ជំនឿដែលចម្រើនឡើង

Logo Only in White

២.១ ការស្វែងយល់ពីព្រះហឫទ័យរបស់ព្រះ​ ៖ របៀបដែលព្រះ​ទតឃើញអ្នក

ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ទស្សនៈ​របស់​យើង​ចំពោះ​ព្រះ ​សំខាន់ខ្លាំង​ណាស់។ វាក៏សំខាន់​សម្រាប់យើងក្នុងការយល់ពីរបៀបដែលព្រះ​ទតមើលមក​យើងដែរ។

ប្រសិនបើ​ព្រះ​នឹង​ណែនាំ​អំពីអ្នក​ទៅ​កាន់​មនុស្ស​មួយ​ក្រុម តើ​អ្នក​គិត​ថា ​ទ្រង់​នឹង​មាន​បន្ទូល​យ៉ាង​ណា​អំពី​អ្នក?

ហេតុអ្វីបានជាអ្នកគិតថា ទ្រង់នឹងមានបន្ទូលដូច្នេះ?

សំណួរ​ស៊ីជម្រៅមួយចំនួននៅក្នុងជីវិតគឺអំពីអត្តសញ្ញាណរបស់យើង៖ «តើខ្ញុំជានរណា?» និង «តើខ្ញុំមានតម្លៃអ្វី?» អត្តសញ្ញាណរបស់យើង ឬរូបភាពអំពីខ្លួនឯងត្រូវបានបង្កើតឡើងភាគច្រើនដោយប្រវត្តិសាវតារ បទពិសោធ និងរបៀបដែលអ្នកដទៃមើលមកយើង។ ពេលខ្លះ យើងកំណត់ជីវិតរបស់យើងដោយអារម្មណ៍របស់យើងចំពោះខ្លួនយើង ឬអ្វីដែលអ្នកដទៃនិយាយអំពីយើង។ ផ្ទុយទៅវិញ អត្តសញ្ញាណ និងតម្លៃរបស់យើងគួរតែមកពីអ្វីដែលព្រះអាទិកររបស់យើងមានបន្ទូលអំពីយើង។

យើងមានតម្លៃក្នុងនាមជាស្នាព្រះហស្ដរបស់ព្រះ​

ព្រះដាក់តម្លៃនៅលើមនុស្សម្នាក់ៗ​។ សូមពិចារណាអំពី លោកុប្បត្តិ ១:២៧ និង ទំនុកដំកើង ៨:៤-៥.

លោកុប្បត្តិ ១:២៧

ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី

(អានបន្ថែម)

ទំនុកដំកើង ៨:៤-៥

. . . នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ
ហើយ​កូន​មនុស្ស​ផង ដែល​ទ្រង់​ប្រោស​ដូច្នេះ

ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​ទាប​ជាង​ពួក​ទេវតា​តែ​បន្តិច​ទេ
ក៏​បាន​បំពាក់​សិរី‌ល្អ នឹង​កេរ្តិ៍​ឈ្មោះ​ឲ្យ ទុក​ជា​មកុដ

(អានបន្ថែម)

ការរកឃើញ : តើអ្វីផ្តល់ឲ្យយើងមានតម្លៃ និងញែកយើងខុសប្លែកពីអ្វីៗផ្សេងទៀតដែលទ្រង់បានបង្កើតមក?

ការគិតពិចារណា : តើ​ខគម្ពីរ​ទាំងនេះ​ប្រាប់​យើង​អ្វីខ្លះ​អំពីព្រះហឫទ័យ​របស់​ព្រះ​ និង​ពី​អារម្មណ៍​របស់​ទ្រង់​ចំពោះ​យើង?

ក្នុង​ចំណោម​ស្នាព្រះហស្ដ​ទាំង​អស់ដែលព្រះបានបង្កើត មាន​តែ​មនុស្ស​ដែល​មាន​លក្ខណៈដូចជារូបអង្គនៃព្រះ​។ ទំនុកដំកើង ១៣៩:១៣-១៤ និយាយ​អំពី​ភាព​ពិសេសខុសប្លែកពីគ្នា ​ដែល​ព្រះ​​បាន​ប្រទាន​មក​យើង។

ទំនុកដំកើង ១៣៩:១៣-១៤

ដ្បិត​គឺ​ទ្រង់​ដែល​បាន​បង្កើត​ចិត្ត​ថ្លើម​នៃ​ទូលបង្គំ
ហើយ​បាន​ផ្សំ​គ្រឿង​នៃ​ទូលបង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ
ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់
ដ្បិត​ទ្រង់​បាន​បង្កើត​ទូលបង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ
ឯ​ស្នាដៃ​នៃ​ទ្រង់ ក៏​សុទ្ធ​តែ​អស្ចារ្យ​ទាំង​អស់
ព្រលឹង​ទូលបង្គំ​ក៏​ដឹង​ច្បាស់​ហើយ

(អានបន្ថែម)

ការពិភាក្សា : តើ​សង្គមមនុស្ស ផ្ដល់សារខុសៗគ្នាអំពីតម្លៃ​របស់មនុស្សយ៉ាង​​ណា​ខ្លះ​?

យើងមានការទទួល​ខុសត្រូវធំក្នុងការបង្រៀនកុមារអំពីភាពពិសេសខុសប្លែកគ្នា និងតម្លៃរបស់ពួកគេដោយផ្អែកលើការពិតនេះ ប៉ុន្តែតើយើងជឿបែបនេះអំពីខ្លួនយើងដែរឬទេ?សូមអានឡើងវិញនូវ ទំនុកដំកើង ១៣៩:១៣-១៤.

ការពិភាក្សា : តើអ្នកឃើញខ្លួនឯងថា «​ព្រះបានបង្កើតអ្នកឡើងមកយ៉ាងអស្ចារ្យ» ទេ? បើមិនដូច្នេះទេ តើអ្វីដែលបណ្តាលឲ្យអ្នកគិតខុសពីនេះ?

ការចែកចាយ : តើអ្នកស្រមៃថា ព្រះ​មានទស្សនៈយ៉ាងណាចំពោះអ្នក? តើវាស្របទៅនឹងអ្វីដែលខគម្ពីរទាំងនេះចែងយ៉ាងណាដែរ?

