន​ជា​វិញ្ញាណ ដែល​នៅ​ក្នុង​ខ្លួន​មនុស្ស​ទេ នោះ​តើ​មាន​អ្វី​នឹង​ស្គាល់​សណ្ឋាន​មនុស្ស​នោះ​បាន ហើយ​បើ​មិន​មែន​ជា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ នោះ​ក៏​គ្មាន​អ្នក​ណា​ស្គាល់​សណ្ឋាន​ព្រះ​បាន​ដែរ។ ឯ​យើង​រាល់​គ្នា យើង​មិន​បាន​ទទួល​វិញ្ញាណ​របស់​លោកីយ​ទេ គឺ​ទទួល​ព្រះ‌វិញ្ញាណ​ដែល​មក​ពី​ព្រះ​វិញ ដើម្បី​ឲ្យ​បាន​ស្គាល់​អស់​ទាំង​ព្រះ‌គុណ ដែល​ព្រះ​បាន​ផ្តល់​មក​យើង ហើយ​យើង​ក៏​និយាយ​ពី​សេចក្ដី​ទាំង​នោះ​ឯង មិន​មែន​ដោយ​ពាក្យ​សំដី ដែល​ប្រាជ្ញា​មនុស្ស​បាន​បង្រៀន​ទេ គឺ​ដោយ​ពាក្យ​សំដី ដែល​ព្រះ‌វិញ្ញាណ​បង្រៀន​វិញ ព្រម​ទាំង​ផ្ទឹម​ពន្យល់​សេចក្ដី​ខាង​ឯ​វិញ្ញាណ ដោយ‌សារ​សេចក្ដី​ខាង​ឯ​វិញ្ញាណ​ផង

ប៉ុន្តែ មនុស្ស​ខាង​សាច់​ឈាម គេ​មិន​ទទួល​សេចក្ដី​ខាង​ឯ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ទេ ពី​ព្រោះ​ជា​សេចក្ដី​ល្ងង់‌ល្ងើ​ដល់​គេ ក៏​រក​ស្គាល់​មិន​បាន​ដែរ ដ្បិត​ត្រង់​ឯ​សេចក្ដី​ទាំង​នោះ ត្រូវ​ពិចារណា​យល់​ខាង​វិញ្ញាណ​វិញ ឯ​មនុស្ស​ខាង​វិញ្ញាណ​វិញ គេ​ពិចារណា​យល់​គ្រប់​ទាំង​អស់​បាន តែ​មិន​ត្រូវ​អ្នក​ណា​ពិចារណា​ខ្លួន​ឡើង ដ្បិត​តើ​អ្នក​ណា​បាន​ស្គាល់​គំនិត​នៃ​ព្រះ‌អម្ចាស់ តើ​អ្នក​ណា​នឹង​បង្រៀន​ទ្រង់​បាន តែ​យើង​រាល់​គ្នា​មាន​គំនិត​ជា​របស់​ផង​ព្រះ‌គ្រីស្ទ​វិញ។

ឯ​ខ្ញុំ បង​ប្អូន​អើយ ខ្ញុំ​ពុំ​អាច​និយាយ​នឹង​អ្នក​រាល់​គ្នា ដូច​នឹង​មនុស្ស​ខាង​ឯ​វិញ្ញាណ​បាន​ទេ ត្រូវ​តែ​និយាយ​ដូច​នឹង​មនុស្ស​ខាង​ឯ​សាច់​ឈាម​វិញ គឺ​ដូច​ជា​និយាយ​នឹង​កូន​ខ្ចី​ក្នុង​ព្រះ‌គ្រីស្ទ ខ្ញុំ​បាន​ឲ្យ​ទឹក​ដោះ​មក​អ្នក​រាល់​គ្នា​ផឹក មិន​បាន​ឲ្យ​សាច់​បរិភោគ​ទេ ដ្បិត​កាល​ណោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​បរិភោគ​បាន ហើយ​ឥឡូវ​នេះ ក៏​មិន​ទាន់​បាន​ដែរ ដោយ​ព្រោះ​អ្នក​រាល់​គ្នា នៅ​តែ​ខាង​សាច់​ឈាម​នៅ​ឡើយ ដ្បិត​ដែល​មាន​សេចក្ដី​ឈ្នានីស ឈ្លោះ​ប្រកែក នឹង​បាក់​បែក​គ្នា ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​តើ​មិន​នៅ​ខាង​សាច់​ឈាម ហើយ​ដើរ​តាម​បែប​មនុស្ស​លោក​ទេ​ឬ​អី គឺ​កាល​ដែល​ម្នាក់​ប្រកាន់​ថា ខ្លួន​ជា​សិស្ស​របស់​ប៉ុល ហើយ​ម្នាក់​ទៀត​ថា ខ្លួន​ជា​របស់​អ័ប៉ុឡូស នោះ​តើ​មិន​មែន​នៅ​ខាង​សាច់​ឈាម​ទេ​ឬ​អី