ព្រះ​​ទត​ឃើញ​មនុស្ស​ម្នាក់ៗ​នៅលើ​ពិភពលោកនេះ​ថា​ជា​ស្នាព្រះហស្ដ​​វិសេសវិសាលដែល​មាន​តម្លៃ សូម្បី​តែ​មុន​ពេល​យើង​ជឿ​លើ​ទ្រង់​ក៏​ដោយ។ តម្លៃរបស់យើងចំពោះព្រះ គឺមិនអាស្រ័យលើគុណសម្បត្តិរបស់យើង របៀបរស់នៅរបស់យើង ឬសូម្បីតែយើងស្គាល់ព្រះយេស៊ូវនោះទេ។ សេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើង ក្នុងនាមយើងជាស្នាព្រះហស្ដដ៏ពិសេសប្លែកគេ​របស់ទ្រង់ បាន​នាំទ្រង់ឲ្យប្រទាន​​ផ្លូវនៃសេចក្តីសង្រ្គោះ ដូច្នេះយើងអាចស្គាល់ទ្រង់ ហើយនៅជាមួយទ្រង់អស់កល្បជានិច្ច។ សូមអាន រ៉ូម ៥:៨

រ៉ូម ៥:៨

តែ​ឯ​ព្រះ ទ្រង់​សំដែង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះ‌គ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង

(អានបន្ថែម)

អត្តសញ្ញាណថ្មីរបស់យើងក្នុងនាមជាប្រជារាស្ដ្ររបស់ព្រះ

នៅពេលដែលយើងទទួលជឿលើព្រះគ្រីស្ទ ទំនាក់ទំនងរបស់យើងជាមួយព្រះ​មានការ​ផ្លាស់ប្តូរ ហើយយើងមិនត្រឹមតែជា​ស្នាព្រះហស្ដដ៏ពិសេសរបស់ទ្រង់ប៉ុណ្ណោះទេ​។ យើងទទួលបានអត្តសញ្ញាណថ្មីមួយក្នុងនាមជាប្រជារាស្ដ្ររបស់ព្រះ​។ កូល៉ុស ៣:១២ ហៅយើងថា «​​​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួន‌ភ្ងា​ដល់​ព្រះ​»។

ការពិភាក្សា : តើកត្តាអ្វីដែលអាចបណ្តាលឲ្យយើងមានអារម្មណ៍ថា ការពិពណ៌នានេះមិនមែន ឬមិនអាចត្រឹមត្រូវ​ចំពោះយើង?

យើង​មាន​អភ័យឯកសិទ្ធិ​ក្នុង​ការ​រក​ឃើញ​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​ អំ​ពី​របៀប​ដែល​ព្រះ​ទត​ឃើញ​យើង និង​លក្ខណៈ​ពិតរបស់​យើង​ក្នុង​នាម​ជាប្រជារាស្ដ្រ​របស់​ទ្រង់។ ព្រះបន្ទូលរបស់ទ្រង់ចែងថា យើងបានកើតជាថ្មី (២ កូរិនថូស ៥:១៧) យើងបានកើតជាថ្មីជាកូនរបស់ព្រះ (យ៉ូហាន ១:១២-១៣) ហើយយើងបានទទួលជីវិតអស់កល្បជានិច្ច (១ យ៉ូហាន ៥:១១-១៣)។ ព្រះ​ចាត់​ទុក​យើង​ម្នាក់ៗ​ជា​សមាជិក​ដ៏​ជាទី​​ស្រឡាញ់​នៃ​ក្រុមគ្រួសារ​របស់​ទ្រង់។ ប្រសិនបើទ្រង់នឹងណែនាំអ្នកទៅកាន់គេ ទ្រង់នឹងមានបន្ទូលថា «នេះគឺជាបុត្រដ៏ជាទីស្រឡាញ់របស់យើង គឺ (ឈ្មោះរបស់អ្នក)»។

ពាក្យមួយចំនួនផ្សេងទៀតដែលជាការពិតអំពីប្រជារាស្ដ្រ​របស់ព្រះជាម្ចាស់គឺ ៖ អ្នកស្នងមរតក (រ៉ូម ៨:១៧), មិត្តសម្លាញ់ (យ៉ូហាន ១៥:១៥), ប្រជារាស្ដ្រដ៏បរិសុទ្ធ (១ កូរិនថូស ១:២), អ្នកជាទីស្រឡាញ់ (យូដាស ១), ព្រះវិហារដ៏វិសុទ្ធរបស់ព្រះ​ (១ កូរិនថូស ៣:១៦) និងទូតតំណាង (២ កូរិនថូស ៥:២០)។

ការចែកចាយ : តើការពណ៌នាមួយណាមានន័យបំផុតសម្រាប់អ្នក ហើយហេតុអ្វី? តើ​អ្នក​ដឹង​ពី​​ឋានៈ​ផ្សេង​ទៀត​ដែល​ព្រះ​បាន​ប្រទាន​មក​អ្នក​ទេ?

សូម​មើល ១ យ៉ូហាន ៣:១; អេសាយ ៤៣:១, ៤, ៧; និង១ ពេត្រុស ២:៩ ដើម្បី​មើល​ឃើញ​អ្វី​ដែល​នៅ​ពី​ក្រោយ​ការ​ជ្រើសរើស​របស់​ព្រះ នៅ​ក្នុង​ការ​ផ្ដល់​អត្តសញ្ញាណ​ថ្មី​នេះ​ដល់​យើង។

១ យ៉ូហាន ៣:១

មើល សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះវរ‌បិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​លោកីយ​មិន​ស្គាល់​យើង​ទេ ពី​ព្រោះ​មិន​ស្គាល់​ទ្រង់​ដែរ

(អានបន្ថែម)

អេសាយ ៤៣:១, ៤, ៧

ប៉ុន្តែ ឱ​ពួក​យ៉ាកុប​អើយ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​បង្កើត​ឯង​មក ហើយ​ឱ​ពួក​អ៊ីស្រាអែល​អើយ ព្រះ​ដែល​ជប​សូន​ឯង ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ អញ​បាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​អញ . . .

អញ​នឹង​ឲ្យ​មនុស្ស​ដទៃ​ជំនួស​ឯង ហើយ​ប្រជា‌ជាតិ​ផ្សេងៗ ស្នង​នឹង​ជីវិត​ឯង ដោយ​ព្រោះ​ឯង​មាន​ដំឡៃ​វិសេស​នៅ​ភ្នែក​អញ ក៏​គួរ​លើក​ដំកើង ហើយ​ជា​ទី​ស្រឡាញ់​ដល់​អញ​ផង. . .

. . . គឺ​គ្រប់​មនុស្ស​ដែល​បាន​ហៅ​តាម​នាម​ឈ្មោះ​អញ ជា​អ្នក​ដែល​អញ​បាន​បង្កើត​មក​សំរាប់​សិរី‌ល្អ​នៃ​អញ គឺ​ជា​អ្នក​ដែល​អញ​បាន​ជប​សូន អើ ជា​អ្នក​ដែល​អញ​បាន​តែង‌តាំង​ឡើង។

(អានបន្ថែម)”

១ ពេត្រុស ២:៩

តែ​អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស‌រើស ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍‌អាករ​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្ដី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់។

(អានបន្ថែម)

ការរកឃើញ : តើ​ព្រះ​ពណ៌នា​ថា​អ្នក​ជា​នរណា?

ការរកឃើញ : តើ​អត្ថ​បទ​គម្ពីរ​ទាំង​នេះ​បើកបង្ហាញ​អ្វី​ខ្លះ​អំពី​ព្រះហឫទ័យរបស់​ព្រះ​?

ការគិតពិចារណា : តើអត្តសញ្ញាណថ្មីរបស់អ្នកអាស្រ័យលើសេចក្ដីស្រឡាញ់របស់នរណា - របស់ទ្រង់ ឬរបស់អ្នក?

ការរកឃើញ : តើព្រះ​បានឲ្យបង្កើតអ្នកមក ហើយផ្តល់ឲ្យអ្នកនូវអត្តសញ្ញាណថ្មីនេះ ក្នុងគោលបំណងអ្វី?

ការគិតពិចារណា : តើ​ព្រះ​​ទទួល​សិរី​រុងរឿង​តាម​រយៈ​អត្តសញ្ញាណរបស់អ្នក​ដោយរបៀបណា?

ការគិតពិចារណា : តើ​មាន​អ្វី​ខ្លះ​អំពី​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា ​អ្នក​មិន​បាន​ថ្វាយសិរីរុងរឿងដល់ព្រះ​ដែរឬទេ?

អត្តសញ្ញាណថ្មីរបស់យើងគឺ «ក្នុងអង្គព្រះគ្រីស្ទ»

ព្រះគម្ពីរសញ្ញា​ថ្មីពិពណ៌នាអំពីជីវិតថ្មីរបស់យើងថា​ «នៅក្នុងអង្គព្រះគ្រីស្ទ»។ សូមមើល ២ កូរិនថូស ៥:១៧។ យើង​មាន​អត្តសញ្ញាណ​ថ្មី តាមរយៈ​ព្រះគ្រីស្ទ ដែល​បន្ត ជាមួយ​នឹង​ព្រះគ្រីស្ទ ដោយសារ​យើង នៅក្នុង​ព្រះគ្រីស្ទ

២ កូរិនថូស ៥:១៧

បាន​ជា​បើ​អ្នក​ណា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី​ហើយ អស់​ទាំង​សេចក្ដី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ

(អានបន្ថែម)

ក្នុងនាមជាមនុស្សដែលបានកើតជាថ្មី ឥឡូវនេះយើងរួបរួមគ្នាជាមួយព្រះគ្រីស្ទ ហើយអត្តសញ្ញាណរបស់យើងគឺមកពីទ្រង់។ កូល៉ុស ៣:៣ ចែងថា ៖ «ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្លាប់​ហើយ ជីវិត​អ្នក​រាល់​គ្នា​ក៏​លាក់​ទុក​ក្នុង​ព្រះ ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ។» ឥឡូវនេះ ព្រះ​គ្រាន់តែទតឃើញយើងនៅក្នុងអត្តសញ្ញាណថ្មី និងឋានៈរបស់យើងនៅក្នុងព្រះគ្រីស្ទប៉ុណ្ណោះ។

តាមរយៈព្រះគ្រីស្ទ ៖ របៀបដែលព្រះ​ទតឃើញយើង គឺខុសពីរបៀបដែលយើងមើលឃើញខ្លួនយើង។ នៅពេលដែលយើងចាប់ផ្តើមទំនាក់ទំនងរបស់យើងជាមួយព្រះយេស៊ូវគ្រីស្ទ ព្រះ​បានទទួលយកយើងដោយផ្អែកលើអ្វីដែលព្រះគ្រីស្ទបានធ្វើសម្រាប់យើង ជាជាងលើអ្វីដែលយើងធ្វើ។ សូម​មើលរឿងនេះឲ្យកាន់តែលម្អិតនៅក្នុង ២ កូរិនថូស ៥:២១

២ កូរិនថូស ៥:២១

ដ្បិត​ឯ​ព្រះ‌អង្គ ដែល​មិន​បាន​ស្គាល់​បាប​សោះ នោះ​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប ជំនួស​យើង​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ត្រឡប់​ទៅ​ជា​សេចក្ដី​សុចរិត​របស់​ព្រះ ដោយ​នូវ​ព្រះ‌អង្គ​នោះ​ឯង។

(អានបន្ថែម)

ការរកឃើញ : តើ​ព្រះ​​ពណ៌នា​ថា​អ្នកប្រែក្លាយជានរណា «​នៅក្នុង​ទ្រង់»?

[ចំណាំ៖ «សេចក្ដីសុចរិត» មាន​ន័យ​ថា នៅ​ក្នុង​ព្រះនេត្រ​របស់​ព្រះ​ ទ្រង់ទទួលយក និងទទួលស្គាល់យើង​ដោយ​គ្មាន​ការ​បន្ទោស ឬ​រនាំង​នៃ​អំពើ​បាប​ឡើយ។ នៅពេលដែលព្រះយេស៊ូវបានទទួលយក​បាបរបស់យើងដាក់​លើអង្គទ្រង់ ហើយបានបង់ថ្លៃទោស​កំហុសជំនួសយើង ទ្រង់បានប្រទានឲ្យយើងនូវ
សេចក្តីសុចរិតរបស់ទ្រង់ជាថ្នូរវិញ។]

នៅពេលដែលព្រះ​ទតមើលមកយើង ទ្រង់ទទួលយកអ្វីដែលបានសម្រេចតាមរយៈព្រះគ្រីស្ទថាជាការពិតចំពោះយើង។ ឥឡូវ ​សូម​ពិចារណា កូល៉ុស ១:២១-២២

កូល៉ុស ១:២១-២២

រីឯ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​ត្រូវ​ពង្រាត់​ចេញ ហើយ​ជា​ខ្មាំង​សត្រូវ​ក្នុង​គំនិត ដោយ​អំពើ​អាក្រក់​នោះ ឥឡូវ​នេះ​វិញ ទ្រង់​បាន​ផ្សះ‌ផ្សា​ក្នុង​រូប​សាច់​ទ្រង់ ដោយ​បាន​ទទួល​សុគត ដើម្បី​នឹង​ថ្វាយ​អ្នក​រាល់​គ្នា​ជា​ដង្វាយ​បរិសុទ្ធ ឥត​សៅ‌ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន នៅ​ចំពោះ​ទ្រង់

(អានបន្ថែម)

ការរកឃើញ : មុនពេលយើងទទួលជឿព្រះគ្រីស្ទ តើយើងមានលក្ខណៈបែបណា?

ការរកឃើញ : តើ​ឥឡូវ​នេះ ព្រះ​គ្រីស្ទបង្ហាញយើងទៅកាន់ព្រះ​​​យ៉ាង​ដូច​ម្ដេច?

ការគិតពិចារណា : តើ​សេចក្ដីនេះ​ប្រៀប​ធៀប​នឹង​ទស្សនៈ​របស់​អ្នក​ចំពោះ​ខ្លួន​ឯងយ៉ាង​ណា?