ដូច្នេះ តើ​ប៉ុល​ជា​អ្វី ឬ​អ័ប៉ុឡូស​ជា​អ្វី គឺ​គ្រាន់​តែ​ជា​អ្នក​បំរើ​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ តាម​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​គ្រប់​គ្នា​តែ​ប៉ុណ្ណោះ​ទេ​តើ ខ្ញុំ​បាន​សាប‌ព្រោះ អ័ប៉ុឡូស​ជា​អ្នក​ស្រោច តែ​ដែល​បាន​ដុះ​ឡើង នោះ​គឺ​ព្រះ​បាន​ធ្វើ​វិញ ហេតុ​នោះ​បាន​ជា​អ្នក​ដែល​សាប‌ព្រោះ នឹង​អ្នក​ដែល​ស្រោច នោះ​មិន​មែន​ជា​អ្វី​ទេ ស្រេច​ហើយ​នឹង​ព្រះ​ដែល​ធ្វើ​ឲ្យ​ដុះ​វិញ​ទេ​តើ ឯ​អ្នក​ដែល​សាប‌ព្រោះ នឹង​អ្នក​ដែល​ស្រោច នោះ​ដូច​គ្នា​ទេ ហើយ​ក្នុង​អ្នក​និមួយៗ នោះ​នឹង​បាន​រង្វាន់​តាម​ការ​ដែល​ខ្លួន​ធ្វើ ដ្បិត​យើង​រាល់​គ្នា​ជា​អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ ឯ​អ្នក​រាល់​គ្នា​ជា​ស្រែ​ដែល​ព្រះ‌ទ្រង់​ភ្ជួរ ហើយ​ជា​ផ្ទះ​ដែល​ព្រះ‌ទ្រង់​ធ្វើ។

(អានបន្ថែម)

អេភេសូរ ៤:១៧-២៤

ដូច្នេះ ខ្ញុំ​និយាយ​សេចក្ដី​នេះ ហើយ​ធ្វើ​បន្ទាល់​ក្នុង​ព្រះ‌អម្ចាស់​ថា កុំ​បី​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​ដូច​ជា​សាសន៍​ដទៃ​ឯ​ទៀត ដែល​គេ​ដើរ​តាម​គំនិត​ឥត​ប្រយោជន៍​របស់​គេ​ទៀត​ឡើយ គំនិត​គេ​ត្រូវ​បង្អាប់ ហើយ​គេ​ដាច់​ចេញ​ពី​ព្រះ‌ជន្ម​ព្រះ ដោយ‌សារ​សេចក្ដី​ខ្លៅ​ល្ងង់​ក្នុង​ខ្លួន​គេ ព្រោះ​ចិត្ត​គេ​រឹង‌ទទឹង គេ​លែង​ខ្លាច​បាប បាន​ជា​គេ​ប្រគល់​ខ្លួន​ទៅ​ខាង​សេចក្ដី​អាស‌អាភាស ដើម្បី​នឹង​ប្រព្រឹត្ត​សេចក្ដី​ស្មោក‌គ្រោក​គ្រប់​យ៉ាង ដោយ​ចិត្ត​វក់​វិញ តែ​អ្នក​រាល់​គ្នា​មិន​បាន​រៀន​ឲ្យ​ស្គាល់​ព្រះ‌គ្រីស្ទ​យ៉ាង​នោះ​ទេ នោះ​គឺ​បើ​តិច​ណាស់​អ្នក​រាល់​គ្នា​បាន​ឮ ហើយ​រៀន​នឹង​ទ្រង់ តាម​សេចក្ដី​ពិត​ដែល​នៅ​ក្នុង​ព្រះ‌យេស៊ូវ​ដែរ ថា​ខាង​ឯ​កិរិយា​ប្រព្រឹត្ត​កាល​ពី​ដើម នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់ ដែល​តែង‌តែ​ខូច​ទៅ តាម​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​សេចក្ដី​ឆ‌បោក​ចោល​ចេញ ហើយ​ឲ្យ​គំនិត​ក្នុង​ចិត្ត​បាន​កែ​ប្រែ​ជា​ថ្មី​ឡើង ព្រម​ទាំង​ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ ដែល​កើត​មក​ក្នុង​សេចក្ដី​សុចរិត ហើយ​ក្នុង​សេចក្ដី​បរិសុទ្ធ​របស់​ផង​សេចក្ដី​ពិត តាម​ភាព​ព្រះ។

(អានបន្ថែម)

កាឡាទី ៦:១-១០

ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះ‌វិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្ដី​ល្បួង​ដែរ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ ទើប​បាន​សំរេច​តាម​ក្រិត្យ‌វិន័យ​នៃ​ព្រះ‌គ្រីស្ទ ដ្បិត​បើ​អ្នក​ណា​គិត​ស្មាន​ថា​ខ្លួន​ជា​អ្វីៗ តែ​មិន​ជា​អ្វី​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ខ្លួន​ឯង​ហើយ ចូរ​ឲ្យ​គ្រប់​គ្នា​ល្បង​ល​ការ ដែល​ធ្វើ​រៀងៗ​ខ្លួន នោះ​នឹង​មាន​សេចក្ដី​អំនួត​ចំពោះ​តែ​ខ្លួន​ឯង មិន​មែន​ចំពោះ​អ្នក​ណា​ទៀត​ទេ ដ្បិត​គ្រប់​គ្នា​ត្រូវ​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន។

អ្នក​ណា​ដែល​មាន​គ្រូ​បង្រៀន​ខាង​ព្រះ‌បន្ទូល នោះ​ត្រូវ​ចែក​គ្រប់​ទាំង​របស់​ល្អ​ដល់​គ្រូ​នោះ​ផង កុំ​ឲ្យ​ច្រឡំ​ឡើយ នឹង​បញ្ឆោត​ព្រះ​មិន​បាន​ទេ ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​សាច់​ឈាម​របស់​ខ្លួន នឹង​ច្រូត​បាន​សេចក្ដី​ពុក‌រលួយ​ពី​សាច់​ឈាម​នោះ​ឯង តែ​អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​ព្រះ‌វិញ្ញាណ នោះ​នឹង​ច្រូត​បាន​ជីវិត​អស់​‌កល្ប​ជានិច្ច ពី​ព្រះ‌វិញ្ញាណ​វិញ កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ ដូច្នេះ កាល​ណា​យើង​មាន​ឱកាស នោះ​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​គឺ​ដល់​ពួក​អ្នក​ជឿ​ជា​ដើម។

(អានបន្ថែម)

ម៉ាកុស ២:១៣-១៧

ទ្រង់​យាង​ចេញ​ទៅ​តាម​ឆ្នេរ​សមុទ្រ​ម្តង​ទៀត ឯ​ហ្វូង​មនុស្ស​ទាំង​អស់ ក៏​មក​ឯ​ទ្រង់ ហើយ​ទ្រង់​បង្រៀន​គេ លុះ​ទ្រង់​យាង​ហួស​ពី​នោះ​ទៅ ក៏​ទត​ឃើញ​លេវី ជា​កូន​អាល់‌ផាយ អង្គុយ​នៅ​ត្រង់​កន្លែង​យក​ពន្ធ រួច​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​មក​តាម​ខ្ញុំ នោះ​គាត់​ក៏​ក្រោក​ឡើង​ដើរ​តាម​ទ្រង់