យើង​មាន​អារម្មណ៍​តានតឹង ​ព្រោះ​យើង​ដឹង​ថា​នេះ​មិន​ពិពណ៌នា​ពី​សកម្មភាព​របស់​យើង ឬ​ស្ថានភាព​នៃ​ចិត្ត​របស់​យើង​ទេ។ តើ​ព្រះ​​​អាច​មាន​បន្ទូល​ថា​យើង​បរិសុទ្ធ​ដោយ​របៀប​ណា ពេល​យើង​ដឹង​ថា​យើង​មិន​មែនបរិសុទ្ធនោះ? ហេព្រើរ ១០:១០ និង ១៤ ជួយយើងឲ្យយល់អំពីរឿងនេះ។

ហេព្រើរ ១០:១០, ១៤

គឺ​ដោយ‌សារ​ចំណង់​ព្រះ‌ហឫទ័យ​នោះ ដែល​យើង​រាល់​គ្នា​បាន​ញែក​ជា​បរិសុទ្ធ ដោយ‌សារ​ដង្វាយ​ថ្វាយ​រូប​អង្គ​ព្រះ‌យេស៊ូវ​គ្រីស្ទ​១​ដង​ជា​សំរេច។
. . .
ដ្បិត​ទ្រង់​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​បាន​ញែក​ជា​បរិសុទ្ធ​ហើយ បាន​គ្រប់​លក្ខណ៍​អស់​‌កល្ប​ជានិច្ច ដោយ‌សារ​ដង្វាយ​តែ​១​នោះ

(អានបន្ថែម)

ការរកឃើញ : តើ​ខ​១០​ចែង​ថា​ការ​សុគត​របស់​ព្រះយេស៊ូវ​បាន​សម្រេច​អ្វីខ្លះ? តើនេះជាសកម្មភាពក្នុងអតីតកាល បច្ចុប្បន្នកាល ឬអនាគត? តើវាមានរយៈពេលប៉ុន្មាន?

ការរកឃើញ : តើពាក្យចំនួនពីរដែល​ខ ​១៤ ​ប្រើមានអ្វីខ្លះ ដើម្បី​ពិពណ៌នា​អំពី​យើង ? តើនេះជាសកម្មភាពអតីតកាល បច្ចុប្បន្នកាល ឬអនាគតកាល?

ការពិភាក្សា : តើ «បានគ្រប់លក្ខណ៍» និង «ញែកជាបរិសុទ្ធ» អាចជាការពិតចំពោះយើងដោយរបៀបណា?

[ចំណាំ៖ «ញែកជាបរិសុទ្ធ» មាន​ន័យ​ថា​ញែក​ដាច់ឡែកសម្រាប់​ព្រះ ​ជាបរិសុទ្ធ។ ព្រះ​​ទត​ឃើញ​យើង​ថា​ ​«​​គ្រប់​លក្ខណ៍» ត្រូវបានញែកជាបរិសុទ្ធ​ ឬ​បាន​ធ្វើ​ឲ្យ​បរិសុទ្ធ ដោយសារ​ការ​លះបង់របស់​ព្រះ​យេស៊ូ​វសម្រាប់​យើង។ ប៉ុន្តែ​តាម​បទពិសោធ​ប្រចាំថ្ងៃ​របស់​យើង យើង​នៅ​តែ​ «​ត្រូវ​បាន​ញែកជា​បរិសុទ្ធ» ដោយប្រែក្លាយកាន់តែមានលក្ខណៈដូច​ព្រះ​យេស៊ូវ។ ព្រះទ្រង់ប្តេជ្ញាក្នុងការផ្លាស់ប្រែយើង ហើយនឹងបន្តធ្វើការក្នុងជីវិតរបស់យើង។ សូមមើល ភីលីព ១:៦ និង ៣:២០-២១។]

ភីលីព ១:៦

ខ្ញុំ​ជឿ​សេចក្ដី​នេះ​ជា​យ៉ាង​ជាក់​ថា ព្រះ‌អង្គ ដែល​ទ្រង់​បាន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត​ឡើង ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ

(អានបន្ថែម)

ភីលីព ៣:២០-២១

ឯ​យើង​រាល់​គ្នា យើង​ជា​សាសន៍​ស្ថាន‌សួគ៌​វិញ ក៏​នៅ​ចាំ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​ឯង ដែល​ទ្រង់​នឹង​បំផ្លាស់​បំប្រែ​រូប‌កាយ​ទាប​ថោក​របស់​យើង ឲ្យ​ត្រឡប់​ដូច​ជា​រូប​អង្គ​ឧត្តម​របស់​ទ្រង់ តាម​ដែល​ព្រះ‌ចេស្តា​ទ្រង់​ពូកែ​នឹង​បញ្ចុះ‌បញ្ចូល​គ្រប់​ទាំង​អស់ នៅ​ក្រោម​អំណាច​ទ្រង់​ផង។

(អានបន្ថែម)

ដោយ​ប្រកាស​ថា​យើងបានគ្រប់លក្ខណ៍ គ្មាន​អ្វី​ផ្សេង​ទៀត​ដែល​យើងត្រូវ​ការ​ដើម្បី​ធ្វើ​ឲ្យព្រះ​ទទួលយកយើង​ទេ​។ យើងបំពេញតាមការរំពឹងទុករបស់ទ្រង់ទាំងអស់ហើយ។ នេះជាសេចក្ដីពិត​ដ៏អស្ចារ្យ​!

ការគិតពិចារណា : ប្រសិនបើ​មានគេសួរអ្នកថា «តើ​អ្នកបានបំពេញតាម​​ការ​រំពឹង​ទុក​របស់​ព្រះ​​ឬ​ទេ?» តើព្រះ​ចង់ឲ្យអ្នកឆ្លើយ​ដូចម្តេច?

ការគិតពិចារណា : តើ​ព្រះ​​ចង់​ឲ្យ​យើង​យល់​ពី​តម្លៃរបស់យើង ទៅតាមទស្សនៈ​មួយ​ណា - ​ពី​អ្វី​ដែល​ទ្រង់​មាន​បន្ទូល​អំពី​យើង ពី​អ្វី​ដែល​អ្នក​ដទៃ​និយាយ​អំពី​យើង ឬ​ដោយ​របៀប​ដែល​យើង​មាន​ទស្សនៈ​ចំពោះ​ខ្លួន​យើង?

ជាមួយព្រះគ្រីស្ទ ៖ អត្តសញ្ញាណរបស់យើង «នៅក្នុងព្រះគ្រីស្ទ» ក៏អាចឲ្យយើងរស់នៅខុសពីមុនក្នុងដំណើរការរីកចម្រើននេះ ដោយសារយើងរួបរួមគ្នាជាមួយព្រះគ្រីស្ទ។ ទ្រង់​ជ្រើសរើស​ចែករំលែកនូវមុខដំណែង អភ័យឯកសិទ្ធិ និង​អំណាច​របស់​ទ្រង់​ជាមួយ​យើង ជាជាងឲ្យ​យើង​ព្យាយាម​សម្រេច​វា​ដោយ​ខ្លួន​ឯង។ សូមមើល អេភេសូរ ២:៤-៧, ១៨

អេភេសូរ ២:៤​-​៧, ១៨

ប៉ុន្តែ ព្រះ​ដែល​ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា​ដ៏​លើស‌លប់ ដោយ​ព្រោះ​សេចក្ដី​ស្រឡាញ់​ជា​ខ្លាំង ដែល​ទ្រង់​មាន​ដល់​យើង​រាល់​គ្នា ក្នុង​កាល​ដែល​យើង​នៅ​ស្លាប់​ក្នុង​ការ​រំលង​នៅ​ឡើយ នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រាល់​គ្នា​បាន​រស់ ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ គឺ​ដោយ​ព្រះ‌គុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រស់​ឡើង​វិញ ក៏​ឲ្យ​យើង​អង្គុយ​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​សំដែង ឲ្យ​អស់​ទាំង​កល្ប​ខាង​មុខ បាន​ឃើញ​ព្រះ‌គុណ​ដ៏​ធ្ងន់​លើស‌លប់​របស់​ទ្រង់ ដោយ​សេចក្ដី​សប្បុរស ដែល​ទ្រង់​ផ្តល់​មក​យើង ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ
. . .
ដ្បិត​ដោយ‌សារ​ទ្រង់ នោះ​យើង​ទាំង​២​សាសន៍​មាន​ផ្លូវ​ចូល​ទៅ​ដល់​ព្រះវរ‌បិតា ដោយ​ព្រះ‌វិញ្ញាណ​តែ​១

(អានបន្ថែម)

ការរកឃើញ : តើការស្ថិតនៅក្នុងអង្គព្រះគ្រីស្ទផ្តល់អ្វីដល់យើង?

យើង​អាច​នឹង​មានការពិបាកក្នុងការ​​ទទួល​ស្គាល់​អត្តសញ្ញាណ​របស់​យើង​ក្នុង​ព្រះគ្រីស្ទ ដោយ​មាន​អារម្មណ៍​ថា​ខ្លួនមិន​ស័ក្តិសម ឬ​ថា​យើង​ត្រូវ​ព្យាយាម​ធ្វើកិច្ចការផ្សេងៗ ដើម្បីឲ្យព្រះគាប់ព្រះហឫទ័យនឹងយើង​។ សូមចាំថាអេសាយ ៤៣:៧ ចែងថា ព្រះ​បានបង្កើតអ្នកសម្រាប់សិរីល្អរបស់ទ្រង់។

ការគិតពិចារណា : តើ​អ្វី​ដែល​នាំ​ឲ្យព្រះទទួលសិរីល្អ ៖ ​​អ្វីដែលយើងធ្វើ ឬ​ការ​ទទួល​យក​នូវ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង​ក្នុង​ព្រះគ្រីស្ទ?

អត្តសញ្ញាណថ្មីរបស់យើងនៅក្នុងព្រះគ្រីស្ទគឺអស្ចារ្យណាស់! ចូរយើងអរព្រះគុណ និងសរសើរតម្កើងព្រះចំពោះសេចក្តីពិត អំពីរបៀបដែល​ទ្រង់ទតឃើញយើង។ សូមអាន អេភេសូរ ១:៣-៦ នៅក្នុងព្រះគម្ពីររបស់អ្នក ហើយប្រើប្រាស់អត្ថបទគម្ពីរនោះជា​ការអធិស្ឋាននៃការអរព្រះគុណចំពោះអត្តសញ្ញាណរបស់យើងនៅក្នុងព្រះគ្រីស្ទឥឡូវនេះ។

ការបន្តឆ្ពោះទៅមុខ

ការបញ្ជាក់ : តើអ្នកមានគំនិត ឬសំណួរអ្វីខ្លះ?

ការសង្ខេប : តើ​អ្នក​នឹង​ឆ្លើយ​សំណួរ​ថា​៖ «​តើ​ព្រះ​ទត​ឃើញ​អ្នកយ៉ាងណា​​?» ថាយ៉ាងដូចម្ដេច? តើ​នេះ​ប្រាប់​អ្នក​ពី​អ្វី​ខ្លះ​អំពី​ព្រះហឫទ័យ
របស់ព្រះ​?

ការអនុវត្ត: តើ​អ្នក​គិត​ថា ការណ៍នេះគួរតែនាំការផ្លាស់ប្ដូរអ្វីខ្លះមកក្នុងជីវិតអ្នក?

ការចែកចាយបន្ត : តើអ្នកអាចចែកចាយនូវសេចក្ដីពិតទាំងនេះជាមួយអ្នកណា?

ការពង្រឹង:

នៅសប្តាហ៍នេះ សូមអានខគម្ពីរទាំងនេះ ហើយគិតពិចារណាពីការពិតដ៏អស្ចារ្យនៃអត្តសញ្ញាណរបស់អ្នកនៅក្នុងព្រះគ្រីស្ទ។

អេភេសូរ ១:៣-២៣

សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះ‌ពរ​ខាង​ព្រលឹង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់ តាម​ដែល​ទ្រង់​បាន​រើស​យើង​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ តាំង​ពី​មុន​កំណើត​លោកីយ​មក ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ទ្រង់ ដោយ​សេចក្ដី​ស្រឡាញ់ ពី​ព្រោះ​ទ្រង់​បាន​ដំរូវ​យើង​រាល់​គ្នា​ទុក​ជា​មុន សំរាប់​ឲ្យ​ទ្រង់​បាន​ទទួល​យើង​ជា​កូន​ចិញ្ចឹម ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ តាម​បំណង​ព្រះ‌ហឫទ័យ​ទ្រង់ ដើម្បី​នឹង​សរសើរ​ដល់​ព្រះ‌គុណ​ដ៏​ឧត្តម​របស់​ទ្រង់ ដែល​បាន​ផ្តល់​មក​យើង​រាល់​គ្នា​ទទេ ក្នុង​ព្រះ‌រាជ‌បុត្រា​ស្ងួន‌ភ្ងា​របស់​ទ្រង់ ហើយ​យើង​បាន​សេចក្ដី​ប្រោស​លោះ​នៅ​ក្នុង​ព្រះ‌រាជ‌បុត្រា​នោះ ដោយ‌សារ​ព្រះ‌លោហិត​ទ្រង់ គឺ​ជា​សេចក្ដី​ប្រោស​ឲ្យ​រួច​ពី​ទោស តាម​ព្រះ‌គុណ​ដ៏​ធ្ងន់​ក្រៃ‌លែង​នៃ​ទ្រង់ ដែល​បាន​ផ្តល់​មក​យើង​ជា​បរិបូរ ដោយ​នូវ​ប្រាជ្ញា នឹង​ដំរិះ​សព្វ​គ្រប់ ព្រម​ទាំង​សំដែង ឲ្យ​យើង​រាល់​គ្នា​ស្គាល់​សេចក្ដី​អាថ៌‌កំបាំង​នៃ​ព្រះ‌ហឫទ័យ​ទ្រង់ តាម​គំនិត​ដែល​ទ្រង់​បាន​គិត​សំរេច ក្នុង​ព្រះ‌អង្គ​ទ្រង់ សំរាប់​ការ​កាន់‌កាប់​ត្រួត‌ត្រា ក្នុង​កាល​ដែល​ពេល​ពេញ​កំណត់​បាន​មក​ដល់ ដើម្បី​នឹង​បំព្រួម​គ្រប់​ទាំង​អស់​ក្នុង​ព្រះ‌គ្រីស្ទ ទាំង​របស់​នៅ​ស្ថាន‌សួគ៌ នឹង​របស់​នៅ​ផែនដី​ផង