កាល​ព្រះ‌យេស៊ូវ​ទ្រង់​គង់​នៅ​តុ​ក្នុង​ផ្ទះ​គាត់ នោះ​មាន​មនុស្ស​យក​ពន្ធ នឹង​មនុស្ស​បាប​ជា​ច្រើន មក​អង្គុយ​នៅ​តុ​ជា​មួយ​នឹង​ទ្រង់ ហើយ​នឹង​ពួក​សិស្ស ដ្បិត​មាន​គ្នា​ច្រើន​ណាស់ ដែល​តាម​ទ្រង់​មក ឯ​ពួក​អាចារ្យ​នឹង​ពួក​ផារិស៊ី កាល​គេ​ឃើញ​ទ្រង់​សោយ​ជា​មួយ​នឹង​ពួក​អ្នក​យក​ពន្ធ នឹង​មនុស្ស​មាន​បាប​ដូច្នេះ ក៏​សួរ​ពួក​សិស្ស​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​លោក​បរិភោគ​ជា​មួយ​នឹង​ពួក​អ្នក​យក​ពន្ធ ហើយ​នឹង​មនុស្ស​មាន​បាប​ដូច្នេះ លុះ​ព្រះ‌យេស៊ូវ​បាន​ឮ នោះ​ទ្រង់​មាន​បន្ទូល​ថា ពួក​អ្នក​ដែល​ជា​សុខ​សប្បាយ គេ​មិន​ត្រូវ​ការ​នឹង​គ្រូ‌ពេទ្យ​ទេ គឺ​ជា​មនុស្ស​ដែល​មាន​ជំងឺ​វិញ​ទេ​តើ ខ្ញុំ​មិន​បាន​មក ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​តែ​មនុស្ស​មាន​បាប​ប៉ុណ្ណោះ ដើម្បី​ឲ្យ​គេ​ប្រែ​ចិត្ត​ឡើង។

(អានបន្ថែម)

២ កូរិនថូស ១៣:៥-១១

ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ជំនឿ​ឬ​ទេ ចូរ​ល្បង​ខ្លួន​មើល​ចុះ តើ​អ្នក​រាល់​គ្នា​មិន​យល់​ឃើញ​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​គង់​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ​អី លើក​តែ​អ្នក​រាល់​គ្នា​ត្រូវ​កាត់​ចោល​ចេញ​ប៉ុណ្ណោះ តែ​ខ្ញុំ​សង្ឃឹម​ថា អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​ខ្ញុំ​មិន​ត្រូវ​កាត់​ចោល​ចេញ​ទេ ហើយ​ខ្ញុំ​អធិស្ឋាន​ដល់​ព្រះ សូម​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ការ​អាក្រក់​អ្វី​ឡើយ មិន​មែន​ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រាប់​ជា​គួរ​ទេ គឺ​ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​សេចក្ដី​ល្អ​តែ​ប៉ុណ្ណោះ ហើយ​ឲ្យ​យើង​ខ្ញុំ​ទុក​ដូច​ជា​ត្រូវ​កាត់​ចេញ​វិញ​ចុះ ដ្បិត​យើង​ខ្ញុំ​ពុំ​អាច​នឹង​ធ្វើ​អ្វី ទាស់​នឹង​សេចក្ដី​ពិត​បាន​ទេ ធ្វើ​បាន​តែ​អ្វី​ដែល​សំរាប់​សេចក្ដី​ពិត​វិញ ពី​ព្រោះ​យើង​ខ្ញុំ​មាន​សេចក្ដី​អំណរ ក្នុង​កាល​ដែល​យើង​ខ្ញុំ​ខ្សោយ ហើយ​អ្នក​រាល់​គ្នា​មាន​កំឡាំង​ឡើង តែ​យើង​ខ្ញុំ​អធិស្ឋាន​សូម​សេចក្ដី​នេះ​ទៀត គឺ​ឲ្យ​ពួក​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​ទាំង​អស់​គ្នា ហេតុ​នោះ​បាន​ជា​កាល​ខ្ញុំ​នៅ​ឃ្លាត​ពី​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​ធ្វើ​សំបុត្រ​នេះ ក្រែង​កាល​ណា​ខ្ញុំ​មក​នៅ​ជា​មួយ នោះ​ខ្ញុំ​នឹង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដោយ​តឹង‌រុឹង តាម​អំណាច​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ គឺ​សំរាប់​នឹង​ស្អាង​ចិត្ត​ឡើង មិន​មែន​នឹង​ផ្តួល​ទេ។

ឯ​សេចក្ដី​ឯ​ទៀត បង​ប្អូន​អើយ ចូរ​មាន​សេចក្ដី​អំណរ ចូរ​ឲ្យ​បាន​គ្រប់​លក្ខណ៍ ចូរ​ឲ្យ​មាន​ចិត្ត​ក្សេម‌ក្សាន្ត ចូរ​មាន​គំនិត​ដូច​គ្នា ចូរ​នៅ​ដោយ​មេត្រី​នឹង​គ្នា​ចុះ នោះ​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ នឹង​សេចក្ដី​សុខ‌សាន្ត ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា

(អានបន្ថែម)

លូកា ៦:៣៧-៤៥

កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​មាន​គេ​ថ្កោល​ទោស​អ្នក​វិញ កុំ​ឲ្យ​និន្ទា​គេ​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​គេ​និន្ទា​អ្នក​វិញ​ដែរ ចូរ​លើក​លែង​ឲ្យ​គេ នោះ​គេ​នឹង​លើក​លែង​ឲ្យ​អ្នក​វិញ ចូរ​ឲ្យ​ទៅ​គេ នោះ​នឹង​បាន​ឲ្យ​មក​អ្នក​ដែរ គេ​នឹង​វាល់​ឲ្យ​អ្នក​យ៉ាង​ល្អ ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ នឹង​យក​មក​ដាក់​បំពេញ​ចិត្ត​អ្នក​ផង ដ្បិត​គេ​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ណា​ដែល​អ្នក​វាល់​ឲ្យ​គេ។

ទ្រង់​ក៏​មាន​បន្ទូល​ពាក្យ​ប្រៀប​ទៅ​គេ​ថា តើ​មនុស្ស​ខ្វាក់​អាច​នឹង​ដឹក​មនុស្ស​ខ្វាក់​បាន​ឬ​ទេ តើ​មិន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ទាំង​២​នាក់​ទេ​ឬ​អី សិស្ស​មិន​មែន​លើស​ជាង​គ្រូ​ទេ តែ​អ្នក​ណា​ដែល​បាន​គ្រប់​លក្ខណ៍ នោះ​នឹង​បាន​ដូច​ជា​គ្រូ​ដែរ ហេតុ​អ្វី​បាន​ជា​មើល​ឃើញ​កំទេច ដែល​នៅ​ក្នុង​ភ្នែក​ប្អូន​អ្នក តែ​មិន​ឃើញ​ធ្នឹម ដែល​នៅ​ក្នុង​ភ្នែក​ខ្លួន​វិញ​សោះ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក ដែល​មើល​ធ្នឹម​ក្នុង​ភ្នែក​ខ្លួន​មិន​ឃើញ អាច​និយាយ​ទៅ​ប្អូន​បាន ថា ប្អូន​អើយ​ឲ្យ​អញ​យក​កំទេច ពី​ភ្នែក​ឯង​ចេញ​ដូច្នេះ ឱ​អ្នក​មាន​ពុត​អើយ ចូរ​យក​ធ្នឹម​ពី​ភ្នែក​អ្នក​ចេញ​ជា​មុន​សិន នោះ​ទើប​នឹង​បាន​ឃើញ​ច្បាស់ អាច​នឹង​យក​កំទេច​ចេញ​ពី​ភ្នែក​ប្អូន​អ្នក​បាន​ដែរ

ដ្បិត​គ្មាន​ដើម​ឈើ​ល្អ​ណា ដែល​មាន​ផល​ផ្លែ​អាក្រក់​ទេ ក៏​គ្មាន​ដើម​អាក្រក់​ណា ដែល​មាន​ផល​ផ្លែ​ល្អ​ដែរ ពី​ព្រោះ​គេ​ស្គាល់​ដើម​ឈើ​និមួយៗ ដោយ‌សារ​តែ​ផ្លែ​ទេ គេ​មិន​ដែល​បេះ​ផ្លែ​ល្វា​ពី​គុម្ព​បន្លា ឬ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ពី​អញ្ចាញ​ឡើយ ឯ​មនុស្ស​ល្អ គេ​ក៏​យក​សេចក្ដី​ល្អ ពី​កំណប់​ល្អ ដែល​កប់​ទុក​ក្នុង​ចិត្ត​គេ ហើយ​មនុស្ស​អាក្រក់​ក៏​យក​សេចក្ដី​អាក្រក់ ចេញ​ពី​កំណប់​អាក្រក់​ក្នុង​ចិត្ត​ខ្លួន​ដែរ ដ្បិត​មាត់​គេ​ពោល​បញ្ចេញ​សេចក្ដី​បរិបូរ ដែល​នៅ​ក្នុង​ចិត្ត​ជានិច្ច

(អានបន្ថែម)

ភាសាខ្មែរ
Scroll to Top