ឲ្យ​រួម​គ្នា​មក​ក្នុង​ទ្រង់ ដែល​យើង​រាល់​គ្នា​បាន​កេរ្តិ៍‌អាករ​ក្នុង​ទ្រង់​ដែរ ដោយ​ទ្រង់​បាន​ដំរូវ​យើង​ទុក​ជា​មុន តាម​ដំរិះ​សំរេច​របស់​ព្រះ ដែល​ទ្រង់​ធ្វើ​គ្រប់​ការ​ទាំង​អស់ តាម​ដែល​គាប់​ព្រះ‌ហឫទ័យ​ទ្រង់
ប្រយោជន៍​ឲ្យ​យើង​ខ្ញុំ ដែល​បាន​ទុក​ចិត្ត​ជឿ​ដល់​ព្រះ‌គ្រីស្ទ​ជា​មុន បាន​សំរាប់​នឹង​សរសើរ​ដល់​សេរី​ល្អ​ទ្រង់ ឯ​អ្នក​រាល់​គ្នា ក៏​បាន​ឮ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត គឺ​ជា​ដំណឹង​ល្អ​ពី​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ដោយ‌សារ​ទ្រង់​ដែរ ហើយ​កាល​អ្នក​រាល់​គ្នា​បាន​ជឿ​ហើយ នោះ​ទ្រង់​ក៏​ដៅ​ចំណាំ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​បាន​សន្យា ព្រះ‌វិញ្ញាណ​នោះ​ទ្រង់​ជា​ទី​បញ្ចាំ​ចិត្ត ពី​ដំណើរ​កេរ្តិ៍‌អាករ​របស់​យើង​រាល់​គ្នា ទាល់​តែ​បាន​លោះ​របស់​កំណាន់ ដែល​ទ្រង់​បាន​ទិញ​ទុក​ឲ្យ​យើង​នោះ សំរាប់​ជា​សេចក្ដី​សរសើរ​ដល់​សិរី‌ល្អ​នៃ​ទ្រង់។

ដោយ​ហេតុ​នោះ កាល​ខ្ញុំ​ឮ​និយាយ​ពី​សេចក្ដី​ជំនឿ ដែល​អ្នក​រាល់​គ្នា​មាន ដល់​ព្រះ‌អម្ចាស់​យេស៊ូវ ហើយ​នឹង​ពី​សេចក្ដី​ស្រឡាញ់ ដែល​មាន​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា នោះ​ខ្ញុំ​មិន​ដែល​លែង​អរ​ព្រះ‌គុណ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ឡើយ គឺ​ខ្ញុំ​តែង​ដំណាល​ពី​អ្នក​រាល់​គ្នា ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​វិញ ដើម្បី​នឹង​សូម​ឲ្យ​ព្រះ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង គឺ​ជា​ព្រះវរ‌បិតា​ដ៏​មាន​សិរី‌ល្អ បាន​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះ‌វិញ្ញាណ ដែល​ប្រោស​ឲ្យ​មាន​ប្រាជ្ញា ហើយ​ក៏​បើក​សំដែង ឲ្យ​ដឹង​ពី​ដំណើរ​ស្គាល់​ទ្រង់ ដើម្បី​ឲ្យ​ភ្នែក​ចិត្ត​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​ឡើង ប្រយោជន៍​ឲ្យ​បាន​ដឹង​ថា ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា នោះ​មាន​សេចក្ដី​សង្ឃឹម​ជា​យ៉ាង​ណា ហើយ​ថា សិរី‌ល្អ​ដ៏​ប្រសើរ​ក្រៃ‌លែង​នៃ​មរដក​ទ្រង់ ក្នុង​ពួក​បរិសុទ្ធ​ជា​យ៉ាង​ណា​ផង ហើយ​ថា ព្រះ‌ចេស្តា​ដ៏​ខ្លាំង​លើស‌លន់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ដែល​ជឿ​ជា​យ៉ាង​ណា​ដែរ តាម​ដែល​កំឡាំង​ទ្រង់​ដ៏​មាន​ឫទ្ធិ​បាន​ពូកែ​នឹង​ធ្វើ ជា​ព្រះ‌ចេស្តា​ដែល​ទ្រង់​បាន​សំដែង​ចេញ ដោយ​ប្រោស​ព្រះ‌គ្រីស្ទ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ព្រម​ទាំង​តាំង​ឲ្យ​គង់​ខាង​ស្តាំ​ទ្រង់ នៅ​ស្ថាន​ដ៏​ខ្ពស់ ឲ្យ​ខ្ពស់​ជាង​អស់​ទាំង​ពួក​គ្រប់‌គ្រង ពួក​មាន​អំណាច មាន​ឫទ្ធិ‌បារមី នឹង​ពួក​មេ​ទាំង​ប៉ុន្មាន ហើយ​គ្រប់​ទាំង​ឈ្មោះ​ដែល​បាន​តាំង​ឡើង​ដែរ មិន​មែន​តែ​ក្នុង​បច្ចុប្បន្ន​នេះ​តែ​ប៉ុណ្ណោះ គឺ​ទៅ​ក្នុង​អនាគត​ខាង​មុខ​ទៀត​ផង ហើយ​ទ្រង់​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ នៅ​ក្រោម​ព្រះ‌បាទ​នៃ​ព្រះ‌រាជ‌បុត្រា ទាំង​ប្រទាន​ទ្រង់​មក​ធ្វើ​ជា​សិរសា​លើ​គ្រប់​ទាំង​អស់ ដល់​ពួក​ជំនុំ ដែល​ជា​រូប‌កាយ​ទ្រង់ គឺ​ជា​សេចក្ដី​ពោរ‌ពេញ​របស់​ព្រះ‌អង្គ ដែល​បំពេញ​គ្រប់​ទាំង​អស់ ក្នុង​ទាំង​អស់។

(អានបន្ថែម)

អេសាយ ៤៣:១-៧

ប៉ុន្តែ ឱ​ពួក​យ៉ាកុប​អើយ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​បង្កើត​ឯង​មក ហើយ​ឱ​ពួក​អ៊ីស្រាអែល​អើយ ព្រះ​ដែល​ជប​សូន​ឯង ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ អញ​បាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​អញ កាល​ណា​ឯង​ដើរ​កាត់​ទឹក​ធំ នោះ​អញ​នឹង​នៅ​ជា​មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​ឯង​ឡើយ កាល​ណា​ឯង​លុយ​កាត់​ភ្លើង នោះ​ឯង​នឹង​មិន​ត្រូវ​រលាក ហើយ​អណ្តាត​ភ្លើង​ក៏​មិន​ឆាប់​ឆេះ​ឯង​ដែរ ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង អញ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល គឺ​ជា​ព្រះ​ដ៏​សង្គ្រោះ​របស់​ឯង អញ​បាន​ឲ្យ​ស្រុក​អេស៊ីព្ទ​ទុក​ជា​ថ្លៃ​លោះ​ឯង ព្រម​ទាំង​ស្រុក​អេធីយ៉ូពី នឹង​ស្រុក​សេបា ជំនួស​ឯង​ផង អញ​នឹង​ឲ្យ​មនុស្ស​ដទៃ​ជំនួស​ឯង ហើយ​ប្រជា‌ជាតិ​ផ្សេងៗ ស្នង​នឹង​ជីវិត​ឯង ដោយ​ព្រោះ​ឯង​មាន​ដំឡៃ​វិសេស​នៅ​ភ្នែក​អញ ក៏​គួរ​លើក​ដំកើង ហើយ​ជា​ទី​ស្រឡាញ់​ដល់​អញ​ផង កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ អញ​នឹង​នាំ​ពូជ‌ពង្ស​ឯង​មក​ពី​ទិស​ខាង​កើត ហើយ​នឹង​ប្រមូល​គេ​មក​ពី​ទិស​ខាង​លិច អញ​នឹង​បង្គាប់​ដល់​ទិស​ខាង​ជើង​ថា ចូរ​ប្រគល់​គេ​មក ហើយ​ដល់​ទិស​ខាង​ត្បូង​ថា កុំ​ឃាត់​គេ​ទុក​ឡើយ ចូរ​នាំ​អស់​ទាំង​កូន​ប្រុស​របស់​អញ​មក​ពី​ទី​ឆ្ងាយ ហើយ​ពួក​កូន​ស្រី​អញ​មក​ពី​ចុង​ផែនដី​ចុះ គឺ​គ្រប់​មនុស្ស​ដែល​បាន​ហៅ​តាម​នាម​ឈ្មោះ​អញ ជា​អ្នក​ដែល​អញ​បាន​បង្កើត​មក​សំរាប់​សិរី‌ល្អ​នៃ​អញ គឺ​ជា​អ្នក​ដែល​អញ​បាន​ជប​សូន អើ ជា​អ្នក​ដែល​អញ​បាន​តែង‌តាំង​ឡើង។

(អានបន្ថែម)

១ ពេត្រុស ១:៣-៩

សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​សេចក្ដី​មេត្តា‌ករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម​ដ៏​រស់ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​ឲ្យ​យើង​បាន​មរដក ដែល​មិន​ចេះ​ពុក‌រលួយ ក៏​ឥត​សៅ‌ហ្មង ហើយ​មិន​ដែល​ស្រពោន​ឡើយ ជា​មរដក ដែល​បំរុង​ទុក​ឲ្យ​យើង​រាល់​គ្នា​នៅ​ស្ថាន‌សួគ៌ គឺ​ឲ្យ​យើង​រាល់​គ្នា ដែល​ព្រះ‌ចេស្តា​នៃ​ព្រះ​កំពុង​តែ​ថែ​រក្សា ដោយ‌សារ​សេចក្ដី​ជំនឿ សំរាប់​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សំដែង​មក​នៅ​ជាន់​ក្រោយ​បង្អស់​នោះ អ្នក​រាល់​គ្នា​ក៏​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង ក្នុង​សេចក្ដី​សង្គ្រោះ​នោះ ទោះ​បើ​សព្វ​ថ្ងៃ​នេះ​ត្រូវ​រង​ទុក្ខ​ព្រួយ​ជា​យូរ​បន្តិច ដោយ​កើត​មាន​សេចក្ដី​ល្បួង​ផ្សេងៗ​ក៏​ដោយ ដើម្បី​ឲ្យ​ការ​សាកល​សេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា ដ៏​វិសេស​ជាង​មាស​ដែល​តែង‌តែ​ខូច ទោះ​បើ​បាន​សាក​នឹង​ភ្លើង​ក៏​ដោយ នោះ​បាន​ឃើញ​សំរាប់​ជា​សេចក្ដី​សរសើរ កេរ្តិ៍‌ឈ្មោះ នឹង​សិរី‌ល្អ ក្នុង​កាល​ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​លេច​មក ដែល​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ទ្រង់​ទេ តែ​បាន​ស្រឡាញ់​ទ្រង់ ហើយ​ទោះ​បើ​នៅ​ជាន់​ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​តែ​មិន​ឃើញ​ទ្រង់​ទៀត គង់​តែ​មាន​ចិត្ត​ជឿ​ដែរ ហើយ​ក៏​ត្រេក‌អរ​សាទរ​ក្នុង​ទ្រង់ ដោយ​សេចក្ដី​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន ដោយ​បាន​ទទួល​ចុង​បំផុត​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា គឺ​ជា​សេចក្ដី​សង្គ្រោះ​ដល់​ព្រលឹង។

(អានបន្ថែម)

ភីលីព ១:៦; ៣:២០-២១

ខ្ញុំ​ជឿ​សេចក្ដី​នេះ​ជា​យ៉ាង​ជាក់​ថា ព្រះ‌អង្គ ដែល​ទ្រង់​បាន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត​ឡើង ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ . . .

ឯ​យើង​រាល់​គ្នា យើង​ជា​សាសន៍​ស្ថាន‌សួគ៌​វិញ ក៏​នៅ​ចាំ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​ឯង ដែល​ទ្រង់​នឹង​បំផ្លាស់​បំប្រែ​រូប‌កាយ​ទាប​ថោក​របស់​យើង ឲ្យ​ត្រឡប់​ដូច​ជា​រូប​អង្គ​ឧត្តម​របស់​ទ្រង់ តាម​ដែល​ព្រះ‌ចេស្តា​ទ្រង់​ពូកែ​នឹង​បញ្ចុះ‌បញ្ចូល​គ្រប់​ទាំង​អស់ នៅ​ក្រោម​អំណាច​ទ្រង់​ផង។

(អានបន្ថែម)
(អានបន្ថែម)

១ យ៉ូហាន ៣:១-៣

មើល សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះវរ‌បិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​លោកីយ​មិន​ស្គាល់​យើង​ទេ ពី​ព្រោះ​មិន​ស្គាល់​ទ្រង់​ដែរ ពួក​ស្ងួន‌ភ្ងា​អើយ ឥឡូវ​នេះ យើង​រាល់​គ្នា​ជា​កូន​ព្រះ​ហើយ តែ​ដែល​យើង​រាល់​គ្នា​នឹង​បាន​ទៅ​ជា​យ៉ាង​ណា​ទៀត នោះ​មិន​ទាន់​សំដែង​មក​នៅ​ឡើយ ប៉ុន្តែ យើង​ដឹង​ថា កាល​ណា​ទ្រង់​លេច​មក នោះ​យើង​នឹង​បាន​ដូច​ជា​ទ្រង់ ដ្បិត​ដែល​ទ្រង់​យ៉ាង​ណា នោះ​យើង​នឹង​ឃើញ​ទ្រង់​យ៉ាង​នោះ​ឯង អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​នេះ​ដល់​ទ្រង់ នោះ​ក៏​តែង​ជំរះ​សំអាត​ចិត្ត​ខ្លួន​ឲ្យ​ដូច​ទ្រង់​ដែល​ស្អាត​ដែរ។

(អានបន្ថែម)

១ យ៉ូហាន ៤:៧-២១

ពួក​ស្ងួន‌ភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្ដី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ស្រឡាញ់ នោះ​ឈ្មោះ​ថា​មក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ទ្រង់​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​មិន​ស្គាល់​ព្រះ​វិញ ពី​ព្រោះ​ព្រះ‌ទ្រង់​ជា​សេចក្ដី​ស្រឡាញ់​នោះ​ឯង សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​សំដែង​មក ឲ្យ​យើង​ខ្ញុំ​ស្គាល់ ដោយ​ទ្រង់​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​តែ​១ ឲ្យ​មក​ក្នុង​លោកីយ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ដោយ‌សារ​ទ្រង់ នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់ មិន​មែន​ជា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ទ្រង់​បាន​ស្រឡាញ់​យើង​វិញ​ទេ​តើ ហើយ​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឲ្យ​មក ទុក​ជា​ដង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង ពួក​ស្ងួន‌ភ្ងា​អើយ បើ​ព្រះ​បាន​ស្រឡាញ់​យើង​រាល់​គ្នា​ជា​ខ្លាំង​ទាំង​ម៉្លេះ នោះ​ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ តែ​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ព្រះ‌ទ្រង់​គង់​នៅ​ក្នុង​យើង ហើយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ បាន​ពេញ​ខ្នាត​ក្នុង​យើង​ដែរ។

គឺ​យ៉ាង​នោះ​ឯង​ដែល​យើង​ដឹង​ថា យើង​នៅ​ជាប់​ក្នុង​ទ្រង់ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​យើង ពី​ព្រោះ​ទ្រង់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​ទ្រង់​មក​យើង​រាល់​គ្នា ហើយ​យើង​បាន​ឃើញ ក៏​ធ្វើ​បន្ទាល់​ថា ព្រះវរ‌បិតា​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​មក ធ្វើ​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​មនុស្ស​លោក។
អ្នក​ណា​ដែល​យល់​ព្រម​ថា ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ អ្នក​នោះ​ឈ្មោះ​ថា មាន​ព្រះ​គង់​នៅ​ក្នុង​ខ្លួន​ពិត ហើយ​ខ្លួន​ក៏​នៅ​ក្នុង​ព្រះ​ដែរ យើង​រាល់​គ្នា​បាន​ស្គាល់ ហើយ​ក៏​ជឿ​ចំពោះ​សេចក្ដី​ស្រឡាញ់ ដែល​ព្រះ‌ទ្រង់​មាន​ដល់​យើង ព្រះ‌ទ្រង់​ជា​តួ​សេចក្ដី​ស្រឡាញ់ ឯ​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់ នោះ​ក៏​បាន​នៅ​ជាប់​ក្នុង​ព្រះ ហើយ​ព្រះ‌ទ្រង់​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ គឺ​យ៉ាង​នោះ​ហើយ ដែល​សេចក្ដី​ស្រឡាញ់​បាន​ពេញ​ខ្នាត​ក្នុង​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​ក្លាហាន​នៅ​ថ្ងៃ​ជំនុំ​ជំរះ ដ្បិត​ដែល​ព្រះ‌ទ្រង់​ជា​យ៉ាង​ណា នោះ​យើង​រាល់​គ្នា​ក៏​យ៉ាង​នោះ​នៅ​ក្នុង​លោកីយ​នេះ​ដែរ គ្មាន​សេចក្ដី​ភ័យ​ខ្លាច​ណា​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ឡើយ សេចក្ដី​ស្រឡាញ់​ដែល​ពេញ​ខ្នាត នោះ​បណ្តេញ​សេចក្ដី​ភ័យ​ខ្លាច​ចេញ ពី​ព្រោះ​សេចក្ដី​ភ័យ​ខ្លាច​តែង​ជាប់​មាន​សេចក្ដី​វេទនា ហើយ​អ្នក​ណា​ដែល​មាន​សេចក្ដី​ភ័យ​ខ្លាច នោះ​មិន​ទាន់​បាន​ពេញ​ខ្នាត ខាង​ឯ​សេចក្ដី​ស្រឡាញ់​នៅ​ឡើយ​ទេ ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន។
បើ​អ្នក​ណា​ថា ខ្លួន​ស្រឡាញ់​ព្រះ តែ​ស្អប់​ដល់​បង​ប្អូន​វិញ អ្នក​នោះ​ជា​អ្នក​កុហក ដ្បិត​អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន ដែល​បាន​មើល​ឃើញ​ទៅ​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឡើយ ឲ្យ​ស្រឡាញ់​ដល់​ព្រះ ដែល​មើល​មិន​ឃើញ​ទៅ​បាន មួយ​ទៀត យើង​បាន​ទទួល​បញ្ញត្ត​នេះ​ពី​ព្រះ​មក​ថា អ្នក​ណា​ដែល​ស្រឡាញ់​ដល់​ព្រះ នោះ​ត្រូវ​តែ​ស្រឡាញ់​ដល់​បង​ប្អូន​ដែរ។

(អានបន្ថែម)

ភាសាខ្មែរ
Scroll to Top